32 C
Phnom Penh

មេដឹកនាំ​ចិន​អបអរ​លោក ហ៊ុន សែន ឈ្នះ​ឆ្នោត​ខណៈ​មេដឹកនាំ​អាស៊ាន​ពុំ​ទាន់​ឃើញ​ចេញ​សេចក្ដី​ថ្លែងការណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាបក្ស​កុម្មុយនីស្ត និង​ជា​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) បាន​បញ្ជូន​សារ​លិខិត​អបអរ​សាទរ​លោក ហ៊ុន សែន ដែល​បក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ថ្ងៃទី​២៣ កក្កដា។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​រប​ស់​សារព័ត៌មាន​ចិន ស៊ីនហួរ នៅ​ថ្ងៃទី​២៥ កក្កដា។

សារ​របស់​លោក ស៊ី បាន​សរសេរ​ថា ជា​ការ​ល្អ​ដែល​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​គ្រប់គ្រង​មួយ​ត្រឹមត្រូវ​នៃ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ផ្ដល់​នូវ​ស្ថិរភាព​នយោបាយ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង​ស្រប​តាម​ស្ថានភាព​តំបន់ និង​ពិភពលោក។

លោក ស៊ី បន្ត​ថា រដ្ឋាភិបាល​ចិន​តែងតែ​គាំទ្រ​កម្ពុជា​ដើរ​លើ​ផ្លូវ​អភិវឌ្ឍន៍​ដែល​ស្រប​នឹង​ស្ថានភាព​របស់​ប្រទេស និង​តំបន់។ លោក​ថា​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុជា​នឹង​នៅតែ​ជា​កម្លាំង​ចលករ​មួយ​ដ៏​មហិមា​ជួយ​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា​រីកចម្រើន​ជាមួយ​នឹង​សន្តិភាព​ស្ថិរភាព អភិវឌ្ឍន៍ រឹងមាំ។

លោក ស៊ី សង្កត់​ធ្ងន់​ថា ចិន​និង​កម្ពុជា គឺជា​សហគមន៍​តែ​មួយ តែងតែ​ជួយ​រំលែក​គ្នា​នូវ​ទុក្ខ​លំបាក អនាគត និង​ឈរ​លើ​កិច្ច​សហប្រតិបត្តិការ​យោគយល់។

លោក ស៊ី ក៏​បាន​សម្ដែង​ឆន្ទៈ​របស់​លោក​បន្ត​សហការ​ជាមួយ​លោក ហ៊ុន សែន សំដៅ​ពង្រឹង​ស្ថិរភាព​នយោបាយ និង​ទំនាក់ទំនង​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ។

ជាមួយ​គ្នា​នេះ ក្រសួង​ការបរទេស​ចិន ក៏​បាន​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​ជឿជាក់​ថា​នៅ​ថ្ងៃ​អនាគត ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​សមិទ្ធផល​កាន់តែ​ច្រើន​ក្នុង​ការ​អភិវឌ្ឍ និង​កសាង​ប្រទេស​ជាតិ ក៏ដូចជា​នាំ​មក​នូវ​ផលប្រយោជន៍​កាន់តែ​ច្រើន​ដល់​ប្រជាជន។

អ្នកស្រី Mao Ning អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ថ្លែង​ថា ក្នុង​នាម​ជា​ប្រទេស​ជិតខាង​ល្អ និង​មិត្តភក្ដិ​ល្អ ប្រទេស​ចិន​សូម​សម្ដែង​ការ​អបអរ​សាទរ​យ៉ាង​កក់ក្តៅ​ចំពោះ​ការ​ដែល​ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​សភា​ដោយ​រលូន ក៏ដូចជា​សម្ដែង​ការ​អបអរ​សាទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។ ក្នុង​ន័យ​នេះ ចិន​សម្ដែង​ការ​អបអរ​សាទរ​ជា​មុន​ចំពោះ​ប្រទេស​កម្ពុជា​ក្នុង​ការ​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដោយ​រលូន ហើយ​ជឿជាក់​ថា​កម្ពុជា​នឹង​ទទួល​បាន​សមិទ្ធផល​កាន់តែ​ច្រើន​ក្នុង​ការ​អភិវឌ្ឍ និង​កសាង​ប្រទេស​ជាតិ។

ចិន​ជា​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ក្រោម​បក្ស​កុម្មុយនីស្ត ហើយ​ប្រទេស​ដ៏​ធំ​មិន​ដែល​ស្គាល់​ការ​បោះឆ្នោត​ក្នុង​សំឡេង​ពហុបក្ស​នេះ បាន​បញ្ជូន​ក្រុម​ប្រតិភូ​របស់​បក្ស​មក​អង្កេត​ការ​បោះឆ្នោត​នៅ​កម្ពុជា​ផង​ដែរ។ ក្រុម​នេះ​បាន​ជួប​លោក ហ៊ុន សែន ហើយ​សរសើរ​ដំណើរការ​បោះឆ្នោត។

បើ​តាម​ការ​អង្កេត គេ​នៅ​ពុំ​ទាន់​ឃើញ​មេដឹកនាំ​ប្រទេស​អាស៊ាន​ណា​មួយ​បញ្ជូន​សារ​អបអរ​សាទរ​លោក ហ៊ុន សែន និង​សរសើរ​អំពី​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​នៅឡើយ​ទេ។

គេ​ក៏​ពុំ​ទាន់​ឃើញ​ប្រទេស​ទាំងនោះ​ចាត់តាំង​អ្នក​សង្កេតការណ៍ ឬ​ក៏​អង្គការ​ឯករាជ្យ​របស់​ប្រទេស​ទាំងនោះ​មក​សង្កេត​ការ​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ដែរ ហើយ​ក្នុង​នោះ​ក៏​គ្មាន​អង្គការ​បណ្ដាញ​ការ​បោះឆ្នោត​អាស៊ី​ដោយ​សេរី ឬ​កាត់​ថា​អាន់ហ្វ្រេល ក៏​ពុំ​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​មក​ដែរ។

អង្គការ​នេះ​មាន​ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​តំបន់​ដែល​ជំនាញ​ក្នុង​ការ​វាយតម្លៃ​ស្ថានការណ៍​នយោបាយ និង​ការ​បោះឆ្នោត​នៅ​អាស៊ី។

តែ​យ៉ាងណា មាន​សមាជិក​សភា និង​អ្នក​នយោបាយ​ប្រទេស​មួយ​ចំនួន​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​លក្ខណៈ​ឯកជន បាន​មក​អង្កេត​ការ​បោះឆ្នោត​នៅ​កម្ពុជា។ ក្រៅពី​នេះ របប​សឹក​ភូមា បាន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​មក​ផង​ដែរ។ ប្រធាន​ប្រតិភូ​របស់​របប​សឹក​នេះ​ដឹកនាំ​ដោយ​ប្រធាន​គណៈកម្មការ​បោះឆ្នោត​ដែល​ពួក​យោធា​បង្កើត​ឡើង គឺ​ឧត្តមសេនីយ៍ ថេន សូ។

នៅ​ប្រទេស​ភូមា ក៏​ជិត​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​ផង​ដែរ ក្រោម​ការ​បង្គាប់​បញ្ជា​របស់​របប​សឹក នៅ​ខណៈ​ពួក​យោធា​ដែល​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ឆ្នាំ​២០២១ កំពុងតែ​បង្ក្រាប​យ៉ាង​រង្គាល​ទៅ​លើ​ក្រុម​ប្រឆាំង ហើយ​ចាប់​ដាក់​គុក​អ្នក​នយោបាយ​ប្រឆាំង​រាប់​ពាន់​នាក់ ក្នុង​នោះ​មាន​អ្នកស្រី អ៊ុងសាន ស៊ូជី ជើងឯក​ប្រជាធិបតេយ្យ​នៅ​អាស៊ី​ផង​ដែរ។

ការ​បោះឆ្នោត​នៅ​ក្រោម​របប​សឹក​ភូមា​នេះ សហគមន៍​អន្តរជាតិ​ប្រកាស​រួចស្រេច​ហើយ​ថា​ពួកគេ​មិន​ទទួលស្គាល់​ដំណើរការ​បោះឆ្នោត​នោះ​ទេ ប្រសិនបើ​គ្មាន​កម្លាំង​នយោបាយ និង​ដោះលែង​អ្នកទោស​នយោបាយ ជាពិសេស​គឺ​អ្នកស្រី អ៊ុងសាន ស៊ូជី រួម​នឹង​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ NLD របស់​លោកស្រី។

ជាមួយ​គ្នា​នេះ ក្រុម​បស្ចិម​ប្រទេស និង​ប្រទេស​ប្រជាធិបតេយ្យ រួម​ទាំង​ប្រទេស​ជប៉ុន ក៏​មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​មក​អង្កេត​ការ​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ដែរ ខណៈ​សហភាព​អឺរ៉ុប​ទាំងមូល ២៧​ប្រទេស ក៏​មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​ផង​ដែរ។

ឥឡូវ​នេះ សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស បាន​ហៅ​ការ​បោះឆ្នោត​ថ្ងៃទី​២៣ ខែ​កក្កដា គឺជា​ការ​ផ្ដួល​បក្ស​ខ្លាំង​មួយ​ដ៏​មាន​ប្រជាប្រិយភាព​មិន​ឲ្យ​ប្រកួត​ការ​បោះឆ្នោត ជា​ការ​បង្ហាញ​នូវ​ការ​បំបាត់​ឆន្ទៈ​របស់​អ្នកគាំទ្រ​បក្ស​ប្រឆាំង គឺ​គណបក្ស​ភ្លើង​ទៀន ដែល​ប្រកាន់​យក​គោលការណ៍​ប្រជាធិបតេយ្យ។

ក្រុម​បស្ចិម​ប្រទេស​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ។ មិន​តែប៉ុណ្ណោះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតារេស ក៏​បាន​សម្ដែង​ការ​ខកចិត្ត​រួច​ទៅ​ហើយ ព្រោះ​តែ​កម្ពុជា​បោះឆ្នោត​ពុំ​មាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ចូលរួម​ប្រកួត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស