29 C
Phnom Penh

លោក បៃដិន និង​លោក ហ្សេឡេនស្គី ទទូច​ដល់​មេដឹកនាំ​នៅ​ឯ​មហាសន្និបាត UN រួម​គ្នា​ប្រឆាំង​រុស្ស៊ី​​ដែល​ឈ្លានពាន​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៨ ចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​អង្គារ ទី​១៩ ខែ​កញ្ញា នៅ​ទីក្រុង​ញូវយ៉ក។ មហាសន្និបាត​នេះ​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៦ កញ្ញា។

បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​នៃ​សារព័ត៌មាន​បារាំង AFP ឲ្យ​ដឹង​ថា មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​២០២៣ នេះ មាន​ការ​ចូលរួម​ពី​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ចំនួន ១៤៥​ប្រទេស​ដែល​មក​ចូលរួម​ផ្ទាល់ ហើយ​ក្រៅពី​នេះ ប្រទេស​ខ្លះ​បញ្ជូន​អ្នក​តំណាង​របស់​ខ្លួន ដូចជា​រដ្ឋមន្ត្រី​ការបរទេស អនុ​ប្រធានាធិបតី ឬ​ឧបនាយករដ្ឋមន្ត្រី។

តែ​ជា​ការ​កត់សម្គាល់​របស់​អ្នក​សង្កេតការណ៍ និង​អ្នកវិភាគ គេ​សង្កេត​ឃើញ​វត្តមាន​ចូលរួម​ផ្ទាល់​ជា​លើក​ទី​១ របស់​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ដែល​គេ​ហៅថា​ជា​វីរជន​សង្គ្រាម។

ដោយសារតែ​ប្រទេស​អ៊ុយក្រែន ធ្លាក់​ក្នុង​សង្គ្រាម គេ​សង្កេត​ឃើញ​វត្តមាន​របស់​ប្រធានាធិបតី​អ៊ុយក្រែន និង​សុន្ទរកថា​របស់​លោក​បាន​ទាក់ទាញ​ខ្លាំង​ជាងគេ គឺ​ដូច​សុន្ទរកថា​របស់​លោក បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែរ។

សេចក្ដី​ថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​ផ្ដោត​តែ​ទៅ​លើ​ប្រទេស​រុស្ស៊ី​ធ្វើ​សង្គ្រាម​ឈ្លានពាន​មក​លើ​ប្រទេស​របស់​លោក។

នៅក្នុង​រយៈពេល​ជាង ១៥​នាទី លោក ហ្សេឡេនស្គី បាន​រៀបរាប់​អំពី​វិនាសកម្ម​នៃ​សង្គ្រាម​របស់​ប្រទេស​រុស្ស៊ី​មក​លើ​ប្រទេស​របស់​លោក ប៉ុន្តែ​លោក​បាន​ព្រមាន​ថា នៅ​ពេលនេះ​ពិភពលោក​កំពុង​ដើរ​លើ​វិថី​ទៅ​រក​សង្គ្រាម​នុយក្លេអ៊ែរ បើ​បណ្ដោយ​ឱ្យ​រុស្ស៊ី​ដែល​លោក​ហៅថា​ជា​រដ្ឋ​ភេរវកម្ម​នៅ​មាន​សិទ្ធិ​គ្រប់គ្រង​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ។ សម្រាប់​អ៊ុយក្រែន លោក​ថា​បាន​បោះបង់​ចោល​ហើយ​អាវុធ​ប្រល័យ​លោក​នេះ។ តែ​លោក​ថា ជា​អកុសល អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ុយក្រែន បែរ​ជា​ធ្លាក់​ក្នុង​ដៃ​នៃ​ប្រទេស​ឈ្លានពាន​ប្រទេស​របស់​លោក​ទៅវិញ។

លោក ហ្សេឡេនស្គី ទទូច​ថា វា​នឹង​គ្រោះថ្នាក់ ហើយ​សង្គ្រាម​លោក​ជា​ថ្មី បើ​ផ្ទុះ​ឡើង គឺជា​សង្គ្រាម​នុយក្លេអ៊ែរ។ លោក​ទទូច​ឱ្យ​មេដឹកនាំ​ពិភពលោក​ទាំងអស់​ដែល​កំពុង​ជួបជុំ​គ្នា​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ត្រូវ​រួបរួម​គ្នា​ប្រឆាំង​នឹង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ហើយ​ថា​រុស្ស៊ី ត្រូវតែ​បញ្ឈប់​សង្គ្រាម​មួយ​នេះ ទើប​ពិភពលោក​អាច​ផ្ដោត​ការ​ដោះស្រាយ​លើ​បញ្ហា​នានា​ដែល​ពិភពលោក​កំពុង​ប្រឈម។

សេចក្ដី​ថ្លែងការណ៍​របស់​លោក ហ្សេឡេនស្គី បាន​សង្កត់​ធ្ងន់​ថា អ៊ុយក្រែន​កំពុង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ធានា​ឱ្យ​បាន​ថា នៅ​បន្ទាប់ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី វា​នឹង​មិន​មាន​ប្រទេស​ណា​មួយ​ផ្សេង​នៅ​លើ​ពិភពលោក​ហ៊ាន​វាយប្រហារ​លើ​ប្រទេស​ដទៃ​ទៀត​នោះ​ទេ។ ដូច្នេះ យើង​ត្រូវតែ​បញ្ឈប់​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ហើយ​ត្រូវតែ​រួម​គ្នា​ធ្វើ​សកម្មភាព​ដើម្បី​បំបាក់​ជន​ឈ្លានពាន ដើម្បី​ងាក​ទៅ​ផ្ដោត​អារម្មណ៍​លើ​សមត្ថភាព និង​ថាមពល​ផ្សេងៗ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​ពិភពលោក​កំពុង​ឆ្លងកាត់ ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ ជាដើម។

នៅ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ លោក ហ្សេឡេនស្គី ទទួល​បាន​ការ​អបអរ​សាទរ​យ៉ាង​ខ្លាំង​នៅ​ពេល​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ឯ​មហាសន្និបាត UN ក្នុង​ទីក្រុង​ញូវយ៉ក ដែល​ជា​ការ​បង្ហាញ​ខ្លួន​ដោយ​ផ្ទាល់​ជា​លើកដំបូង​ចាប់តាំងពី​រុស្ស៊ី ឈ្លានពាន​ប្រទេស​របស់​លោក​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ មក។

វត្តមាន​របស់​លោក ហ្សេឡេនស្គី នៅ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក លើ​ដែនដី​សហរដ្ឋ​អាមេរិក ចំ​ពេល​ដែល​កងទ័ព​របស់​លោក​កំពុង​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ជាមួយ​កងទ័ព​រុស្ស៊ី​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​ប្រទេស​អ៊ុយក្រែន ដែល​ជា​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​មហាអំណាច​រុស្ស៊ី ដែល​វា​បាន​ឈាន​ចូល​ដល់​ខែ​ទី​១៩ ហើយ។

ចំណែកឯ​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​បាន​ឡើង​ថ្លែង​មុន​លោក ហ្សេឡេនស្គី គឺ​មេដឹកនាំ​ប្រទេស​មហាអំណាច​ទី​១ នេះ បាន​ថ្លែង​ទទូច​ទៅ​មេដឹកនាំ​ប្រទេស​ដែល​មាន​វត្តមាន​នៅ​ឯ​មហាសន្និបាត​នេះ រួម​គ្នា​ឈរ​ជាមួយ​ប្រជាជន​អ៊ុយក្រែន​ប្រឆាំង​អ្នក​ឈ្លានពាន។ លោក​បាន​ទាមទារ​ថា រុស្ស៊ី​ត្រូវតែ​បញ្ចប់​សង្គ្រាម​ជាបន្ទាន់។

តាម​សេចក្ដី​ថ្លែងការណ៍​របស់​លោក បៃដិន ពិភពលោក​មិន​ត្រូវ​ទុក​ឱ្យ​មេដឹកនាំ​ផ្ដាច់ការ​នៅ​ក្រុង​មូស្គូ បន្ត​សង្គ្រាម​វិនាសកម្ម និង​បន្ត​បំផ្លាញ​សណ្ដាប់ធ្នាប់​ពិភពលោក​ទៀត​ឡើយ។ លោក បៃដិន បន្ត​សន្យា​ជួយ​អ៊ុយក្រែន​រហូត​រុស្ស៊ី​បញ្ចប់​សង្គ្រាម។

ចំពោះ​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន មិន​បាន​មក​ចូលរួម​ប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នោះ​ទេ។ បុរស​ខ្លាំង​វិមាន​ក្រឹមឡាំង​រូប​នេះ កំពុង​ជាប់​ឈ្មោះ​ជា​ជន​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ជា​អ្នក​បញ្ជា​ឱ្យ​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​បុរស​ខ្លាំង​រូប​នេះ​តាំងពី​ខែ​មីនា ឆ្នាំ​២០២៣។ ក្រោម​ដីកា​ចាប់​ខ្លួន​ជា​អន្តរជាតិ​នេះ លោក ពូទីន មិន​អាច​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី​ងាយៗ​ឡើយ លើកលែងតែ​ប្រទេស​នោះ​ធានា​មិន​មាន​ការ​ចាប់​ខ្លួន។

តំណាង​លោក ពូទីន ដែល​មាន​វត្តមាន​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​សម្រាប់​ឆ្នាំ​២០២៣ នេះ គឺ​លោក​រដ្ឋមន្ត្រី​ការបរទេស ហ្សេហ្គេឡារ៉ូវ។ លោក ឡារ៉ូវ នឹង​ឡើង​ថ្លែង​សេចក្ដី​ថ្លែងការណ៍​តំណាង​ឱ្យ​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃទី​២៣ ខែ​កញ្ញា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស