39 C
Phnom Penh

អាមេរិក​ប្រកាស​រឹតត្បិត​ទិដ្ឋាការ​មន្ត្រី​កម្ពុជា​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​បន្ទាប់ពី​ការ​បោះឆ្នោត​គ្មាន​ភាព​សេរី​និង​យុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ប្រកាស​រឹតត្បិត​លើ​ទិដ្ឋាការ​មន្ត្រី​មួយ​ចំនួន​ដែល​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ហើយ​និង​ផ្អាក​លើ​កម្មវិធី​ជំនួយ​បរទេស​មួយ​ចំនួន​បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ប្រព្រឹត្ត​ទៅ​គ្មាន​ភាព​សេរី និង​យុត្តិធម៌។

ក្នុង​សេចក្ដី​ថ្លែងការណ៍​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ស្ដីពី​ការ​បោះឆ្នោត​នៅ​កម្ពុជា លោក Matthew Miller ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​មាន​ការ​រំខាន​ចិត្ត​ដោយ​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា នា​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ធ្វើឡើង​គ្មាន​ភាព​សេរី និង​យុត្តិធម៌។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន អះអាង​ថា នៅ​មុន​ការ​បោះឆ្នោត អាជ្ញាធរ​កម្ពុជា​បាន​ធ្វើការ​គំរាមកំហែង និង​យាយី​ជា​បន្តបន្ទាប់​ទៅ​លើ​គណបក្ស​នយោបាយ​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល ដែល​ជា​ការ​បំផ្លាញ​ដល់​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស និង​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា។ សកម្មភាព​ទាំងនេះ​មិន​អាច​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​មាន​សំឡេង និង​ជម្រើស​ក្នុង​ការ​កំណត់​អនាគត​នៃ​ប្រទេស​របស់​ពួកគេ​បាន​នោះ​ទេ។

ជា​ការ​ឆ្លើយតប​នឹង​ទង្វើ​ទាំងនេះ សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​រឹតត្បិត​លើ​ទិដ្ឋាការ​សម្រាប់​បុគ្គល​មួយ​ចំនួន​ដែល​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ហើយ​និង​ធ្វើការ​ផ្អាក​លើ​កម្មវិធី​ជំនួយ​បរទេស​មួយ​ចំនួន​ផង​ដែរ។

លោក Matthew Miller អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​គ្រប់គ្រង​ប្រទេស​បាន​បង្កើត​រដ្ឋាភិបាល​ថ្មី មាន​ឱកាស​កែលំអ​កិត្តិនាម​ជា​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា ដូចជា​ស្ដារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​ពិតប្រាកដ បញ្ចប់​ការ​កាត់ក្តី​ដែល​មាន​លក្ខណៈ​នយោបាយ កែប្រែ​ការ​ដាក់​ទោស​ដោយ​តុលាការ​ទៅ​លើ​អ្នក​រិះគន់​រដ្ឋាភិបាល ដោយ​អនុញ្ញាត​ឲ្យ​ផ្នែក​សារព័ត៌មាន​ឯករាជ្យ​បើក​ដំណើរការ​ឡើងវិញ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក។

សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា ខ្លួន​រីករាយ​នឹង​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​ប្រជាជន​កម្ពុជា ដើម្បី​គាំទ្រ​បំណង​ប្រាថ្នា​របស់​គេ​ដែល​ចង់​ឲ្យ​ប្រទេស​របស់​គេ​មាន​វិបុលភាព លទ្ធិប្រជាធិបតេយ្យ និង​ឯករាជភាព​ច្រើន​ឡើង ដែល​ក្នុង​នោះ​សំឡេង​ទាំងអស់​ត្រូវ​បាន​គេ​ស្តាប់។

ការ​ប្រកាស​របស់​អាមេរិក​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា បាន​កំណត់​មុខសញ្ញា​មនុស្ស​ជិត ៤០​នាក់​ដែល​គូស​ខ្វែង​សន្លឹកឆ្នោត ខណៈ​សកម្មជន​គណបក្ស​ភ្លើង​ទៀន ២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​ហេតុផល​ថា គូស​ខ្វែង​សន្លឹកឆ្នោត​ចោល។

វិធានការ​របស់​អាជ្ញាធរ​នេះ បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ស្វែងរក​ពលរដ្ឋ​ដែល​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល និង​បាន​ឲ្យ​ពួកគេ​ចេញ​សារភាព​ជាមួយ គ.ជ.ប និង​អាជ្ញាធរ បើ​មិន​ដូច្នោះ​ទេ វិធានការ​ផ្លូវច្បាប់​នឹង​ត្រូវ​ចោទប្រកាន់​ក្រោម​លេស​ថា​ការ​គូស​ខ្វែង​សន្លឹកឆ្នោត​ជា​បទល្មើស។

រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា ៣៥ ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស