33 C
Phnom Penh

លោក ហ៊ុន សែន កាត់​ដី​ឧទ្យាន​ជាតិ​បុទុមសាគរ​ជាង ៦​ពាន់​ហិកតារ​ឱ្យ​កូន​ឧកញ៉ា លី យ៉ុងផាត់ គឺ​លោក លី ភួនរ៉ាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​កាត់​ដី​ឧទ្យាន​ជាតិ​បុទុមសាគរ​ជាង ៦​ពាន់​ហិកតារ​នៅ​ខេត្ត​កោះកុង ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​របស់​លោក លី ភួនរ៉ាត់ ដែល​ជា​កូនបង្កើត​របស់​ឧកញ៉ា លី យ៉ុងផាត់ រហស្សនាម​ស្តេច​កោះកុង បន្ទាប់ពី​ដី​ឧទ្យាន​នេះ​ត្រូវ​បាន​កាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន UDG និង​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប របស់​ឧកញ៉ា គិត ម៉េង អស់​រាប់​ម៉ឺន​ហិកតារ​កន្លងមក។

មេដឹកនាំ​ខ្មែរ​ដែល​ជាប់​ឈ្មោះ​ជា​មេ​ឧក្រិដ្ឋជន​ព្រៃឈើ​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៣ ដើម្បី​កាត់​ដី​ចំនួន ៦២៣៤​ហិកតារ ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​បុទុមសាគរ ខេត្ត​កោះកុង ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ កោះកុង រ៉ាប់ប៊ើរ ភ្លែនថេសិន (Koh Kong Rubber Plantation) របស់​កូនបង្កើត​ឧកញ៉ា លី យ៉ុងផាត់ គឺ​លោក លី ភួនរ៉ាត់ ដើម្បី​ធ្វើការ​វិនិយោគ។

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​កំពុង​ត្រៀម​កាត់​ដី​រដ្ឋ​ជាង ១​លាន​ហិកតារ​ឱ្យ​ក្រុមហ៊ុន​ឯកជន លោក ហ៊ុន សែន បញ្ជាក់​ក្នុង​អនុក្រឹត្យ​ខាងលើ​ថា ការ​កាត់​ដី​ព្រៃ​នៃ​ឧទ្យាន​ជាតិ​បុទុមសាគរ​ជាង ៦​ពាន់​ហិកតារ​នេះ ធ្វើឡើង​តាម​ការ​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ហើយ​ក្រសួង​បរិស្ថាន​ក៏​ត្រូវ​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ចាត់ចែង​លើ​ដី​ដែល​បាន​ធ្វើ​អនុបយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន​នេះ​ផង​ដែរ។

ការ​ចេញ​អនុក្រឹត្យ​កាត់​ដី​ព្រៃ​ឧទ្យាន​ជាតិ​បុទុមសាគរ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​រក​ឃើញ​ថា ឧទ្យាន​ជាតិ​មួយ​នេះ​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​អស់​រលីង បន្ទាប់ពី​រដ្ឋាភិបាល​បាន​កាត់​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣ អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​ទម្លាយ​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​នៅ​ទីតាំង​ឧទ្យាន​ជាតិ​បុទុមសាគរ ស្ថិត​នៅ​ភូមិ​ថ្មស និង​ភូមិ​ចម្លងគោ ឃុំ​ថ្មស ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​បាត់បង់​ព្រៃឈើ​ដោយសារតែ​រង​នូវ​ការ​កាប់​បំផ្លាញ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​កាត់​ដី​នៅ​តំបន់​ឧទ្យាន​នោះ​ឱ្យ​ទៅ​ក្រុមហ៊ុន​ចិន UDG និង​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប របស់​ឧកញ៉ា គិត ម៉េង នា​ពេល​កន្លងមក។

អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា បាន​ស្នើ​ឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​ការ​លក់​ឧទ្យាន​ជាតិ​បុទុមសាគរ​ក្នុង​ខេត្ត​កោះកុង ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​បន្ត​ទៀត ព្រោះ​ថា​ឧទ្យាន​ជាតិ​បុទុមសាគរ ដែល​ជា​កេរដំណែល​របស់​សម្តេច​ព្រះបាទ នរោត្តម សីហនុ បន្សល់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ពេល​នេះ​ត្រូវ​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ​ទាំងស្រុង​ដោយ​ក្រុមហ៊ុន​ចិន UDG និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប របស់​ឧកញ៉ា គិត ម៉េង ព្រមទាំង​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ផ្សេង​ទៀត​នៅ​ពេលនេះ។

ក្រុមហ៊ុន Union Development Group (UDG) ទទួល​បាន​ដី​សម្បទាន​ចំនួន ៣​ម៉ឺន ៦​ពាន់​ហិកតារ​កាលពី​ឆ្នាំ​២០០៨ សម្រាប់​ជួល​រយៈពេល ៩៩​ឆ្នាំ​នៅ​ខេត្ត​កោះកុង ដើម្បី​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​ទេសចរណ៍​ធម្មជាតិ «តារា​សាគរ» ក្នុង​ទំហំ​ទឹកប្រាក់ ៣៨០០​លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ​ក៏​មាន​ការ​សាងសង់​ព្រលាន​យន្តហោះ​ដ៏​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា និង​កំពង់ផែ​ទឹក​ជ្រៅ ដែល​អាច​បម្រើ​ដល់​ការ​សំចត​នាវាចម្បាំង​ផង​ដែរ។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២០ លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​កាត់​ផ្ទៃដី​ទំហំ​ជាង ១៦០​ហិកតារ​ក្នុង​ឧទ្យាន​ជាតិ​បុទុមសាគរ​នេះ​ដែរ ក្រោម​លក្ខខណ្ឌ​ជួល​ឱ្យ​ក្រុមហ៊ុន រ៉ូយាល់​គ្រុប ដើម្បី​ធ្វើការ​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​របស់​ឧកញ៉ា គិត ម៉េង។

កាលពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ ព្រះករុណា​ព្រះបាទ សម្តេច​ព្រះ​នរោត្តម សីហនុ បាន​ចេញ​អនុក្រឹត្យ​បង្កើត​តំបន់​ឧទ្យាន​ជាតិ​បុទុមសាគរ មាន​ផ្ទៃដី ១៨​ម៉ឺន ៣៤០៨​ហិកតារ ទុក​ជា​តំបន់​ធម្មជាតិ និង​ជា​ដែន​ជម្រក​សត្វព្រៃ និង​មច្ឆជាតិ​គ្រប់​ប្រភេទ ដែល​ស្ថិត​នៅ​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ប៉ុន្តែ​ឧទ្យាន​ជាតិ​មួយ​នេះ​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​កាត់​ឆ្វៀល​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ជា​បន្តបន្ទាប់​រហូត​មក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ​រង​នូវ​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ។

ទាក់ទិន​នឹង​ការ​សម្បទាន​ដី​រដ្ឋ​ឱ្យ​បុគ្គល​ឯកជន និង​ក្រុមហ៊ុន​ឯកជន កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​លាន​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន​១៥ ដូចជា​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ ជាដើម ដើម្បី​ត្រៀម​ធ្វើ​អនុបយោគ និង​បែងចែក​ជា​កម្មសិទ្ធិ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នានា​ដើម្បី​ធ្វើការ​អភិវឌ្ឍ ខណៈ​ខេត្ត​ដែល​មិន​ជាប់​ក្នុង​អនុក្រឹត្យ​នេះ ក៏​ត្រូវ​រង​នូវ​ការ​បែងចែក​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​កាន់កាប់​ធ្វើ​ជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស