29 C
Phnom Penh

លោក អ៊ុំ សំអាន ពន្យល់​ពី​មូលហេតុ​ដែល​លោក ហ៊ុន សែន គំរាម​រំលាយ​របប​រាជា​និយម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ថា​ការ​ដែល​លោក ហ៊ុន សែន គំរាម​រំលាយ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ ឬ​ផ្តួល​រំលំ​រាជបល្ល័ង្គ ដោយសារតែ​សម្តេច​ព្រះ​នរោត្តម សីហនុ ជំទាស់​មិន​ឱ្យ​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​មួយ​នេះ​ប្រើប្រាស់​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​កំណត់​ទឹកដី​ខុស​ច្បាប់​ដែល​គាត់​បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម បន្ត​ទៀត។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២០ កក្កដា ថា ទោះបីជា​រដ្ឋធម្មនុញ្ញ​ចែង​យ៉ាង​ច្បាស់​អំពី​ការ​ប្រើប្រាស់​ផែនទី​បោន​ខ្នាត ១​លើ​១០០​ពាន់ ដើម្បី​រក្សា​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​ដទៃ ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម ព្រមទាំង​យក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ធ្វើ​ជា​គោលការណ៍​ដើម្បី​ធ្វើ​មោឃភាព​នូវ​សន្ធិសញ្ញា​ខុស​ច្បាប់​ទាំងអស់​ដែល​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម​ក៏ដោយ ក៏​លោក ហ៊ុន សែន នៅតែ​ព្យាយាម​ជួយ​រក​ល្បិចកល​ឱ្យ​សន្ធិសញ្ញា​ខុស​ច្បាប់​ដែល​គាត់​បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម​ទាំងនោះ​មាន​សុពលភាព​ឡើងវិញ​ដែរ។

លោក អ៊ុំ សំអាន អះអាង​ថា ការ​ដែល​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ចែង​អំពី​ការ​កំណត់​ព្រំដែន​របស់​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ដទៃ ជាពិសេស​ជាមួយ​ប្រទេស​វៀតណាម ដោយ​ប្រើ​ផែនទី​បោន​ខ្នាត ១​លើ​១០០​ពាន់ គឺ​ក្នុង​បំណង​ទប់ស្កាត់​កុំ​ឱ្យ​លោក ហ៊ុន សែន ប្រើ​សន្ធិសញ្ញា​ខុស​ច្បាប់​ដែល​គាត់​បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម​បន្ត​ទៀត ព្រោះ​គេ​សុទ្ធតែ​ដឹង​ថា​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ទាំងនោះ គឺជា​កិច្ចសន្យា​ដែល​លោក ហ៊ុន សែន បាន​យល់ព្រម​កាត់​ទឹកដី​កម្ពុជា​ឱ្យ​ទៅ​វៀតណាម​ទាំងអស់។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ សម្តេច​ព្រះ​នរោត្តម សីហនុ បាន​ទាមទារ​យក​ផែនទី​បារាំង​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​មក​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ដែរ ប៉ុន្តែ​ភាគី​វៀតណាម មិន​ឯកភាព​នោះ​ឡើយ។

លោក អ៊ុំ សំអាន គូស​បញ្ជាក់​ថា វៀតណាម​បាន​ទាមទារ​ឱ្យ​យក​កិច្ចព្រមព្រៀង​ដែល​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​ជាមួយ​ខ្លួន​ឆ្នាំ​១៩៨២ ឆ្នាំ​១៩៨៣ និង​ឆ្នាំ​១៩៨៥ ធ្វើជា​លក្ខខណ្ឌ​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​វិញ ប៉ុន្តែ​ដោយសារតែ​កិច្ចព្រមព្រៀង​ទាំងនោះ​អស់​សុពលភាព​ក្រោម​ឥទ្ធិពល​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទើប​លោក ហ៊ុន សែន ចុះហត្ថលេខា​បង្កើត​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ជាមួយ​វៀតណាម ដើម្បី​គាត់​អាច​ប្រើប្រាស់​កិច្ចព្រមព្រៀង​ទាំងនោះ​ជាមួយ​វៀតណាម​ឡើងវិញ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​អំពី​កិច្ចការ​ព្រំដែន​នេះ​ដែរ​ថា បារាំង​បាន​កំណត់​ព្រំដែន​រដ្ឋបាល​រវាង​កម្ពុជា និង​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម តាម​អនុសញ្ញា​មួយ​នៅ​ឆ្នាំ​១៨៧៣ ដែល​បាន​បោះ​បង្គោល​កំណត់​ព្រំដែន​ចំនួន ១២៤​បង្គោល ដូច្នេះ​ប្រសិនបើ​លោក ហ៊ុន សែន កំណត់​ព្រំដែន​ជាមួយ​វៀតណាម​ដោយ​ប្រើ​អនុសញ្ញា​នៅ​ឆ្នាំ​១៨៧៣ នេះ នោះ​ដែន​ទឹក និង​កោះត្រល់​របស់​ខ្មែរ​ក៏​មិន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម​ដែរ។

លោក ម៉ែន ណាត អះអាង​ថា នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​១៩៩៤ សម្តេច​ព្រះ​នរោត្តម សីហនុ ធ្លាប់​ជំរុញ​ឱ្យ​លោក ហ៊ុន សែន ទាមទារ​ឱ្យ​វៀតណាម​យក​បង្គោល​ព្រំដែន​ទាំង ១២៤​បង្គោល​ដែល​បារាំង​បាន​កំណត់​នៅ​ឆ្នាំ​១៨៧៣ នោះ មក​តម្កល់​នៅ​ទីតាំង​ដើម​វិញ ប៉ុន្តែ​លោក ហ៊ុន សែន បែរ​ជា​សហការ​ជាមួយ​វៀតណាម ធ្វើ​សន្ធិសញ្ញា​ខុស​ច្បាប់​ថ្មី​នៅ​ឆ្នាំ​២០០៥ ដើម្បី​លុប​ចោល​អនុសញ្ញា​រដ្ឋបាល​កម្ពុជា និង​កូសាំងស៊ីន ដើម្បី​ធានា​នូវ​សុពលភាព​កិច្ចព្រមព្រៀង​ខុស​ច្បាប់​ដែល​គាត់​បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម​ទៅវិញ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ជា​បន្តបន្ទាប់​រហូត​ដល់​ពេលនេះ។

កាលពី​ឆ្នាំ​១៩៨២ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង កូថាច់ បាន​ចុះហត្ថលេខា​ខុស​ច្បាប់​កំណត់​ព្រំដែន​ទឹក​ឆ្នាំ​១៩៨២ និង​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ដោយ​ខុស​ច្បាប់​ឆ្នាំ​១៩៨៥ ជាមួយ​លោក ហ៊ុន សែន ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​នា​ពេល​នោះ។ ជាង​នេះ​ទៀត កាលពី​ឆ្នាំ​២០០៥ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាន វ៉ាន់ខាយ បាន​សហការ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​លោក ហ៊ុន សែន ចុះហត្ថលេខា​ទទួលស្គាល់​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដោយ​ខុស​ច្បាប់ ដែល​ផ្ទុយ​ទៅ​នឹង​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ទាំងស្រុង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០១៩ ក្រោម​ការ​ដឹកនាំ​របស់​លោក ង្វៀន ស៊ុនហ្វុក ជា​នាយករដ្ឋមន្ត្រី​វៀតណាម បាន​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះហត្ថលេខា​ខុស​ច្បាប់​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ មួយ​ទៀត ដើម្បី​បញ្ជាក់​ពី​សុពលភាព​កិច្ចព្រមព្រៀង​ខុស​ច្បាប់​នានា​រវាង​កម្ពុជា-វៀតណាម កន្លងមក ដែល​បាន​មោឃភាព​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ថា​នៅ​តែ​មាន​សុពលភាព​សម្រាប់​ប្រទេស​ទាំង​ពីរ​ទៅ​ថ្ងៃ​អនាគត​ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​គំរាម​ផ្តួល​រំលំ​រាជបល្ល័ង្គ​ពី​របប​រាជា​និយម​ទៅ​ជា​របប​សាធារណរដ្ឋ​ដែរ ប្រសិន​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ នរោត្តម សីហមុនី មិន​ព្រម​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដើម្បី​ឱ្យ​គាត់​អាច​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​កំណត់​ព្រំដែន​ដោយ​ខុស​ច្បាប់​ជាមួយ​វៀតណាម​ទេ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស