39 C
Phnom Penh

លោក ហ៊ុន សែន៖ បើ​អាមេរិក​ផ្តល់​ជំនួយ​គ្រាប់បែក​ចង្កោម​ដល់​អ៊ុយក្រែន នោះ​អ្នក​រងគ្រោះ​ជា​ប្រជាជន​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ព្រមាន​ថា ប្រសិនបើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពិត​ជា​ផ្តល់​គ្រាប់បែក​ចង្កោម​ដល់​ប្រទេស​អ៊ុយក្រែន មែន​នោះ អ្នក​រងគ្រោះ​ពិតប្រាកដ​គឺ​ជា​ប្រជាជន​អ៊ុយក្រែន ព្រោះ​រឿង​នេះ​គឺជា​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​របស់​ប្រទេស​កម្ពុជា​ដែល​បាន​កើតឡើង​រួច​មក​ហើយ​កាលពី​ជាង ៥០​ឆ្នាំ​មុន។

បុរស​ខ្លាំង​ដែល​អួត​ពី​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​កាលពី​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ការ​ផ្សព្វផ្សាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​គ្រាប់បែក​ចង្កោម​ឲ្យ​ទៅ​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្ស៊ី ដូច្នេះ​ប្រសិនបើ​រឿង​នេះ​ជា​ការពិត វា​នឹង​ក្លាយ​ទៅ​ជា​គ្រោះថ្នាក់​ធំ​បំផុត​សម្រាប់​ប្រជាជន​អ៊ុយក្រែន​រាប់​សិប​ឆ្នាំ ឬ​រហូត​ដល់​រយ​ឆ្នាំ​ទៀត​ផង ប្រសិនបើ​គ្រាប់បែក​ចង្កោម​នេះ​យក​ទៅ​ប្រើប្រាស់​ក្នុង​តំបន់​ដែល​រុស្ស៊ី​កាន់កាប់​ក្នុង​ទឹកដី​អ៊ុយក្រែន។

មេដឹកនាំ​ខ្មែរ​ដែល​មាន​ទំនោរ​ទៅ​រក​ការ​ដឹកនាំ​បែប​កុម្មុយនីស្ត លោក ហ៊ុន សែន លើកឡើង​ថា បទពិសោធន៍​ដ៏​ឈឺចាប់​របស់​កម្ពុជា​ដែល​បាន​ទទួល​ការ​ទម្លាក់​គ្រាប់បែក​ចង្កោម​ពី​សហរដ្ឋ​អាមេរិក​នៅ​ដើម​ទសវត្ស​ន៍​ឆ្នាំ​១៩៧០ ហើយ​មក​ដល់​ពេលនេះ​គឺ​មាន​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​ទៅ​ហើយ តែ​កម្ពុជា​នៅតែ​មិន​ទាន់​អាច​រក​វិធី​បំផ្លាញ​គ្រាប់បែក​ចង្កោម​ទាំងនោះ​ចោល​អស់​នៅឡើយ។

មេដឹកនាំ​ខ្មែរ​ឡើង​កាន់​អំណាច​ក្នុង​សម័យ​សង្គ្រាម លោក ហ៊ុន សែន បញ្ជាក់​ថា លោក​ដឹង​យ៉ាង​ច្បាស់​ថា​ប្រទេស​កម្ពុជា​តូច​ហើយ​ទន់ខ្សោយ សំឡេង​គ្មាន​ទម្ងន់ ប៉ុន្តែ​ដោយ​ក្តី​អាណិត​ប្រជាជន​អ៊ុយក្រែន លោក​សូម​អំពាវនាវ​ប្រធានាធិបតី​អាមេរិក​ដែល​ជា​អ្នក​ផ្តល់​ឱ្យ និង​ប្រធានាធិបតី​អ៊ុយក្រែន ដែល​ជា​អ្នក​ទទួល សូម​មេត្តា​កុំ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ក្នុង​សង្គ្រាម​នេះ​ធ្វើ​អ្វី ព្រោះ​អ្នក​រងគ្រោះ​ពិតប្រាកដ​ពី​គ្រាប់បែក​នេះ គឺ​ប្រជាជន ហើយ​ជាពិសេស​គឺ​ប្រជាជន​អ៊ុយក្រែន​តែម្តង។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ផ្តល់​ជំនួយ​គ្រាប់បែក​ចង្កោម​ដល់​ប្រទេស​អ៊ុយក្រែន ដើម្បី​ប្រើប្រាស់​ក្នុង​សង្គ្រាម​ទប់ទល់​នឹង​ប្រទេស​រុស្ស៊ី ដែល​កំពុង​ឈ្លានពាន​លើ​អ៊ុយក្រែន នៅ​ពេលនេះ។

សារព័ត៌មាន​អាមេរិក New York Times បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​កញ្ចប់​ជំនួយ​យោធា​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់ ៨០០​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន ដែល​ក្នុង​នោះ​មាន​គ្រាប់បែក​ចង្កោម​ផង​ដែរ។ ជំនួយ​យោធា​ថ្មី​ដែល​អាមេរិក​ត្រៀម​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន នេះ គឺ​ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធភាព​វាយបក​របស់​កងទ័ព​អ៊ុយក្រែន ហើយ​គ្រាប់បែក​ចង្កោម​នេះ​គឺជា​អាវុធ​ដែល​ប្រទេស​ជាង ១២០ បាន​ហាមឃាត់​ការ​ប្រើប្រាស់ ប៉ុន្តែ​សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន ព្រមទាំង​រុស្ស៊ី ពុំ​បាន​ចុះហត្ថលេខា​លើ​ច្បាប់​អន្តរជាតិ​នេះ​ទេ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ កក្កដា នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន ជុំវិញ​ការ​សម្រេច​ផ្តល់​ជំនួយ​គ្រាប់បែក​ចង្កោម​ដល់​អ៊ុយក្រែន​ពី​សហរដ្ឋ​អាមេរិក​នៅ​ពេលនេះ គ្រាន់តែ​ជា​ល្បិច​បញ្ឆេះ​កំហឹង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្អប់​សហរដ្ឋ​អាមេរិក ដែល​តែងតែ​គាំទ្រ​អ្នក​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ព្រោះ​ចរិត​លោក ហ៊ុន សែន ដែល​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ មិន​អាច​ក្លាយ​ទៅ​ជា​មនុស្ស​ចេះ​អាណិត​ពលរដ្ឋ​អ៊ុយក្រែន​នោះ​ទេ។

លោក គឹម សុខ លើកឡើង​ថា ប្រធានាធិបតី​អ៊ុយក្រែន មិនមែន​ដល់​ថ្នាក់​មិន​ដឹង​ថា​ការ​ប្រើ​គ្រាប់បែក​ចង្កោម​ដោយ​ការ​ទម្លាក់​ពី​លើ​យន្តហោះ ឬ​កប់​ក្នុង​ដី នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ៊ុយក្រែន​ខ្លួនឯង​នោះ​ឡើយ ព្រោះ​ថា​ស្ថានភាព​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​នៅ​ពេលនេះ មិនមែន​ជា​សង្គ្រាម​ទ័ព​ព្រៃ​ទេ គឺជា​សង្គ្រាម​រណសិរ្ស ខណៈ​គ្រាប់បែក​ចង្កោម​គឺ​គេ​ប្រើប្រាស់​សម្រាប់​តែ​ទប់ទល់​នឹង​សង្គ្រាម​ទ័ព​ព្រៃ​ប៉ុណ្ណោះ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ការ​ប្រើ​គ្រាប់បែក​ចង្កោម​ដែល​មាន​ប្រយោជន៍​បំផុត​សម្រាប់​អ៊ុយក្រែន គឺ​ត្រូវ​ប្រើ​សម្រាប់​ការពារ​នៅ​តំបន់​ណា​ដែល​ជាប់​ព្រំដែន​រុស្ស៊ី ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ចូល​ទឹកដី​របស់​ខ្លួន ខណៈ​ប្រធានាធិបតី​អ៊ុយក្រែន ក៏​ច្បាស់​ជា​យល់​ពី​របៀប​នៃ​ការ​ប្រើ​គ្រាប់បែក​នេះ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​ដែរ មិនមែន​គេ​មិន​យល់ដឹង​ដូច​ការ​លើកឡើង​របស់​លោក ហ៊ុន សែន នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ លេខាធិការ​សារព័ត៌មាន​សម្រាប់​សេតវិមាន អ្នកស្រី Jen Psaki បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ការពិត រុស្ស៊ី​បាន​ប្រើ​អាវុធ​នេះ​រួច​ទៅ​ហើយ​នៅ​ទឹកដី​អ៊ុយក្រែន តែ​អ្នកស្រី​ថា បើ​រុស្ស៊ី​ផ្លាស់ប្ដូរ​ជំហរ ក៏​អាមេរិក​មិន​ផ្លាស់ប្ដូរ​ជំហរ​នេះ​វិញ​ដែរ។

គ្រាប់បែក​ចង្កោម គឺជា​ប្រភេទ​អាវុធ​ដែល​គេ​អាច​បាញ់​ចេញពី​កាំភ្លើង​ធំ​ក៏​បាន ទម្លាក់​ពី​លើ​យន្តហោះ​ក៏​បាន ឬ​បាញ់​ចេញពី​នាវា​ក៏​បាន ដែល​វា​នឹង​បំបែក​ចេញ​ជា​គ្រាប់​តូចៗ​ពី​លើ​ផ្ទៃ​អាកាស​ធ្លាក់​មក​លើ​ដី​រាយប៉ាយ ហើយ​វា​ងាយ​ប៉ះ​ខ្លាំង​ណាស់​ដល់​ជីវិត​មនុស្ស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស