32 C
Phnom Penh

ហ្វីលីពីន​មិន​លុត​ជង្គង់​ចំពោះ​មុខ​ចិន ដោយ​បញ្ជូន​នាវា​ល្បាត​ទៅ​រឹបអូស​បារ៉ាស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ថែម​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ប្រទេស​ហ្វីលីពីន និង​មហា​យក្ស​ចិន កំពុងតែ​ទាញ​ទៅ​រក​ការ​អាច​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ ប្រសិនបើ​ប្រទេស​ទាំង​ពីរ​នេះ​ពុំ​អាច​ដក​ថយ​ជំហរ​មានះ​រៀងៗ​ខ្លួន។

នៅ​ថ្ងៃទី​២៦ កញ្ញា នេះ សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia នៃ​ប្រទេស​សិង្ហបុរី បាន​ចុះផ្សាយ​ថា ហ្វីលីពីន​បាន​បញ្ជូន​នាវា​ល្បាត​ដែល​បំពាក់​ដោយ​កាំភ្លើងយន្ត​ទៅ​រុះរើ និង​រឹបអូស​សំណង់​បារ៉ាស់​របស់​ចិន ប្រវែង ៣០០​ម៉ែត្រ ដែល​ចិន​បាន​ដាក់​នៅ​លើ​ផ្ទៃ​ទឹក​នៅ​តំបន់​ខ្សែទឹក​ដែល​ហ្វីលីពីន​ចាត់ទុក​ជា​ដែនទឹក​របស់​ខ្លួន។

ហ្វីលីពីន​បាន​ចោទ​ចិន ករណី​សាងសង់​សំណង់​បារ៉ាស់​នៅ​លើ​សមុទ្រ​ហ្វីលីពីន មាន ៣០០​ម៉ែត្រ ត្រង់​កន្លែង​ដែល​សម្បូរ​ត្រី​ច្រើន​នៅ​ប្រជុំ​កោះ Scarborough នា​សមុទ្រ​ចិន​ខាងត្បូង។ សំណង់​បារ៉ាស់​របស់​ចិន បាន​រារាំង​រំខាន​ដល់​ទូក​នេសាទ​ហ្វីលីពីន។ នេះ​បើ​តាម​អ្នក​នាំពាក្យ​ឆ្មាំ​សមុទ្រ​ការិយាល័យ​នេសាទ និង​ធនធាន​សមុទ្រ​ហ្វីលីពីន។

មន្ត្រី​ឆ្មាំ​សមុទ្រ​ហ្វីលីពីន ដែល​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ហើយ​ចុះផ្សាយ​ដោយ Channel News Asia នៅ​ពេល​ថ្មីៗ​នេះ​ថា អ្នក​នេសាទ​ហ្វីលីពីន ត្រូវ​បាន​នាវា​ល្បាត​ចិន បង្ខំ​ឱ្យ​ចាកចេញ​ពី​ទីតាំង​ដែល​ពួកគេ​ចូល​ទៅ​នេសាទ។ អ្នក​នេសាទ​ហ្វីលីពីន បាន​រាយការណ៍​ទៅ​រដ្ឋាភិបាល​របស់​ខ្លួន​អំពី​ទង្វើ​របស់​នាវា​ល្បាត​ចិន។

តែ​ទោះ​ជា​មាន​ការ​ប៉ះ​សម្ដី​គ្នា​រវាង​អ្នក​នេសាទ​ចិន និង​ក្រុម​នាវា​ល្បាត​ចិន ក៏​ពុំ​មាន​ការ​តតាំង​គ្នា​ដោយ​ការ​ប៉ះទង្គិច​អ្វី​ដែរ។

អ្នក​នាំពាក្យ​អង្គភាព​ឆ្មាំ​សមុទ្រ​របស់​ហ្វីលីពីន Jay Tarriela បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ថា ឥឡូវ​នេះ សំណង់​បារ៉ាស់​របស់​ចិន ដែល​បណ្ដែត​លើ​ផ្ទៃ​ទឹក​នៅ​ប្រជុំ​កោះ Scarborough នា​សមុទ្រ​ចិន​ខាងត្បូង ត្រូវ​បាន​រឹបអូស​ហើយ​ដោយ​នាវា​ល្បាត​របស់​ហ្វីលីពីន។

លោក​បាន​បញ្ជាក់​ថា ចិន​បាន​ពង្រាយ​នាវា​ល្បាត​ចំនួន ៤​គ្រឿង​ដែល​នាវា​នោះ​ពង្រាយ​បារ៉ាស់​បណ្ដែត​ទឹក​នៅ​ក្បែរ​នាវាចម្បាំង​របស់​ហ្វីលីពីន តែ​ពេលនេះ​ត្រូវ​បាន​រឹបអូស​ហើយ។

អ្នក​នាំពាក្យ​នៃ​អង្គភាព​ឆ្មាំ​សមុទ្រ​ហ្វីលីពីន ថា​ការ​រឹបអូស​បារ៉ាស់​របស់​ចិន គឺជា​ការ​បង្ហាញ​ប្រាប់​ពិភពលោក​ថា ហ្វីលីពីន​មិន​លុត​ជង្គង់​ឱន​ក្បាល​នឹង​ការ​គំរាម​របស់​ចិន​ដាច់ខាត ហើយ​នាវា​ល្បាត និង​ទូក​នេសាទ​របស់​ហ្វីលីពីន នឹង​មិន​អាច​ដក​ចេញ​ពី​ទីតាំង​នោះ​ឡើយ។

ជម្លោះ​រវាង​ចិន និង​ហ្វីលីពីន ជុំវិញ​ដែនសមុទ្រ​ចិន​ខាងត្បូង បាន​ផ្ទុះឡើង​តាំងពី​ឆ្នាំ​២០១២។ នៅ​ឆ្នាំ​២០១៦ តុលាការ​មជ្ឈត្តការ​អន្តរជាតិ បាន​កាត់​សេចក្ដី​ឱ្យ​ហ្វីលីពីន មាន​សិទ្ធិ​ចូល​ទៅ​គ្រប់គ្រង​ដែន​កោះ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ប្រជុំ Scarborough។ តែ​ពេល​នោះ ចិន​មិន​បាន​បញ្ជូន​អ្នក​ច្បាប់​ទៅ​តតាំង​ក្ដី​ជាមួយ​នឹង​ហ្វីលីពីន​នោះ​ទេ។ មិន​តែប៉ុណ្ណោះ ចិន​ប្រកាស​ទាត់​ចោល​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​នេះ ហើយ​ព្រមាន​ប្រឆាំង​ហ្វីលីពីន​ថែម​ទៀត។

កាលពី​ឆ្នាំ​២០២១ ប្រទេស​ទាំង​ពីរ​បាន​ផ្ដើម​ជម្លោះ​តានតឹង​ជា​ថ្មី​ទៀត។ ការ​បង្ក​ភាព​តានតឹង​នេះ កើត​នៅ​ប្រជុំ​កោះ Scarborough ដែល​ពេល​នោះ ចិន​បញ្ជូន​នាវាចម្បាំង នាវា​ល្បាត និង​ទូក​នេសាទ​រាប់​រយ​គ្រឿង​ចូល​តំបន់​នោះ។ នៅ​ឆ្នាំ​នោះ ប្រទេស​ហ្វីលីពីន​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ឌ្រូឌ្រីងហ្គូ ឌូទើតេ។ លោក ឌូទើតេ ត្រូវ​បាន​អ្នក​នយោបាយ និង​ប្រជាជន​ហ្វីលីពីន​ចោទ​ថា​ជា​មេដឹកនាំ​អាយ៉ង​របស់​ចិន។

លោក ឌូទើតេ បាន​បង្ខំ​ចិត្ត​បញ្ជូន​នាវាចម្បាំង​ទៅ​ប្រឈម​នឹង​នាវាចម្បាំង​របស់​ចិន ក្រោយពី​ព្រឹទ្ធសភា​បាន​ចោទ​សួរ​លោក​អំពី​ជំហរ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ហ្វីលីពីន ថា​តើ​មាន​អ្វី​ត្រូវ​ឆ្លើយតប​នឹង​ភាព​គឃ្លើន​របស់​ចិន។

ក្រៅពី​នេះ សមាជិក​ព្រឹទ្ធសភា​ក៏​មាន​ព្រមាន​ចោទ​លោក ឌូទើតេ ថា​ជា​មេដឹកនាំ​មិន​ក្លាហាន និង​មិន​ស្មោះត្រង់​នឹង​ជាតិ​របស់​ខ្លួន។ នៅ​មុន​លោក​ចាកចេញ​ពី​អាណត្តិ​ប្រធានាធិបតី លោក ឌូទើតេ បង្ហាញ​ការ​សោកស្ដាយ​ដែល​លោក​ទុកចិត្ត​ចិន​ជ្រុល​ពេក ហើយ​ក្រោយ​មក​លោក​ក៏​បាន​ហៅ​ចិន​ថា​ជា​មិត្ត​ជិត​ផ្ទះ​ដែល​បង្ក​រឿង​មិន​ចេះ​ចប់។ ឥឡូវ​នេះ ប្រធានាធិបតី​របស់​ហ្វីលីពីន គឺជា​លោក ហ្វែលឌីណង់ ម៉ាកូស ជូនញ័រ ដែល​មាន​ទំនោរ​ទៅ​រក​សហរដ្ឋ​អាមេរិក។ បុរស​នេះ​គំរាម​ប្រឆាំង​ចិន​គ្រប់​កាលៈទេសៈ​ឱ្យ​តែ​ចិន​ឈ្លានពាន​ដែន​អធិបតេយ្យ​របស់​ហ្វីលីពីន។

តំបន់​ដែនទឹក Scarborough នេះ ស្ថិត​នៅ​ចម្ងាយ ២៤០​គីឡូម៉ែត្រ​ពី​កោះ Luzon របស់​ហ្វីលីពីន។ តែ​វា​ស្ថិត​នៅ​ឆ្ងាយ​ដល់​ទៅ​ជាង ៩០០​គីឡូម៉ែត្រ​ពី​កោះ Hainan របស់​ចិន។

បើ​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ និង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៨២ ប្រទេស​ណា​មាន​អធិបតេយ្យភាព​ជិត​ជាង​តំបន់​ជម្លោះ​នោះ គឺជា​ដែនទឹក​របស់​ប្រទេស​នោះ។

តាម​សាលក្រម​របស់​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​នៅ​ឆ្នាំ​២០១៦ ដែល​លើក​យក​ច្បាប់​សមុទ្រ​អន្តរជាតិ​នេះ​មក​សំអាង បាន​ឈាន​ដល់​ការ​សម្រេច​សេចក្ដី​ថា ប្រជុំ​កោះ​តំបន់​ដែនទឹក Scarborough ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ហ្វីលីពីន។

ចំពោះ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ មិនមែន​តែ​ហ្វីលីពីន មួយ​ទេ​ដែល​ចិន​កំពុង​មាន​ទំនាស់ គឺ​មាន​ប្រទេស​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ ក៏​ចិន​មាន​ជម្លោះ​ដែរ។ ប្រទេស​ចិន​អះអាង​ថា ខ្លួន​គេ​មាន​កម្មសិទ្ធិ​តាំងពី​បុរាណកាល គឺ​មាន​ដល់​ទៅ ៩០% នៃ​ទំហំ​ទឹកសមុទ្រ​ចិន​ខាងត្បូង​ទាំងមូល ៣​លាន ៥​សែន​គីឡូម៉ែត្រ​ក្រឡា។

ឥឡូវ​នេះ សហរដ្ឋ​អាមេរិក​នៅ​ក្រៅ​ទ្វីប​បាន​ហក់​ចូល​មក​តតាំង​ជម្លោះ​ជាមួយ​នឹង​ចិន ក្រោម​ហេតុផល​ថា លំហ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ផ្លូវ​នាវាចរ​អន្តរជាតិ ដែល​ពុំ​មាន​ប្រទេស​ណា​មួយ​អាច​កាន់កាប់​ផ្ដាច់មុខ​បាន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស