35 C
Phnom Penh

លោក សម រង្ស៊ី បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គូស​សញ្ញា​ខ្វែង​លើ​ឈ្មោះ​បក្ស​ទាំងអស់​លើ​សន្លឹកឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បន្ត​អំពាវនាវ​ទៅ​ពលរដ្ឋ​ឲ្យ​គូស​សញ្ញា​ខ្វែង​ឈ្មោះ​គណបក្ស​ទាំងអស់​លើ​សន្លឹកឆ្នោត​ចោល ទោះបី​លោក ហ៊ុន សែន បាន​កែ​ច្បាប់​បោះឆ្នោត​បិទ​ផ្លូវ និង​ព្រមាន​រំលាយ​បក្ស​ភ្លើង​ទៀន​ក៏ដោយ។

ការ​បន្ត​អំពាវនាវ​របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ​២០២៣ ខណៈ​លោក​កំពុង​ស្នាក់នៅ​ប្រទេស​បារាំង ចាប់តាំងពី​មុន​ពេល​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ឆ្នាំ​២០១៧។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​លើកឡើង​ថា នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ការ​ប្រកួតប្រជែង​មែនទែន​ដែល​ពិភពលោក​ទាំង​មូល​រង់ចាំ​មើល​លទ្ធផល គឺ​ការ​ប្រកួតប្រជែង​រវាង​សន្លឹកឆ្នោត​តែ ២​ប្រភេទ​ប៉ុណ្ណោះ ក្នុង​នោះ សន្លឹកឆ្នោត​ដែល​មាន​គូស​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​មួយ​ទៀត​សន្លឹកឆ្នោត​ដែល​មាន​គូស​សញ្ញា​ខ្វែង​ចោល​លើ​ឈ្មោះ​គណបក្ស​ទាំងអស់។

ក្រៅពី​លោក សម រង្ស៊ី នោះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ក៏​បាន​សរសេរ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​១៩ មិថុនា នេះ​ដែរ​ថា បើ​មាន​ការ​បង្ខិតបង្ខំ ឬ​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​ទៅ​បោះឆ្នោត​នោះ ពួកគាត់​អាច​គូស​ខ្វែង​ចោល​លើ​សន្លឹកឆ្នោត​បាន។ លោក​ថា ការ​បោះឆ្នោត​ជា​សម្ងាត់ គ្មាន​នរណា​ដឹង​ថា​ពួកគាត់​គូស​ខ្វែង​ចោល​លើ​សន្លឹកឆ្នោត​នោះ​ទេ លើកលែងតែ​ពួកគាត់​ប្រាប់​អ្នកដទៃ​ប៉ុណ្ណោះ។

បើ​គ្មាន​ការ​បង្ខិតបង្ខំ ឬ​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​ទៅ​បោះឆ្នោត​នោះ​ទេ លោក អ៊ុំ សំអាន ថា​មិន​ចាំបាច់​ទៅ​បោះឆ្នោត​នោះ​ទេ ព្រោះ​គ្មាន​គណបក្ស​ដែល​ប្រជាពលរដ្ឋ​ស្រឡាញ់ ហើយ​ការ​បោះឆ្នោត​ខែ​ក្រោយ​នេះ គ្រាន់តែ​ជា​ការ​បោះឆ្នោត​លេងសើច​ដើម្បី​បង្គ្រប់​កិច្ច​ក្នុង​ការ​ផ្ទេរ​អំណាច​ផ្ដាច់ការ​ត​ពូជ​ដល់​លោក ហ៊ុន ម៉ាណែត។

ការ​បន្ត​អំពាវនាវ​នេះ ទោះបីជា​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា បាន​ព្រមាន​រំលាយ​គណបក្ស​ភ្លើង​ទៀន​ចោល បើ​ហ៊ាន​ទាក់ទង និង​ធ្វើ​សកម្មភាព​តាម​បញ្ជា​របស់​លោក សម រង្ស៉ី ក្នុង​ចេតនា​រារាំង ឬ​អុកឡុក​ការ​បោះឆ្នោត​ខាង​មុខ។ ក្រៅពី​ព្រមាន​ហើយ លោក ហ៊ុន សែន ក៏​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដើម្បី​បិទ​ផ្លូវ​អ្នក​ដែល​មិន​បាន​ទៅ​បោះឆ្នោត​ថ្ងៃទី​២៣ ខែ​កក្កដា ខាងមុខ​នេះ​ផង​ដែរ។

បើ​តាម​លោក ហ៊ុន សែន ថា​បច្ចុប្បន្ន​ពង្រាង​ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​បាន​បញ្ជូន​ទៅ​ដល់​រដ្ឋសភា​ហើយ បន្ទាប់ពី​លោក​បាន​បញ្ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ ឲ្យ​ពន្លឿន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឲ្យ​បាន​ឆាប់។

តែ​ក្រុម​ឃ្លាំមើល​ចាត់ទុក​ការ​កែ​ច្បាប់​បោះឆ្នោត​តាម​បញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដើម្បី​គាបសង្កត់​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ឱ្យ​ទៅ​បោះឆ្នោត​ទាំង​ដែល​មិន​ឲ្យ​គណបក្ស​របស់​ពួកគេ​ឈរឈ្មោះ​បោះឆ្នោត​នោះ ថា​ជា​អំពើ​ឧក្រិដ្ឋកម្ម​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស