35 C
Phnom Penh

បច្ចុប្បន្នភាព​ទាក់ទង​នឹង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​ចូល​ដល់ ៤៨៤​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​ដែល​រុស្ស៊ី​លើក​បន្តុប​នៅ​ក្នុង​ផ្នែក​មួយ​នៃ​តំបន់​ខឺសុន ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​អ៊ុយក្រែន បាន​ត្រូវ​ចំ​លើ Chongar ដែល​តភ្ជាប់​ជាមួយ​ឧបទ្វីប​គ្រីមៀរ។

លោក Vladimir Saldo មន្ត្រី​លើក​បន្តុប​ដោយ​រុស្ស៊ី នៅ​ក្នុង​តំបន់​ខឺសុន និយាយ​ថា ការ​វាយប្រហារ​នេះ អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow។ មីស៊ីល Storm Shadow ជា​ជំនួយ​របស់​អង់គ្លេស។ មីស៊ីល​នេះ​វា​អាច​រត់​បាន​រយៈ​ចម្ងាយ ៣០០​គីឡូម៉ែត្រ។

ចំណែក​អភិបាល​តំបន់​គ្រីមៀរ លោក Sergey Aksyonov បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​មើល​ទីតាំង​ដើម្បី​កំណត់​ថា តើ​ពេល​ណា​ដែល​ចរាចរណ៍​នៅ​លើ​ស្ពាន​អាច​បន្ត​ដំណើរការ​បាន​ឡើងវិញ។

ស្ពាន Chongar ជា​ស្ពាន​មួយ​ដែល​តភ្ជាប់​តំបន់​គ្រីមៀរ ជាមួយ​អ៊ុយក្រែន​នៅ​ភាគ​ខាងត្បូង។ ឧបទ្វីប​នេះ​ត្រូវ​រុស្ស៊ី​ក្រសោប​យក​ពី​អ៊ុយក្រែន កាលពី​ឆ្នាំ​២០១៤ តាមរយៈ​អតីត​ប្រធានាធិបតី​អ៊ុយក្រែន ដែល​បាន​ចុះហត្ថលេខា​កាត់​ទឹកដី​ទៅ​ឱ្យ​រុស្ស៊ី ជា​ថ្នូរ​នឹង​សន្តិភាព។

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ទទួលស្គាល់​ថា ប្រតិបត្តិការ​វាយបក​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​កងកម្លាំង​រុស្ស៊ី ពិត​ជា​មាន​ភាព​យឺតយ៉ាវ​ជាង​ការ​រំពឹង​ទុក ប៉ុន្តែ​កងកម្លាំង​អ៊ុយក្រែន​នឹង​មិន​តក់ក្រហល់​ក្នុង​ការ​បង្កើន​ល្បឿន​វាយលុក​នោះ​ទេ។

លោក ហ្សេឡេនស្គី ធ្វើការ​កត់សម្គាល់​ដូច​នេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អង់គ្លេស BBC។ លោក​ក៏​បាន​ទទួលស្គាល់​ដែរ​ថា ភាព​យឺតយ៉ាវ​នេះ គឺ​ដោយសារតែ​គ្រាប់មីន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​រុស្ស៊ី បាន​ដាក់​ពង្រាយ។ តែ​យ៉ាងណា ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​ថ្លែង​ថា មនុស្ស​មួយ​ចំនួន​ជឿ​ថា នេះ​ជា​ខ្សែ​ភាពយន្ដ Hollywood ហើយ​ចង់​បាន​លទ្ធផល​ភ្លាមៗ។

កងកម្លាំង​អ៊ុយក្រែន នឹង​បង្កើន​ល្បឿន​វាយលុក​ដោយ​ផ្អែក​លើ​វិធីសាស្ត្រ​សង្គ្រាម​វាយបក។ ចាប់ពី​ការ​វាយបក​ដើម្បី​រំដោះ​ទឹកដី​ពី​រុស្ស៊ី មក​វិញ​នៅ​ថ្ងៃទី​១០ មិថុនា កងទ័ព​អ៊ុយក្រែន​បាន​វាយ​ដណ្ដើម​បាន​ទីតាំង​ចំនួន​៨ ពី​កងទ័ព​រុស្ស៊ី ក្នុង​តំបន់​ភាគ​ខាងត្បូង និង​ភាគ​ខាង​កើត។

រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី ចោទ​ថា​អ៊ុយក្រែន​មាន​ផែនការ​វាយ​ចូល​គ្រីមៀរ ដោយ​រ៉ុក្កែត HIMARS របស់​អាមេរិក និង​មីស៊ីល Storm Shadow របស់​អង់គ្លេស។ រុស្ស៊ី បាន​ចោទ​អ៊ុយក្រែន ថា​មាន​ផែនការ​វាយប្រហារ​លើ​តំបន់​គ្រីមៀរ ដោយ​ប្រើ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ផ្ដល់​ដោយ​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ដោយ​ព្រមាន​ថា ទីក្រុង​មូស្គូ នឹង​សងសឹក ប្រសិនបើ​អ៊ុយក្រែន​ប្រព្រឹត្ត​ដូច​នេះ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី លោក សឺហ្គៃ សយហ្គូ បាន​អះអាង​ថា ទីក្រុង​មូស្គូ ទទួល​បាន​ព័ត៌មាន​ថា​អ៊ុយក្រែន​មាន​ផែនការ​វាយប្រហារ​លើ​តំបន់​គ្រីមៀរ នៅ​ក្នុង​ប្រតិបត្តិការ​វាយបក​របស់​ខ្លួន ដោយ​ប្រើ​រ៉ុក្កែត HIMARS ផ្ដល់​ដោយ​សហរដ្ឋ​អាមេរិក និង​មីស៊ីល​គ្រូស Storm Shadow ផ្ដល់​ដោយ​ចក្រភព​អង់គ្លេស។

ប្រមុខ​ការពារ​ជាតិ​រុស្ស៊ី ព្រមាន​ថា ការ​ប្រើប្រាស់​មីស៊ីល​ទាំងនេះ​វាយប្រហារ​លើ​តំបន់​ខាង​ក្រៅ​នៃ​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុស្ស៊ី នឹង​ត្រូវ​ចាត់ទុក​ថា​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​លូក​ដៃ​ចូលរួម​ក្នុង​ជម្លោះ​ទាំងស្រុង ជា​ការ​ជំរុញ​ឱ្យ​មាន​ការ​បើក​ការ​វាយប្រហារ​សងសឹក​ភ្លាមៗ​ពី​រុស្ស៊ី។

កន្លងមក រុស្ស៊ី​ព្រមាន​ថា​នឹង​បាញ់​ទៅ​លើ​អង់គ្លេស ដោយ​គ្រាប់​នុយក្លេអ៊ែរ ព្រោះតែ​ប្រទេស​សមាជិក​ណាតូ​នេះ​ដើរ​ជាន់​បន្ទាត់​ក្រហម​របស់​រុស្ស៊ី។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ទំហំ ១៣០០​លាន​ដុល្លារ​ថែម​ទៀត​ដល់​អ៊ុយក្រែន ដើម្បី​ជួយ​ប្រទេស​មួយ​នេះ​ធ្វើ​កំណែ​ទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អគ្គិសនី ហើយ​និង​ការ​ធ្វើ​ទំនើបកម្ម​ច្រក​ព្រំដែន កំពង់ផែ និង​ផ្លូវ​ដែក។

ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី​កិច្ចប្រឹងប្រែង​ជួយ​អ៊ុយក្រែន​ងើប​ពី​សង្គ្រាម ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​ឡុងដ៍ របស់​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ពុធ ទី​២១ មិថុនា លោក Blinken បាន​និយាយ​ដូច្នេះ​ថា៖ ការ​ស្ដារ​ឡើងវិញ គឺ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​រៀបចំ​មូលដ្ឋានគ្រឹះ​សម្រាប់​ឱ្យ​អ៊ុយក្រែន អាច​វិវឌ្ឍ​ខ្លួន​ក្លាយ​ទៅ​ជា​ប្រទេស​ឯករាជ្យ​មួយ​ដែល​មាន​សន្តិសុខ និង​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​ពេញលេញ​ជាមួយ​អឺរ៉ុប។

តាម​លោក Blinken ជំនួយ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​សភា​ជាតិ​អាមេរិកាំង។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP កញ្ចប់​ជំនួយ​ថ្មី​នេះ​ជា​ការ​បន្ថែម​ពី​លើ​ទឹកប្រាក់​សរុប​ជាង ២០​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ទម្រង់​ជា​ជំនួយ​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ឱ្យ​ទៅ​អ៊ុយក្រែន​នា​ពេល​កន្លងមក។

សភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​ឱ្យ​រដ្ឋការ​លោក ចូ បៃដិន នូវ​សាច់ប្រាក់​សរុប ៩៥​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ប្រទេស​អ៊ុយក្រែន ក្នុង​ការ​ធ្វើ​សង្គ្រាម​ការពារ​ទឹកដី និង​ការ​ជួយ​ស្ដារ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​នេះ។

កញ្ចប់​ជំនួយ​នូវ​សាច់ប្រាក់​ទំហំ​ដូច​នេះ​មាន​រយៈពេល ២​ឆ្នាំ ដោយ​រាប់​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

បើ​គិត​ចាប់តាំងពី​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន រយៈពេល ៤៨៤​ថ្ងៃ​មក​នេះ សហរដ្ឋ​អាមេរិក​បញ្ចេញ​សាច់ប្រាក់​ក្នុង​ជំនួយ​យោធា​ជិត ៤៥​ពាន់​លាន​ដុល្លារ​ហើយ​បូក​នឹង​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ជាង ២០​ពាន់​លាន​ដុល្លារ​ទៀត នាំ​ឱ្យ​ប្រទេស​មហាអំណាច​មួយ​នេះ​បាន​បញ្ចេញ​សាច់ប្រាក់​របស់​ខ្លួន​សម្រាប់​ប្រទេស​អ៊ុយក្រែន ដែល​ហែកហួរ​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​មហាអំណាច​រុស្ស៊ី មាន​ជាង ៦៥​ពាន់​លាន​ដុល្លារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស