27 C
Phnom Penh

បក្ស​ភ្លើង​ទៀន​ច្រាន​ចោល​ការ​ចោទប្រកាន់​ថា​ខ្លួន​បាន​ឱ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ភ្លើង​ទៀន​ដែល​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម​បោះឆ្នោត បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សកម្មភាព​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ឱ្យ​ទៅ​បោះឆ្នោត ឬ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ឡើយ។

គណបក្ស​ភ្លើង​ទៀន​ដែល​កំពុង​រង​នូវ​ការ​គាបសង្កត់​ពី​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ និង​មិន​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​បុគ្គល​ទាំងឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​ប្រាសចាក​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ។

ប្រភព​ដដែល​អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ពេញលេញ​ស្រប​តាម​ច្បាប់ ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​តាម​សតិសម្បជញ្ញៈ​ពិតប្រាកដ​របស់​ខ្លួន ក្នុង​ការ​ចូលរួម ឬ​មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ស្រប​តាម​ឆន្ទៈ​រៀងៗ​ខ្លួន ដោយ​មិន​ត្រូវ​ស្ថិត​ក្រោម​ការ​គាបសង្កត់ ការ​បង្ខិតបង្ខំ ការ​គំរាមកំហែង ការ​បង្គាប់​បញ្ហា ឬ​ការ​ញុះញង់​ពី​សំណាក់​បុគ្គល​ណា ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

គណបក្ស​ភ្លើង​ទៀន បញ្ជាក់​ថា ជំហរ​របស់​ខ្លួន គឺ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្លួន​ស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ជា​ធរមាន​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដទៃ​ទៀត ព្រមទាំង​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ ជាដើម។

កាលពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៣ បុរស​ខ្លាំង​ខាង​រំលោភ​ច្បាប់​បិទ​សំឡេង​ក្រុម​ប្រឆាំង​លោក ហ៊ុន សែន ទាមទារ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ទទួល​ខុសត្រូវ​លើ​ការ​អំពាវនាវ​របស់​ខ្លួន​ដែល​បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល តាម​ការ​បង្គាប់​បញ្ជា​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ជា​អ្នក​នៅ​ពីក្រោយ ដែល​មាន​លោក ប៊ុន ខេត ប្រធាន​ស្តីទី​ប្រតិបត្តិ​រាជធានី​ភ្នំពេញ​របស់​បក្ស​ភ្លើង​ទៀន​ជា​សាក្សី។

មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ដឹកនាំ​ប្រទេស​តាម​បែប​ផ្ដាច់ការ លោក ហ៊ុន សែន អះអាង​ថា អ្នក​ដែល​សារភាព​កំហុស​ទាំងនោះ​បាន​បញ្ជាក់​ថា អ្វីៗ​ដែល​ពួកគេ​បាន​អនុវត្ត គឺ​ធ្វើ​តាម​តែ​បទបញ្ជា​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​ជា​ទណ្ឌិត​គ្រប់​បែប​យ៉ាង​ប៉ុណ្ណោះ ដូច្នេះ​បញ្ហា​គឺ​នៅ​ត្រង់​ថា តើ​គណបក្ស​ភ្លើង​ទៀន​ត្រូវ​ទទួល​ខុសត្រូវ​បែប​ណា​ចំពោះ​រឿង​នេះ។

ការ​ជំរុញ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ទទួល​ខុសត្រូវ​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ប៊ុន ខេត ដែល​ជា​ប្រធាន​ប្រតិបត្តិ​ស្តីទី​រាជធានី​ភ្នំពេញ​របស់​គណបក្ស​ភ្លើង​ទៀន បាន​ចេញ​វីដេអូ​សារភាព​ថា ការ​បំផុសបំផុល​ពលរដ្ឋ​ឱ្យ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​នៅ​ថ្ងៃ​បោះឆ្នោត គឺជា​ការ​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ដែល​មាន​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ជា​អ្នក​បញ្ជា​ពីក្រោយ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៣ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​សមាជិក​គណបក្ស​ភ្លើង​ទៀន ២​នាក់ គឺ​លោក លី រី ដែល​ជា​សមាជិក​គណៈកម្មាធិការ​នាយក និង​លោក ប៊ុន ខេត ជា​ប្រធាន​ស្ដីទី​ប្រតិបត្តិ​រាជធានី​ភ្នំពេញ ក្រោម​បទ​ចោទប្រកាន់​ថា​ពួកគេ​បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​នៅ​ថ្ងៃ​បោះឆ្នោត ក្នុង​នាម​ពួកគេ​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន។

ក្រោយពី​ចាប់​ខ្លួន សាលាដំបូង​ក្រុង​ភ្នំពេញ​បាន​សម្រេច​ចោទប្រកាន់​លើ​សមាជិក​គណបក្ស​ភ្លើង​ទៀន​ទាំង ២​នាក់​នេះ​ពី​បទ ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ព្រមទាំង​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ពួកគេ​ភ្លាមៗ​ផង​ដែរ។

ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ដែល​ទើប​នឹង​កែប្រែ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ ត្រង់​មាត្រា​១៤២ ចែង​ថា ជន​ណា​ដែល​គូស​បំផ្លាញ​សន្លឹកឆ្នោត ដូចជា​គូស​ខ្វែង​សន្លឹកឆ្នោត ជាដើម ត្រូវ​ផាក​ពិន័យ​ពី ៥​លាន​រៀល​ទៅ ២០​លាន​រៀល ដោយ​មិន​ទាន់​គិត​ពី​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ឡើយ។

នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ ត្រូវ​គេ​មើល​ឃើញ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ប្រើ​ល្បិច​ន​គាបសង្កត់​គណបក្ស​ភ្លើង​ទៀន​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​នោះ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ត្រូវ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ លោក សុន ឆ័យ ត្រូវ​រង​នូវ​បណ្តឹង និង​រង​នូវ​ការ​រឹបអូស​ទ្រព្យសម្បត្តិ ខណៈ​គណបក្ស​ភ្លើង​ទៀន ក៏​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូលរួម​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស