38.3 C
Phnom Penh

លោក ជា ចាន់តូ ត្រូវ​បាន​តែងតាំង​ជា​អគ្គទេសាភិបាល​កិត្តិយស​ធនាគារ​ជាតិ​បន្ទាប់ពី​កូនស្រី​ឡើង​កាន់​តំណែង​ជំនួស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ជា ចាន់តូ ត្រូវ​បាន​តែងតាំង​ជា​អគ្គទេសាភិបាល​កិត្តិយស​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី បន្ទាប់ពី​កូនស្រី​របស់​លោក គឺ​អ្នកស្រី ជា សិរី បាន​ឡើង​ជា​ប្រធាន​ជំនួស​ឪពុក​នា​ពេល​ថ្មីៗ​នេះ។

ក្នុង​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​២៩ កក្កដា ដែល​ទើប​ចេញ​ផ្សាយ​នា​ពេលនេះ ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​លោក ជា ចាន់តូ បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា​លោក ហ៊ុន សែន ទូល​ថ្វាយ​ទៅ​ព្រះអង្គ។

ការ​តែងតាំង​លោក ជា ចាន់តូ ជា​អគ្គទេសាភិបាល​កិត្តិយស​ធនាគារ​ជាតិ​នៃ​កម្ពុជា​វិញ​នា​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​អ្នកស្រី ជា សិរី ដែល​ត្រូវ​ជា​កូនស្រី​របស់​លោក បាន​ឡើង​ធ្វើ​ជា​ប្រធាន​ធនាគារ​ជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា។

លោក ជា ចាន់តូ បាន​កាន់​តំណែង​ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​រយៈពេល​ប្រមាណ ២៥​ឆ្នាំ​មក​ហើយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៨ មក​ដល់​ពេល​បច្ចុប្បន្ន ដែល​ពេល​នោះ កម្ពុជា​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី។ លោក ចាន់តូ បាន​កំណែ​ទម្រង់ និង​ពង្រឹង​ប្រព័ន្ធ​ធនាគារ​របស់​កម្ពុជា ជាពិសេស​ធ្វើ​ទំនើបកម្ម និង​ធ្វើ​សមាហរណកម្ម​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ក្នុង​តំបន់ និង​អន្តរជាតិ។

មុន​ទទួល​បាន​តួនាទី​ជា​អគ្គទេសាភិបាល​នេះ លោក ជា ចាន់តូ ធ្លាប់​ទទួល​ខុសត្រូវ​ធំ​នៅ​ធនាគារ​កណ្តាល ក្នុង​តួនាទី​ជា​នាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១។ បន្ទាប់​មក លោក​ត្រូវ​បាន​តែងតាំង​ជា​ទេសាភិបាល​រង​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៨៦។

នៅ​ក្នុង​ឆ្នាំ​១៩៨៦ លោក ជា ចាន់តូ ក៏​បាន​បម្រើ​ការ​ជា​អនុរដ្ឋមន្ត្រី​ទី​មួយ​នៅ​ក្រសួង​ផែនការ។ មិន​តែប៉ុណ្ណោះ លោក​ក៏​ធ្លាប់​ជា​សមាជិក​សភា​ចន្លោះ​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៨ ផង​ដែរ។

លោក ជា ចាន់តូ ក៏​បាន​ទទួល​ពានរង្វាន់​ជា​អ្នក​គ្រប់គ្រង​បាន​ល្អ​បំផុត​ក្នុង​ការ​ជំរុញ​កំណើន និង​ស្ថិរភាព​សេដ្ឋកិច្ច​ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត Covid-19 ពី​ធនាគារ​កណ្ដាល​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កាលពី​ឆ្នាំ​២០២១។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​លើក​តំណែង និង​តួនាទី​ឲ្យ​កូនៗ​កាន់​ជំនួស ហើយ​ឪពុក​នៅ​ឈរ​ពី​ក្រោយ​ខ្នង​ទាំង​នៅ​ក្នុង​ធនាគារ​ជាតិ​កម្ពុជា និង​ក្នុង​ក្រសួង​ស្ថាប័ន​រដ្ឋ​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​ប្រកាស​ផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី​ឲ្យ​កូនប្រុស​ច្បង​របស់​ខ្លួន គឺ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​លោក​នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ នេះ ក្នុង​នោះ​លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ឲ្យ​រដ្ឋមន្ត្រី​ចាស់​ដែល​កាន់​តំណែង និង​តួនាទី ត្រូវ​ចុះចេញ​ទាំងអស់ ហើយ​ដាក់​កូនៗ​ជា​ឈាម​ថ្មី​ជំនួស​វិញ។

ជុំវិញ​រឿង​នេះ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​សង្កេត​ឃើញ​ថា កម្ពុជា​នៅ​ពេលនេះ​ប្រៀប​ដូចជា​ក្រុមហ៊ុន​ឯកជន​មួយ​របស់​គ្រួសារ​អ្នក​មាន​អំណាច ដោយ​ថា​បច្ចុប្បន្ន ពួកគេ​បាន​ដោះដូរ និង​តែងតាំង​កូនៗ​របស់​ពួកគេ​ឲ្យ​ជំនួស​តំណែង​របស់​ខ្លួន​តាម​អំពើ​ចិត្ត ខណៈ​ពលរដ្ឋ​ម្ចាស់​ប្រទេស​ត្រូវ​រស់នៅ​ក្រោម​ការ​គាប​សង្កត់ និង​រង​នូវ​ការ​ភ័យខ្លាច និង​អត់ឃ្លាន​គ្រប់​ពេលវេលា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស