35 C
Phnom Penh

រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​ឱ្យ​អ្នកឧកញ៉ា លី យ៉ុងផាត់ រៀបចំ​ឯកសណ្ឋាន​ផ្លូវការ​ដល់​ក្រុម​ឧកញ៉ា​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង​ត​ពូជ​នៅ​កម្ពុជា សម្រេច​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​កាន់​អំណាច​ដែល​ល្បី​រឿង​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នក​ទទួល​បាន​គោរមងារ​ឧកញ៉ា និង​រៀបចំ​ចាត់ចែង​ឯកសណ្ឋាន​ផ្លូវការ​របស់​អ្នក​ទទួល​បាន​គោរមងារ​ឧកញ៉ា​ទាំងអស់​នៅ​កម្ពុជា។

ក្នុង​លិខិត​មួយ​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋលេខាធិការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កេន សត្ថា កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៣ បាន​យល់ព្រម​ផ្ដល់​សិទ្ធិ​ដល់​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នក​ទទួល​បាន​គោរមងារ​ឧកញ៉ា និង​រៀបចំ​ចាត់ចែង​ឯកសណ្ឋាន​ផ្លូវការ​របស់​អ្នក​ទទួល​បាន​គោរមងារ​ឧកញ៉ា​ទាំងអស់​នៅ​កម្ពុជា។

បើ​លិខិត​បញ្ជាក់​ថា ការ​សម្រេច​ផ្ដល់​សិទ្ធិ​ដល់​អ្នកឧកញ៉ា លី យ៉ុងផាត់ នេះ ធ្វើឡើង​តាម​ចំណារ​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣ បន្ទាប់ពី​ទទួល​បាន​លិខិត​ស្នើសុំ​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា។

លោក ហ៊ុន សែន ផ្ដួចផ្ដើម​បង្កើត​សមាគម​ឧកញ៉ា​កម្ពុជា​កាលពី​ឆ្នាំ​២០២២ និង​ចុះបញ្ជី​ជា​សមាគម​នៅ​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២ ដោយ​មាន​អ្នកឧកញ៉ា លី យ៉ុងផាត់ ជា​ប្រធាន។

លោក លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​កាន់​អំណាច​ផង ជា​ប្រធាន​ក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា និង​ជា​ប្រធាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ​នៅ​ខេត្ត​កោះកុង និង​ខេត្ត​កំពង់ស្ពឺ។

ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន និង​ចាប់​ខ្លួន​ពលរដ្ឋ​រងគ្រោះ​ចំនួន ៩​នាក់​ដាក់​ពន្ធនាគារ​បច្ចុប្បន្ន​បន្ទាប់ពី​ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ (Phnom Penh Sugar) និង​ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ (Kampong Speu Sugar) របស់​ឧកញ៉ា លី យ៉ុងផាត់ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​គម្រោង​អភិវឌ្ឍន៍។ បើ​តាម​ពលរដ្ឋ​តវ៉ា​ធ្លាប់​អះអាង​ថា ពួកគេ​មិន​ទាន់​ទទួល​បាន​សំណង​ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នៅឡើយ​ទេ។

បើ​តាម​អ្នក​ឃ្លាំមើល​ធ្លាប់​លើកឡើង​ថា កត្តា​ដែល​លោក ហ៊ុន សែន មិន​ចាត់​វិធានការ​ច្បាប់​លើ​អ្នកឧកញ៉ា លី យ៉ុងផាត់ ដោយសារ​អ្នកឧកញ៉ា​រូប​នេះ​ជា​មនុស្ស​ស្និទ្ធ និង​ជា​អ្នក​រក​ប្រាក់​ចិញ្ចឹម​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ពង្រឹង​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន។ ដូច្នេះ ទោះបីជា​អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ និង​ទុច្ចរិត​ដោយ​ប្លន់​ដី បំផ្លាញ​ធនធាន​ធម្មជាតិ ព្រមទាំង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ទុក្ខបុកម្នេញ គំរាមកំហែង និង​គាបសង្កត់​ប្រជាពលរដ្ឋ​ក្ដី ក៏​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​ថ្មី​បន្ត​វេន​ពី​ឪពុក​មិន​ខ្វល់​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស