31 C
Phnom Penh

ICJ ចាប់ផ្ដើម​ជំនុំជម្រះ​ក្ដី​សំណុំរឿង​ប្រល័យ​ពូជសាសន៍​ប្រឆាំង​របប​ដឹកនាំ​របស់​លោក ពូទីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ការ​ចុះផ្សាយ​មួយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាន​ឱ្យ​ដឹង​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ចាប់ផ្ដើម​បើក​សំណុំរឿង​ប្រឆាំង​របប​នៅ​ក្រុង​មូស្គូ ដោយ​ការ​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​ករណី​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ជាតិ​សាសន៍​អ៊ុយក្រែន។

តាម​ប្រភព​ដដែល​នេះ តុលាការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ បាន​បើក​សវនាការ​ចាប់​តាំងពី​នៅ​ថ្ងៃ​ចន្ទ ទី​១៨ កញ្ញា នេះ ដោយ​មាន​ចៅក្រម​ទាំង ១៥​រូប​នឹង​ស្តាប់​អំណះអំណាង​របស់​ភាគី​រុស្ស៊ី។

ជាមួយ​គ្នា​នេះ នៅ​ថ្ងៃទី​១៩ គឺ​ដល់​វេន​ដើមចោទ គឺ​ភាគី​អ៊ុយក្រែន ដែល​នឹង​ត្រូវ​ឡើង​មក​ការពារ​បណ្ដឹង​របស់​ខ្លួន​ដែល​ប្ដឹង​រុស្ស៊ី។ បន្ថែម​ពី​នេះ នៅ​ថ្ងៃ​ពុធ ទី​២០ កញ្ញា ចៅក្រម​ទាំង ១៥​រូប​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដដែល​នេះ នឹង​ស្តាប់​អំណះអំណាង​របស់​តំណាង​ប្រទេស​ចំនួន ៣២​ប្រទេស ដែល​នឹង​មក​ផ្តល់​សក្ខីកម្ម​ការពារ​អ៊ុយក្រែន ដែល​ជា​ប្រទេស​រងគ្រោះ​ដោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី ហើយ​ប្រទេស​ទាំងនេះ​ក៏​ជា​ដើម​បណ្ដឹង​ផង​ដែរ។

ក្នុង​ចំណោម ៣២​ប្រទេស មាន Germany, Austria, Slovakia, សាធារណរដ្ឋ​ឆេក, Belgium, Estonia, Finland, Ireland, Austria, Luxembourg, Sweden, Bulgaria, Canada, និង Australia។

តាម​ការ​ចុះផ្សាយ​របស់​ប្រភព​ព័ត៌មាន BBC សវនាការ​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​២៧ កញ្ញា មុន​នឹង​ចៅក្រម​សម្រេច​សេចក្តី​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ មាន​អំណាច​យុត្តាធិការ ឬ​ក៏​គ្មាន ដើម្បី​ជំនុំជម្រះ​លើ​ពាក្យបណ្ដឹង​របស់​អ៊ុយក្រែន និង​ប្រទេស​៣២ ដែល​ជា​អ្នក​ផ្ដល់​សក្ខីកម្ម​ប្រឆាំង​រុស្ស៊ី។

តែ​គេ​អាច​គិត​ថា សេចក្តី​សម្រេច​របស់ ICJ អាច​នឹង​ត្រូវ​ការ​ពេល​ច្រើន​ខែ​បន្ថែម​ទៀត។ ជាមួយ​គ្នា​នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ​មួយ​នេះ​ត្រូវ​ជំនុំជម្រះ​លើ​សំណុំរឿង​ផ្សេង​ទៀត ដូចជា​សំណុំរឿង​ដែល​អ៊ុយក្រែន​ចោទ​រុស្ស៊ី​ថា​បាន​ផ្គត់ផ្គង់​ថវិកា និង​អាវុធ​ដល់​ក្រុម​បំបែក​ទឹកដី​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ដោយ​បំពាន​ទៅ​នឹង​សន្ធិសញ្ញា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។

អំពើ​ប្រល័យ​ពូជសាសន៍ គឺជា​ការ​បំពាន​អនុសញ្ញា​អន្តរជាតិ​ក្រុង​វិយេន ១៩៤៨ ដែល​ជា​ដែន​យុត្តាធិការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។

ការពិត​ដែល​ឈាន​ទៅ​ដល់​តុលាការ ICJ សម្រេច​បើក​សំណុំរឿង​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​របប​នៅ​ក្រុង​មូស្គូ ដឹកនាំ​ដោយ​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន ព្រោះ​ក្រុង​មូស្គូ បាន​ចោទ​រដ្ឋាភិបាល​អ៊ុយក្រែន បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី ដែល​រស់នៅ​តំបន់​ដុនបាស ភាគ​ខាងកើត​អ៊ុយក្រែន។

មុន​សង្គ្រាម​ផ្ទុះឡើង​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក ពូទីន លើក​ហេតុផល​ថា ដោយសារ​តែ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​នេះ​ហើយ ទើប​រុស្ស៊ី​បង្ខំ​ចិត្ត​បើក​ប្រតិបត្តិការ​ពិសេស​នៅ​អ៊ុយក្រែន ក្នុង​គោលដៅ​ដើម្បី​ជួយ​រំដោះ​ប្រជាជន​ដែល​រងគ្រោះ​នៅ​ក្នុង​តំបន់​ដុនបាស។

តែ​យ៉ាងណា អ៊ុយក្រែន​ដែល​គេ​ថា​មាន​ភាព​វៃឆ្លាត បាន​សម្រេច​ដាក់​ពាក្យ​ប្ដឹង​ប្រឆាំង​រុស្ស៊ី​ជា​ផ្លូវការ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដោយ​បាន​លើកឡើង​ថា ការ​ចោទ​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន ថា​បាន​បង្កើត​ឱ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​នោះ គឺ​វា​ជា​ការ​ចោទប្រកាន់​ដែល​គ្មាន​ភស្តុតាង គ្មាន​មូលដ្ឋាន​ច្បាប់​ឡើយ។

ភាគី​អ៊ុយក្រែន ចោទ​បក​វិញ​ថា រុស្ស៊ី​ព្យាយាម​បង្កើត​ផ្លូវ​មួយ​ដើម្បី​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។ រដ្ឋាភិបាល​អ៊ុយក្រែន បាន​ទាមទារ​ឱ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ពិនិត្យ​ឡើង​វិញ​ករណី​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ដែល​ជា​ការ​បំពាន​អនុសញ្ញា​អន្តរជាតិ​ក្រុង​វិយេន ១៩៤៨។

ទោះជា​យ៉ាង​នេះ​ក្ដី តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ​បាន​ចេញ​ដីកា​របស់​ខ្លួន ដោយ​បាន​បញ្ជា​ឲ្យ​ភាគី​រុស្ស៊ី​ត្រូវតែ​បញ្ឈប់​សង្គ្រាម​ជាបន្ទាន់ ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ ការ​សម្រេច​សេចក្ដី​នៅ​ខែ​មីនា ឆ្នាំ​២០២២ ដោយ​ចៅក្រម ៩​រូប លើកឡើង​ថា ប្រតិបត្តិការ​កងទ័ព​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី អាច​នឹង​ប៉ះពាល់​ដល់​អាយុជីវិត​ជន​ស្លូតត្រង់​អ៊ុយក្រែន និង​បង្ក​វិនាសកម្ម​យ៉ាង​ខ្លាំង។

ទោះជា​យ៉ាងណាក្ដី រុស្ស៊ី​ដែល​មិន​បាន​បញ្ជូន​អ្នក​ច្បាប់​ទៅ​ការពារ​រឿងក្ដី​របស់​ខ្លួន ក៏​មិន​បាន​ស្ដាប់​បង្គាប់​របស់​តុលាការ​អន្តរជាតិ​នេះ​ដែរ។

ជា​ព្រឹត្តិការណ៍​គួរ​ភ្ញាក់ផ្អើល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ នៅ​ក្រោម​ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ បាន​បើក​សវនាការ​ប្រឆាំង​របប​នៅ​ក្រុង​មូស្គូ ករណី​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ប្រជាជន​អ៊ុយក្រែន ធ្វើឡើង​ចំ​ពេល​មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​ពិភពលោក​នេះ​ក៏​ចាប់ផ្ដើម​បើក​សម័យប្រជុំ​របស់​ខ្លួន។

លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន ដែល​មាន​វត្តមាន​ជា​លើកដំបូង​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក ត្រូវ​គេ​រំពឹង​ថា លោក​នឹង​លើកឡើង​អំពី​រុស្ស៊ី​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន និង​ករណី​សំណុំរឿង​ប្រល័យ​ពូជសាសន៍​ដែល​អ៊ុយក្រែន ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។

សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន មក​ដល់​ពេលនេះ​ឈាន​ចូល​ដល់​ខែ​ទី​១៩ ហើយ។ គេ​រំពឹង​ថា មេដឹកនាំ​នៃ​ប្រទេស​ដែល​ប្រតិកម្ម​នឹង​រុស្ស៊ី​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន នឹង​លើកឡើង​អំពី​សោកនាដកម្ម​របស់​ប្រជាជន​អ៊ុយក្រែន ដែល​ជា​ជន​រងគ្រោះ​នៃ​សង្គ្រាម។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន ក៏​ត្រូវ​គេ​រំពឹង​ថា លោក​ថ្លែង​អំពី​ស្ថានភាព​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ទាមទារ​ឱ្យ​មាន​ការ​ថ្កោលទោស​រុស្ស៊ី និង​ប្រទេស​ណា​ដែល​នៅ​បន្ត​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​ជួយ​ផ្ដល់​អាវុធ​ទៅ​ឱ្យ​រុស្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស