27 C
Phnom Penh

ក្រុម​អ្នក​វិភាគ​ជំរុញ​ឱ្យ​លោក ហ៊ុន សែន ស្នើ​ភាគី​វៀតណាម​បាញ់​ដ្រូន​ហោះ​ចូល​កម្ពុជា​ជាមួយ​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​ឯករាជ្យ ជំរុញ​ឲ្យ​មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន ស្នើ​ភាគី​វៀតណាម​បាញ់​ដ្រូន​ដែល​ហោះ​ចូល​ទឹកដី​ខ្មែរ​ជាមួយ​កម្ពុជា ដើម្បី​ឲ្យ​ប្រាកដ​ថា​ដ្រូន​ទាំងនោះ​មិនមែន​ជា​ដ្រូន​របស់​វៀតណាម និង​ដើម្បី​ឲ្យ​ប្រាកដ​ថា ដ្រូន​នោះ​មិនមែន​ជា​ដ្រូន​របស់​លោក ហ៊ុន សែន ដែល​ប្រើ​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ក្នុង​ផែនការ​នយោបាយ​របស់​គាត់។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ថា ដើម្បី​ឲ្យ​ច្បាស់​ថា​ដ្រូន​នោះ​ជា​ដ្រូន​របស់​ក្រុម​ជនជាតិ​វៀតណាម​ភាគតិច​ឬ​អត់ លោក ហ៊ុន សែន គួរ​ស្នើ​ភាគី​វៀតណាម​បាញ់​ដ្រូន​នោះ​ជាមួយ​កម្ពុជា ព្រោះ​ថា​រដ្ឋាភិបាល​វៀតណាម​ក៏​ចង់​កម្ចាត់​ជនជាតិ​ភាគតិច​ទាំងនោះ​ដែរ ដូច្នេះ​ចាំ​មើល​ថា​តើ​រដ្ឋាភិបាល​វៀតណាម​ហ៊ាន​សហការ​បាញ់​ដ្រូន​នោះ​ឬ​ក៏​អត់។

ជាង​នេះ​ទៀត ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ត្រូវ​ចាំ​មើល​ដែរ ថា​តើ​លោក ហ៊ុន សែន ហ៊ាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​សហការ​បាញ់​ដ្រូន​នោះ​ជាមួយ​ខ្លួន ឬ​ក៏​អត់​ផង​ដែរ ព្រោះ​ថា​បើ​ភាគី​វៀតណាម​ក៏​មិន​ហ៊ាន​សហការ លោក ហ៊ុន សែន ក៏​មិន​ហ៊ាន​ស្នើ​ឱ្យ​ភាគី​វៀតណាម​បាញ់​ដ្រូន​នោះ គឺ​មាន​ន័យ​ថា ដ្រូន​ទាំងនោះ​មិនមែន​ជា​របស់​ក្រុម​ជនជាតិ​វៀតណាម​ភាគតិច​នោះ​ទេ គឺ​ជា​ដ្រូន​របស់​វៀតណាម ឬ​ជា​ដ្រូន​របស់​លោក ហ៊ុន សែន ខ្លួនឯង​ប៉ុណ្ណោះ។

អ្នកវិភាគ​រូប​នេះ​លើកឡើង​ថា បើ​ដ្រូន​ទាំងនោះ​ជា​ដ្រូន​របស់​វៀតណាម ហើយ​លោក ហ៊ុន សែន បែរ​ជា​ចោទ​ថា​ជា​ដ្រូន​របស់​ជនជាតិ​វៀតណាម​ភាគតិច​ដេហ្គា​នោះ លោក ហ៊ុន សែន កំពុង​ធ្លាក់​ចូល​អន្ទាក់​វៀតណាម​ក្នុង​ការ​កម្ចាត់​ជនជាតិ​វៀតណាម​ភាគតិច​ជំនួស​រដ្ឋាភិបាល​វៀតណាម​ទៅវិញ។ ជាង​នេះ​ទៀត ក៏​ជា​ការ​ជួយ​ដល់​រដ្ឋាភិបាល​វៀតណាម ក្នុង​ពេល​ដែល​ពួកគេ​កំពុងតែ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ថា​បាន​រំលោភ​សិទ្ធិ​ជនជាតិ​ភាគតិច និង​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម​ផង​ដែរ។

លោក គឹម សុខ ដាក់​ការ​សង្ស័យ​ថា ផ្ទុយទៅវិញ បើ​ដ្រូន​នោះ​ជា​ដ្រូន​របស់​លោក ហ៊ុន សែន វិញ នោះ​គឺជា​ផែនការ​នយោបាយ​បម្រុង​ទុក​មួយ​របស់​គាត់​ចំពោះ​ការ​បោះឆ្នោត​ខាងមុខ​នេះ។

លោក​ពន្យល់​ថា ផែនការ​នោះ​គឺ​ប្រសិនបើ​ដំណើរការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​ត្រូវ​ពលរដ្ឋ​គូស​សន្លឹកឆ្នោត​ចោល ដែល​ធ្វើ​ឲ្យ​ខូច​ដំណើរការ​នៃ​ការ​បោះឆ្នោត​នោះ គាត់​នឹង​ប្រកាស​បិទ​ដំណើរការ​បោះឆ្នោត​នោះ​តែម្តង ដោយ​ប្រើ​លេស​ថា សន្តិសុខ​ជាតិ​កំពុង​រង​នូវ​ការ​វាយប្រហារ​ពី​បច្ចាមិត្ត​នៅ​តំបន់​ព្រំដែន ហើយ​គាត់​នឹង​បន្ត​ដឹកនាំ​រដ្ឋាភិបាល​បន្ត​ទៀត ដោយ​លុប​ការ​បោះឆ្នោត​នេះ​ចោល​តែម្តង។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​លើកឡើង​ថា ការ​សន្និដ្ឋាន​របស់​លោក​បែប​នេះ គឺ​ដោយសារតែ​ហេតុការណ៍​ដែល​បាន​លេច​ឡើង​នៅ​មុន​ការ​បោះឆ្នោត គឺ​ហាក់ដូចជា​ជួន​គ្នា​ពេក​ក្នុង​រយៈពេល ៣​អាណត្តិ​ចុងក្រោយ​នេះ ក្នុង​នោះ មុន​ការ​បោះឆ្នោត​ឆ្នាំ​២០០៨ ហេតុការណ៍​ផ្ទុះ​អាវុធ​រវាង​កម្ពុជា-ថៃ បាន​កើតឡើង ហើយ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ហេតុការណ៍​ចម្រូងចម្រាស​រវាង​កម្ពុជា និង​ឡាវ ក៏​បាន​កើតឡើង​ដែរ រហូត​ដល់​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ ស្រាប់​តែ​មាន​ដ្រូន​ហោះ​ចូល​ទឹកដី​កម្ពុជា​ទៅវិញ។

លោក គឹម សុខ បញ្ជាក់​ថា ការ​សង្ស័យ​ចុងក្រោយ​របស់​លោក គឺ​នៅ​ត្រង់​ថា តើ​នេះ​អាច​ជា​ល្បិច​របស់​លោក ហ៊ុន សែន ដើម្បី​ប្រើ​កម្លាំង​ទ័ព​បង្ក្រាប​កម្លាំង​ផ្ទៃក្នុង​របស់​ខ្លួន​នៅ​តំបន់​ព្រំដែន​ដែល​គាត់​សង្ស័យ​ថា​មាន​គេ​លាក់​កម្លាំង​ដើម្បី​ប្រឆាំង​នឹង​លោក ហ៊ុន ម៉ាណែត ដែរ​ឬ​ក៏​អត់។ លោក​បន្ថែម​ថា ការ​សង្ស័យ​របស់​លោក​បែប​នេះ គឺ​ដោយសារតែ​លោក ហ៊ុន សែន ប្រកាស​ទប់ទល់​នឹង​សត្រូវ​ដែល​រំលោភ​ចូល​ទឹកដី​របស់​ខ្លួន​ដោយ​ចំហ​ពេក ស្រប​ពេល​គាត់​មិន​ទាន់​ដឹង​ថា​ជា​ដ្រូន​របស់​ភាគី​ណា​ឲ្យ​ប្រាកដ​ផង​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន ប្រកាស​បាញ់​ទម្លាក់​ដ្រូន​ដែល​បាន​ហោះ​ចូល​ទឹកដី​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។

នៅ​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​សន្មត​ថា ដ្រូន​ដែល​បាន​ហោះ​ចូល​ទឹកដី​កម្ពុជា​គឺជា​ដ្រូន​របស់​ក្រុម​ជនជាតិ​វៀតណាម​ភាគតិច​ដេហ្គា ក្នុង​នោះ​លោក ហ៊ុន សែន ដាក់​ការ​សង្ស័យ​ថា ក្រុម​ជនជាតិ​យួន​ភាគតិច​ដេហ្គា​ទាំងនោះ​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​មួយ​ក្នុង​តំបន់​អាស៊ាន និង​ប្រើ​ដី​កម្ពុជា​ដើម្បី​ឆ្លងកាត់។

លោក ហ៊ុន សែន បញ្ជា​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ដំឡើង​កាំជ្រួច​សម្រាប់​បាញ់​យន្តហោះ និង​អាវុធ​គ្រប់​ធុន​ដើម្បី​បាញ់​ដ្រូន​ទាំងនោះ​ឱ្យខាងតែ​បាន ទោះ​ត្រូវ​ចំណាយ​រហូត​ដល់ ៥​លាន​គ្រាប់​ក៏ដោយ បើ​ដ្រូន​នោះ​នៅតែ​បន្ត​ហោះ​ចូល​ទឹកដី​កម្ពុជា​បន្ត​ទៀត ជាពិសេស​គឺ​ចាប់ពី​យប់​ថ្ងៃ​ពុធ​នេះ​ទៅ ត្រូវតែ​បាញ់​ដោយ​គ្មាន​ការ​លើកលែង​ឡើយ។

លោក ហ៊ុន សែន បញ្ជាក់​ថា អង្គភាព​ណា​ដែល​បាន​អាច​បាញ់​ទម្លាក់​ដ្រូន​នោះ​បាន លោក​នឹង​ផ្តល់​រង្វាន់ ២០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង ១​គ្រឿង ព្រោះ​លោក​ចង់​ដឹង​ថា ដ្រូន​ទាំងនោះ​ជា​ដ្រូន​របស់​ប្រទេស​ណា ហើយ​លោក​នឹង​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​តែម្តង​ពី​ការ​រំលោភ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ចំពោះ​ប្រទេស​ដែល​ជា​ម្ចាស់​ដ្រូន​ទាំងនេះ។

កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣ លោក​នាយករដ្ឋមន្ត្រី​អះអាង​ថា មាន​ដ្រូន​ដែល​គ្មាន​ប្រភព​បាន​ហោះ​ចូល​ទឹកដី​កម្ពុជា​ជាច្រើន​គ្រឿង ដែល​ជា​ការ​រំលោភ​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ ជាក់ស្តែង នៅ​យប់​ថ្ងៃ​អង្គារ មាន​ដ្រូន​ចំនួន ៧​គ្រឿង​បាន​ហោះ​ចូល​ទឹកដី​កម្ពុជា​ក្នុង​ខេត្ត​មណ្ឌលគិរី ស្ថិត​ក្នុង​ស្រុក​កោះញែក បន្ថែម​ទៀត ប៉ុន្តែ​មិន​មាន​ដ្រូន​ណា​មួយ​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​កងកម្លាំង​កម្ពុជា​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស