30 C
Phnom Penh

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​តុលាការ​ខេត្ត​កោះកុង​សិក្សា​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​និង​ឧកញ៉ា ហេង ហ៊ុយ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សិទ្ធិមនុស្ស​ក្នុង​ស្រុក អំពាវនាវ​ឱ្យ​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កោះកុង សិក្សា​លើ​ករណី​វិវាទ​ដីធ្លី​ដែល​ពលរដ្ឋ​រងគ្រោះ​នូវ​ការ​ចោទ​ប្តឹង​ពី​ឧកញ៉ា ហេង ហ៊ុយ នៅ​ស្រុក​ស្រែអំបិល ឱ្យ​បាន​លម្អិត ដើម្បី​រក​ឱ្យ​ឃើញ​ការពិត និង​ឈាន​ទៅ​រក​ដំណោះស្រាយ​ដោយ​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ ជាជាង​ការ​ប្រើ​វិធានការ​ចោទ​ប្តឹង និង​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​រងគ្រោះ​ដូច​ពេល​កន្លងមក។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ កញ្ញា នេះ​ថា ជុំវិញ​ទំនាស់​ដីធ្លី​នៅ​ក្នុង​ខេត្ត​កោះកុង​ភាគច្រើន​មិន​ត្រូវ​បាន​អាជ្ញាធរ​ចាត់​វិធានការ​សិក្សា​ស្រាវជ្រាវ ដើម្បី​រក​ដំណោះស្រាយ​នោះ​ទេ គឺ​មាន​តែ​ប្រើ​ប្រព័ន្ធ​តុលាការ​ចោទ​ប្តឹង និង​ចាប់​ខ្លួន​ពលរដ្ឋ​រងគ្រោះ និង​សកម្មជន​ដីធ្លី ព្រមទាំង​តំណាង​សហគមន៍​រងគ្រោះ​ប៉ុណ្ណោះ នៅ​ពេល​ដែល​ពួកគេ​ធ្វើការ​តវ៉ា​ចំពោះ​ការ​រំលោភ​បំពាន​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា លី យ៉ុងផាត់ និង​ឧកញ៉ា ហេង ហ៊ុយ កន្លងមក។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ពិត​មែន​តែ​ជនរងគ្រោះ​ដែល​រង​នូវ​ការ​ចោទ​ប្តឹង និង​ចាប់​ឃុំ​ខ្លួន​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​តុលាការ និង​អាជ្ញាធរ​ពាក់ព័ន្ធ ក៏​មិន​គួរ​ទុក​បញ្ហា​នេះ​ឱ្យ​នៅ​រ៉ាំរ៉ៃ​រាប់​ឆ្នាំ​បែប​នេះ​ដែរ។

លោក​បន្ត​ថា គួរតែ​រក​ដំណោះស្រាយ​ពី​ការ​រំលោភ​បំពាន​កម្មសិទ្ធិ​ដីធ្លី​របស់​ពួកគាត់ ក្នុង​នោះ​បើ​រក​ឃើញ​ថា​ក្រុមហ៊ុន​ឯកជន​ណា​មួយ​បាន​រំលោភ​ដីធ្លី​ដែល​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ប្រាកដ​មែន តុលាការ​ត្រូវតែ​អនុវត្ត​វិធានការ​ច្បាប់​ដាក់​ទោស​ទណ្ឌ​ទៅ​ដល់​ម្ចាស់​ក្រុមហ៊ុន​ឯកជន​ទាំងនោះ ដើម្បី​ផ្តល់​យុត្តិធម៌​ទៅ​ដល់​ពលរដ្ឋ​រងគ្រោះ​វិញ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ចំណែក​ករណី​អ្នកស្រី អិន ធូ ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ “ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” និង​អ្នកស្រី ថាង ញ៉ឹង ព្រមទាំង​អ្នកស្រី សេង លីន ដែល​ត្រូវ​តុលាការ​ខេត្ត​កោះកុង ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ និង​ពិន័យ​ទឹកប្រាក់​ចំនួន ៤០​លាន​រៀល​កន្លងមក ក៏​តុលាការ​ខេត្ត​កោះកុង​គួរតែ​ពិនិត្យ​លើ​ករណី​នេះ​ឡើង​វិញ ដើម្បី​ទម្លាក់​ចោល​រាល់​បទ​ចោទ​នានា​លើ​ពួកគាត់​ដែរ មិន​គួរ​បន្ត​ទុក​ឱ្យ​ពួកគាត់​ស្ពាយ​ទោស​ទាំង​អយុត្តិធម៌​ជាប់​ខ្លួន​បែប​នេះ​ទៀត​នោះ​ទេ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ដើម្បី​ជំរុញ​ឱ្យ​តុលាការ​ខេត្ត​កោះកុង ពិនិត្យ​ឡើង​វិញ​លើ​សំណុំរឿង​របស់​តំណាង​សហគមន៍ ១៩៧​គ្រួសារ​ស្រុក​ស្រែអំបិល ដែល​រង​នូវ​ការ​ចោទប្រកាន់ និង​ផ្ដន្ទាទោស​ពី​បទ​ញុះញង់​ពី​សំណាក់​ឧកញ៉ា ហេង ហ៊ុយ កន្លងមក។

កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ប្រជា​សហគមន៍​ប្រមាណ ៥០​នាក់​មកពី​សហគមន៍ ១៩៧​គ្រួសារ ស្ថិត​ក្នុង​ភូមិ​តានី ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង ដើម្បី​ទាមទារ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​សកម្មជន​ដីធ្លី​អ្នកស្រី អិន ធូ ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ “ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ។

ក្រៅពី​ការ​ប្រមូលផ្ដុំ​ទាមទារ​ឱ្យ​តុលាការ​ខេត្ត​កោះកុង ទម្លាក់​ចោល​បទ​ចោទ​លើ​អ្នកស្រី អិន ធូ ហើយ ពួកគេ​ក៏​បាន​ទាមទារ​ឱ្យ​សាលាដំបូង​ខេត្ត​កោះកុង ទម្លាក់​ចោល​ការ​ចោទប្រកាន់​សកម្មជន​ដីធ្លី ២​នាក់​ផ្សេង​ទៀត​ដែរ គឺ​អ្នកស្រី ថាង ញ៉ឹង និង​អ្នកស្រី សេង លីន ដែល​ត្រូវ​តុលាការ​ខេត្ត​កោះកុង ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់ ៤០​លាន​រៀល​នា​ពេល​កន្លងមក​នោះ។

ការ​ចោទប្រកាន់​សកម្មជន​ដីធ្លី​ខាងលើ ធ្វើឡើង​បន្ទាប់ពី​ប្រជា​សហគមន៍​ជិត ២០០​គ្រួសារ (១៩៧​គ្រួសារ) ស្ថិត​ក្នុង​ភូមិ​តានី ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​រង​នូវ​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុងផាត់ និង​ឧកញ៉ា ហេង ហ៊ុយ លើ​ផ្ទៃដី​ជាង ១​ពាន់​ហិកតារ (១២០០​ហិកតារ) ក្រោម​រូបភាព​អភិវឌ្ឍ​ដំណាំ​អំពៅ​លើ​ដី​សហគមន៍​តាំងពី​អំឡុង​ឆ្នាំ​២០០៧ មក។

ក្រោយ​ដីធ្លី​របស់​ប្រជា​សហគមន៍​ទាំង ១៩៧​គ្រួសារ ត្រូវ​បាន​រំលោភ​បំពាន​ពី​សំណាក់​ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុងផាត់ និង​ឧកញ៉ា ហេង ហ៊ុយ ប្រជា​សហគមន៍​បាន​នាំគ្នា​តវ៉ា​ទាមទារ​រហូត​មក ប៉ុន្តែ​សកម្មភាព​តវ៉ា​របស់​ពួកគេ​ត្រូវ​តុលាការ​ខេត្ត​កោះកុង ចោទ​ថា​ជា​អំពើ​ខុស​ច្បាប់​ទៅវិញ ក្នុង​នោះ​ប្រជា​សហគមន៍​ជាច្រើន​នាក់​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់។

ជាក់ស្តែង កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣ តំណាង​សហគមន៍​ដីធ្លី​ខេត្ត​កោះកុង ចំនួន ១២​នាក់ បាន​នាំគ្នា​ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​សុំ​ការ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឱ្យ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​សកម្មជន​ដីធ្លី​ចំនួន ៣០​នាក់ ដូចជា​អ្នកស្រី ថាង ញ៉ឹង និង​អ្នកស្រី សេង លីន ជាដើម ដែល​តុលាការ​បាន​ចោទប្រកាន់​ពី​បទ​ផ្សេងៗ​កាលពី​កន្លង​ទៅ​នោះ។

ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​មិន​ទាំង​ទាន់​ទៅ​ដល់​ទីក្រុង​ភ្នំពេញ​ផង ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ និង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ រហូត​ឈាន​ដល់​ការ​ចោទប្រកាន់​មនុស្ស​ចំនួន ១០​នាក់​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» តែម្តង ក្នុង​នោះ​ក៏​មាន​ការ​ឃុំ​ខ្លួន​ក្មេង​តូច​ម្នាក់​ដែល​មាន​អាយុ ១​ឆ្នាំ ៣​ខែ​ផង​ដែរ ខណៈ​អ្នកស្រី អិន ធូ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ចំណោម​អ្នក​ទាំងនោះ ក៏​បាន​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ដែរ ប៉ុន្តែ​អ្នកស្រី​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ចេញ​របាយការណ៍​ស្ដីពី​ស្ថានភាព​វិវាទ​ដីធ្លី​នៅ​កម្ពុជា​កាលពី​អំឡុង​ឆ្នាំ​២០២២ ថា ជម្លោះ​ដីធ្លី​កាលពី​ឆ្នាំ​២០២១ មាន​ចំនួន​ជាង ១៦០​ករណី (១៦៩​ករណី) លើ​ផ្ទៃដី​ទំហំ​ជាង ៥​ម៉ឺន​ហិកតារ (៥២៦០១,៨៧​ហិកតារ) ហើយ​ជម្លោះ​ដីធ្លី​ទាំងនេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ជនរងគ្រោះ​ចំនួន​ជិត ២​ម៉ឺន​គ្រួសារ (១៧០៣៣​គ្រួសារ) ដែល​ស្មើ​នឹង​ជាង ៦​ម៉ឺន​នាក់ (៦១៤៦៩​នាក់) ខណៈ​មាន​ជនជាតិ​ដើម​ភាគតិច​ក៏​បាន​រង​នូវ​ផល​ប៉ះពាល់​ជាង ១​ពាន់​គ្រួសារ (១៣៤៧​គ្រួសារ) ផង​ដែរ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​ខាងលើ​បញ្ជាក់​ថា ករណី​ជម្លោះ​ដីធ្លី​ដែល​លេចធ្លោ​ជាងគេ គឺ​ការ​រំលោភ​យក​ដី​ដោយ​បុគ្គល​មាន​អំណាច​ចំនួន ៦៦​ករណី និង​បុគ្គល​អ្នក​មាន​ទ្រព្យសម្បត្តិ​ចំនួន ២៧​ករណី ដោយសារតែ​ករណី​ទាំងនេះ​នាំ​ឱ្យ​មាន​ការ​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ក្នុង​បំណង​បំបាក់​ស្មារតី​ម្ចាស់​ដី ដើម្បី​កុំ​ឱ្យ​ពួកគេ​ហ៊ាន​ប្រើ​សិទ្ធិ​ក្នុង​ការ​ទាមទារ​តវ៉ា​ស្វែងរក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​បន្ត​ទៀត។

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត់ និង​ឧកញ៉ា ហេង ហ៊ុយ បាន​កើត​ឡើង​តាំងពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ ខណៈ​ពលរដ្ឋ​នៅតែ​ធ្វើ​ការ​តវ៉ា និង​ទាមទារ​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​នៅឡើយ ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​ដោះស្រាយ​វិវាទ​នេះ​បាន​នៅឡើយ​ទេ។ ផ្ទុយទៅវិញ ពួកគេ​បែរ​ជា​ចោទ​ប្តឹង​ពលរដ្ឋ​រងគ្រោះ​ដែល​ទាមទារ​រក​យុត្តិធម៌​ទាំងនោះ ថា​កំពុង​បង្ក​ការ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស