27 C
Phnom Penh

លោក ហ៊ុន សែន ហៅ​យុទ្ធនាការ​ខ្វែង​សន្លឹកឆ្នោត​ជា​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​និង​ការ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​លោក ហ៊ុន សែន ប្រកាស​ថា ការ​បោះឆ្នោត​លើក​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​មែន​ប្រកួតប្រជែង​តែ​ជាមួយ​បក្ស​នយោបាយ​ទាំង ១៨​នោះ​ទេ ប៉ុន្តែ​បក្ស​នេះ​ក៏​ត្រូវ​ប្រកួតប្រជែង​ជាមួយ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ស្រុក​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ខ្វែង​សន្លឹកឆ្នោត​ចោល​ដែរ។

លោក ហ៊ុន សែន បាន​សរសេរ​បែប​នេះ​នៅ​លើ​បណ្ដាញ Twitter កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ដោយ​ហៅ​ការ​អំពាវនាវ និង​ការ​ធ្វើ​យុទ្ធនាការ​ឲ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​របស់​មេដឹកនាំ​បក្ស​ប្រឆាំង ថា​ជា​ការ​បំផ្លាញ​ចោល​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​ក៏​បាន​ផ្ញើ​សារ​ទៅ​មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ ឲ្យ​រង់ចាំ​មើល​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ថា​តើ​កម្លាំង​ប្រជាធិបតេយ្យ​ដែល​ចូលរួម​ការ​បោះឆ្នោត​មាន​ច្រើន​ជាង ឬ​មាន​តិច​ជាង​កម្លាំង​នៃ​ការ​ធ្វើ​យុទ្ធនាការ​មិន​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត និង​បំផ្លាញ​ចោល​សន្លឹកឆ្នោត​ច្រើន​ជាង។

លោក ហ៊ុន សែន ចោទ​មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល ថា​បំផ្លាញ​ប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​នៅ​កម្ពុជា។

បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា ថា​ការ​បោះឆ្នោត​ខាងមុខ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​ប្រកួតប្រជែង​ជាមួយ​គណបក្ស​នយោបាយ​ទាំង ១៨ ដែល​បាន​ចុះឈ្មោះ​ប្រកួតប្រជែង​យក​អាសនៈ​សភា​ជាតិ​នោះ​ទេ តែ​បក្ស​នេះ​ក៏​ប្រកួតប្រជែង​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​លោក​ហៅថា​ជា​មេដឹកនាំ និង​ក្រុម​ជ្រុល​និយម ដែល​ចង់​បំផ្លាញ​ចោល​ការ​បោះឆ្នោត និង​សន្លឹកឆ្នោត​ផង​ដែរ។

តែ​យ៉ាងណា ការ​ធ្វើ​យុទ្ធនាការ​ឲ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​ស្ថិត​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន បាន​ផាត់​គណបក្ស​ភ្លើង​ទៀន​មិន​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា នេះ។

ការ​ផាត់​គណបក្ស​ភ្លើង​ទៀន​ដែល​មាន​អ្នកគាំទ្រ​ប្រមាណ ២​លាន​នាក់​មិន​ឲ្យ​ចូលរួម​ប្រកួតប្រជែង​នេះ ដើម្បី​បើក​ផ្លូវ និង​ផ្ទេរ​អំណាច​ឲ្យ​លោក ហ៊ុន ម៉ាណែត ធ្វើ​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​លោក ហ៊ុន សែន។

ប្រធាន​វេទិកា​ពលរដ្ឋ និង​អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា លោក ហ៊ុន សែន និយាយ​ទាំង​ភ័យ​ផង ទាំង​អរ​ផង ពីព្រោះ​លោក​ខ្លាច​សន្លឹកឆ្នោត​មិន​បាន​ការ​ច្រើន​លាន​សន្លឹក​ដែល​នាំ​ឲ្យ​ការ​បោះឆ្នោត​ទៅ​ជា​មិន​បាន​ការ​ទាំងស្រុង ហើយ​រង​សម្ពាធ​កាន់តែ​ធ្ងន់ ឬ​ធំ​ពី​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ក្រោយ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។

លោក​ថា លោក ហ៊ុន សែន និយាយ​អរ​ខ្លះ​នោះ ពីព្រោះ​គាត់​ប្រកួត​តែ​ឯង ដោយ​ដឹង​ថា​ខ្លួន​ឈ្នះ​ដាច់។ ម្យ៉ាង​វិញ​ទៀត លោក​យល់​ថា​ការ​ប្រកាស​បែប​នេះ​របស់​លោក ហ៊ុន សែន មាន​ន័យ​ថា​គាត់​កំពុង​ប្រកួត​ជាមួយ​សន្លឹកឆ្នោត​មិន​បាន​ការ ឬ​ប្រកួត​តទល់​គូប្រជែង​នៅ​ក្រៅ​សង្វៀន ដែល​វា​ជា​រឿង​អាម៉ាស់​បំផុត​ថ្មី​មួយ​របស់​គាត់។

អ្នកវិភាគ​រូប​នេះ​ថា បើ​លោក ហ៊ុន សែន ចិត្តសឿង​មែន​នោះ ត្រូវ​បើក​ការ​រាប់​សន្លឹកឆ្នោត​ឲ្យ​មាន​ការ​ផ្សាយ​ជា​សាធារណៈ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ពិភពលោក​បាន​ឃើញ​លទ្ធផល​ជាក់ស្ដែង​ទៅ ដោយ​មិន​ចាំបាច់​ថ្លែង​ថា​ចាំ​មើល​លទ្ធផល​ឡើយ។

អ្នកវិភាគ​រូប​នេះ​ថា បើ​ការ​បោះឆ្នោត​លើក​នេះ​លោក ហ៊ុន សែន ប្រកួត​តែ​ឯង​ហើយ​នៅតែ​បិទ​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ទៀត​នោះ មក​ពី​វា​ស្រួល​ក្នុង​ការ​កែតម្រូវ​ទិន្នន័យ​លទ្ធផល​បោះឆ្នោត។ ករណី​នេះ​ឆ្លុះបញ្ចាំង និង​អាច​សន្និដ្ឋាន​ជា​មុន​ថា សន្លឹកឆ្នោត​មិន​បាន​ការ ឬ​សន្លឹកឆ្នោត​គូស​ចោល​យ៉ាង​ហោច​ណាស់​ប្រហាក់ប្រហែល​សន្លឹកឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។

លោក​ថា លើស​ពី​នេះ នៅ​មុន​ការ​បោះឆ្នោត បើ​លោក ហ៊ុន សែន ចិត្តសឿង​មែន មិន​ត្រូវ​បិទ​ខ្ទប់​ប្រព័ន្ធ​ព័ត៌មាន​សេរី​ទាំងអស់ ដូចជា VOD, The Cambodia Daily និង RFA ជាដើម​នោះ​ទេ។

លោក គឹម សុខ ថា​ការ​បិទ​ខ្ទប់​ប្រព័ន្ធ​ព័ត៌មាន​សេរី​ទាំងអស់​នេះ ដោយសារ​លោក ហ៊ុន សែន ខ្លាច​ប្រព័ន្ធ​ព័ត៌មាន​សេរី​ដែល​ផ្សាយ​រឿងអាស្រូវ អំពើ​អយុត្តិធម៌​នៃ​ការ​បោះឆ្នោត ជាពិសេស​ទាក់ទង​នឹង​សន្លឹកឆ្នោត​មិន​បាន​ការ​ដ៏​ច្រើន​លើសលប់ និង​ទូលំទូលាយ ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន កាន់តែ​អាម៉ាស់។

ទោះជា​យ៉ាងណា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា នេះ បណ្ដា​ប្រទេស​លោក​សេរី ក្នុង​នោះ​មាន​ជប៉ុន អាមេរិក អូស្ត្រាលី និង​បារាំង ជាដើម មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​ឡើយ។ ការ​មិន​ដាក់​អ្នក​សង្កេតការណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បិទ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត និង​រឹតត្បិត​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ការ​បិទ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ វីអូឌី កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស