29 C
Phnom Penh

លោក បៃដិន បញ្ជូន​លិខិត​សាទរ​អ៊ុយក្រែន​រំលឹក​ខួប​ឯករាជ្យ​ជាតិ​ចំ​ពេល​ប្រទេស​ធ្លាក់​ក្នុង​សង្គ្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃដិន បញ្ជូន​លិខិត​ទៅ​ជូន​សមភាគី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ដែល​លោក បៃដិន ផ្ញើ​សារ​សាទរ​ប្រជាជន​អ៊ុយក្រែន​ដែល​បាន​ធ្វើ​ពលិកម្ម​ដើម្បី​សេរីភាព និង​អធិបតេយ្យភាព​របស់​ប្រទេស។

លិខិត​របស់​លោក បៃដិន ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​សេតវិមាន។ កាលពី​ថ្ងៃទី​២៤ សីហា ជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​អ៊ុយក្រែន។ ក្នុង​ព្រឹត្តិការណ៍​នេះ មេដឹកនាំ​ប្រទេស​អឺរ៉ុប មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ដោយ​ផ្ទាល់​នៅ​រដ្ឋធានី​គៀវ ជា​ទីក្រុង​ដែល​កំពុង​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី។

ប្រធានាធិបតី​លីទុយអានី ប្រទេស​ព័រទុយហ្គាល់ នាយករដ្ឋមន្ត្រី​ហ្វាំងឡង់ បាន​ទៅ​កាន់​រដ្ឋធានី​គៀវ។ ក្រៅ​ពី​នេះ មេដឹកនាំ​ជាច្រើន​បាន​បញ្ជូន​សារ ក្នុង​នោះ​មាន​លោក បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មួយ​ដែរ។

សារ​របស់​លោក បៃដិន បាន​បញ្ជាក់​ឡើងវិញ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​គាំទ្រ​បុព្វហេតុ​នៃ​ប្រជាជន​អ៊ុយក្រែន ដែល​កំពុង​តស៊ូ​ដោយ​ការ​ធ្វើ​ពលិកម្ម​ដើម្បី​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។

លោក បៃដិន សន្យា​ថា​នឹង​បន្ត​ជួយ​អ៊ុយក្រែន​រហូត​រំដោះ​បាន​វិញ​នូវ​សេរីភាព​របស់​ខ្លួន។

តាម​សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន លោក ហ្សេឡេនស្គី បាន​ភ្ជាប់​ទូរសព្ទ​ទៅ​លោក បៃដិន។ លោក ហ្សេឡេនស្គី បាន​ថ្លែង​អរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​លោក បៃដិន និង​ប្រជាជន​អាមេរិក ដែល​បាន​ជួយ​គាំទ្រ​ប្រជាជន​អ៊ុយក្រែន​ក្នុង​បុព្វហេតុ​នៃ​ការ​ប្រឆាំង​អ្នក​ឈ្លានពាន។

លោក ហ្សេឡេនស្គី បាន​ហៅ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ទាំង​ជំនួយ​សព្វាវុធ និង​ជំនួយ​ផ្សេងៗ បាន​នាំ​ឱ្យ​ប្រជាជន​អ៊ុយក្រែន​មាន​កម្លាំង​ចិត្ត​ធ្វើ​សង្គ្រាម​ការពារ​ទឹកដី និង​សេរីភាព​របស់​ខ្លួន។

ជាមួយ​គ្នា​នេះ លោក ហ្សេឡេនស្គី បាន​រំលឹក​លោក បៃដិន ដែល​បាន​សន្យា​ផ្ដល់​យន្តហោះ​ចម្បាំង F-16 ទៅ​ឱ្យ​អ៊ុយក្រែន ដែល​លោក​សង្ឃឹម​ថា កងទ័ព​អ៊ុយក្រែន​នឹង​បាន​ប្រើ​យន្តហោះ F-16 ដើម្បី​ការពារ​ដែនអាកាស​របស់​ខ្លួន។

លោក ហ្សេឡេនស្គី ក៏បាន​លើកឡើង​ផង​ដែរ​ការ​ដែល​សហរដ្ឋ​អាមេរិក​បើក​ភ្លើង​ខៀវ​ឱ្យ​ប្រទេស​ដាណឺម៉ាក និង​ហុឡង់ដ៍ បញ្ជូន​យន្តហោះ​ចម្បាំង F-16 ទៅ​ឱ្យ​អ៊ុយក្រែន។ លោក​សង្ឃឹម​ថា​អ៊ុយក្រែន​នឹង​ទទួល​បាន F-16 ពី​ប្រទេស​ទាំង​ពីរ​នេះ​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Politico សហរដ្ឋ​អាមេរិក​នឹង​ចាប់ផ្ដើម​ហ្វឹកហ្វឺន​អ្នក​បើកបរ​យន្តហោះ​ជនជាតិ​អ៊ុយក្រែន ឱ្យ​ចេះ​បើក​យន្តហោះ​ចម្បាំង F-16 ចាប់ពី​ខែ​តុលា ឆ្នាំ​២០២៣ នេះ។

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ថា ការ​ហ្វឹកហ្វឺន​នេះ​នឹង​ធ្វើ​ឡើង​នៅ​លើ​លំហ​អាកាស​នៃ​រដ្ឋ Arizona។

អ្នក​នាំពាក្យ​មន្ទីរ​ប៉ុងតាហ្គោន Pat Ryder បាន​ថ្លែង​ថា ការ​ហ្វឹកហាត់​អ្នក​បើកបរ​យន្តហោះ F-16 គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប ដែល​ចង់​បញ្ជូន F-16 ទៅ​ឱ្យ​អ៊ុយក្រែន។ តែ​បើ​តាម​មន្ត្រី​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន ប្រទេស​អ៊ុយក្រែន​ត្រូវការ​យន្តហោះ​ចម្បាំង​ពី​ពួក​បស្ចិម​ប្រទេស​យ៉ាងតិច ១២៨​គ្រឿង ព្រោះតែ​ពេលនេះ អ៊ុយក្រែន​នៅ​សល់​យន្តហោះ​ចម្បាំង​សម័យ​សហភាព​សូវៀត​តិចតួច​ប៉ុណ្ណោះ។

លោក ហ្សេឡេនស្គី ថ្លែង​ថា F-16 នឹង​ធ្វើ​ឱ្យ​អ៊ុយក្រែន​មាន​តុល្យភាព​សង្គ្រាម​អាកាស​ជាមួយ​នឹង​រុស្ស៊ី ដែល​លោក​ថា យន្តហោះ​ដែល​អ៊ុយក្រែន​មាន​ក្នុង​ដៃ គឺ Mig-29 ជា​យន្តហោះ​សម័យ​សហភាព​សូវៀត​ដែល​មិន​មាន​តុល្យភាព​នឹង​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​ជំនាន់​ក្រោយ​នេះ​ទេ មាន​ដូចជា Mig-31 និង Su-57។ យន្តហោះ​រុស្ស៊ី​ពីរ​ប្រភេទ​នេះ ត្រូវ​បាន​រុស្ស៊ី​ប្រើប្រាស់​យ៉ាង​សកម្ម​ក្នុង​សង្គ្រាម។

ជាមួយ​គ្នា​នេះ រុស្ស៊ី​ប្រើ​រហូត​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ Tu-160, Tu-142 និង T-90 ទៀត​ផង។ យន្តហោះ​បី​ប្រភេទ​នេះ​វា​អាច​ផ្ទុក​មីស៊ីល និង​មីស៊ីល​បំពាក់​ដោយ​គ្រាប់​នុយក្លេអ៊ែរ​ទៀត​ផង។

សហរដ្ឋ​អាមេរិក​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន ៥០ ដែល​ផ្ដល់​ជំនួយ​យោធា និង​ជំនួយ​ស៊ីវិល​ទៅ​ឱ្យ​អ៊ុយក្រែន។

សម្រាប់​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដែល​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន​ច្រើន​ជាងគេ គឺ​រាប់​ពាន់​លាន​ដុល្លារ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក ជំនួយ​យោធា​ជិត ៤៥​ពាន់​លាន​ដុល្លារ និង​ជំនួយ​ស៊ីវិល​ជាង ២០​ពាន់​លាន​ដុល្លារ​បាន​ធ្លាក់​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន​ហើយ។

សភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​ឱ្យ​រដ្ឋការ​លោក បៃដិន នូវ​សាច់ប្រាក់​សរុប ៩៥​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ២​ឆ្នាំ​ពី​រវាង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣។ ចំណែក​ជំនួយ​ស៊ីវិល​មាន​ស្បៀង មាន​ថ្នាំពេទ្យ រួម​នឹង​សាច់ប្រាក់​សុទ្ធ ដើម្បី​ជួយ​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី បើក​ប្រាក់ខែ​ឱ្យ​កងទ័ព និង​រដ្ឋការ​របស់​លោក។ ជំនួយ​យោធា គឺជា​សព្វាវុធ​ធុន​ធ្ងន់ និង​គ្រាប់កាំភ្លើង​ធំ គ្រាប់​មីស៊ីល រហូត​រថក្រោះ និង​រថពាសដែក​រាប់​រយ​គ្រឿង។

តាមរយៈ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត បាន​នាំ​ឱ្យ​អ៊ុយក្រែន​មាន​សមត្ថភាព​ទប់ទល់​បាន​សង្គ្រាម​ឈ្លានពាន​ពី​មហាអំណាច​យោធា​លំដាប់​ទី​២ ពិភពលោក គឺ​ប្រទេស​រុស្ស៊ី ដែល​មាន​ព្រំដែន​ជាប់​នឹង​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស