31 C
Phnom Penh

លោក ហ៊ុន ម៉ានី ថា​លទ្ធផល​បោះឆ្នោត​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​ជំនឿ​ទុកចិត្ត​ពលរដ្ឋ​លើ​បក្ស​ប្រជាជន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​ពៅ​របស់​មេដឹកនាំ​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន ម៉ានី អះអាង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នេះ គឺជា​ការ​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​ជំនឿ​ទុកចិត្ត​ឥត​ងាករេ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មក​លើ​ការ​ខិតខំ​ប្រឹងប្រែង និង​សមត្ថភាព​ដឹកនាំ​ប្រកប​ដោយ​ភាព​ម្ចាស់ការ ម៉ឺងម៉ាត់ និង​ចាស់ទុំ​របស់​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​រយៈកាល​កន្លងមក​នេះ។

បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​របស់​បក្ស​ប្រជាជន​កម្ពុជា លោ ហ៊ុន ម៉ានី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ កក្កដា នេះ​ថា ផ្អែកលើ​លទ្ធផល​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា នេះ អាច​សន្និដ្ឋាន​បាន​ថា​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ច្រើន​លើសលប់ ដែល​ធានា​បាន​នូវ​ជ័យជម្នះ​ក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​សម្រាប់​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នេះ។

លោក ហ៊ុន ម៉ានី អះអាង​ថា ក្នុង​នាម​លោក​ជា​បេក្ខជន​តំណាងរាស្ត្រ​មួយ​រូប លោក​ពិត​ជា​អំណរគុណ​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ដែល​បាន​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​ខ្លួន​ធ្វើការ​សម្រេច​ចិត្ត​យ៉ាង​ត្រឹមត្រូវ ក្នុង​ការ​ផ្តល់​ឱកាស​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​បម្រើ​ជាតិ និង​ប្រជាជន​ក្នុង​រយៈពេល ៥​ឆ្នាំ​ទៅ​មុខ​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​លទ្ធផល​បឋម​ក្រោយ​ការ​បោះឆ្នោត ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​រដ្ឋសភា​ច្រើន​លើសលប់​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ។

ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ បាន​បញ្ចប់​ហើយ​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ១២០​អាសនៈ ខណៈ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ឡើយ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៤ កក្កដា នេះ​ដែរ​ថា នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ថ្ងៃទី​២៣ ខែ​កក្កដា នេះ អាជ្ញាធរ​កម្ពុជា​ក្រោម​បង្គាប់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​គំរាមកំហែង និង​យាយី​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​ដែល​មិន​គាំទ្រ​បក្ស​កាន់​អំណាច​យ៉ាង​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា និង​កាតព្វកិច្ច​អន្តរជាតិ​របស់​កម្ពុជា​ផង​ដែរ។

ចំណែក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​នៅ​ថ្ងៃ​នេះ​ដែរ​ថា ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា កន្លងទៅ​នេះ គឺជា​ការ​លួច​បន្លំ​សន្លឹកឆ្នោត និង​ជា​ការ​ក្បត់​ឆន្ទៈ​រាស្ត្រ​ពី​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ទាំងស្រុង ដែល​អ្នក​ប្រជាធិបតេយ្យ​ត្រូវតែ​បន្ត​ប្រឆាំង​ដាច់ខាត​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ផ្តល់​សេរីភាព និង​យុត្តិធម៌​ជូន​ប្រជារាស្ត្រ​ខ្មែរ​វិញ។

លោក​អះអាង​ថា ហេតុ​នៃ​ការ​លួច​សន្លឹកឆ្នោត​នោះ គឺ​នៅ​ត្រង់​ថា បើ​ពួកគេ​ពិត​ជា​ជឿជាក់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​ជ័យជំនះ​ភ្លូកទឹក​ភ្លូកដី​ក្នុង​ការ​បោះឆ្នោត​នេះ​មែន​នោះ ហេតុ​អ្វី​បាន​ជា​ពួកគេ​មិន​ព្រម​ធ្វើ​ឲ្យ​មាន​តម្លាភាព​នៅ​ពេល​រាប់​សន្លឹកឆ្នោត។

លោក សម រង្ស៊ី លើក​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​ពួកគេ​នៅតែ​បិទ​ទ្វារ និង​បិទ​បង្អួច​ការិយាល័យ​បោះឆ្នោត​ភាគច្រើន​លើសលប់​នៅ​ពេល​រាប់​សន្លឹកឆ្នោត ហើយ​នៅតែ​បន្ត​គំរាម​ពលរដ្ឋ​ឲ្យ​ទៅ​ឆ្ងាយ​ពី​ការិយាល័យ​បោះឆ្នោត​ទាំងនោះ​ធ្វើ​អ្វី? ដូច្នេះ​គ្មាន​នរណា​ជឿជាក់​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ឡើយ។

ក្រោយ​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ត្រូវ​បាន​បញ្ចប់​ភ្លាម សហរដ្ឋ​អាមេរិក​ក៏​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ភ្លាមៗ​ផង​ដែរ ដោយ​ប្រកាស​ផ្អាក​កម្មវិធី​ជំនួយ​មួយ​ចំនួន និង​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ទិដ្ឋាការ​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​គ្រាក់ៗ​មួយ​ចំនួន​ថែម​ទៀត ដោយសារតែ​គេ​មើល​ឃើញ​ថា​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ គឺជា​ការ​បោះឆ្នោត​ដែល​មិន​ប្រកប​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​តម្លាភាព។

ចាប់តាំងពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​២០១៨ កម្ពុជា​បាន​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​ជាតិ​ចំនួន ៧​លើក​រួច​មក​ហើយ ប៉ុន្តែ​ការ​បោះឆ្នោត​ដែល​គេ​ចាត់ទុក​ថា​ត្រឹមត្រូវ​នោះ គឺ​មាន​តែ​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ ប៉ុណ្ណោះ ក្រៅពី​នេះ ដូចជា​អាណត្តិ​ទី​២ ឆ្នាំ​១៩៩៨ អាណត្តិ​ទី​៣ ឆ្នាំ​២០០៣ អាណត្តិ​ទី​៤ ឆ្នាំ​២០០៨ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ និង​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ និង​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា នេះ​ជាដើម សុទ្ធសឹងតែ​ជា​ការ​បោះឆ្នោត​ដែល​លួច​បន្លំ​សន្លឹកឆ្នោត​ដោយ​បក្ស​ប្រជាជន​កម្ពុជា​ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស