27 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ​ជា​ផែនការ​ប្រមូល​លុយ​របស់​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ត្អូញត្អែរ​ថា បោះឆ្នោត​រួច​ភ្លាម តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ​ភ្លែត ដែល​នេះ​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន កំពុង​រៀប​ផែនការ​ប្រមូល​លុយ​ត្រឡប់​មក​វិញ​ដែល​ពួកគេ​បាន​ចំណាយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ធ្វើ​យុទ្ធនាការ​បោះឆ្នោត និង​ការ​រៀបចំ​កីឡា​ស៊ីហ្គេម​ដែល​មិន​យក​លុយ​ពី​កីឡាករ​បរទេស​នៅ​មុន​ការ​បោះឆ្នោត​នោះ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ សីហា នេះ​ថា តម្លៃ​ប្រេងឥន្ធនៈ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក មុន​បោះឆ្នោត និង​ក្រោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា គឺ​នៅ​ឋិតឋេរ​ដដែល មិន​ឡើង​ថ្លៃ​នោះ​ទេ ប៉ុន្តែ​ចម្លែក​អី​តែ​ស្រុក​ខ្មែរ អី​ក៏​ចៃដន្យ​ម្ល៉េះ មុន​បោះឆ្នោត​មិន​ឡើង​ថ្លៃ​ទេ តែ​គ្រាន់តែ​បោះឆ្នោត​រួច​ភ្លាម​ស្រាប់តែ​ឡើង​ថ្លៃ​ភ្លែត​តែម្តង។

លោក អ៊ុំ សំអាន លើកឡើង​ថា សម្រាប់​ខ្លួន​លោក​ផ្ទាល់ នៅ​ពេល​ដែល​ចាក់​សាំង​ឱ្យ​រថយន្ត លោក​សឹងតែ​មិន​មើល​តម្លៃ​ប្រេង​ដែល​ក្រុមហ៊ុន​បាន​ដាក់​បង្ហាញ​ផង ដោយសារតែ​តម្លៃ​ប្រេងសាំង​នៅ​អាមេរិក គឺ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​នៅ​កម្ពុជា​ឆ្ងាយ​ណាស់ ដែល​មាន​តម្លៃ​ត្រឹមតែ ៣៩០០​រៀល​ដែល​ស្មើ​នឹង ០,៩៤​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង ១​លីត្រ ខណៈ​ប្រាក់ចំណូល ឬ​ប្រាក់ខែ​របស់​លោក និង​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​មាន​កម្រិត​ខ្ពស់​ជាង​ប្រាក់ខែ​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ទទួល​បាន ប៉ុន្តែ​បែរ​ជា​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​មាន​តម្លៃ​ថ្លៃ​ជាង​ទៅវិញ។

កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២៣ ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​នានា​នៅ​កម្ពុជា​ថា ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៣ ប្រេងសាំង​ធម្មតា​ត្រូវ​លក់​ក្នុង​តម្លៃ ៤៥៥០​រៀល​ក្នុង ១​លីត្រ ដែល​ស្មើ​នឹង ១,១០​ដុល្លារ​អាមេរិក ខណៈ​ប្រេងម៉ាស៊ូត​ត្រូវ​លក់​ក្នុង​តម្លៃ ៤៤៥០​រៀល​ក្នុង ១​លីត្រ ដែល​ស្មើ​នឹង ១,០៧​ដុល្លារ​អាមេរិក​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ នៅ​មុន​ការ​បោះឆ្នោត​មក​ដល់​កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៣ ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៣ ប្រេងសាំង​ធម្មតា​ត្រូវ​លក់​ក្នុង​តម្លៃ ៤១៥០​រៀល​ក្នុង ១​លីត្រ ដែល​ស្មើ​នឹង ១​ដុល្លារ​អាមេរិក​គត់ ខណៈ​ប្រេងម៉ាស៊ូត​ត្រូវ​លក់​ក្នុង​តម្លៃ ៤​ពាន់​រៀល​ក្នុង ១​លីត្រ ដែល​ស្មើ​នឹង ០,៩៧​ដុល្លារ​អាមេរិក ដូច្នេះ​មាន​ន័យ​ថា នៅ​ក្រោយ​ការ​បោះឆ្នោត​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​បាន​ឡើង​ថ្លៃ​ដល់​ទៅ ៤០០​រៀល​ក្នុង ១​លីត្រ​សម្រាប់​ប្រេងសាំង និង ៤៥០​រៀល​សម្រាប់​ប្រេងម៉ាស៊ូត។

ជុំវិញ​ការ​លក់​ប្រេងឥន្ធនៈ​តាម​ស្ថានីយ​ទូទាំង​ប្រទេស​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​បាន​បែងចែក​ទៅ​ជា ៣​ប្រភេទ​ផ្សេង​គ្នា គឺ​ប្រភេទ​សាំង​ល្អ ឬ Supper ប្រភេទ​សាំង​ធម្មតា ឬ Regular និង​ប្រភេទ​ប្រេងម៉ាស៊ូត ឬ Diesel ក្នុង​នោះ​តម្លៃ​សាំង​ល្អ​ត្រូវ​លក់​ក្នុង​តម្លៃ ៥១៥០​រៀល​ក្នុង ១​លីត្រ ចំណែក​សាំង​ធម្មតា​ត្រូវ​លក់​ក្នុង​តម្លៃ ៤៥៥០​រៀល​ក្នុង ១​លីត្រ និង​ប្រេងម៉ាស៊ូត​លក់​ក្នុង​តម្លៃ ៤៤៥០​រៀល​ផង​ដែរ​ក្នុង ១​លីត្រ។

ជុំវិញ​តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ​នេះ អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​រិះគន់ និង​បញ្ចេញមតិ​ដោយ​ការ​មិន​ពេញចិត្ត​ព្រោងព្រាត ក្នុង​នោះ​មាន​អ្នក​ខ្លះ​លើកឡើង​ថា ទោះ​សហភាព​អឺរ៉ុប​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឬ​សហរដ្ឋ​អាមេរិក​មិន​ផ្តល់​ការ​អនុគ្រោះ​ពន្ធ GSP មក​កម្ពុជា​វិញ​ក៏ដោយ ក៏​ពួក​អ្នក​មាន​អំណាច និង​សេដ្ឋី​ស្រុក​ខ្មែរ​នៅតែ​អាច​រស់​បាន​ដែរ ព្រោះ​ពួកគេ​នឹង​ដំឡើង​ថ្លៃ​ទំនិញ​គ្រប់​បែប​យ៉ាង ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ដែល​គេ​ព្រួយបារម្ភ​បំផុត​នោះ​បាន​បញ្ចប់​ជា​ស្ថាពរ​ទៅ​ហើយ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តែង​ច្រានចោល​រាល់​ការ​រិះគន់​មក​លើ​រូបលោក​ជុំវិញ​តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ​ជានិច្ច ក្នុង​នោះ​លោក ហ៊ុន សែន ធ្លាប់​បាន​ដោះសា​ថា សាំង​ឡើង​ថ្លៃ​គឺ​បណ្តាល​មកពី​បញ្ហា​សកល គឺ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។ ជាង​នេះ​ទៀត លោក ហ៊ុន សែន តែង​ព្រមាន​ថា បើ​ខ្លាច​សាំង​ឡើង​ថ្លៃ គួរ​នាំគ្នា​ឈប់​ជិះ​រថយន្ត ហើយ​នាំគ្នា​ដើរ​ម្តង​ទៅ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា រាល់​ពេល​ដែល​តម្លៃ​ប្រេងឥន្ធនៈ​ហក់​ឡើង​ម្តងៗ លោក ហ៊ុន សែន មិន​ដែល​មាន​វិធានការ​ដោះស្រាយ​ទេ គឺ​គាត់​គ្រាន់តែ​ឆ្លើយ​ដោះសា​ថា មកពី​បញ្ហា​សកល ឬ​ប្រាប់​ឱ្យ​ពលរដ្ឋ​ឈប់​ជិះ​ឡាន ឬ​ឈប់​ជិះ​ម៉ូតូ​ប៉ុណ្ណោះ។

ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ចម្លើយ​របស់​លោក ហ៊ុន សែន បែប​នេះ​មិន​សក្ដិសម​ជា​នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​ដឹកនាំ​ប្រទេស​នោះ​ឡើយ។

ប្រភព​ដដែល​ត្អូញត្អែរ​ថា មន្ត្រី​រាជការ អាជីវករ កម្មករ អ្នក​លក់ដូរ​មិន​រៀបរយ និង​កសិករ ជាដើម សុទ្ធសឹងតែ​ជា​អ្នក​ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​ការ​ហក់​ឡើង​នៃ​តម្លៃ​ទំនិញ​លើ​ទីផ្សារ ជាពិសេស​តម្លៃ​ប្រេងឥន្ធនៈ​ដែល​តែងតែ​ហក់​ឡើង​រហូត ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម ត្រូវ​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ពី​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ដែល​តែងតែ​ឡើង​ថ្លៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស