30 C
Phnom Penh

មន្ត្រី​រដ្ឋាភិបាល​ថា​ការ​ផ្ទេរ​អំណាច​ទៅ​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​បទពិសោធន៍​សម្រាប់​ប្រទេស​នានា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា លើកឡើង​ថា បើ​មាន​ការ​ផ្ទេរ​អំណាច​ភ្លាមៗ​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ទៅ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ​មែន នោះ​ការ​ផ្ទេរ​អំណាច​នេះ​នឹង​ក្លាយ​ជា​រឿង​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុង​រយៈពេល​ជាង ៥០០​ឆ្នាំ​កន្លងមក​នេះ ហើយ​ក៏​នឹង​ក្លាយ​ជា​បទពិសោធន៍​មួយ​ដ៏​ធំ​សម្រាប់​ប្រទេស​នានា​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ផែនការ​យុវជន​បន្ត​វេន​ផង​ដែរ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា ការ​បែក​ធ្លាយ​សមាសភាព​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ អាច​ជា​ការ​សាកល្បង​សមរភូមិ​សតិ​អារម្មណ៍​សម្រាប់​មហាជន​មួយ​ដ៏​សំខាន់​ផង​ដែរ ស្រប​ពេល​ដែល​ការ​បោះឆ្នោត​នេះ​បង្ហាញ​ពី​ការ​គាំទ្រ​បក្ស​កាន់​អំណាច​ភ្លូកទឹក​ភ្លូកដី​នៅ​ពេលនេះ។

បណ្ឌិត គិន ភា លើកឡើង​ថា ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ គឺជា​ការ​វាស់​ស្ទង់​ទស្សនៈ​អ្នក​បោះឆ្នោត​ចំពោះ​ផែនការ​បន្ត​វេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ខណៈ​ផែនការ​បន្ត​វេន​នេះ​មិនមែន​ជា​រឿង​អាថ៌កំបាំង​ទេ ដ្បិត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​រឿង​នេះ​ដោយ​បើកចំហ​តាំងពី​ចុង​ឆ្នាំ​២០២១ មក​ម្ល៉េះ​ទៅ​តាម​បែបបទ និង​នីតិវិធី​ផ្ទៃក្នុង​របស់​គណបក្ស​កាន់​អំណាច​ដ៏​ធំ​មួយ​នេះ។

មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​មកពី​ការ​បោះឆ្នោត​នៅ​ពេលនេះ គឺ​មាន​ន័យ​ថា​អ្នក​បោះឆ្នោត​ទទួល​យក​ផែនការ​ផ្ទេរ​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាមួយ​នឹង​អាសនៈ​ដ៏​ច្រើន​លើសលប់​នេះ​ហើយ ដូច្នេះ​ការ​ផ្ទេរ​អំណាច​គ្រាន់តែ​ជា​រឿង​មុន និង​ក្រោយ​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ផែនការ​នៃ​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត ត្រូវ​គេ​មើល​ឃើញ​ថា​អាច​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នៅ​ចុង​ខែ​សីហា ឆ្នាំ​២០២៣ នេះ​តែម្តង។

កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៣ មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ត​ត្រកូល​លោក ហ៊ុន សែន បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ចិន​ថា ការ​បោះឆ្នោត​អាណត្តិ​នេះ គឺ​មាន​បេក្ខជន​នាយករដ្ឋមន្ត្រី​ដល់​ទៅ​ពីរ​នាក់ គឺ​រូបលោក​ផង និង​លោក ហ៊ុន ម៉ាណែត ផង ហើយ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ក៏​នឹង​អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ភ្លាមៗ​ដែរ​ក្រោយ​ការ​បោះឆ្នោត​នេះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ កក្កដា នេះ​ថា ការ​ផ្ទេរ​អំណាច​ពី​មនុស្ស​ជំនាន់​មុន​ទៅ​អ្នក​ជំនាន់​ក្រោយ គឺជា​រឿង​ចៀស​មិន​ផុត​នោះ​ទេ ប៉ុន្តែ​រាល់​ការ​ផ្ទេរ​អំណាច​ត្រូវតែ​ធ្វើឡើង​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​របស់​ប្រទេស​កម្ពុជា ដែល​នាយករដ្ឋមន្ត្រី​ត្រូវតែ​កើតឡើង​ពី​ការ​បោះឆ្នោត​ដោយ​ស្រប​ច្បាប់ ខណៈ​ខ្លួន​ក៏​ត្រូវ​តែ​ជា​តំណាងរាស្ត្រ​ដោយ​ស្រប​ច្បាប់​ដែរ។

លោក សេក សុជាតិ លើកឡើង​ថា សម្រាប់​ការ​ផ្ទេរ​អំណាច​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​អំណាច​ដែល​បាន​មកពី​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ​មាន​ការ​ទទួលស្គាល់​ពី​ប្រជាពលរដ្ឋ​ខ្មែរ ពី​គណបក្ស​ប្រឆាំង និង​សហគមន៍​អន្តរជាតិ​ជា​ផ្លូវការ​ដែរ បើ​មិន​ដូច្នេះ​ទេ ការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​អ្នក​បន្ត​វេន​នេះ គ្រាន់តែ​ជា​វិបត្តិ​មួយ​ដែល​បាន​ធ្លាក់​ទៅ​លើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​នេះ​តែប៉ុណ្ណោះ។

ចំណែក​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ដែរ​ថា លោក​នាយករដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន បាន​ទម្លាយ​រួច​ហើយ​នៅ​មុន​ការ​បោះឆ្នោត​នេះ​ថា លោក ហ៊ុន ម៉ាណែត អាច​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ភ្លាមៗ​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ ដូច្នេះ​ទិដ្ឋភាព​នយោបាយ​បាន​បង្ហាញ​ថា​ការ​រៀបចំ​កម្លាំង​បន្ត​វេន​បាន​រៀបចំ​ទុក​យូរ​ហើយ ហើយ​នេះ​ក៏​ជា​ហេតុផល​មួយ​បង្ហាញ​ការ​អវត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​គ្មាន​ជម្រើស​ក្នុង​ការ​បោះឆ្នោត​ក្នុង​រយៈពេល ២​អាណត្តិ​កន្លងមក​នេះ ក៏​ស្ថិត​ក្នុង​ការ​រៀបចំ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​ក៏​មាន​ការ​ទម្លាយ​ពី​រចនាសម្ព័ន្ធ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំ​ទុក​សម្រាប់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ផង​ដែរ ក្នុង​នោះ​លោក ហ៊ុន ម៉ាណែត នឹង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដែល​មាន​ឧបនាយករដ្ឋមន្ត្រី​ចំនួន ១០​រូប ដូចជា​លោក នេត សាវឿន លោក សាយ សំអាល់ និង​លោក ស សុខា ជាដើម។

ចំណែក​ទេសរដ្ឋមន្ត្រី​មាន​ចំនួន ១១​រូប ដូចជា​លោក គន់ គីម លោក ហូរ សិទ្ធី និង​លោក សក់ សេដ្ឋា ផង​ដែរ។ លើស​ពី​នេះ រដ្ឋមន្ត្រី​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​ក៏​ត្រូវ​ពួកគេ​ត្រៀម​ទុក​រួចរាល់​ដែរ ដូចជា​លោក ស សុខា និង​ត្រូវ​ជំនួស​លោក ស ខេង ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រីឯ​លោក ទៀ សីហា ក៏​នឹង​ត្រូវ​ជំនួស​លោក ទៀ បាញ់ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ដូចគ្នា​ដែរ ក្រៅពី​នេះ​ក៏​មាន​ការ​រៀបចំ​សមាសភាព​រដ្ឋមន្ត្រី​តាម​ក្រសួង​នីមួយៗ​ផង​ដែរ។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ​ដែល​ប្រតិបត្តិ​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ប៉ុន្តែ​កម្ពុជា​ក្រោម​ការ​ត្រួតត្រា​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា ដែនដី​សុវណ្ណ​ភូមិ​មួយ​នេះ​កំពុង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​តាម​បែប​គ្រួសារ​និយម​ដូច​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ទៅ​ហើយ​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស