32 C
Phnom Penh

ផែនការ​សន្តិភាព​របស់​ចិន​បរាជ័យ អាហ្រ្វិក​ខាងត្បូង​ហក់​ចូល​មក​ជំនួស​ដោយ​ហ៊ាន​ប្រាប់​លោក ពូទីន ថា​ត្រូវ​បញ្ចប់​សង្គ្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ទីបំផុត ផែនការ​សន្តិភាព​របស់​ចិន ១២​ចំណុច​ដែល​មិន​បាន​លើកឡើង​ចំៗ​អំពី​ការ​ដក​ទ័ព​រុស្ស៊ី ចេញពី​ទឹកដី​អ៊ុយក្រែន និង​បង្ខំ​ឱ្យ​រុស្ស៊ី គោរព​អធិបតេយ្យភាព​របស់​អ៊ុយក្រែន កំពុងតែ​បរាជ័យ​ដែល​ពុំ​អាច​រំកិល​ខ្លួន​ពី​ចំណុច​សូន្យ​បាន​នោះ​ទេ។

ឥឡូវ​នេះ អាហ្វ្រិក​ខាងត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី​ដូច​ចិន​ដែរ បាន​តាំង​ខ្លួន​ចូល​មក​សម្របសម្រួល​ឱ្យ​មាន​សន្តិភាព​សម្រាប់​ប្រជាជន​អ៊ុយក្រែន។ តែ​សម្រាប់​មេដឹកនាំ​អាហ្វ្រិក​ខាងត្បូង ខុសពី​មេដឹកនាំ​ចិន ដោយ​ហ៊ាន​ប្រាប់​ត្រង់​ទៅ​លោក ពូទីន ថា ត្រូវ​បញ្ចប់​សង្គ្រាម ព្រោះ​វា​បង្ក​ឱ្យ​មាន​ផលវិបាក​ជា​ខ្លាំង​ដល់​ពិភពលោក។

ជាមួយ​គ្នា​នេះ អាហ្វ្រិក​ខាងត្បូង​បាន​បង្កើត​ក្រុម​ប្រតិភូ​នៃ​ប្រទេស​នៃ​ទ្វីប​អាហ្វ្រិក​មាន ៧​ប្រទេស ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​ដែល​មើល​ទៅ​ដូចជា​មាន​ភាព​រឹងមាំ​ជាង​ចិន ហើយ​ផែនការ​សន្តិភាព​នេះ​មាន ១០​ចំណុច។

ផែនការ​សន្តិភាព ១០​ចំណុច ក្នុង​នោះ​រួមមាន ការ​បន្ធូរបន្ថយ​ភាព​តានតឹង ការ​ទទួលស្គាល់​ចំពោះ​អធិបតេយ្យ​ប្រទេស​អ៊ុយក្រែន ការ​ធានា​សន្តិសុខ​សម្រាប់​ប្រទេស​អ៊ុយក្រែន ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​ដោយ​គ្មាន​ឧបសគ្គ​តាម​សមុទ្រ​ខ្មៅ ហើយ​និង​ការ​បញ្ជូន​ឈ្លើយសឹក និង​កុមារ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន វិញ។

ដោយ​ឆ្លើយតប​នឹង​សំណើ​សន្តិភាព​របស់​អាហ្វ្រិក​ខាងត្បូង លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergei Lavrov និយាយ​ថា លោក​នឹង​ជួយ​ផ្សព្វផ្សាយ​ផែនការ​សន្តិភាព​នេះ តែ​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង Dmitry Peskov ដែល​ស្រង់​សម្ដី​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​រុស្ស៊ី មក​ចុះផ្សាយ​ថា ជា​ការពិត ត្រឹមតែ​លើកឡើង​ជា​ផែនការ មិន​ជា​បញ្ហា​អ្វី​ទេ តែ​ការ​អនុវត្ត​ជាក់ស្ដែង​ទើប​ជា​ការ​ពិបាក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ការ​លើកឡើង​ផែនការ​របស់​អាហ្វ្រិក​ខាងត្បូង​នៅ​ទីក្រុង Saint Petersburg កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មក​នេះ ខណៈ​លោក Cyril Ramaphosa ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង បាន​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ក្រោយពី​លោក​បាន​ទៅ​ជួប​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅ​ទីក្រុង​គៀវ។

ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ី របស់​លោក Ramaphosa និង​ប្រតិភូ​មេដឹកនាំ​ទ្វីប​អាហ្វ្រិក ក្រោម​គោលដៅ​ជួយ​ស្វែងរក​សន្តិភាព​រវាង​ទីក្រុង​គៀវ និង​ទីក្រុង​មូស្គូ ដោយ​បាន​អំពាវនាវ​ទៅ​កាន់​សមភាគី​រុស្ស៊ី ថា សង្គ្រាម​បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ចាំបាច់​ត្រូវតែ​បញ្ឈប់។

ក្រោយ​ជួប​ពិភាក្សា​ជាមួយ​លោក ពូទីន នៅ​ទីក្រុង Saint Petersburg ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង Ramaphosa បាន​និយាយ​ថា សង្គ្រាម​នេះ​ត្រូវតែ​បញ្ចប់​តាមរយៈ​កិច្ច​ចរចា​ដោយ​សន្តិវិធី និង​មធ្យោបាយ​ការទូត។ មេដឹកនាំ​អាហ្វ្រិក​រូប​នេះ​បាន​បន្ថែម​ថា គណៈប្រតិភូ​របស់​លោក​ដែល​រួម​មាន​មេដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​មកពី​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន​ទៀត ចង់​ឱ្យ​សង្គ្រាម​អ៊ុយក្រែន ត្រូវ​បិទ​បញ្ចប់។

អ៊ុយក្រែន ថា​គេ​មិន​ត្រូវ​ចាញ់​បោក​រុស្ស៊ី ទៀត​ទេ

នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីក្រុង​គៀវ លោក​ប្រធានាធិបតី ហ្សេឡេនស្គី បាន​ឆ្លើយ​នៅ​ចំពោះ​មុខ​គណៈប្រតិភូ​អាហ្វ្រិក​នេះ​ថា អ៊ុយក្រែន មិន​អាច​ទទួលយក​នូវ​សំណើ​ចរចា​សន្តិភាព​ជាមួយ​អ្នក​ឈ្លានពាន​បាន​ទេ។

លោក ហ្សេឡេនស្គី ថា​បើ​ព្រម​ចរចា​ជាមួយ​រុស្ស៊ី នៅ​ពេលនេះ គឺជា​ការ​ចាញ់​បោក​ល្បែង​ឆ្ពិន​ភ្នែក​បោកប្រាស់​របស់​រុស្ស៊ី​ម្ដង​ទៀត។

លោក ហ្សេឡេនស្គី បាន​បញ្ជាក់​ថា បើ​មាន​ការ​ចរចា​នៅ​ពេលនេះ ខណៈ​រុស្ស៊ី កំពុងតែ​គ្រប់គ្រង​ទឹកដី​អ៊ុយក្រែន ដោយ​ខុស​ច្បាប់ គឺ​វា​មិន​ខុសពី​ការ​បង្កក​សង្គ្រាម​នេះ​ឲ្យ​នៅ​ទ្រឹង​មួយ​កន្លែង ក៏​វា​អាច​ធ្វើ​ឱ្យ​ការ​ឈឺចាប់​របស់​ប្រជាជន​អ៊ុយក្រែន នៅតែ​បន្ត​ទ្រឹង​មួយ​កន្លែង​ដែរ។

លោក ហ្សេឡេនស្គី បាន​បន្ថែម​ថា រុស្ស៊ី​នឹង​មិន​អាច​បោក​បញ្ឆោត​ពិភពលោក​ជា​លើក​ទី​២ បាន​ទេ ព្រោះ​អ៊ុយក្រែន បាន​ស្គាល់​ល្បិចកល​របស់​រុស្ស៊ី ហើយ ព្រោះ​ធាតុ​ពិត លោក ពូទីន នៅតែ​មាន​មហិច្ឆតា​លោភលន់​ឈ្លានពាន​អ៊ុយក្រែន ដដែល។

សម្ព័ន្ធភាព​ណាតូ​សាទរ តែ​ប្រាប់​ទៅ​មេដឹកនាំ​អាហ្វ្រិក ថា ត្រូវ​មើល​ល្បិច​របស់​រុស្ស៊ី​ឱ្យ​ច្បាស់​សិន

អង្គការ​សម្ព័ន្ធមិត្ត​ណាតូ បាន​ថ្លែង​អបអរ​ចំពោះ​ក្រុម​ប្រទេស​អាហ្វ្រិក ចូលរួម​ឈឺឆ្អាល​ស្វែងរក​សន្តិភាព​សម្រាប់​អ៊ុយក្រែន។

អគ្គលេខាធិការ​ណាតូ Jens Stoltenberg បាន​រំលឹក​ថា ការ​ចរចា​សន្តិភាព​ត្រូវតែ​មាន​ភាព​សុចរិត យុត្តិធម៌​សម្រាប់​អ៊ុយក្រែន ដែល​ជា​ជនរងគ្រោះ។ ដំណោះស្រាយ​សន្តិភាព​ត្រូវតែ​មាន​ភ្ជាប់​ជា​អាទិភាព​នូវ​ការ​ទទួលស្គាល់​កំហុស​របស់​រុស្ស៊ី ដែល​លើក​ទ័ព​ចូល​ទៅ​ធ្វើ​សង្គ្រាម​ឈ្លានពាន​ប្រទេស​មួយ​ដែល​ឯករាជ្យ។

តាម​លោក Jens Stoltenberg ពេលនេះ អ៊ុយក្រែន កំពុងតែ​បើក​ការ​វាយ​ប្រយុទ្ធ​ទ្រង់ទ្រាយ​ធំ​ដណ្តើម​ទឹកដី​របស់​ខ្លួន​មក​វិញ ក៏​ជា​ពេល​ដែល​រុស្ស៊ី​ត្រូវ​ដឹង​ថា អ៊ុយក្រែន​គេ​មិន​លះបង់​ទឹកដី​របស់​ខ្លួន​ទេ។

តែ​យ៉ាងណា ចំពោះ​ក្រុម​ប្រទេស​លោក​ខាងលិច គឺ​ទាល់តែ​អ៊ុយក្រែន មាន​ប្រៀប​លើ​រុស្ស៊ី សិន ទើប​ដល់​ពេល​ចូល​តុ​ចរចា។

យ៉ាងណា​មាន​ការ​កត់សម្គាល់​ថា ផែនការ​សន្តិភាព​របស់​តំបន់​អាហ្វ្រិក មើល​ទៅ​មាន​ភាព​រឹងមាំ​ជាង​ផែនការ​សន្តិភាព​របស់​ចិន តែ​ផែនការ​នេះ​ក៏​អាច​នឹង​ជួប​បរាជ័យ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស