30.8 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​បង្កើត​កង​អង្គរក្ស​ដើម្បី​ជា​កងកម្លាំង​ផ្ដាច់មុខ​របស់​នាយករដ្ឋមន្ត្រី​គឺជា​រឿង​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេស​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា បញ្ជាការដ្ឋាន​អង្គរក្ស បើ​ត្រូវ​បង្កើត​ឡើង​ដើម្បី​តែ​ការពារ​សុវត្ថិភាព​នាយករដ្ឋមន្ត្រី គឺជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​បើ​បញ្ជាការដ្ឋាន​អង្គរក្ស​នេះ​ក្លាយ​ទៅ​ជា​កងកម្លាំង​ប្រើប្រាស់​ផ្ទាល់ខ្លួន​ផ្ដាច់មុខ​របស់​នាយករដ្ឋមន្ត្រី​វិញ នោះ​វា​គឺជា​រឿង​គ្រោះថ្នាក់​បំផុត​សម្រាប់​កម្ពុជា។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កញ្ញា នេះ​ថា បញ្ជាការដ្ឋាន​អង្គរក្ស​កម្ពុជា​សព្វថ្ងៃ​នេះ​គឺ​ចំណុះ​ឲ្យ​បញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ដែល​មាន​ន័យ​ថា ពួកគេ​ត្រូវ​ទទួល​ប្រាក់បៀវត្ស​ប្រទេស​ជាតិ មិនមែន​ទទួល​បៀវត្ស​ពី​បុគ្គល​ណា​ទេ។

លោក​បន្ថែម​ថា កន្លងមក​គេ​មើល​ឃើញ​ថា ពិត​មែន​តែ​ពួកគេ​ទទួល​ប្រាក់​បៀវត្ស​ពី​ប្រទេស​ជាតិ ប៉ុន្តែ​ពួកគេ​បែរ​ជា​ទទួល​បទបញ្ជា​តែ​ពី​បុគ្គល​មាន​អំណាច​ទៅវិញ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា បញ្ជាការដ្ឋាន​អង្គរក្ស​ពិត​មែន​តែ​មាន​តួនាទី​ការពារ​នាយករដ្ឋមន្ត្រី និង​ក្រុម​គ្រួសារ​របស់​នាយករដ្ឋមន្ត្រី ប៉ុន្តែ​បើ​នាយករដ្ឋមន្ត្រី​ប្រើប្រាស់​បញ្ជាការដ្ឋាន​មួយ​នេះ​ទៅ​ការពារ​រហូត​ដល់​ពូជ​អម្បូរ​របស់​ខ្លួន​នោះ គឺជា​រឿង​ប្រាសចាក​ពី​តួនាទី​របស់​ទីបញ្ជាការដ្ឋាន​នេះ​ទាំងស្រុង។

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ជា​ការពិត​ដែល​ត្រូវ​មាន​បញ្ជាការដ្ឋាន​អង្គរក្ស​ដើម្បី​ការពារ​មេដឹកនាំ​ប្រទេស ប៉ុន្តែ​បើ​ចេះ​តែ​បញ្ចូល​កងកម្លាំង​អង្គរក្ស​ស្រេច​តែ​នឹង​ចិត្ត​នាយករដ្ឋមន្ត្រី ដោយ​គ្មាន​ការ​កំណត់​តាម​ផ្លូវ​ច្បាប់​ច្បាស់លាស់ វា​នឹង​បង្ក​ហានិភ័យ​សម្រាប់​ស្ថិរភាព​របស់​ប្រទេស​ជាតិ​ទៅវិញ​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេ​បញ្ជាការដ្ឋាន​អង្គរក្ស​លោក ហ៊ីង ប៊ុនហៀង បាន​លើកឡើង​ពី​តួនាទី​របស់​បញ្ជាការដ្ឋាន​អង្គរក្ស​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៣ មេ​បញ្ជាការដ្ឋាន​អង្គរក្ស​លោក ហ៊ីង ប៊ុនហៀង បាន​លើកឡើង​ថា បញ្ជាការដ្ឋាន​អង្គរក្ស​បង្កើត​ឡើង​សំដៅ​ធានា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ ការពារ​តាម​ព្រំដែន ការពារ​ភ្ញៀវ​ជាតិ-អន្តរជាតិ​ដែល​បំពេញ​បេសកកម្ម​នៅ​កម្ពុជា។ ជាង​នេះ​ទៀត ក៏​ដើម្បី​ការពារ​ឥស្សរជន​កំពូល ក្រុម​គ្រួសារ​លោក ហ៊ុន សែន ជាពិសេស​ផង​ដែរ។

លោក ហ៊ីង ប៊ុនហៀង បញ្ជាក់​ថា បញ្ជាការដ្ឋាន​អង្គរក្ស​បង្កើត​ឡើង​មិន​មែន​ដើម្បី​តែ​ការពារ​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​ដូច​អ្វី​ដែល​ក្រុម​ប្រឆាំង​ចោទប្រកាន់​នោះ​ទេ ត្បិត​បញ្ជាការដ្ឋាន​អង្គរក្ស​ស្ថិត​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ក្រសួង​ការពារ​ជាតិ។

បញ្ជាការដ្ឋាន​កង​អង្គរក្ស​ដែល​ជា​អតីត​កងកម្លាំង​យោធា​ក្រុង​ភ្នំពេញ​លេខ​២៤៦ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០០៩ បន្ទាប់ពី​លោក ហ៊ុន សែន ព្យាយាម​កសាង​កម្លាំង​មួយ​នេះ​ទុក​សម្រាប់​ការពារ​ខ្លួន និង​ក្រុម​គ្រួសារ​របស់​លោក​ផ្ដាច់មុខ​ចាប់តាំងពី​ឆ្នាំ​១៩៩០ មក។

ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៤ នៃ​ថ្ងៃ​ប្រកាស​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន គឺ​លោក នេត សាវឿន ដែល​កំពុង​ជំនួស​តំណែង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី បាន​ចាត់ទុក​បញ្ជាការដ្ឋាន​អង្គរក្ស គឺជា​កម្លាំង​ពហុ​វិស័យ និង​ជា​កម្លាំង​ចល័ត​អន្តរាគមន៍​ពិសេស​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​ការពារ​ជាតិ និង​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ជាពិសេស​គឺ​ការ​អនុវត្ត​នូវ​បទបញ្ជា​របស់​លោក ហ៊ុន សែន និង​បញ្ជា​របស់​អ្នកស្រី ប៊ុន រ៉ានី តែម្តង។

ទាក់ទិន​នឹង​បញ្ហា​នេះ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ធ្លាប់​បាន​លើកឡើង​ថា ការ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​មិនមែន​បម្រើ​ប្រយោជន៍​ជាតិ​ទេ តែ​ដើម្បី​ការពារ​អំណាច​ត្រកូល ហ៊ុន និង​ជា​ក្រុម​មនុស្ស​ដៃ​ឆៅ ដែល​ហ៊ាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​គ្រប់​បែប​យ៉ាង​តាម​បញ្ជា​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា ក្នុង​ចំណោម​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច មាន​តែ​លោក ហ៊ុន សែន ម្នាក់​ប៉ុណ្ណោះ​ដែល​ក្តោប​ក្តាប់​បញ្ជាការដ្ឋាន​អង្គរក្ស ក្រោម​លេស​ដើម្បី​ការពារ​ជាតិ ប៉ុន្តែ​តាម​ការពិត គឺ​ដើម្បី​អនុវត្ត​ផែនការ​ប្លន់​អំណាច​ប៉ុណ្ណោះ ព្រោះ​ថា​គាត់​មិន​អាច​ដាក់​ផែនការ​ឧក្រិដ្ឋកម្ម​សម្ងាត់​ឱ្យ​កងកម្លាំង​ផ្សេង​អនុវត្ត​ដែល​មិន​ស្ថិត​ក្រោម​ការ​បញ្ជា​មនុស្ស​ជំនិត​របស់​គាត់ ដូចជា​លោក ហ៊ីង ប៊ុនហៀង នោះ​ទេ។

មន្ត្រី​ក្នុង​ជួរ​កង​អង្គរក្ស​ម្នាក់​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ជ្រើសរើស​ក្រុម​អង្គរក្ស​គឺ​ធ្វើឡើង​តាម​សែស្រឡាយ​ដែល​គេ​ទុកចិត្ត​ប៉ុណ្ណោះ ហើយ​ក្នុង​នោះ គេ​តម្រូវ​ឱ្យ​បង់​លុយ​ក្នុង​ទំហំ​ច្រើន​ដោយ​គ្មាន​ការ​កំណត់​ជាក់លាក់ ជា​ថ្នូរ​នឹង​ការ​ជាប់​ឈ្មោះ​ដើម្បី​ចូល​ជា​ក្រុម​អង្គរក្ស​ក្នុង​បញ្ជាការដ្ឋាន​អង្គរក្ស​នោះ។

ប្រភព​ដដែល​អះអាង​ថា នៅ​ពេល​ដែល​បាន​ជាប់​ឈ្មោះ​ចូល​ទៅ​ក្នុង​បញ្ជាការដ្ឋាន​អង្គរក្ស​ហើយ គេ​តម្រូវ​ឱ្យ​អ្នក​ជាប់​ថ្មី​ទាំងនោះ​ហ្វឹកហាត់​ដូច​ទាហាន​ដូច្នោះ​ដែរ ប៉ុន្តែ​មាន​ការ​រឹត​បន្តឹង និង​ការ​គាប​សង្កត់ បិទ​សិទ្ធិ​សេរីភាព​ខ្លាំង​ជាង​ទាហាន​រាប់​សិប​ដង និង​ប្រើ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ផ្សេងៗ ដូចជា​នៅ​ពេល​ដែល​មេបញ្ជាការ​ហៅ​មិន​ឮ គឺ​ត្រូវ​ទទួល​ទារុណកម្ម​ដោយ​ការ​ទះ​កំភ្លៀង​ជាច្រើន​ដៃ ឬ​ត្រូវ​ដេក​ហាល​ថ្ងៃ​រាប់​ម៉ោង ជាដើម។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​បញ្ជាការដ្ឋាន​អង្គរក្ស​ទាំងមូល​ត្រូវ​គេ​បញ្ជា​ឱ្យ​ស្តាប់​បញ្ជា និង​ការពារ​តែ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន តែ​មួយ​ប៉ុណ្ណោះ ហើយ​ជា​រៀងរាល់​ថ្ងៃ ពួកគេ​តែង​តម្រូវ​ឱ្យ​ច្រៀង​ចម្រៀង​ដែល​មាន​ខ្លឹមសារ​លើក​តម្កើង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន និង​ខ្លឹមសារ​ប្តូរផ្តាច់​ការពារ​ត្រកូល​ហ៊ុន​ជា​ប្រចាំ ដូចជា​ពាក្យ​ថា «ត្រូវ​ប្តូរផ្តាច់​ការពារ​សម្តេច និង​ក្រុម​គ្រួសារ ព្រមទាំង​បុត្រាបុត្រី ជាដើម»។

មេ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង នៅ​ពេលនេះ​កំពុង​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​សហរដ្ឋ​អាមេរិក ដោយសារតែ​គេ​រក​ឃើញ​ថា លោក ហ៊ីង ប៊ុនហៀង រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដូចជា​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​វាយដំ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​ឆ្នាំ​២០១៥ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​តវ៉ា និង​សកម្មជន​បក្ស​ប្រឆាំង និង​ការ​បោក​គ្រាប់បែក​លើ​អ្នក​តវ៉ា​ដោយ​អហិង្សា ដែល​បាន​ធ្វើ​ឲ្យ​ស្លាប់ និង​របួស​មនុស្ស​ជាច្រើន​នាក់​កាលពី​ឆ្នាំ​១៩៩៧ កន្លងទៅ​ផង​ដែរ។

កង​អង្គរក្ស​ដែល​មាន​តួនាទី​ការពារ និង​អនុវត្ត​តាម​បទបញ្ជា​លោក ហ៊ុន សែន ត្រូវ​គេ​ដឹង​ថា​មក​ទល់​នឹង​ពេលនេះ​មាន​ចំនួន​ដល់​ទៅ​រាប់​ពាន់​នាក់​ឯណោះ ហើយ​ពួកគេ​មាន​តួនាទី​តែ​មួយ​គត់ គឺ​ការពារ​ពូជ​អម្បូរ​លោក ហ៊ុន សែន ទាំងអស់ ដែល​បង្ក​ការ​ភ័យ​ព្រួយ​ដល់​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស