33 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ប្រកាស​សុំ​សន្លឹកឆ្នោត​ជា​សាធារណៈ​ពី​ពលរដ្ឋ​ដែល​មិន​មែន​ជា​សមាជិក​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​ច្បង​លោក ហ៊ុន សែន ដែល​ត្រៀម​ស្នង​តំណែង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ប្រកាស​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​សុំ​សន្លឹកឆ្នោត​ពី​ប្រជាពលរដ្ឋ​សម្រាប់​ការ​បោះឆ្នោត​នៅ​ចុងខែ​កក្កដា នេះ។

កូនប្រុស​ច្បង​ត្រៀម​ស្នង​អំណាច​បន្ត​ត្រកូល​ហ៊ុន គឺ​លោក ហ៊ុន ម៉ាណែត បង្ហោះ​វីដេអូ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ កក្កដា នេះ ដោយ​ណែនាំ​ទៅ​កាន់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ថា ពលរដ្ឋ​ខ្លះ​មិន​ព្រម​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ប៉ុន្តែ​បើ​អាច​សុំ​សន្លឹកឆ្នោត​របស់​ពួកគាត់​បាន គឺ​រឹតតែ​ល្អ ទោះ​ពួកគាត់​មិន​គាំទ្រ​បក្ស​ណា ឬ​ជា​សមាជិក​គណបក្ស​ណា​ក៏ដោយ។

ទាយាទ​ត្រៀម​ស្នង​មរតក​អំណាច​ទាំង​រំលោភ​ច្បាប់ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា តាម​បទពិសោធន៍​កន្លងមក នៅ​ការិយាល័យ​បោះឆ្នោត​ខ្លះ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មាន​តែ ១០០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​សន្លឹកឆ្នោត​ដែល​គណបក្ស​ទទួល​បាន​បែរ​ជា​លើស​ពី ១០០​សន្លឹក​ទៅ​វិញ ដែល​នេះ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្លះ​គាត់​មិនមែន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មែន ប៉ុន្តែ​គាត់​គាំទ្រ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

បេក្ខជន​នាយករដ្ឋមន្ត្រី​ដែល​កំពុង​ត្រៀម​ស្នង​អំណាច​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា គុណសម្បត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធ្វើ​កិច្ចការ​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​មិន​ដែល​ឈប់​សម្រាក ប៉ុន្តែ​ក្រុម​ប្រឆាំង​បាន​ត្រឹម​តែ​ដេក​មើល រិះគន់ ហើយ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ដូច្នោះ​ហើយ​បាន​ជា​ពលរដ្ឋ​ខ្លះ​មិន​មែន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​បែរជា​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅវិញ នោះ​គឺ​ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​អត់​ឈប់​នេះ​ឯង។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ធ្វើ​យុទ្ធនាការ​ស្វែងរក​សំឡេង​ឆ្នោត​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ។

ដំណើរការ​នៃ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ ពិត​មែន​តែ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​មាន​កម្លាំង​គាំទ្រ​ប្រហាក់ប្រហែល​នឹង​បក្ស​កាន់​អំណាច​ដោយសារ​ការ​រាំង​ខ្ទប់​របស់​លោក ហ៊ុន សែន ព្រមទាំង​គ្មាន​វត្តមាន​មេដឹកនាំ​ប្រឆាំង​លោក កឹម សុខា និង​លោក សម រង្ស៊ី ក៏ដោយ ក៏​លោក ហ៊ុន សែន និង​សមាជិក​បក្ស​កាន់​អំណាច​ទាំងអស់​នៅតែ​បារម្ភ​ខ្លាច​ប្រជាពលរដ្ឋ​មិន​បោះឆ្នោត​ឱ្យ​បក្ស​កាន់​អំណាច​ដែរ តាមរយៈ​នៃ​ការ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល បើ​ទោះបីជា​លោក ហ៊ុន សែន បាន​កែ​ច្បាប់​បោះឆ្នោត​ដើម្បី​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវតែ​ទៅ​បោះឆ្នោត​ទៅ​ហើយ​នោះ។

ក្រុម​អ្នកវិភាគ​លើកឡើង​ថា ដើម្បី​ឱ្យ​ដំណើរការ​នៃ​ការ​បោះឆ្នោត​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ប្រកប​ដោយ​សុវត្ថិភាព និង​ជោគជ័យ កុំ​ឱ្យ​មាន​ការ​គូស​ខ្វែង​សន្លឹកឆ្នោត លោក ហ៊ុន សែន បាន​ប្រើ​វិធី​គ្រប់​បែប​យ៉ាង​ដែល​គាត់​អាច​ធ្វើ​បាន ដូចជា​កែប្រែ​ច្បាប់​បោះឆ្នោត​ដើម្បី​បង្ខំ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត និង​ព្រមាន​ដាក់​ទោស​ទណ្ឌ​ទៅ​ដល់​អ្នក​ណា​ដែល​គូស​ខ្វែង​សន្លឹកឆ្នោត ជាដើម។

លើស​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​សមាជិក​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ដើរ​បង្រៀន​ប្រជាពលរដ្ឋ​គូស​សញ្ញា​ធីក​លើ​សន្លឹកឆ្នោត​គ្រប់​គ្នា និង​គ្រប់​ទីកន្លែង​ថែម​ទៀត បើ​ទោះបីជា​ពលរដ្ឋ​ខ្មែរ​បាន​ឆ្លងកាត់​ការ​បោះឆ្នោត​អស់ ៦​អាណត្តិ​មក​ហើយ​ក្តី។

ប្រភព​ដដែល​លើកឡើង​ថា ការ​គំរាមកំហែង ការ​បំភិតបំភ័យ លោក ហ៊ុន សែន បាន​ធ្វើ​អស់​ហើយ​នៅ​មុន​ការ​បោះឆ្នោត​នេះ ប៉ុន្តែ​នៅ​សល់​តែ​មួយ​ជំហាន​ទៀត​ប៉ុណ្ណោះ​ដែល​គាត់​មិន​អាច​ធ្វើ​បាន នោះ​គឺ​នៅ​ក្នុង​បន្ទប់​សម្ងាត់​គូស​សន្លឹកឆ្នោត​ដែល​គាត់​មិន​អាច​ដឹង​ថា តើ​ពលរដ្ឋ​នឹង​គូស​សញ្ញា​ខ្វែង​លើ​សន្លឹកឆ្នោត ឬ​ក៏​អត់​នោះ​ទេ។

កម្ពុជា​បាន​រៀបចំ​ឱ្យ​មាន​ដំណើរការ​បោះឆ្នោត​ជាតិ​បាន ៦​អាណត្តិ​ហើយ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា ការ​បោះឆ្នោត​ដែល​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ គឺ​មាន​តែ​ការ​បោះឆ្នោត​លើក​ទី​១ នៅ​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អ៊ុនតាក់​ប៉ុណ្ណោះ។ ក្រៅពី​នោះ គឺជា​ការ​បោះឆ្នោត​ដែល​ពោរពេញ​ដោយ​ការ​គំរាមកំហែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​អាណត្តិ​ទាំងអស់ ដែល​អាច​ឱ្យ​លោក ហ៊ុន សែន បន្ត​ក្រាញ​អំណាច​រហូត​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស