42 C
Phnom Penh

អង្គការ​សង្គម​ស៊ីវិល​ជាង​៥០​ស្ថាប័ន​ស្នើ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់​លើ​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង​១០​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន និង​សហជីព​ជាង ៥០​ស្ថាប័ន ស្នើ​តុលាការ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង ១០​នាក់ និង​ដោះលែង​ពួកគេ​ដោយ​ឥត​លក្ខខណ្ឌ ដោយ​ថា​សកម្មជន​ដីធ្លី​ទាំងនេះ​មិន​បាន​ប្រព្រឹត្ត​កំហុស​ឡើយ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន និង​សហជីព​ចំនួន ៥១​ស្ថាប័ន​ចេញ​ផ្សាយ​នា​ថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា សកម្មជន​ដីធ្លី​ចំនួន ១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣។

ក្នុង​ចំណោម​សកម្មជន​ដីធ្លី ១០​នាក់ ក្នុង​នោះ​មនុស្ស​ចំនួន ៩​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង ដើម្បី​រង់ចាំ​សវនាការ ខណៈ​សកម្មជន​ម្នាក់​ទៀត​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជាមួយ​នឹង​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង។

ក្រុម​អង្គការ​សមាគម និង​សហជីព​ថា ប្រសិនបើ​ពួកគេ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​នោះ គឺ​នឹង​ប្រឈម​នូវ​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ៤​លាន​រៀល (ប្រហែល ១០០០​ដុល្លារ)។

ការ​ចោទប្រកាន់​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​ដីធ្លី​ទាំងនោះ​បាន​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​យុត្តិធម៌ ដើម្បី​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ជួយ​អន្តរាគមន៍​ទម្លាក់​ចោល​បទ​ចោទ​លើ​សកម្មជន​ដីធ្លី​ចំនួន ៣០​នាក់​មកពី​សហគមន៍​ចំនួន​ប្រាំ។ លើស​ពី​នេះ មន្ត្រី​នគរបាល​ក៏​បាន​គំរាម​ចាប់​ខ្លួន​សមាជិក​សហគមន៍​ចំនួន ២០​នាក់ នៅ​ពេល​ដែល​ពួកគេ​បាន​ប្រមូលផ្ដុំ​នៅ​ខាងមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​គាំទ្រ​តំណាង​របស់​ពួកគេ​កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អាជ្ញាធរ​ក៏​បាន​រារាំង​សមាជិក​សហគមន៍​អំឡុង​ពេល​ពួកគេ​ប្រមូលផ្ដុំ​គ្នា​នៅ​បរិវេណ​ខាងក្រៅ​សាលាដំបូង​ខេត្ត​កោះកុង ផង​ដែរ។

អង្គការ​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន និង​សហជីព​ចំនួន ៥១​ស្ថាប័ន ស្នើ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សកម្មជន​ដីធ្លី ដោយ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ប្រឆាំង​នឹង​ពួកគេ និង​ដោះលែង​ពួកគេ​ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ​ពី​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ខណៈ​ពន្ធនាគារ​នោះ​មាន​សភាព​ចង្អៀត​ណែន​យ៉ាង​ខ្លាំង ដែល​បាន​ផ្ទុក​មនុស្ស​ជិត ៣០០% នៃ​បរិមាណ​ដែល​អាច​ផ្ទុក​បាន​កាលពី​ខែ​មុន។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា សកម្មជន​ដីធ្លី​ទាំងនេះ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ។ ពួកគេ​ឡើង​មក​ដាក់​ញត្តិ​នេះ គ្រាន់តែ​លើកឡើង​ពី​ទុក្ខ​កង្វល់ និង​សម្ដែង​មតិ​ដោយ​អហិង្សា ដើម្បី​ការពារ​ដីធ្លី និង​ក្រុម​សមាជិក​សហគមន៍​របស់​ពួកគេ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ ពួកគេ​ត្រូវ​បាន​ធ្វើ​ទុក្ខបុកម្នេញ និង​ចាប់​ដាក់​ពន្ធនាគារ​ចំពោះ​សកម្មភាព​ទាំងនោះ​ទៅវិញ។

សកម្មជន​ដីធ្លី​ទាំង ១០​នាក់ រួម​មាន​អ្នកស្រី ផាវ ញ៉ើង អ្នកស្រី ដេត ហ៊ួ អ្នកស្រី យី គន្ធា លោក សុខ ជ័យ លោក ហេង ជ័យ អ្នកស្រី ទិន តាំង លោក ឡាំង ជៀវ អ្នកស្រី សេង លីន អ្នកស្រី យឿន ខ្មៅ និង​អ្នកស្រី សួង ថេង។ អ្នកស្រី សួង ថេង គឺជា​សកម្មជន​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជាមួយ​នឹង​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង។ សកម្មជន ៩​នាក់​ទៀត (ជាមួយ​នឹង​កូន​អ្នកស្រី ផាវ ញ៉ើង ដែល​មាន​អាយុ ១៨​ខែ) គឺ​នៅ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង នៅឡើយ។

សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​ក្នុង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា លី យ៉ុងផាត់ និង​លោក ហេង ហ៊ុយ បាន​វិនិយោគ​ដំណាំ​ស្ករអំពៅ​លើ​ដី​សហគមន៍​តាំងពី​ឆ្នាំ​២០០៦ ហើយ​រហូត​ដល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ។ ក្រៅពី​មិន​ទទួល​បាន​ដំណោះស្រាយ ក្រុមហ៊ុន​ឧកញ៉ា លី យ៉ុងផាត់ និង​លោក ហេង ហ៊ុយ បាន​ប្ដឹង​ពួកគេ​ទៅ​តុលាការ ហើយ​ក៏​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស