30 C
Phnom Penh

Freedom House៖ អំពើពុករលួយ​រីក​លូតលាស់​ខ្លាំង​ក្រោយ​ការ​កើន​ឡើង​នៃ​របប​ផ្ដាច់ការ​ទំនើប​២០​ឆ្នាំ​ចុង​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំមើល​សេរីភាព​ក្នុង​ពិភពលោក Freedom House លើកឡើង​ថា ក្នុង​រយៈពេល ២​ទសវត្សរ៍​ចុងក្រោយ​នេះ របប​ផ្ដាច់ការ​ទំនើប​បាន​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​មាន​ការ​រីក​លូតលាស់​អំពើពុករលួយ​កាន់តែ​ខ្លាំង​ដែល​កើត​ចេញពី​ការ​ប្រព្រឹត្ត​របស់​រដ្ឋាភិបាល​នៃ​របប​នេះ​ដោយ​ផ្ទាល់ ដើម្បី​កេង​ប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ជាតិ និង​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្លួនឯង។

Freedom House បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​ដែល​កំពុង​អនុវត្ត​របប​ផ្ដាច់ការ​សម័យ​ថ្មី​បាន​បំបិទ​សំឡេង​ក្រុម​ប្រឆាំង បំផ្លាញ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដើម្បី​ពង្រីក​អំណាច​របស់​ខ្លួន ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក៏​បាន​រីកសាយ​ភាយ​ដែរ​ក្នុង​រដ្ឋាភិបាល​នេះ ជាពិសេស​អំពើពុករលួយ​នេះ​កំពុង​ពង្រីក​ខ្លួន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​ដែល​មាន​យន្តការ​ប្រឆាំង​អំពើពុករលួយ​ទន់​ខ្សោយ។

ប្រភព​ដដែល​អះអាង​ថា មន្ត្រី​បរទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​តែង​កេង​ប្រវ័ញ្ច​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក តាមរយៈ​នៃ​ការ​លួច​យក​មូលនិធិ​នានា និង​តាមរយៈ​ទីផ្សារ​ដែល​ផ្តល់​ដោយ​សហរដ្ឋ​អាមេរិក និង​ពី​ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​របស់​រដ្ឋ​អាមេរិក​សព្វថ្ងៃ​នេះ។ ជាង​នេះ​ទៀត ដោយសារតែ​ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​នេះ​ហើយ បាន​ធ្វើ​ឱ្យ​មន្ត្រី​ពុករលួយ​បរទេស​ទាំងនោះ​ឈាន​ទៅ​ដល់​ការ​ប្រើ​វិធី​លាង​លុយ​កខ្វក់​គ្រប់​រូបភាព​ថែម​ទៀត។

អង្គការ​អន្តរជាតិ Freedom House បញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​អំពើពុករលួយ​នានា​ដែល​កើត​ចេញពី​រដ្ឋាភិបាល​ផ្ដាច់ការ​សម័យ​ទំនើប​បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​គួរតែ​បង្កើត​គោលនយោបាយ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មន្ត្រី​បរទេស​ពុករលួយ និង​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ឱ្យ​បាន​តឹងរ៉ឹង ដូចជា​ច្បាប់ Global Magnitsky Act។

ជាង​នេះ​ទៅ​ទៀត សហរដ្ឋ​អាមេរិក​ត្រូវតែ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្ដីពី​តម្លាភាព​សាជីវកម្ម (H.R. 2513) សេចក្តី​ព្រាងច្បាប់​ស្ដីពី​សាច់ប្រាក់​ខុស​ច្បាប់ (S. 2563) សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​ការពារ​ការ​ជំរិត​ទារប្រាក់​ពី​បរទេស (H.R. 4140) និង​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ​សកល (S.1309) ដើម្បី​ប្រឆាំង​នឹង​អំពើពុករលួយ ការ​លាង​លុយ​កខ្វក់ និង​ប្រឆាំង​ការ​ផ្ដល់​ហិរញ្ញប្បទាន​ភេរវកម្ម ជាដើម។

អង្គការ​អន្តរជាតិ​មួយ​នេះ​បញ្ជាក់​ថា ក្រៅពី​អនុម័ត​ច្បាប់​ខាងលើ និង​អនុវត្ត​ឱ្យ​បាន​ហ្មត់ចត់​នូវ​ច្បាប់​ដាក់​ទណ្ឌកម្ម​ដែល​មាន​ស្រាប់ អាមេរិក​ក៏​គួរតែ​តម្រូវ​ឱ្យ​ក្រសួង​ការបរទេស​របស់​ខ្លួន​បង្កើត​របាយការណ៍​សាធារណៈ​តាម​ប្រទេស​ដែល​មាន​ស្ថានទូត​របស់​ខ្លួន​ប្រចាំការ ដោយ​សង្ខេប​អំពី​វិសាលភាព​នៃ​អំពើពុករលួយ និង​ចាត់​ចំណាត់ថ្នាក់​ដោយ​ផ្អែក​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​ផង​ដែរ។

Freedom House អះអាង​ថា របាយការណ៍​នេះ​នឹង​បង្កើត​វិធានការ​តម្លាភាព និង​គណនេយ្យភាព​សម្រាប់​ក្រសួង​ការបរទេស ក្រសួង​ការពារ​ជាតិ និង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) លើ​ជំនួយ​នានា​របស់​រដ្ឋ​អាមេរិក​ដល់​ប្រទេស​ទាំងនោះ​ប្រកប​ដោយ​ប្រសិទ្ធភាព​ផង​ដែរ។

កម្ពុជា​នៅ​ពេលនេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ប្រទេស​ដែល​កំពុង​គ្រប់គ្រង​ដោយ​របប​ផ្ដាច់ការ​ក្រោម​ឈ្មោះ​ប្រជាធិបតេយ្យ ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ត្បិត​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​បាន​រៀបចំ និង​អនុវត្ត​ការ​ដឹកនាំ​ក្នុង​រង្វង់​គ្រួសារ​ពី​ឪពុក​ទៅ​កូន ក្រោម​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ ដើម្បី​ចងក្រង​សាច់ញាតិ​របស់​ខ្លួនឯង​ក្នុង​គោលបំណង​គ្រប់គ្រង​រដ្ឋបាល​របស់​ប្រទេស​ជាតិ​ទាំងមូល​ផ្ដាច់មុខ​ដែល​ជា​ហេតុ​នាំ​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ពេញ​ផ្ទៃ​ប្រទេស​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត។

ក្រោយ​ការ​ប្រកាស​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​សម្រាប់​អាណត្តិ​ទី​៧ កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ ត្រូវ​គេ​មើល​ឃើញ​ថា ការ​តែងតាំង​តួនាទី​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​កម្ពុជា​គឺ​ធ្វើ​ឡើង​តែ​ក្នុង​រង្វង់​សែស្រឡាយ​អ្នក​មាន​អំណាច​តែប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​តែងតាំង​សាច់ញាតិ​ខ្លួនឯង​ឱ្យ​ទៅ​កាន់​តំណែង​ខ្ពស់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​ដែល​ជា​ការ​បន្ត​វេន​កាន់​អំណាច​ពី​ឪពុក​ទៅ​កូន​នេះ គឺជា​សញ្ញា​នៃ​ការ​កើន​ឡើង​នៃ​អំពើពុករលួយ​ជា​ប្រព័ន្ធ ដែល​នឹង​កប់​ជ្រៅ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​របស់​ប្រទេស​កម្ពុជា​យ៉ាង​ស្ងាត់​កំបាំង ព្រោះ​ពួកគេ​បាន​សហការ​គ្នា​យ៉ាង​ស្អិតល្មួត ដោយសារតែ​អ្នក​ទាំងនោះ​គឺជា​សែស្រឡាយ​សាច់ញាតិ​របស់​ខ្លួន​ពី​លើ​ដល់​ក្រោម។

ចំណែក​អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ពលរដ្ឋ​ខ្មែរ​លោក ជុំ ឈាង បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​ដែល​ប្រកាន់​អំណាច​ផ្ដាច់ការ ឬ​កុម្មុយនីស្ត​និយម​តែង​កើត​មាន​អំពើពុករលួយ​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន។

កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​តាំងពី​ឆ្នាំ​២០១២ មក ក្នុង​នោះ​ឆ្នាំ​២០១៦ កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៥៦ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ជាប់​ចំណាត់ថ្នាក់​លេខ​១៦១ ខណៈ​ឆ្នាំ​២០១៩ ជាប់​លេខ​១៦២ ឆ្នាំ​២០២០ ជាប់​លេខ​១៦០ ឆ្នាំ​២០២១ ជាប់​ចំណាត់ថ្នាក់​លេខ​១៥៧ ខណៈ​ឆ្នាំ​២០២២ កន្លងទៅ​នេះ​ជាប់​ចំណាត់ថ្នាក់​លេខ​១៥០ ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​អាក្រក់ និង​ធ្ងន់ធ្ងរ​ខាង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស