31 C
Phnom Penh

គ.ជ.ប ប្រកាស​ព្យួរ​សមាសភាព​ទាំង​៩​រូប​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​ថ្ងៃទី​២៣​ខែ​កក្កដា​ឆ្នាំ​២០២៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​ព្យួរ​សិទ្ធិ​ប្រធាន អនុប្រធាន និង​សមាជិក គ.ជ.ប ទាំង ៩​រូប​ជា​បណ្ដោះអាសន្ន ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​ធានា​នូវ​ឯករាជភាព​នៃ​ស្ថាប័ន​មួយ​នេះ​ក្នុង​តួនាទី​ជា​អាជ្ញាកណ្ដាល។

គ.ជ.ប បាន​ចេញ​សេចក្ដី​សម្រេច​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៤ មិថុនា នេះ ស្ដីពី​ការ​ព្យួរ​សិទ្ធិ​បោះឆ្នោត​ជា​បណ្ដោះអាសន្ន​ចំពោះ​ប្រធាន អនុប្រធាន និង​សមាជិក​របស់​ខ្លួន​មិន​ឱ្យ​ចូលរួម​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​ធានា​នូវ​ឯករាជភាព​នៃ​ស្ថាប័ន​មួយ​នេះ​ក្នុង​តួនាទី​ជា​អាជ្ញាកណ្ដាល​លើ​ការ​រៀបចំ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

គ.ជ.ប បញ្ជាក់​ថា សមាសភាព​ទាំង ៩​រូប​ដែល​ត្រូវ​ព្យួរ​ឈ្មោះ​មិន​ឱ្យ​ចូលរួម​បោះឆ្នោត រួមមាន​លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន លោក នុត សុខុម ជា​អនុប្រធាន លោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក ឌុច សុន លោក ហ៊ីង នីរិទ្ធិ លោក ឯម សូផាត លោក ហ៊ែល សារ៉ាត់ និង​លោក ហង្ស ពុទ្ធា ផង​ដែរ ដែល​ពួកគេ​គឺជា​សមាជិក​នៃ​គណៈកម្មាធិការ​នេះ។

បទបញ្ជា​ផ្ទៃក្នុង​របស់ គ.ជ.ប ប្រការ ៧ ចែង​ថា ប្រធាន អនុប្រធាន និង​សមាជិក​នៃ គ.ជ.ប ត្រូវ​បាន​ព្យួរ​សិទ្ធិ​បោះឆ្នោត​ជា​បណ្ដោះអាសន្ន​រហូត​ដល់​ថ្ងៃ​បញ្ចប់​មុខតំណែង ខណៈ​ប្រការ ១២ ចែង​ថា ប្រធាន អនុប្រធាន និង​សមាជិក គ.ជ.ប ត្រូវ​អនុវត្ត​តួនាទី​របស់​ខ្លួន​ដោយ​មិន​លម្អៀង​ដោយ​ឈរ​លើ​គោលការណ៍​គោរព​ច្បាប់ ដោយ​មិន​ទទួល​ការ​គាបសង្កត់ ការ​គំរាមកំហែង ការ​បំភិតបំភ័យ ឬ​ការ​បង្គាប់​បញ្ហា​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ពី​បុគ្គល ឬ​ស្ថាប័ន​ណា​មួយ​ឡើយ។

យ៉ាងណា​ក៏ដោយ ស្ថាប័ន​អាជ្ញាកណ្ដាល​នៅ​កម្ពុជា​មួយ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា មិនមែន​ជា​ស្ថាប័ន​ឯករាជ្យ​ដូច​មាន​ចែង​ក្នុង​ច្បាប់​នោះ​ឡើយ ប៉ុន្តែ​ស្ថាប័ន​នេះ​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង ចាត់ចែង និង​បញ្ជា​ដោយ​បក្ស​កាន់​អំណាច​ទាំងស្រុង​សព្វថ្ងៃ​នេះ ដែល​តែង​រង​នូវ​ការ​រិះគន់​ថា ស្ថាប័ន​នេះ​កំពុង​ជួយ​រៀបចំ​ប្លន់​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ឱ្យ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ទាំងស្រុង។

មាត្រា ១៥១ ថ្មី(ពីរ) នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា គ.ជ.ប មាន​សមាសភាព ៩​រូប ក្នុង​នោះ ៤​រូប​ត្រូវ​ជ្រើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល ៤​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើសរើស​ពី​បក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល និង ១​រូប​ទៀត​ត្រូវ​ជ្រើសរើស​ដោយ​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងអស់។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មិថុនា នេះ​ថា ដើម្បី​ធានា​ឯករាជភាព​នូវ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ទៅ​បាន សំខាន់​បំផុត​នោះ​គឺ​ត្រូវតែ​រៀបចំ​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ហៅ​កាត់​ថា គ.ជ.ប ឱ្យ​ជា​ស្ថាប័ន​អព្យាក្រឹត​ពេញលេញ​ជា​មុន​សិន ក្នុង​នោះ​គឺ​មាន​សមាសភាព​ប្រធាន អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​របស់ គ.ជ.ប ត្រូវតែ​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ដាច់ខាត។

លោក​ថា លើស​ពី​នេះ អនុប្រធាន គ.ជ.ប ត្រូវ​ជ្រើសតាំង​ដោយ​ព្រឹទ្ធសភា ហើយ​រដ្ឋសភា​មាន​សិទ្ធិ​ជ្រើសតាំង​សមាជិក គ.ជ.ប ១​រូប និង​សមាជិក ១​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើសតាំង​ដោយ​រាជរដ្ឋាភិបាល។ ដោយឡែក​គណបក្ស​នយោបាយ​នីមួយៗ​ដែល​មាន​សំឡេង​ក្នុង​រដ្ឋសភា ត្រូវ​ជ្រើសតាំង​សមាជិក គ.ជ.ប ១​រូប​ផង​ដែរ​ចេញពី​បក្ស​នយោបាយ​របស់​ខ្លួន ដើម្បី​បញ្ចូល​ទៅ​ជា​សមាជិក​គណៈកម្មាធិការ​នេះ ប៉ុន្តែ​បើ​លក្ខខណ្ឌ​ទាំងនេះ​មិន​អាច​ជ្រើសរើស​សមាជិក គ.ជ.ប ឲ្យ​គ្រប់​ចំនួន ៩​រូប​ទេ នោះ​សមាសភាព​ដែល​នៅ​ទំនេរ ត្រូវ​តែងតាំង​បង្គ្រប់​ដោយ​ព្រះមហាក្សត្រ។

លោក គឹម សុខ បញ្ជាក់​ថា ក្នុង​ករណី​មាន​គណបក្ស​លើស​ពី ៥ ដែល​មាន​សំឡេង​ក្នុង​រដ្ឋសភា នោះ​សមាសភាព គ.ជ.ប អាច​ធ្វើ​ការ​ពិចារណា​បន្ថែម​សមាជិក​របស់​ខ្លួន​ដោយ​យោង​តាម​ចំនួន​គណបក្ស​នយោបាយ​ដែល​មាន​សំឡេង​នៅ​ក្នុង​រដ្ឋសភា​ជាក់ស្តែង។

យ៉ាងណា​ក៏ដោយ បច្ចុប្បន្ន​នេះ​សមាសភាព​ទាំង ៩​រូប​របស់ គ.ជ.ប សុទ្ធសឹងតែ​មកពី​គណបក្ស​កាន់​អំណាច​ទាំងអស់ បើ​ទោះបីជា​រូបភាព​ខាងក្រៅ​បង្ហាញ​ថា ពួកគេ​បាន​លាលែង​ពី​សមាជិក​របស់​បក្ស​កាន់​អំណាច​ហើយ​ក៏ដោយ ក្នុង​នោះ​រួមមាន លោក ប្រាជ្ញ ចន្ទ លោក នុត សុខុម និង​សមាជិក​ទាំង ៧​រូប​ផ្សេង​ទៀត ដែល​ផ្ទុយ​ទាំងស្រុង​ពី​ខ្លឹមសារ​របស់​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ពី​សមាសភាព​របស់​គណៈកម្មាធិការ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស