41.3 C
Phnom Penh

ឪពុក​នាយករដ្ឋមន្ត្រី​ប្រដៅ​កូន​ឱ្យ​ទុក​ចាស់ រើស​ថែម​ថ្មី ដើម្បី​ពង្រឹង​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ដែល​កំពុង​ក្តោប​ក្តាប់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ពិតប្រាកដ​លោក ហ៊ុន សែន រំឭក​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ដែល​លោក​លើក​បន្តុប​ឲ្យ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថា មេដឹកនាំ​ម្នាក់​ដែល​មិន​ចេះ​រក្សា​សមាជិក​ចាស់ និង​បង្កើន​សមាជិក​ថ្មី ច្បាស់​ជា​ប្រឈមមុខ​នឹង​ការ​រលំ​រលាយ​រដ្ឋាភិបាល​របស់​ខ្លួន​ជាមិនខាន​ឡើយ។

លោក ហ៊ុន សែន សរសេរ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ សីហា នេះ​ថា លោក​បាន​បង្ហោះ​វីដេអូ​មួយ​ដែល​លោក​បាន​លើកឡើង​ក្នុង​អង្គប្រជុំ​ដើម​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ដើម្បី​ជា​ការ​ក្រើន​រំលឹក​ដល់​មន្ត្រី​រដ្ឋាភិបាល​បន្ត​វេន​តាម​ស្ថាប័ន​នីមួយៗ ដោយ​សូម​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​លើ​ភាព​អគុណធម៌​របស់​ខ្លួន​សម្រាប់​ការ​រៀបចំ​មន្ត្រី​ក្នុង​អាណត្តិ​ថ្មី​ដែល​ពួកគេ​នឹង​ដឹកនាំ​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន លើកឡើង​ថា លោក​គាំទ្រ​ឱ្យ​មាន​ការ​កែទម្រង់ ប៉ុន្តែ​លោក​មិន​គាំទ្រ​ការ​កែទម្រង់​ណា​ដែល​ខ្វះ​ការ​ឲ្យ​តម្លៃ​មនុស្ស​ដែល​ខំ​ធ្វើការ​ក្នុង​រយៈពេល​កន្លងមក ដោយ​ការ​ដក​ចេញពី​តំណែង​ដោយ​គ្មាន​មូលហេតុ​នោះ​ទេ ព្រោះ​ថា​ដើម្បី​ជោគជ័យ​ក្នុង​ឆាក​ជីវិត​នយោបាយ ត្រូវតែ​រក្សា​សមាជិក​ចាស់ ហើយ​ត្រូវ​បង្កើន​សមាជិក​ថ្មី ទោះ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ដូច​ម្តេច​ក៏ដោយ។

លោក ហ៊ុន សែន ជា​អ្នក​ដក​មន្ត្រី​ចាស់ៗ​មុន​គេ។

កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​នៅ​តំបន់​ព្រៃស្ពឺ រាជធានី​ភ្នំពេញ នាយករដ្ឋមន្ត្រី​ថ្មី លោក ហ៊ុន ម៉ាណែត អះអាង​ថា គោលនយោបាយ​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​នៅ​បន្ត​លើ​គោលដៅ​ថែរក្សា​ឱ្យ​បាន​ដាច់ខាត​នូវ​សមិទ្ធផល​ចាស់​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​អស់​រយៈពេល ៤៤​ឆ្នាំ​កន្លងមក។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៣ អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លោក ហ្វីល រ៉ូបឺសុន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ថា លោក ហ៊ុន ម៉ាណែត មិន​អាច​ដឹកនាំ​រដ្ឋាភិបាល​ដែល​ឪពុក​របស់​គាត់​រៀបចំ​ឱ្យ​ងាក​ទៅ​រក​ការ​លើកស្ទួយ​សិទ្ធិមនុស្ស និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​របប​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​បាន​ទេ ព្រោះ​ការ​ដឹកនាំ​របស់​គាត់ គឺ​មាន​លោក ហ៊ុន សែន ជា​អ្នក​បង្គាប់​ចាត់ចែង​ពី​ក្រោយ​ខ្នង។

លោក Phil Robertson អះអាង​ថា លោក​គ្មាន​សង្ឃឹម​ថា​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត នឹង​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ជាង​ឪពុក​របស់​គាត់​ឡើយ ខណៈ​អ្នកទោស​មនសិការ​ដែល​ជា​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស និង​មេដឹកនាំ​បក្ស​ប្រឆាំង ជាដើម ដែល​កំពុង​រង​នូវ​ការ​ផ្ដន្ទាទោស​ទាំង​អយុត្តិធម៌​ក្នុង​ជំនាន់​លោក ហ៊ុន សែន ដឹកនាំ ក៏​នឹង​មិន​ទទួល​បាន​នូវ​យុត្តិធម៌ ឬ​សេរីភាព​ក្នុង​ជំនាន់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត នោះ​ដែរ។

ដំណាល​ពេល​គ្នា​នោះ​ដែរ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដោយសារតែ​ប្រទេស​កម្ពុជា​យក​គំរូ​បន្ត​វេន​តាម​ប្រទេស​ស៊ីរី គឺ​ឪពុក​ផ្ទេរ​អំណាច​ឲ្យ​ទៅ​កូន ដូច្នេះ​ទោះ​ជា​លោក ហ៊ុន ម៉ាណែត រៀនសូត្រ​ពី​សហរដ្ឋ​អាមេរិក​ក៏ដោយ ក៏​គាត់​មិន​អាច​ធ្វើ​អ្វី​កើត​ដែរ ក្រៅតែ​ពី​ដឹកនាំ​ក្រោម​ប្រព័ន្ធ​ដែល​ឪពុក​គាត់​បាន​រៀបចំ​ទុក​ឲ្យ​នោះ។

លោក សម រង្ស៊ី លើកឡើង​ថា ការ​ផ្ទេរ​អំណាច​បែប​នេះ នឹង​ជំរុញ​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្លាក់​ទៅ​ក្នុង​អំពើ​ដ៏​អាក្រក់ មិន​ខុស​ពី​កូនប្រុស​មេដឹកនាំ​ស៊ីរី លោក Bashar al-Assad ដែល​រៀនសូត្រ​ពី​ប្រទេស​អង់គ្លេស​ជា​វេជ្ជបណ្ឌិត​យោធា ហើយ​ទទួល​អំណាច​ពី​ឪពុក​ខ្លួនឯង​នោះ​ទេ ដែល​បាន​ជំរុញ​ឱ្យ​គាត់​ដឹកនាំ​ប្រទេស​ស៊ីរី ទៅ​រក​របប​ផ្ដាច់ការ និង​ពុករលួយ​សាហាវ​ជាង​ឪពុក​របស់​គាត់​ទៀត។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ សីហា នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន បែប​នេះ គឺជា​ការ​បង្ហាញ​ឥទ្ធិពល​មួយ​យ៉ាង​ខ្លាំង​ទៅ​លើ​រដ្ឋាភិបាល​ថ្មី​នេះ ដែល​គេ​អាច​សន្និដ្ឋាន​បាន​ថា រដ្ឋាភិបាល​ថ្មី​នេះ​នៅតែ​ស្ថិត​ក្រោម​អំណាច​បញ្ជា​របស់​លោក ហ៊ុន សែន ដដែល បើ​ទោះបីជា​គាត់​មិនមែន​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ទ្រឹស្ដី​រក្សា​សមាជិក​ចាស់ បង្កើន​សមាជិក​ថ្មី អាច​ប្រើ​បាន​ក្នុង​រង្វង់​គណបក្ស​នយោបាយ ប៉ុន្តែ​មិន​អាច​យក​ទៅ​អនុវត្ត​ក្នុង​ប្រព័ន្ធ​ដឹកនាំ​ក្នុង​រដ្ឋាភិបាល​ទេ ព្រោះ​ថា​ការ​ដឹកនាំ​ប្រទេស គឺ​ដើម្បី​រក​ប្រយោជន៍​ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ មិន​អាច​ប្រើ​ការ​ដឹកនាំ​បែប​នេះ​ក្នុង​រដ្ឋបាល​រដ្ឋ​ឡើយ ត្បិត​ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឱ្យ​ខាតបង់​ថវិកា​ជាតិ​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​ការ​ចងក្រង​សមាជិក​ខ្លួនឯង​ក្នុង​ជួរ​រដ្ឋាភិបាល​កាន់តែ​ច្រើន​ឡើងៗ ស្រប​ពេល​ដែល​ពួកគេ​ទទួល​ប្រាក់ខែ​ពី​ការ​បង់​ពន្ធ​របស់​ប្រជាពលរដ្ឋ​នោះ។ ក្នុង​ប្រទេស​ប្រជាធិបតេយ្យ គេ​ហៅថា​រដ្ឋាភិបាល​បង្ហិន​បង្ហោច​ជាតិ (government waste)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស