39 C
Phnom Penh

បក្ស​ប្រជាជន​កម្ពុជា​មិន​ប្រារព្ធ​ខួប​កំណើត​របស់​ខ្លួន​ក្រោម​ហេតុផល​ត្រៀម​ខ្លួន​ធ្វើ​យុទ្ធនាការ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​លោក ហ៊ុន សែន ប្រកាស​ថា ឆ្នាំ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ប្រារព្ធ​បុណ្យ​ខួប​កំណើត​របស់​ខ្លួន​ទេ ដោយសារតែ​ជាប់​រវល់​នឹង​យុទ្ធនាការ​បោះឆ្នោត​ដែល​នឹង​ត្រូវ​ធ្វើឡើង​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ដឹកនាំ​អតីត​គណបក្ស​ដែល​បង្កើត​ឡើង​ដោយ​វៀតណាម លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា នេះ​ថា ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​ដោយ​ឈរ​នៅ​ខាង​ប្រជាជន ផ្សារភ្ជាប់​រួម​សុខ​ទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញរា​ដើម្បី​កម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម។

លោក ហ៊ុន សែន លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​កម្លាំង​នយោបាយ​តែ​មួយ​គត់​ដែល​បាន​ក្រោក​ឈរ​តស៊ូ ហើយ​បាន​ប្រមូលផ្ដុំ​រាល់​កម្លាំង​ស្នេហា​ជាតិ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​បំផុស និង​ដឹកនាំ​ចលនា​ប្រជាជន​នៅ​ទូទាំង​ប្រទេស​វាយ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។

មេដឹកនាំ​ខ្មែរ​ដែល​ក្តាប់​អំណាច​ក្រោម​ការ​ជ្រោមជ្រែង​របស់​វៀតណាម លោក ហ៊ុន សែន បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​បង្អែក​ដ៏​សំខាន់​សម្រាប់​ការ​កសាង និង​អភិវឌ្ឍ​ជាតិ​តាំងពី​អតីតកាល បច្ចុប្បន្នកាល និង​ថ្ងៃ​អនាគត សម្រាប់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ទាំងអស់។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក ហ៊ុន សែន បាន​យក​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣ ធ្វើ​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​រំលឹក​ខួប ៧២​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​រូបភាព​រំលឹក​ខួប ៤៦​ឆ្នាំ​ដែល​គាត់​បាន​រត់​ទៅ​ជ្រកកោន​នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​១៩៧៧ ជំនួស​វិញ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា លោក ហ៊ុន សែន បាន​រៀបចំ​គម្រោង​ប្រារព្ធ​ពិធី​នេះ​មុន​ថ្ងៃ​កំណើត​ផ្លូវការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ចេតនា​លាក់បាំង​នូវ​ថ្ងៃ​កំណើត​ផ្លូវការ​របស់​គណបក្ស​នេះ ដោយសារតែ​លោក ហ៊ុន សែន ដឹង​ថា​ប្រជារាស្ត្រ​ខ្មែរ​ចាប់ផ្តើម​យល់ដឹង​ពី​ដើមចម​នៃ​ថ្ងៃ​កំណើត​ពិតប្រាកដ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​ថា​បក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​អ្វី​ចំពោះ​ទឹកដី​ខ្មែរ​នោះ។

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្វែងយល់​ឲ្យ​កាន់តែ​ច្បាស់​ពី​ដើមកំណើត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អ្នក​សិក្សា​ប្រវត្តិសាស្ត្រ​ឲ្យ​ឈ្មោះ​ថា ជា​គណបក្ស បង្កើត​ដោយ​វៀតណាម ដែល​បង្កប់​ខ្លួន​ក្នុង​ទឹកដី​ខ្មែរ និង​បង្គាប់​បញ្ជា​ដោយ​វៀតណាម ហើយ​គណបក្ស​នេះ និង​មេដឹកនាំ​របស់​គេ គឺជា​ជន​ក្បត់​ជាតិ​ដែល​មិន​អាច​ប្រកែក​បាន​ឡើយ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សឺន ង៉ុក មិញ ហៅ​អាចារ្យ មៀន កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​១៩៥១។

លោក សឺន ង៉ុក មិញ ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម​ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និង​ជា​អតីត​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ហូ ជី មិញ (Ho Chi Minh) តាំងពី​ឆ្នាំ​១៩៣០ មក។ ចំណែក​នាយករដ្ឋមន្ត្រី​ខ្មែរ​បច្ចុប្បន្ន លោក ហ៊ុន សែន ក៏​ជា​មេដឹកនាំ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​កាលពី​ឆ្នាំ​១៩៨៥ ដែរ ដូច្នេះ​ទាំង​គណបក្ស ទាំង​មេដឹកនាំ​បក្ស​នេះ គឺជា​ការ​បង្កើត​ឡើង​ដោយ​វៀតណាម​ដូច​គ្នា។

នៅ​ឆ្នាំ​១៩៨២ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ខុស​ច្បាប់​កំណត់​ព្រំដែន​ទឹក​ជាមួយ​វៀតណាម នៅ​ឆ្នាំ​១៩៨៥ លោក ហ៊ុន សែន ក៏​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ខុស​ច្បាប់​កំណត់​ព្រំដែន​រដ្ឋ​ជាមួយ​វៀតណាម​ផង​ដែរ។

ជាង​នេះ​ទៀត នៅ​ឆ្នាំ​១៩៨៦ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សារាចរ​ខុស​ច្បាប់​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម ចូល​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា ព្រមទាំង​បង្កើត​នូវ​សន្ធិសញ្ញា​ខុស​ច្បាប់​កាត់​ទឹកដី​កម្ពុជា​ឱ្យ​ទៅ​វៀតណាម​ជាច្រើន​ទៀត​ដែល​មាន​សុពលភាព​រហូត​ដល់​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ អគ្គលេខាធិការ​មជ្ឈិម​បក្ស​វៀតណាម និង​ជា​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ភូទ្រង់ ធ្លាប់​បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន បន្ត​អនុវត្ត​កិច្ចសន្យា​រវាង​កម្ពុជា-វៀតណាម ឲ្យ​បាន​ល្អ​បន្ត​ទៀត ខណៈ​មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន មិន​បាន​បដិសេធ​នឹង​សំណើ​របស់​មេដឹកនាំ​វៀតណាម​ឡើយ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ក្រោម​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ទាំងនេះ រដ្ឋាភិបាល​វៀតណាម​បាន​កាត់​ឆ្វៀល​យក​ទឹកដី​ខ្មែរ​ជាច្រើន​អន្លើ ដូចជា​កោះត្រល់ ចង្កោម​កោះ​ក្រចកសេះ ដែនអាកាស ព្រមទាំង​ដាក់​ផ្ទៃសមុទ្រ​ទំហំ ១​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា ឲ្យ​ទៅ​ជា​ដែនទឹក​រួម​គ្នា​ជាមួយ​វៀតណាម ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស