36 C
Phnom Penh

អ្នក​សារព័ត៌មាន VOA ខកចិត្ត​ដែល​រដ្ឋសភា​មិន​ឱ្យ​ចូល​យក​ព័ត៌មាន​សន្និសីទ​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) សម្ដែង​ការ​ខកចិត្ត​ដែល​រដ្ឋសភា​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​អាច​មាន​លទ្ធភាព​ចូល​យក​ព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ លោក ហ៊ុន សែន ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ ខណៈ​សង្គម​ស៊ីវិល​ចាត់ទុក​ថា​ជា​ការ​ដៅ​មុខសញ្ញា និង​រើសអើង​ស្ថាប័ន​សារព័ត៌មាន។

រដ្ឋសភា​នៅ​ថ្ងៃទី​២១ ខែ​សីហា បាន​បើក​កិច្ចប្រជុំ​លើកដំបូង និង​សម័យ​ប្រជុំ​លើក​ទី​១ សម្រាប់​នីតិកាល​ទី​៧ និង​នៅ​ថ្ងៃទី​២២ ខែ​សីហា នេះ លោក ហ៊ុន សែន ក៏​បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្រោយពី​រដ្ឋសភា​ក៏​បាន​បញ្ចប់​ការ​បោះឆ្នោត​អនុម័ត​រៀបចំ​ក្បាលម៉ាស៊ីន​រដ្ឋសភា និង​រាជរដ្ឋាភិបាល​នា​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា នេះ​ដែរ។

តែ​យ៉ាងណា​ក៏ដោយ ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្រោយ​ពេល​រដ្ឋសភា​បាន​បញ្ចប់​ការ​បោះឆ្នោត​អនុម័ត​រៀបចំ​ក្បាលម៉ាស៊ីន​រដ្ឋសភា និង​រាជរដ្ឋាភិបាល ដោយ​លោក ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា នេះ មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន VOA ចូល​យក​ព័ត៌មាន​ឡើយ។

អ្នក​សារព័ត៌មាន VOA អ្នកស្រី កាន់ វិច្ឆិកា បាន​សរសេរ​រៀបរាប់​ត្អូញត្អែរ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​២១ សីហា ម្សិលមិញ​ថា អ្នក​សារព័ត៌មាន VOA មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​កន្លែង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​រដ្ឋសភា​ជាតិ​នោះ​ទេ ខណៈ​ដែល​អ្នក​សារព័ត៌មាន​ផ្សេងៗ​ទៀត​ចូល​បាន។

អ្នកស្រី​សម្ដែង​ការ​ខកចិត្ត ដោយ​ថា​ទោះបីជា​ប្រធាន​រដ្ឋសភា​ថ្មី​ជា​ស្ត្រី ក៏​ស្ត្រី​ដែល​ជា​អ្នក​សារព័ត៌មាន VOA នៅតែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន​បាន​ដដែល។ ដូច្នេះ អ្នកនាង​ថា​អ្នក​ថ្មី​ក៏ដូចជា​អ្នក​ចាស់ ហើយ​អ្នក​ចាស់​ក៏ដូចជា​អ្នក​ថ្មី​ដែរ។

ចំណែក​អ្នក​សារព័ត៌មាន VOA ម្នាក់​ទៀត​ឈ្មោះ លីបលីប ក៏​បាន​លើកឡើង​ដែរ​ថា រដ្ឋសភា​មិន​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌មាន VOA ចូល​ថត​រូប​នៅ​ទីតាំង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្នុង​រដ្ឋសភា​នៅ​ថ្ងៃទី​២២ ខែ​សីហា នេះ​ទេ។ ការ​មិន​អនុញ្ញាត​នេះ លោក​ថា​មន្ត្រី​ដែល​រៀបចំ​មិន​បញ្ជាក់​មូលហេតុ​អ្វី​នោះ​ទេ បើ​ទោះបី​អ្នក​សារព័ត៌មាន VOA ព្យាយាម​សួរ​បញ្ជាក់​ពី​មូលហេតុ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី​ថា ជា​ញឹកញយ អ្នកស្រី​កត់សម្គាល់​ឃើញ​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​តូច តែ​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ចម្រុះ និង​ការពិត​ជូន​ពលរដ្ឋ ត្រូវ​បាន​ហាមឃាត់​មិន​អាច​ចូល​ទៅ​ស្ថាប័ន​ជាតិ ឬ​ព្រឹត្តិការណ៍​សំខាន់ៗ​ដើម្បី​រាយការណ៍​ព័ត៌មាន។

អ្នកស្រី​លើក​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ស្ថាប័ន​ទូរទស្សន៍ និង​អ្នក​សារព័ត៌មាន​ដទៃ​អាច​ទទួល​បាន​ការ​អនុញ្ញាត? ហេតុ​អ្វី​ស្ថាប័ន​ខ្លះ​មិន​ទទួល​បាន? តើ​ឈរ​លើ​មូលដ្ឋាន​អ្វី? បើ​គ្មាន​ហេតុផល​សម​ហេតុ និង​ស្រប​ច្បាប់​ទេ នោះ​ជា​ការ​ដៅ​មុខសញ្ញា និង​រើសអើង​ស្ថាប័ន​សារព័ត៌មាន ក៏ដូចជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំហ​សេរីភាព​សារព័ត៌មាន​យ៉ាង​ពិតប្រាកដ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ឬ​ហៅ​កាត់​ថា ខេមបូចា លោក ណុប វី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ សីហា នេះ​ថា ការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន VOA អាច​មាន​លទ្ធភាព​ចូល​យក​ព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​នេះ វា​គឺជា​ការ​បង្ហាញ​អំពី​ការ​រើសអើង​ស្ថាប័ន​ព័ត៌មាន ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ ឬ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ ទាំង​រដ្ឋាភិបាល​ក៏​មាន​តួនាទី​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែរ។

លោក​ចាត់ទុក​ការ​អនុវត្ត​របស់​សមត្ថកិច្ច​ដែល​ហាម​អ្នក​សារព័ត៌មាន​នោះ ថា​បាន​ប្រាសចាក​នូវ​អ្វី​ដែល​រដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​ចូលរួម​បង្កើត​ឲ្យ​មាន​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​កន្លងមក។

លោក ណុប វី អះអាង​ថា នៅ​ពេល​សមត្ថកិច្ច​ហាម​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​យក​ព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​នោះ វា​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ឡើយ ផ្ទុយ​មកវិញ វា​បង្ហាញ​ពី​រូបភាព​មិន​ល្អ និង​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​បន្ថែម​ទៀត។

លោក​ស្នើ​ទៅ​រដ្ឋាភិបាល និង​សមត្ថកិច្ច​ឲ្យ​ពិនិត្យ​មើល​អំពី​ផល​ប្រយោជន៍​ដែល​កើត​ចេញពី​ការ​ផ្ដល់​ព័ត៌មាន​របស់​អ្នក​សារព័ត៌មាន ជាជាង​ហាមឃាត់​ពួកគេ ពីព្រោះ​អ្នក​សារព័ត៌មាន​គ្មាន​អំណាច​អ្វី​ទៅ​បង្ខំ​ឲ្យ​អ្នក​ណា​ម្នាក់​ឲ្យ​ធ្វើ​តាម​ខ្លួន​ឡើយ។

ទោះជា​យ៉ាងណា​ក៏ដោយ សារព័ត៌មាន The Cambodia Daily មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង និង​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ បាន​ទេ​នៅ​ថ្ងៃទី​២២ សីហា នេះ។

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង រក​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​នៅ​ឆ្នាំ​២០២៣ នេះ ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២៣ ដែល​បាន​វាយតម្លៃ​ស្ថានភាព​សារព័ត៌មាន​ក្នុង ១៨០​ប្រទេស ចេញ​ផ្សាយ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​កាលពី​ថ្ងៃទី​៣ ខែ​ឧសភា នេះ បញ្ជាក់​ថា កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៤៧ លើ ១៨០​ប្រទេស​នៅ​ឆ្នាំ​២០២៣ ដែល​ថយ​ពី​លេខ​រៀង​ទី​១៤២ លើ ១៨០​ប្រទេស​កាលពី​ឆ្នាំ​មុន។ មាន​ន័យ​ថា កម្ពុជា​ថយ​ចុះ ១​ពិន្ទុ គឺ​បាន​តែ ៤២​ពិន្ទុ​នៅ​ឆ្នាំ​២០២៣ ធៀប​នឹង ៤៣​ពិន្ទុ​នៅ​ឆ្នាំ​២០២២។

ចាប់តាំងពី​ចុង​ឆ្នាំ​២០១៧ មក ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ត្រូវ​បាន​បិទ ខ្លះ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ម្ចាស់ ខណៈ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទប្រកាន់​អំឡុង​ពេល​នៃ​ការ​អនុវត្ត​ការងារ​របស់​ពួកគេ។

ជាក់ស្តែង កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ត្រូវ​បាន​លោក ហ៊ុន សែន បញ្ជា​ទៅ​ក្រសួង​ព័ត៌មាន​ឲ្យ​បិទ​ភ្លាមៗ ដោយ​ប្រើ​ពេល​មិន​ដល់ ២៤​ម៉ោង ស្រប​ពេល​ដែល​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ ទោះបីជា​មាន​ប្រតិកម្ម​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ក្ដី។

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ វីអូឌី ដែល​ជា​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​នៅ​ប្រទេស​កម្ពុជា​នេះ បន្ទាប់ពី​មាន​ការ​ចុះផ្សាយ​ថា «លោក ហ៊ុន ម៉ាណែត ដើរ​តួនាទី​ជំនួស​ឪពុក​ក្នុង​ការ​ផ្តល់​ជំនួយ​ឲ្យ​តួកគី»៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស