41.3 C
Phnom Penh

Facebook និង Instagram របស់​លោក ហ៊ុន សែន ប្រឈម​នឹង​ការ​ព្យួរ​សិទ្ធិ​ប្រើប្រាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Meta ឬ​ហ្វេសប៊ុក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​មិថុនា បាន​ផ្ដល់​អនុសាសន៍​ទៅ​ក្រុមហ៊ុន​របស់​ខ្លួន​ឲ្យ​ព្យួរ​គណនី​ហ្វេសប៊ុក​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន រយៈពេល ៦​ខែ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Meta ដែល​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក បាន​រក​ឃើញ​លោក ហ៊ុន សែន រំលោភ​វិធានការ​របស់​ក្រុមហ៊ុន Meta ស្ដីពី​ការ​គំរាមកំហែង​ដ៏​ហិង្សា​ទៅ​លើ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា។

ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Meta ប្រកាស​ថា​បាន​រក​ឃើញ​វីដេអូ​ជាច្រើន​នៅ​ក្នុង​ផេក​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ដែល​លោក ហ៊ុន សែន ផ្ទាល់​បាន​បញ្ចេញ​កំហឹង​គំរាម​វាយ​សំពង​ទៅ​លើ​ក្រុម​ប្រឆាំង ហើយ​ក្នុង​នោះ យ៉ាងហោច​ណាស់​វីដេអូ​មួយ​មាន​រយៈពេល ៤១​នាទី​ដែល​លោក ហ៊ុន សែន ព្រមាន​សម្លាប់​នយោបាយ​ជ្រុល​និយម​របស់​ក្រុម​ប្រឆាំង​ឲ្យ​រលំរលាយ​ដូច​អង្គការ​ចាត់តាំង​ខ្មែរក្រហម ហើយ​លោក​ក៏​នឹង​មិន​អនុគ្រោះ​ឲ្យ​ពួកគេ​ផង​ដែរ បើ​មាន​និន្នាការ​ចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជ្រុល​និយម​ទាំងនោះ។

ក្រុម​ជ្រុល​និយម​ទាំងនោះ​ដែល​ទំនង​លោក ហ៊ុន សែន ចង់​សំដៅ​ទៅ​លើ​ក្រុម​របស់​លោក សម រង្ស៊ី និង​បក្ស​ប្រឆាំង​មួយ​ដែល​ត្រូវ​បាន​ស្ថាប័ន​ជាតិ​បោះឆ្នោត​នៅ​កម្ពុជា​ដក​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ កក្កដា ខាងមុខ​នេះ។

ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន មាន​អ្នក​តាមដាន​ប្រមាណ ១៤​លាន​នាក់។ ហ្វេសប៊ុក​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​អំឡុង​ឆ្នាំ​២០១១។

ក្រុមប្រឹក្សាភិបាល​នេះ​ផ្តល់​មូលនិធិ​ដោយ​ក្រុមហ៊ុន Meta តែ​ប្រតិបត្តិ​ការងារ​ដោយ​ឯករាជ្យ បាន​និយាយ​ថា ក្រុមហ៊ុន Meta មាន​កំហុស​ក្នុង​ការ​ទុក​ឲ្យ​វីដេអូ​ក្នុង​ផេក​របស់​លោក ហ៊ុន សែន បន្ត​នៅ​មាន ហើយ​ក៏​បាន​បញ្ជា​ឲ្យ​ដក​វីដេអូ​នោះ​ចេញពី​ហ្វេសប៊ុក​ថែម​ទៀត។

ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Meta បាន​ចងក្រង​ឯកសារ​ក្នុង​សំណុំរឿង​នៃ​ការ​បញ្ចេញ​កាយវិការ និង​វោហារសាស្ត្រ​ហិង្សា​របស់​លោក ហ៊ុន សែន ដល់​ទៅ ៣៦​ទំព័រ។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ក្រុមហ៊ុន Meta បាន​យល់ព្រម​តាម​អនុសាសន៍​របស់​អ្នក​ជំនាញ​នៃ​ក្រុមប្រឹក្សា​ដែល​ថា​នឹង​អនុវត្ត​តាម​គោលនយោបាយ​របស់​ក្រុមហ៊ុន ដែល​រឹត​បន្តឹង​ការ​បញ្ចេញ​សារ​គំរាម​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក។

ការ​ព្យួរ​គណនី​នេះ នឹង​នាំ​ទៅ​រក​ការ​បិទ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ក្នុង​ពេល​មិន​ដល់ ១​ខែ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា ដែល​សំឡេង​ប្រឆាំង​ដ៏​ធំ​មួយ​ត្រូវ​បាន​បិទ​ខ្ទប់​សិទ្ធិ​មិន​ឲ្យ​ចូលរួម​ការ​ប្រកួត​យក​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។

ការ​សម្រេច​ព្យួរ​គណនី​ហ្វេសប៊ុក​នេះ គឺជា​វិធានការ​ថ្មី​បំផុត​របស់​ក្រុមប្រឹក្សាភិបាល​ស្ដីពី​របៀប​ដែល​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ធំ​ជាងគេ​លើ​ពិភពលោក ឆ្លើយតប​ចំពោះ​មេដឹកនាំ​នយោបាយ​ដែល​រំលោភ​វិធាន​ច្បាប់​របស់​ក្រុមហ៊ុន ដោយ​ញុះញង់​ឲ្យ​មាន​ហិង្សា​ជុំវិញ​ការ​បោះឆ្នោត និង​បរិយាកាស​នយោបាយ​នៅ​កម្ពុជា។

លោក Phil Robertson នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch បាន​បញ្ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ស្ដីពី​ការ​ព្យួរ​សិទ្ធិ​ប្រើប្រាស់​នៃ​គណនី​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សេចក្តី​ថ្លែងការណ៍​របស់​លោក Phil Robertson បាន​រៀបរាប់​ដូចនេះ​ថា៖ «លោក ហ៊ុន សែន ទីបំផុត​ត្រូវ​គេ​ដក​សិទ្ធិ​ដោយសារ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​លើ​ក្រុម​ប្រឆាំង ហើយ​ច្បាស់​ណាស់ គាត់​នឹង​ប្រតិកម្ម​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ។»

តាម​លោក Phil Robertson ក្រុមហ៊ុន Meta គួរតែ​ចាត់​វិធានការ​ដូចនេះ​យូរយារ​មក​ហើយ​ទៅ​លើ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ព្រោះតែ​ជន​ផ្ដាច់ការ​រូប​នេះ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ញុះញង់​ឲ្យ​មាន​ហិង្សា ដោយ​បាន​កើតឡើង​ច្រើន​ដង​មក​ហើយ​ក្នុង​ប្រទេស​កម្ពុជា។

បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺជា​បណ្ដាញ​ទំនាក់ទំនង​មួយ​ដែល​មាន​ការ​ពេញនិយម​ជា​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប្រទេស​កម្ពុជា ហើយ​លោក ហ៊ុន សែន ដែល​កាន់​អំណាច​រយៈពេល ៣៨​ឆ្នាំ​មក​នេះ គឺជា​អ្នក​សកម្ម​ជាងគេ​ដែល​និយម​ប្រើ​ហ្វេសប៊ុក​ក្នុង​ការ​បញ្ចេញ​រូបថត ការ​ថត​ហ្សែលហ្វី​ជាមួយ​មេដឹកនាំ​ក្នុង​តំបន់ និង​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ទាំង​សារ​នយោបាយ និង​សារ​ផ្សេងៗ​ទៀត រួម​ទាំង​ជីវិត​គ្រួសារ​ប្រចាំ​ថ្ងៃ​របស់​លោក​ទៀត​ផង សូម្បី​លោក​ទៅ​ចម្ការ​ដើម្បី​កាច់​ពោត បេះ​ផ្លែស្វាយ និង​បន្លែ​ដំណាំ​ផ្សេងៗ​ទៀត​ជាមួយ​ភរិយា​របស់​លោក ក៏​លោក​ឱ្យ​គេ​ថតរូប​ផុស​បង្អួត​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ដែរ។

យ៉ាងណា មើល​ទៅ​នៅ​ក្នុង​ចំណោម​មេដឹកនាំ​សមាគម​អាស៊ាន ១០​ប្រទេស​អាច​មាន​តែ​លោក ហ៊ុន សែន មួយ​គត់​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេសប៊ុក​ពិន័យ ដោយ​បិទ​សិទ្ធិ​ប្រើប្រាស់​គណនី​ហ្វេសប៊ុក និង Instagram ទោះបី​ការ​បិទ​នោះ​មាន​រយៈពេល ៦​ខែ​ក៏ដោយ។

សម្រាប់​លោក ហ៊ុន សែន លោក​ប្រកាស​ថា​ឈប់​ប្រើ​ហ្វេសប៊ុក​ចាប់ពី​ថ្ងៃ​នេះ​តទៅ​ហើយ ដែល​លោក​ថា​បណ្ដាញ​សង្គម​មួយ​នេះ​ពុំ​សូវ​មាន​សុវត្ថិភាព​នោះ​ទេ។ លោក​សម្រេច​ទៅ​ប្រើ​បណ្ដាញ​សង្គម Telegram និង Tik Tok ជា​ការ​ជំនួស​វិញ។ លោក​ព្រមាន​ថា​នឹង​បិទ​ហ្វេសប៊ុក​នៅ​កម្ពុជា​ទៀត​ផង ប្រសិនបើ​ក្រុម​អ្នក​រិះគន់ ឬ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​បន្ត​ប្រមាថ និង​ឌឺដង​មក​លើ​រូបលោក​ដែល​រង​នូវ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ក្រុមហ៊ុន​មេតា​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស