35 C
Phnom Penh

បុរស​ខ្លាំង​កម្ពុជា​ព្រមាន​សម្លាប់​នយោបាយ​ជ្រុល​និយម​បក្ស​ប្រឆាំង​ឱ្យ​រលាយ​ដូច​ខ្មែរក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ទាហាន​ខ្មែរក្រហម លោក ហ៊ុន សែន ព្រមាន​សម្លាប់​នយោបាយ​ជ្រុល​និយម​របស់​ក្រុម​ប្រឆាំង​ឱ្យ​រលំរលាយ​ដូច​អង្គការ​ចាត់តាំង​ខ្មែរក្រហម​កាលពី​ពេល​កន្លងទៅ ហើយ​លោក​ក៏​នឹង​មិន​អនុគ្រោះ​ឲ្យ​ពួកគេ​ផង​ដែរ បើ​មាន​និន្នាការ​ចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជ្រុល​និយម​ទាំងនោះ។

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​រូប​នេះ​បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក​នឹង​មិន​អត់ឱន​ឲ្យ​ក្រុម​ជ្រុល​និយម​ដាច់ខាត ហើយ​អ្នក​ណា​ក៏ដោយ​ដែល​មាន​និន្នាការ​ចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជ្រុល​និយម​ទាំងនោះ នឹង​មិន​ទទួល​បាន​ការ​រាប់រក ឬ​អត់ឱន​ពី​រូបលោក​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ឡើយ។

បុរស​ខ្លាំង​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​រូប​នេះ​បន្ត​ថា ទាំង​ក្រុម​ជ្រុល​និយម និង​ក្រុម​ដែល​បាន​ចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជ្រុល​និយម កុំ​សង្ឃឹម​ថា​នឹង​អាច​សុំ​ឲ្យ​លោក​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​លើកលែង​ទោស​ឲ្យ​ពួកគេ​ឲ្យ​សោះ។ លោក ហ៊ុន សែន អះអាង​ថា ឲ្យ​តែ​ពួកគេ​មាន​ទោស គឺ​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​ដោយ​គ្មាន​ករណី​លើកលែង​ជាដាច់ខាត។

ការ​គំរាម​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​រិះគន់​ថា គឺជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ ជាជាង​ការ​ធានា​បាន​នូវ​សន្តិភាព​ដែល​បក្ស​កាន់​អំណាច​តែង​ប្រកាស​កន្លងមក។

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មិថុនា នេះ​ថា ដើម្បី​ធានា​នូវ​ស្ថិរភាព​នយោបាយ​របស់​កម្ពុជា គ្មាន​ជម្រើស​ណា​ល្អ​ជាង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ដែល​មាន​ន័យ​ថា ភាគី​ចាញ់​គឺ​ចាញ់​ដោយសារ​ខ្លួន​បាន​ប្រព្រឹត្ត​ខុស ចំណែក​ភាគី​ដែល​ឈ្នះ គឺ​ឈ្នះ​ដោយសារ​ខ្លួន​បាន​ប្រព្រឹត្ត​ត្រឹមត្រូវ នោះ​ទើប​ជា​កត្តា​នាំ​ទៅ​រក​ការ​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​យក​ឈ្នះ​គ្នា​ដោយសារ​ការ​ប្រើ​អំណាច ឬ​ដោយសារ​ការ​រំលោភ​ច្បាប់​ដែល​ភាគី​ម្ខាង​ទៀត​ទទួល​រង​នូវ​ភាព​អយុត្តិធម៌ នោះ​មិនមែន​ជា​ការ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឡើយ។ ផ្ទុយទៅវិញ វា​នឹង​នាំ​មក​នូវ​ការ​បង្ក​គំនុំ​គុំកួន​កាន់តែ​ខ្លាំង​សម្រាប់​ជាតិ​ឯង​ប៉ុណ្ណោះ។

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ការ​បញ្ចប់​នូវ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​ផ្តល់​នូវ​ដំណោះស្រាយ​បញ្ហា​ដែល​ភាគី​ទាំង​សងខាង​អាច​ទទួលយក​បាន មិនមែន​ជា​ការ​គំរាម​គ្នា​នោះ​ទេ ព្រោះ​ថា​ការ​ប្រើ​អំណាច​គំរាមកំហែង មិន​ត្រឹមតែ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ ប៉ុន្តែ​គឺជា​ការ​បង្ក​នូវ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ។ ជាង​នេះ​ទៀត បើ​ទោះបីជា​ក្នុង​ជម្លោះ​នោះ​មាន​ភាគី​ណា​មួយ​ឈ្នះ​ដោយសារ​ការ​គំរាមកំហែង​នេះ​ក៏ដោយ ក៏​មិន​អាច​ឱ្យ​កម្លាំង​សាមគ្គី​ជាតិ​ខ្មែរ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​បាន​ដែរ។

ចាប់តាំងពី​ដើម​ខែ​មករា ឆ្នាំ​២០២៣ មក ត្រូវ​គេ​មើល​ឃើញ​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ត្រូវ​រង​នូវ​ការ​គំរាមកំហែង​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន យ៉ាង​ធ្ងន់ធ្ងរ គ្រប់​រូបភាព ដូចជា​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ចោទ​ប្តឹង​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល និង​ចាប់​ខ្លួន​អ្នក​ទាំងនោះ​ដាក់​ពន្ធនាគារ​រហូត​ឈាន​ដល់​ការ​រារាំង​គណបក្ស​របស់​ពួកគេ​មិន​ឲ្យ​ចូលរួម​បោះឆ្នោត ក្រោម​លេស​ដ៏​មិន​សម​ហេតុផល ជាដើម។

ក្រៅពី​គំរាម​ចាប់​ខ្លួន និង​ប្តឹង​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ទៅ​តុលាការ គេ​ក៏​មើល​ឃើញ​ដែរ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​កែ​ច្បាប់​បោះឆ្នោត​ដើម្បី​គាបសង្កត់​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​របស់​មន្ត្រី​គណបក្ស​ភ្លើង​ទៀន ខណៈ​ពេល​ដែល​បក្ស​របស់​ពួកគេ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចូលរួម​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ទៅ​ហើយ​នោះ។

អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ឆ្នាំ​២០២២ ថា ប្រព័ន្ធ​នយោបាយ​របស់​កម្ពុជា​ត្រូវ​បាន​លោក ហ៊ុន សែន គ្រប់គ្រង​ផ្ដាច់មុខ​ទាំងស្រុង​ទៅ​ហើយ ក្នុង​នោះ​បក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព និង​ពលរដ្ឋ​ខ្មែរ​ត្រូវ​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​គ្រប់ៗ​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស