36 C
Phnom Penh

រដ្ឋសភា​ឯក​បក្ស​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២១​សីហា បន្ទាប់ពី​លោក ហ៊ុន សែន ផ្ទេរ​តំណែង​ទៅ​លោក ហ៊ុន ម៉ាណែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភា​ឯក​បក្ស​នឹង​បើក​កិច្ចប្រជុំ​លើកដំបូង​នៅ​ថ្ងៃ​២១ និង​ថ្ងៃទី​២២ ខែ​សីហា បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ថា​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ពេញ​សិទ្ធិ​នៅ​ល្ងាច​ថ្ងៃទី​២២ ខែ​សីហា។

សេចក្តី​ជូនដំណឹង​របស់​នាយកដ្ឋាន​ព័ត៌មាន​នៃ​រដ្ឋសភា ចុះ​ថ្ងៃទី​៣១ ខែ​កក្កដា ឲ្យ​ដឹង​ថា រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​លើកដំបូង​ក្នុង​នីតិកាល​ទី​៧ នៅ​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែ​សីហា ខាងមុខ​នេះ។

រដ្ឋសភា​ឯក​បក្ស​ប្រកាស​បើក​កិច្ចប្រជុំ​លើកដំបូង​នៅ​អាណត្តិ​ទី​៧ នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ក្រោម​បញ្ជា​លោក ហ៊ុន សែន សម្រេច​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នៅ​ថ្ងៃទី​៤ ខែ​សីហា។

ក្រៅពី​ប្រកាស​លទ្ធផល​ហើយ នៅ​ថ្ងៃ​នោះ​ដែរ​ក៏​មាន​ការ​បែងចែក​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា កន្លងទៅ​ផង​ដែរ។ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​ការ​បោះឆ្នោត​ដាច់ ដោយ​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ចំនួន ១២០ ហើយ​នៅ​សល់ ៥​អាសនៈ​ទៀត​ត្រូវ​បាន​បែងចែក​ទៅ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ។

បើ​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា «រដ្ឋសភា​បើក​សម័យ​ប្រជុំ​ដំបូង ៦០​ថ្ងៃ​យ៉ាង​យូរ​ក្រោយ​ពេល​បោះឆ្នោត តាម​ការ​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ»។ ក្រោយ​ការ​កោះ​ប្រជុំ​ក្រោម​ព្រះរាជ​អធិបតីភាព​របស់​ព្រះមហាក្សត្រ រដ្ឋសភា​ត្រូវ​បើក​ដំណើរការ​កិច្ចប្រជុំ​របស់​ខ្លួន​ក្រោម​ព្រឹទ្ធសមាជិក​រដ្ឋសភា​មួយ​រូប ដែល​ជា​បេក្ខជន​ជាប់​ឆ្នោត​មាន​អាយុ​ច្រើន​ជាងគេ ដើម្បី​ប្រកាស​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ។

ព្រឹទ្ធសមាជិក​ត្រូវ​ដឹកនាំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន អនុប្រធាន​រដ្ឋសភា ក៏ដូចជា​ការ​បោះឆ្នោត​ជ្រើសរើស​សមាសភាព​គណៈកម្មការ​ជំនាញ​នានា​របស់​រដ្ឋសភា​តាម​ការ​ស្នើ​របស់​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាងគេ​នៅ​ក្នុង​រដ្ឋសភា ដោយ​មតិ​ភាគច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

តែ​យ៉ាងណាមិញ ច្បាប់​ធម្មនុញ្ញ​បន្ថែម​ត្រង់​មាត្រា​៤ ថ្មី (មួយ) បាន​កំណត់​ថា «ប្រធាន​រដ្ឋសភា​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ចេញពី​សមាជិក​រដ្ឋសភា​ដែល​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់»។ បន្ទាប់ពី​ការ​ប្រកាស​សុពលភាព​បេក្ខជន​ជាប់​ឆ្នោត និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីន​រដ្ឋសភា​រួច​មក ប្រធាន អនុប្រធាន រួម​ទាំង​សមាជិក-សមាជិក​រដ្ឋសភា​ទាំងអស់ ត្រូវ​ធ្វើ​សច្ចាប្រណិធាន​នៅ​ក្នុង​ព្រះបរមរាជវាំង​មុន​ចូល​កាន់​តំណែង​ជា​តំណាងរាស្ត្រ​ជា​ផ្លូវការ។

ក្រោយ​ពេល​នីតិកាល​ថ្មី​របស់​រដ្ឋសភា​ចូល​កាន់​តំណែង​ជា​ស្ថាពរ​ហើយ​នោះ ព្រះមហាក្សត្រ​ទ្រង់​ចាត់តាំង​វរជន​មួយ​រូប​ជា​នាយករដ្ឋមន្ត្រី​ឱ្យ​បង្កើត​រាជរដ្ឋាភិបាល​ថ្មី តាម​សេចក្ដី​ស្នើ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាងគេ​ក្នុង​រដ្ឋសភា។

មាត្រា​១១៩ ថ្មី (ពីរ) នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ថា សេចក្ដី​ស្នើ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាងគេ​នៅ​ក្នុង​រដ្ឋសភា​នេះ ត្រូវ​ចម្លង​ជូន​ប្រធាន​រដ្ឋសភា ហើយ​វរជន​ដែល​នឹង​ត្រូវ​ទទួល​បាន​ការ​ចាត់តាំង​ជា​នាយករដ្ឋមន្ត្រី​នេះ ក៏​ត្រូវ​តែ​ជា​តំណាងរាស្ត្រ​ដែល​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់។

មាត្រា​ដដែល​នេះ​បាន​ឱ្យ​ដឹង​ដែរ​ថា វរជន​ដែល​ត្រូវ​បាន​ចាត់តាំង​នេះ ត្រូវ​នាំ​សហការី​ដែល​ជា​តំណាងរាស្ត្រ ឬ​ជា​សមាជិក​គណបក្ស​តំណាង​នៅ​ក្នុង​រដ្ឋសភា​ដែល​ផ្គូផ្គង​ឱ្យ​កាន់​តំណែង​ផ្សេងៗ​ក្នុង​រាជរដ្ឋាភិបាល ទៅ​សុំ​សេចក្ដី​ទុកចិត្ត​ពី​រដ្ឋសភា។

ការ​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​នេះ ត្រូវ​ធ្វើ​លើ​បញ្ជី​សមាសភាព​នៃ​គណៈរដ្ឋមន្ត្រី​ទាំងមូល ហើយ​កាល​បើ​រដ្ឋសភា​បាន​បោះឆ្នោត​ទុកចិត្ត​ហើយ​នោះ ព្រះមហាក្សត្រ​ទ្រង់​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​គណៈរដ្ឋមន្ត្រី​ថ្មី​នោះ។ មុន​ចូល​កាន់​តំណែង​ជា​ផ្លូវការ គណៈរដ្ឋមន្ត្រី​ត្រូវ​ធ្វើ​សច្ចាប្រណិធាន​នៅ​ក្នុង​ព្រះបរមរាជវាំង​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​បញ្ចប់​ការ​បោះឆ្នោត​ភ្លាមៗ បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​ប្រកាស​ថា កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ពេញ​សិទ្ធិ​នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ បន្ទាប់ពី​រដ្ឋសភា​ឯក​បក្ស​បញ្ចប់​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២១ និង​២២ ខែ​សីហា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស