32 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​ត្រួតពិនិត្យ​វិធានការ​រឹតត្បិត​ការ​ប្រមូល​ពន្ធ​ឡើងវិញ​ជា​បន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ក្តាប់​អំណាច​ពី​លើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ត្រួតពិនិត្យ​ការ​រឹតត្បិត​វិធានការ​ប្រមូល​ពន្ធ​ឡើងវិញ​ជាបន្ទាន់ បន្ទាប់ពី​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ​សឹង​មួយ​នគរ​ក្រោយពី​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​ដាក់​ចេញ​នូវ​ផែនការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​នៅ​ពេលនេះ។

លោក ហ៊ុន សែន បាន​ណែនាំ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​ដែល​ស្ថិត​ក្រោម​អំណាច​បញ្ជា​របស់​ខ្លួន ពិនិត្យ​លើ​ការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​ជាបន្ទាន់ ដើម្បី​តម្រង់​ទិស​ឡើងវិញ​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ ព្រោះ​ថា​ការ​អនុវត្ត​ផែនការ​រឹត​បន្តឹង​នៃ​ការ​ប្រមូល​ពន្ធ​នៅ​ពេលនេះ គឺ​នៅ​មិន​ទាន់​ដល់​ពេលវេលា​នៅឡើយ​ទេ។

លោក ហ៊ុន សែន លើក​ឡើង​ជា​សំណួរ​ទៅ​កាន់​មន្ត្រី​ក្រោម​អំណាច​របស់​ខ្លួន​ថា ហេតុ​អ្វី​ធ្វើ​ឱ្យ​បញ្ហា​ប្រមូល​ពន្ធ​ផ្ទុះឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​បែប​នេះ​ទៅវិញ ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​ទើប​នឹង​ដំណើរការ​បាន​ជាង​ប្រមាណ​ជា ១​ខែ​នោះ? ជាង​នេះ​ទៅ​ទៀត សេដ្ឋកិច្ច​របស់​កម្ពុជា​ក៏​កំពុង​ធ្លាក់​ចុះ​ផង​ដែរ ខណៈ​ប្រទេស​ជិតខាង​គេ​បែរ​ជា​កំពុងតែ​បន្ធូរបន្ថយ​បំណុល​របស់​ពលរដ្ឋ​ទៅវិញ។

ការ​ចេញ​បទបញ្ជា​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ប្រតិកម្ម​ពី​ពលរដ្ឋ​ព្រោងព្រាត​ក្នុង​បណ្ដាញ​សង្គម​នានា​ជុំវិញ​ការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា។

កាលពី​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា បាន​ចេញ​សេចក្តី​បំភ្លឺ​ដោយ​ចោទ​ថា ការ​លើកឡើង​តាម​បណ្ដាញ​សង្គម​ជុំវិញ​វិធានការ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​ការ​ប្រមូល​ពន្ធ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​មាន​ចេតនា​បំភាន់ មួលបង្កាច់ និង​ចោទប្រកាន់​លើ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​ពី​សំណាក់​ក្រុម​ប្រឆាំង​ប៉ុណ្ណោះ។

អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា អះអាង​ថា ការ​លើកឡើង​ដែល​ថា រដ្ឋ​គិត​តែ​យក​ពន្ធ ខណៈ​ប្រទេស​ផ្សេង​កាត់​បន្ថយ​ពន្ធ គឺជា​ការ​លើកឡើង​មិន​ឆ្លុះបញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ ព្រោះ​ថា​ទន្ទឹម​នឹង​ការ​ប្រមូល​ពន្ធ រាជរដ្ឋាភិបាល​ក៏​បាន​គិតគូរ​សម្របសម្រួល​ដល់​ការ​វិនិយោគ ក៏ដូចជា​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ផង​ដែរ ដូចជា​វិស័យ​កសិកម្ម វិស័យ​អប់រំ វិស័យ​ទេសចរណ៍ និង​វិស័យ​អចលនទ្រព្យ ជាដើម។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រោម​ការ​សង្កេត​លម្អិត​លើ​ករណី​នីមួយៗ អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​បាន​ពិនិត្យ​ឃើញ​ថា ក្នុង​ចំណោម​ការ​លើកឡើង​ទាំងនោះ មួយ​ចំនួន​បាន​បង្កប់​ន័យ​បង្កាច់​បង្ខូច​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ពី​សំណាក់​ក្រុម​ប្រឆាំង ក្នុង​នោះ​ក៏​មាន​ការ​លើកឡើង​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន លើកឡើង​ដោយ​ការ​ភាន់ច្រឡំ និង​ការ​លើកឡើង​ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ជាដើម។

រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​ការ​ប្រមូល​ពន្ធ​ពី​ពលរដ្ឋ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ចំនួន ២០​ប្រភេទ​ខុសៗ​គ្នា ក្នុង​នោះ​គឺ​មាន ដូចជា ពន្ធ​លើ​ប្រាក់ចំណូល ពន្ធ​លើ​ចំណេញ​មូលធន ពន្ធ​លើ​អចលនទ្រព្យ ពន្ធ​អាករ​បំភ្លឺ​សាធារណៈ ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន ពន្ធ​ប្រថាប់ត្រា និង​ពន្ធ​ផ្សេងៗ​ជាង ១០​ប្រភេទ​ទៀត​ដែល​កំពុង​រឹត​បន្តឹង​នៅ​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក គង់ វិបុល បាន​លើកឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​ស្តីអំពី​ផែនការ និង​យុទ្ធសាស្ត្រ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​កៀរគរ​ចំណូល​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​ថា ទោះ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​លំបាក និង​សេដ្ឋកិច្ច​ថមថយ​ក៏ដោយ ប៉ុន្តែ​ចំណូល​ពន្ធដារ​ត្រូវតែ​ជំរុញ​ឱ្យ​ឡើង​ពី ៣៥០០​លាន​ដុល្លារ​អាមេរិក​ទៅ ៤១៦០​លាន​ដុល្លារ​អាមេរិក ដូច្នេះ ចង់​មិន​ចង់ អគ្គនាយកដ្ឋាន​ពន្ធដារ​ត្រូវតែ​លាត់​ដៃ​អាវ មូរ​ជើង​ខោ​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​បាន​គ្រប់​ផែនការ​នៅ​ឆ្នាំ​២០២៣ នេះ។

ទោះជា​យ៉ាងណាក៏ដោយ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ កញ្ញា នេះ​ថា ចំណូល​រដ្ឋ​ដែល​បាន​មកពី​ការ​បង់​ពន្ធ​មាន​ប្រភព​ពីរ​ធំៗ គឺ​តាមរយៈ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា និង​តាមរយៈ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដូច្នេះ​ការ​ដាក់​ចេញ​នូវ​វិធានការ​របស់​រដ្ឋ​ក្នុង​ការ​ប្រមូល​ពន្ធ​យ៉ាង​តក់ក្រហល់​បែប​នេះ នាំ​ឱ្យ​មាន​ការ​សង្ស័យ​ថា រដ្ឋាភិបាល​កំពុង​ខ្វះ​លុយ​ប្រើប្រាស់​សម្រាប់​ដំណើរការ​របស់​ខ្លួន​នៅ​ពេលនេះ។

លោក សេក សុជាតិ លើកឡើង​ថា ការ​ប្រមូល​ពន្ធ​ពី​ពលរដ្ឋ គឺ​ជា​រឿង​ធម្មតា និង​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ផង​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​គួរ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​របស់​ពលរដ្ឋ​ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​សព្វថ្ងៃ​នេះ ដូច្នេះ​ដើម្បី​ប្រមូល​ពន្ធ​បាន​គ្រប់​ចំនួន​តាម​ផែនការ​របស់​ខ្លួន រដ្ឋ​មាន​កាតព្វកិច្ច​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​បើក​ផ្លូវ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ជា​មុន​សិន។

ទាក់ទិន​នឹង​បញ្ហា​នេះ ពលរដ្ឋ​ជាច្រើន​បាន​ប្រតិកម្ម​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ព្រោងព្រាត ក្នុង​នោះ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារិទ្ធ ក៏​បាន​លើកឡើង​នូវ​សំណេរ​មន្ត្រី​ម្នាក់​ដែល​រៀបរាប់​ពី​ការ​បង់​ពន្ធ​នៅ​ថ្ងៃទី​២៧ កញ្ញា នេះ​ថា «តើ​ហួសហេតុ​ដែរ​ទេ? ដែល​ដី​កូន​របស់​គាត់​នៅ​ឯ​ខេត្ត​សៀមរាប មាន​ដី​ទំហំ ១១​ម៉ែត្រ​គុណ​នឹង ២០​ម៉ែត្រ ក្នុង​នោះ​ធ្វើ​ផ្ទះ​អស់ ៤​ម៉ែត្រ​គុណ​នឹង ១២​ម៉ែត្រ ខណៈ​ដី​ដែល​នៅ​សល់​សងខាង​បាន​ដាំ​ដំណាំ​ខ្លះៗ​ដែរ ប៉ុន្តែ​ទៅ​បង់​ពន្ធ ខាង​សុរិយោដី​តម្រូវ​ឲ្យ​បង់​ពន្ធ​ដី​ដែល​នៅ​សល់​សងខាង​នោះ ដោយ​ពួកគេ​អះអាង​ថា​ជា​ដី​ដែល​ទុក​ចោល​មិន​ប្រើប្រាស់ ហើយ​ពេល​កូន​របស់​គាត់​សួរ​ថា ខ្លួន​កំពុងតែ​រស់នៅ​លើ​ដី​ហ្នឹង​តើ ហេតុ​អ្វី​ត្រូវ​បង់​ពន្ធ ស្រាប់​តែ​មន្ត្រី​សុរិយោដី​ឆ្លើយ​ថា ផ្ទះ​តូច មិន​ពេញ​ដី ដូច្នេះ​ត្រូវតែ​បង់​ពន្ធ ប៉ុន្តែ​ពេល​បូក​សរុប​ចំនួន​លុយ​ដែល​ត្រូវ​បង់​ពន្ធ គឺ​មាន​ចំនួន​ដល់​ទៅ​ជាង ៤​លាន ៥​សែន​រៀល​ឯណោះ»

ជាង​នេះ​ទៀត ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់​ទៀត​ឈ្មោះ Sky Dara Vichet បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ កញ្ញា ថា «ជូន​អ្នក​ខេត្ត​សៀមរាប គ្នា​យើង​ជ្រាប​ជា​ព័ត៌មាន បើ​ដី​ទំនេរ​គ្មាន​ផ្ទះ ឬ​មាន​ផ្ទះ​ហើយ​អត់​សៀវភៅ​ស្នាក់នៅ គឺ​ត្រូវ​គេ​ចាត់ទុក​ថា​ជា​ដី​ដែល​មិន​បាន​ប្រើប្រាស់ ដែល​ត្រូវតែ​បង់​ពន្ធ​ជូន​រដ្ឋ​ជា​កំហិត»

ប្រភព​ដដែល​អះអាង​ថា «ដើម្បី​ដឹង​ចំនួន​លុយ​ដែល​ត្រូវ​បង់​ពន្ធ គេ​ត្រូវ​យក​ចំនួន​លុយ​បង់​ពន្ធ​ក្នុង ១​ម៉ែត្រ​ការ៉េ​គុណ​នឹង​ទំហំ​ដី​សរុប ហើយ​គុណ​នឹង​ចំនួន​ឆ្នាំ​ដែល​ម្ចាស់​ដី​មិន​បាន​បង់​ពន្ធ​កន្លងមក បន្ទាប់មក​គុណ​នឹង​ការប្រាក់​ជំពាក់​ពន្ធ​រដ្ឋ​ថែម​ទៀត ទើប​ចេញ​ជា​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​បង់​ពន្ធ​សរុប ដូច្នេះ​បញ្ហា​នេះ ពលរដ្ឋ​កាន់តែ​ដុនដាប​ហើយ​នៅ​ពេលនេះ»

ច្បាប់​ស្ដីពី​សារពើពន្ធ​មាត្រា​១៧៦ ចែង​ថា ពន្ធ​លើ​ដី​មិន​បាន​ប្រើប្រាស់​ត្រូវ​ប្រមូល​ប្រចាំ​ឆ្នាំ​តាម​អត្រា ២​ភាគរយ ខណៈ​មាត្រា​១៧៧ ចែង​ថា មូលដ្ឋាន​គិត​ពន្ធ​លើ​ដី​មិន​បាន​ប្រើប្រាស់​ត្រូវ​ផ្អែក​លើ​តម្លៃ​ដី​ដែល​បាន​កំណត់​ដោយ​គណៈកម្មាធិការ​វាយតម្លៃ​ដី​សម្រាប់​ពន្ធ​លើ​ដី​មិន​បាន​ប្រើប្រាស់​ជា​កំហិត។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​សង្គម​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​មុន​នេះ​បន្តិច​ថា ការ​រឹតត្បិត​ការ​ប្រមូល​ពន្ធ និង​ការ​ចេញ​បទបញ្ជា​របស់​លោក ហ៊ុន សែន ឱ្យ​កែសម្រួល​លើ​ការ​ប្រមូល​ពន្ធ​នេះ គ្រាន់តែ​ជា​ល្បិចកល​នយោបាយ​ទាក់ទាញ​សមានចិត្ត​របស់​ពលរដ្ឋ​ដែល​កំពុង​ខឹងសម្បា​នឹង​វិធានការ​នៃ​ការ​រឹតត្បិត​ការ​ប្រមូល​ពន្ធ​នៅ​ពេលនេះ​ប៉ុណ្ណោះ ហើយ​ក៏​ជា​ការ​ស្ទាបស្ទង់​ពី​ស្ថានភាព​នៃ​ការ​តវ៉ា​របស់​ពលរដ្ឋ​ចំពោះ​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​អនុវត្ត​ផែនការ​ប្រមូល​ពន្ធ​នេះ បើ​គ្មាន​ភ្លើង​ខៀវ​ពី​លោក ហ៊ុន សែន ក៏​លោក គង់ វិបុល មិន​ហ៊ាន​ដាក់​ចេញ​នូវ​វិធានការ​នេះ​ដែរ ហើយ​ល្បិច​នេះ គឺ​គេ​ធ្វើ​ជា​រឹត​បន្តឹង​នូវ​ការ​ប្រមូល​ពន្ធ​ឱ្យ​ខ្លាំង បន្ទាប់មក​ពួកគេ​នឹង​បន្ធូរបន្ថយ​បន្តិច នោះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត​ជា​មិន​ខាន ប៉ុន្តែ​ពួកគេ​នៅតែ​អាច​អនុវត្ត​វិធានការ​រឹតត្បិត​ក្នុង​ការ​ប្រមូល​ពន្ធ​នេះ​បាន​ដដែល ខណៈ​លោក ហ៊ុន សែន ក៏​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​កេង​ចំណេញ​នយោបាយ​ឱ្យ​កូនប្រុស​របស់​គាត់​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស