35 C
Phnom Penh

រដ្ឋសភា​ឯក​បក្ស​អនុម័ត​ទទួល​យក​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ទៅ​ពិនិត្យ​តាម​សំណើ​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភា​ឯក​បក្ស ១២៥​រូប​ដែល​សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​ទទួល​យក​សេចក្ដី​ព្រាងច្បាប់​ស្ដីពី វិសោធនកម្ម​ច្បាប់​បោះឆ្នោត យក​ទៅ​ពិនិត្យ​ពិភាក្សា​តាម​សំណើ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ហើយ​នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ។

អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​ឯក​បក្ស​របស់​បក្ស​កាន់​អំណាច ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា រដ្ឋសភា​បាន​ទទួល​យក​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត និង​សេចក្ដី​ព្រាងច្បាប់​ចំនួន ៥ ទៀត ដើម្បី​ពិនិត្យ​ពិភាក្សា​តាម​ការ​ស្នើ​របស់​រាជរដ្ឋាភិបាល​ហើយ​នៅ​ពេលនេះ។

សេចក្តី​ព្រាងច្បាប់​នេះ​ធ្វើឡើង​តាម​សំណើ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក្នុង​បំណង​ជំរុញ​ឱ្យ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ចេញ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃ​បោះឆ្នោត​នា​ខែ​កក្កដា ខាងមុខ​នេះ។

បុរស​ខ្លាំង​ដែល​គេ​ចាត់ទុក​ជា​ចោរ​លួច​សន្លឹកឆ្នោត លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ជួប​កម្មករ​កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣ ដោយ​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ពលរដ្ឋ​ខ្មែរ​ចាត់ទុក​ជា​ចោរ​ប្លន់​លទ្ធផល​បោះឆ្នោត​លោក ហ៊ុន សែន ព្រមាន​ថា ជន​ណា​ក៏ដោយ នៅ​ក្នុង​គណបក្ស​ណា​ក៏ដោយ ដែល​មាន​បំណង​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ឱ្យ ប៉ុន្តែ​ខ្លួនឯង​មិន​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ខាងមុខ​នេះ​ទេ នោះ​ពួកគេ​នឹង​ត្រូវ​បាត់បង់​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ឱ្យ​អស់​មួយ​ជីវិត។

ជុំវិញ​បញ្ហា​នេះ មេធាវី​កម្ពុជា អ្នកស្រី ម៉េង សុភារី បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រសិនបើ​ការ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​បោះឆ្នោត​នេះ ពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​មិន​បាន​ទៅ​បោះឆ្នោត ត្រូវ​បាត់​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​នោះ ពលរដ្ឋ​ខ្មែរ​ជាច្រើន​ដែល​រស់នៅ​ក្រៅ​ប្រទេស ឬ​មាន​ធុរៈ​ទៅ​ធ្វើ​ជំនួញ ឬ​ការងារ ឬ​មាន​ធុរៈ​នាំ​កូន​ទៅ​រៀន ឬ​កំពុង​បន្ត​ការ​សិក្សា ឬ​ទៅ​ព្យាបាល​ជំងឺ ឬ​ទៅ​ថែទាំ​អ្នកជំងឺ​នៅ​ក្រៅ​ប្រទេស ឬ​កំពុង​ជាប់​ពន្ធនាគារ​នា​អំឡុង​ពេល​បោះឆ្នោត តើ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ពិត​ជា​បាត់បង់​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​មែន​ទេ?

អ្នកច្បាប់​រូប​នេះ​លើកឡើង​ថា ដើម្បី​ឱ្យ​ការ​អនុវត្ត​ច្បាប់​ថ្មី​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព រាជរដ្ឋាភិបាល​គួរ​ពិចារណា​អំពី​ការ​រៀបចំ​ឱ្យ​មាន​ការិយាល័យ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ដែរ ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ឬ​កំពុង​ធ្វើការ ឬ​កំពុង​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​អាច​ទៅ​បោះឆ្នោត​បាន ចៀសវាង​ពួកគេ​បាត់បង់​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​ទៅ​ថ្ងៃ​ក្រោយ។

ជាង​នេះ​ទៀត ការ​ខ្វះខាត​ឯកសារ​ក្នុង​ការ​ចុះឈ្មោះ​បោះឆ្នោត ក៏​ជា​បញ្ហា​សម្រាប់​ពលរដ្ឋ​មួយ​ចំនួន​ដែល​ចង់​ទៅ​បោះឆ្នោត​ដែរ ដូច្នេះ​រាជរដ្ឋាភិបាល​ក៏​គួរ​ពិចារណា​លើ​ចំណុច​នេះ​ថែម​ទៀត ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ធានា​ថា ការ​មិន​បាន​ទៅ​បោះឆ្នោត គឺ​ដោយសារតែ​អ្នក​ទាំងនោះ​សម្រេច​ចិត្ត​បោះបង់​សិទ្ធិ​បោះឆ្នោត​របស់​ខ្លួន ឬ​ដោយសារតែ​មិន​អាច​អនុវត្ត​នូវ​សិទ្ធិ​របស់​ពួកគេ​បាន​ដោយសារតែ​បញ្ហា​បច្ចេកទេស​របស់​រាជរដ្ឋាភិបាល​នោះ។

អ្នកស្រី ម៉េង សុភារី បញ្ជាក់​ថា សរុប​សេចក្តី​មក ពិត​ជា​មាន​ការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ធានា​ថា នរណា​បាន​ទៅ​បោះឆ្នោត និង​នរណា​ខ្លះ​មិន​បាន​ទៅ​បោះឆ្នោត ដើម្បី​កំណត់​ឱ្យ​ច្បាស់​ថា បុគ្គល​ណា​អាច ឬ​មិន​អាច​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ឱ្យ​ទៅ​ថ្ងៃ​ក្រោយ ដូច្នេះ​អ្នកស្រី​យល់​ឃើញ​ថា ដើម្បី​ភាព​ងាយស្រួល មាន​តែ​អនុវត្ត​ច្បាប់​ដែល​កម្ពុជា​ធ្លាប់​អនុវត្ត​កន្លងមក​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ពលរដ្ឋ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ឱ្យ​បាន​ទូលំទូលាយ​ដូច​ការ​បោះឆ្នោត​មុនៗ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ អះអាង​ថា ការ​កែ​ច្បាប់​បោះឆ្នោត​ម្តង​នេះ គឺ​មាន​គោលដៅ​សងសឹក និង​បំបែកបំបាក់​បំផ្លាញ​ជាតិ​ឯង ដើម្បី​តែ​ប្រយោជន៍​អំណាច​គ្រួសារ «ហ៊ុន» ប៉ុណ្ណោះ ព្រោះ​ខ្លឹមសារ​នៃ​ច្បាប់​នេះ គឺ​ដើម្បី​ព្យាយាម​បោស​សម្អាត​អ្នក​ប្រឆាំង និង​អ្នក​ប្រជាធិបតេយ្យ​ពី​សមរភូមិ​នយោបាយ​នៅ​កម្ពុជា។

លោក គឹម សុខ បញ្ជាក់​ថា យ៉ាងណា​ក៏ដោយ លោក ហ៊ុន សែន នៅតែ​ប្រឈម​នឹង​ភាព​អាម៉ាស់​ដដែល ព្រោះ​ថា​បើ​គ្មាន​បក្ស​ណា​ដែល​ពលរដ្ឋ​ខ្មែរ​ពេញចិត្ត​ទេ ពួកគាត់​អាច​ខ្វែង​សន្លឹកឆ្នោត​ចោល ឬ​សរសេរ​ពាក្យពេចន៍​តាម​ពួកគាត់​ចង់ ដូចជា​ពាក្យ​ផ្ដាច់ការ ជាដើម ហើយ​បត់​សន្លឹកឆ្នោត​នោះ​ឲ្យ​ស្អាត ទម្លាក់​ចូល​ធុង​ឆ្នោត​ជា​ការ​ស្រេច ដើម្បី​សំដែង​ឆន្ទៈ​របស់​ពួកគេ​ប្រឆាំង​នឹង​ការ​គាបសង្កត់​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស