31 C
Phnom Penh

លោក ហ៊ុន សែន ចំអក​ឱ្យ​មេដឹកនាំ​និង​សកម្មជន​បក្ស​ប្រឆាំង​ថា​បរាជ័យ​បន្ទាប់ពី​លោក Pita មិន​ជាប់​ជា​នាយករដ្ឋមន្ត្រី​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​ចំអក​ឲ្យ​មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ថា​បាន​បរាជ័យ ដោយសារ​ពួកគេ​រំពឹង​ទុក​ថា​នៅ​ពេល​លោក Pita ជាប់​ជា​នាយករដ្ឋមន្ត្រី​ថៃ នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រើប្រាស់​ទឹកដី​ថៃ ធ្វើ​ចលនា​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ខណៈ​បណ្តា​ប្រជាពលរដ្ឋ​ថៃ និង​អ្នកគាំទ្រ​លោក Pita Limjaroenrat បាន​នាំគ្នា​រិះគន់ និង​ជេរប្រមាថ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើកឡើង​ពី​ការ​បរាជ័យ​របស់​លោក Pita មិន​អាច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។

លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​ក្នុង​តេឡេក្រាម​កាលពី​យប់​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៣ ដោយ​លើកឡើង​ថា ការ​មិន​ទទួល​បាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថៃ របស់​លោក Pita គឺជា​ការ​បរាជ័យ​ដ៏​ធំ​សម្រាប់​មេដឹកនាំ និង​សកម្មជន​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

បុរស​ខ្លាំង​គ្រួសារ​និយម​ថា កន្លងមក មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​តែងតែ​រំពឹង​ទុក​ថា នៅ​ពេល​លោក Pita ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ ពួកគេ​នឹង​ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​ធ្វើ​ចលនា​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​ឥឡូវ​ក្តី​រំពឹង​របស់​មេដឹកនាំ និង​ក្រុម​សកម្មជន​ដែល​លោក ហ៊ុន សែន ហៅ​ដោយ​ប្រើ​ពាក្យ​អសុរោះ​ជា​ពួក​អា​តិរច្ឆាន​ទាំងនោះ ថា​បាន​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​ហើយ ដោយសារ​ពួកគេ​ធ្វើ​នយោបាយ​ផ្អែកលើ​ដង្ហើម​អ្នក​ដទៃ។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily ថា លោក ហ៊ុន សែន ពិត​ជា​អសីលធម៌​ណាស់​ដែល​ហៅ​អ្នក​ដទៃ​ប្រើ​ពាក្យ «តិរច្ឆាន»។ លោក​ថា មួយ​វិញ​ទៀត​វា​ក៏​បាន​បង្ហាញ​ពី​ការ​និយាយ​អត់​ហេតុផល ចង​ចិត្ត​គុំ សម្អប់ ចរិត​សងសឹក និង​បង្ក​បញ្ហា​មិន​ចេះ​ឆ្អែត ទាំង​ការ​ថ្លែង​សាធារណៈ ទាំង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក រហូត​ដល់ Twitter គឺ​នៅ​កន្លែង​ណា លោក ហ៊ុន សែន រក​រឿង​ឈ្លោះ​នៅ​ទីនោះ។

ប្រភព​ដដែល​នេះ​បន្ថែម​ថា កាលណា​គាត់​មាន​ចំណេះ​ទាប និង​សមត្ថភាព​តិច​ពេក លោក ហ៊ុន សែន គួរតែ​រក​គ្រូបង្រៀន​សីលធម៌​និយាយ​ស្ដី និង​គ្រូ​អប់រំ​ចិត្ត មុន​នឹង​ថ្លែង​សារ​អ្វី​មួយ​ជា​ចំហ ពីព្រោះ​ពាក្យ​តិរច្ឆាន​នេះ គឺ​សម្រាប់​តែ​ពួក​មនុស្ស​បាត​ផ្សារ​និយាយ​ជេរ​គ្នា​តែប៉ុណ្ណោះ មិនមែន​សម្រាប់​មេដឹកនាំ​យក​ទៅ​ប្រើ​បញ្ចេញ​សារ ឬ​ថ្លែង​ជេរ​អ្នក​ដទៃ​ឡើយ។

អ្នកវិភាគ​រូប​នេះ​ថា បើ​និយាយ​ទៅ​ដល់​នយោបាយ​វិញ ជា​ចិត្តសាស្ត្រ លោក ហ៊ុន សែន ត្រូវ​ទទួលស្គាល់​ថា នៅ​ពេល​លោក ភីថា ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ លោក ភីថា នឹង​ជួយ​សម្រួល​ឱកាស​ធ្វើ​សកម្មភាព​របស់​ក្រុម​អ្នក​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​ក្នុង​តំបន់​អាស៊ាន រួម​ទាំង​អ្នក​តស៊ូ​ខ្មែរ​ផង​ដែរ។ ម្យ៉ាង​ទៀត លោក ភីថា ក៏​បាន​ប្រាប់​ច្បាស់​ទៅ​កាន់​លោក ហ៊ុន សែន រួច​ហើយ​ថា នឹង​ជួយ​សម្រួល​ពលករ​ចំណាកស្រុក​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ។

លោក គឹម សុខ ថា​រឿង​ទាំងនេះ​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ភ័យ​ខ្លាំង​ណាស់ ព្រោះ​បើ​លោក ភីថា កាន់​អំណាច​មែន វា​ជា​ផ្លូវ​ដ៏​ទូលាយ​សម្រាប់​អ្នក​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​ខ្មែរ​កាន់តែ​សកម្ម និង​ហៀរ​ចូល​កម្ពុជា​តាម​ទឹកដី​ថៃ ដើម្បី​ទៅ​តទល់​នឹង​អំណាច​ផ្ដាច់ការ​របស់​គ្រួសារ ហ៊ុន។ ដូច្នេះ​លោក​ថា លោក ហ៊ុន សែន ដឹង​វត្តមាន​របស់​លោក ភីថា ជា​នាយករដ្ឋមន្ត្រី​ថៃ មិន​ត្រឹមតែ​ជា​អ្នក​កែទម្រង់​នៅ​ថៃ ទេ ក៏​ជា​ជំនួយ​រុញ​ឲ្យ​អំណាច​ផ្ដាច់ការ​នៅ​កម្ពុជា​រង្គើ​ដែរ។

ការ​ប្រកាស​ចំអក​របស់​លោក ហ៊ុន សែន មេដឹកនាំ​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា​នេះ ធ្វើឡើង​ខណៈ​ដែល​លោក សម រង្ស៊ី ក៏​ធ្លាប់​បង្ហាញ​ពី​ចេតនា​ត្រឡប់​ចូល​កម្ពុជា​ជា​ថ្មី ក្រោយ​ពេល​ដែល​លោក Pita ក្លាយ​ជា​នាយករដ្ឋមន្ត្រី​របស់​ថៃ។

បណ្តា​ប្រជាពលរដ្ឋ​ថៃ និង​អ្នកគាំទ្រ​លោក Pita Limjaroenrat បាន​នាំគ្នា​រិះគន់ និង​ជេរប្រមាថ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើកឡើង​ពី​ការ​បរាជ័យ​របស់​លោក Pita មិន​អាច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។ ប្រតិកម្ម​ពី​បណ្តា​ពលរដ្ឋ​ថៃ និង​អ្នកគាំទ្រ​លោក Pita កើត​មាន​ឡើង​ក្រោយ​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​បណ្ដាញ​សង្គម​ធ្វីតធ័រ ថា​ការ​មិន​ទទួល​បាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថៃ របស់​លោក Pita គឺជា​ការ​បរាជ័យ​ដ៏​ធំ​របស់​ក្រុម​ពួក​តិរច្ឆាន​នៅ​កម្ពុជា។

សារ​ឌឺដង​ពី​មជ្ឈដ្ឋាន​ប្រជាជន​ថៃ មក​លើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កក្កដា បាន​បង្ហោះ​ខ្លឹមសារ​ពី​ការ​បរាជ័យ​របស់​លោក Pita មិន​អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី ដោយ​លើកឡើង​ថា អ្វីៗ​ដែល​កើតឡើង​ក្នុង​ប្រទេស​ថៃ​នៅ​ថ្ងៃ​នេះ គឺ​មិន​បាន​ពាក់ព័ន្ធ​នឹង​លោក ឬ​កម្ពុជា​ឡើយ។ វា​ជា​រឿង​គួរ​ឲ្យ​អាណិត​ដែល​ឃើញ​លោក​ព្យាយាម​បង្កើត​រឿង​ឡើង​ដោយ​ខ្លួនឯង​យ៉ាង​ដូច្នេះ។ សង្ឃឹម​ថា​លោក​អាច​ឃើញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដ៏​ពេញលេញ​របស់​ថៃ ហើយ​វា​នឹង​ជះ​ឥទ្ធិពល​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស