36 C
Phnom Penh

ប្រធានាធិបតី​អ៊ុយក្រែន​ថា​គ្មាន​អ្វី​អាច​បំបាក់​ស្មារតី​ប្រយុទ្ធ​របស់​ប្រជាជន​អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ី​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី និយាយ​ថា គ្មាន​អ្វី​អាច​មក​បំបាក់​ស្មារតី​ប្រយុទ្ធ​របស់​ប្រជាជន​អ៊ុយក្រែន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ឡើយ។

ការ​ថ្លែង​របស់​វីរជន​សង្គ្រាម​នៃ​ប្រទេស​អ៊ុយក្រែន​រូប​នេះ មួយ​ថ្ងៃ​បន្ទាប់ពី​សភា​សហរដ្ឋ​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា​បណ្ដោះអាសន្ន​ដើម្បី​បញ្ចៀស​ការ​បិទ​រដ្ឋាភិបាល ដោយ​មិន​មាន​ការ​បញ្ចូល​ជំនួយ​យោធា​ថ្មី​ទៀត​សម្រាប់​អ៊ុយក្រែន​នោះ​ទេ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន StraitsTimes នៅ​ថ្ងៃ​ចន្ទ ទី​២ ខែ​តុលា នេះ។

ក្នុង​សុន្ទរកថា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២ តុលា លោក ហ្សេឡេនស្គី បាន​លើកឡើង​ជា​ថ្មី​ពី​ការ​ប្ដេជ្ញាចិត្ត​យក​ឈ្នះ​លើ​រុស្ស៊ី តែ​លោក​មិន​បាន​លើកឡើង​អំពី​ការ​បោះឆ្នោត​អនុម័ត​កញ្ចប់​ថវិកា​បណ្ដោះអាសន្ន​នៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិក ដែល​ពុំ​បាន​រាប់​បញ្ចូល​ជំនួយ​សម្រាប់​អ៊ុយក្រែន​នោះ​ទេ។

ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា អ៊ុយក្រែន​នឹង​បញ្ឈប់​ការ​ប្រយុទ្ធ​នៅ​ថ្ងៃ​មួយ​ដែល​អ៊ុយក្រែន​ទទួល​បាន​ជ័យជម្នះ​លើ​អ្នក​ឈ្លានពាន។

តែ​ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន លោក Rustem Umerov បាន​អះអាង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា លោក​ទទួល​បាន​ការ​ធានា​ពី​ការ​ផ្ដល់​ជំនួយ​យោធា​នៅ​ពេល​អនាគត​សម្រាប់​អ៊ុយក្រែន។

ការ​អះអាង​របស់​លោក​ដូចនេះ ក្រោយ​ពេល​លោក​បាន​ធ្វើ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក Lloyd Austin មួយ​ថ្ងៃ​ក្រោយពី​សភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា​ថ្មី។

បើ​តាម​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក Lloyd Austin បាន​ធានា​ចំពោះ​រូបលោក​ថា សេតវិមាន​នៅតែ​តាំងចិត្ត​គាំទ្រ​អ៊ុយក្រែន​ដែល​ថា​កងទ័ព​អ៊ុយក្រែន​នៅ​តែ​បន្ត​ទទួល​បាន​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា​នៅ​លើ​សមរភូមិ។

ស្រប​ពេល​ដែល​លោក Lloyd Austin បាន​ថ្លែង​ដូចនេះ លោក ចូ បៃដិន ក៏​បាន​សន្យា​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​បោះបង់​ចោល​អ៊ុយក្រែន​ដាច់ខាត បើ​ទោះជា​រដ្ឋការ​របស់​លោក​កំពុង​ប្រឈម​នឹង​វិបត្តិ​ថវិកា​សហព័ន្ធ ឬ​ការ​ឈាន​ទៅ​ដល់​ការ​បិទ​រដ្ឋាភិបាល​នៅ​ខែ​វិច្ឆិកា ក៏ដោយ។

កាលពី​ថ្ងៃទី​៣០ កញ្ញា សភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​កញ្ចប់​ថវិកា​ថ្មី​សម្រាប់​រដ្ឋការ​លោក បៃដិន ក្នុង​ការ​ប្រើប្រាស់ តែ​សភា​បាន​អនុម័ត​ឱ្យ​រដ្ឋការ​លោក បៃដិន ធ្វើ​ដំណើរ​រហូត​ដល់​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ហើយ​នឹង​ត្រូវ​ពិនិត្យ​ឡើង​វិញ ដែល​នឹង​ប្រឈមមុខ​នឹង​ការ​បិទ​រដ្ឋាភិបាល​នាំ​ឱ្យ​រដ្ឋការ​លោក បៃដិន ពុំ​មាន​ថវិកា​គ្រប់គ្រាន់​រាប់​ទាំង​ថវិកា​សម្រាប់​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន​ផង​ដែរ។

លោក បៃដិន បាន​ថ្លែង​ថា គណបក្ស​សាធារណរដ្ឋ​គួរ​បញ្ឈប់​ការ​លេង​ហ្គេម​ពាក់ព័ន្ធ​នឹង​កញ្ចប់​ថវិកា​នេះ​ទៅ។ លោក បៃដិន ទទួលស្គាល់​ថា បច្ចុប្បន្ន​គឺជា​ពេល​បន្ទាន់ ដែល​សភា​ត្រូវតែ​អនុម័ត​កញ្ចប់​ថវិកា​ថ្មី​មួយ​សម្រាប់​អ៊ុយក្រែន​នៅ​ប៉ុន្មាន​ថ្ងៃ ឬ​សប្ដាហ៍​ខាងមុខ ព្រោះ​អ៊ុយក្រែន​កំពុង​ធ្វើ​ប្រតិបត្តិការ​វាយបក​ដើម្បី​ដណ្ដើម​ទឹកដី​របស់​ខ្លួន​ដែល​រុស្ស៊ី​កំពុង​កាន់កាប់។

លោក បៃដិន សង្ឃឹម​ថា​នឹង​មាន​ការ​សម្រុះសម្រួល​គ្នា​រវាង​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ ដើម្បី​អាច​ឱ្យ​រដ្ឋាភិបាល​អាច​បន្ត​ដំណើរការ​ថវិកា​របស់​ខ្លួន​ដោយ​រាប់​ទាំង​ថវិកា​សម្រាប់​ជួយ​ប្រទេស​អ៊ុយក្រែន​ផង​ដែរ។

ស្រប​ពេល​ដែល​លោក បៃដិន នៅ​តែ​សន្យា​ថា​សហរដ្ឋ​អាមេរិក​នៅតែ​ជួយ​អ៊ុយក្រែន​បន្ត​ទៀត ប្រមុខ​ការទូត​អ៊ុយក្រែន បាន​និយាយ​ថា ការ​គាំទ្រ​របស់​ទីក្រុង​វ៉ាស៊ីនតោន ចំពោះ​ទីក្រុង​គៀវ គឺ​មិន​ថមថយ​នោះ​ទេ។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba បាន​និយាយ​ថា ទីក្រុង​គៀវ កំពុង​ពិភាក្សា​ជាមួយ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សភា​សហរដ្ឋ​អាមេរិក ហើយ​ថា​ភាព​ចម្រូងចម្រាស​ជុំវិញ​ច្បាប់​កញ្ចប់​ថវិកា​បណ្ដោះអាសន្ន​ដែល​បញ្ចៀស​ការ​បិទ​រដ្ឋាភិបាល​អាមេរិក​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន គឺជា​ឧប្បត្តិហេតុ​មួយ​ដែល​វា​ពុំ​មែន​ជា​វិបត្តិ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នោះ​ទេ។

លោក Dmytro Kuleba ជឿ​ថា សហរដ្ឋ​អាមេរិក​នៅតែ​ជា​ប្រទេស​ការពារ​ប្រទេស​ទន់ខ្សោយ​ដែល​ត្រូវ​គេ​ឈ្លានពាន។ តែ​ផ្ទុយទៅវិញ របប​នៅ​ក្រុង​មូស្គូ មើល​ទៅ​កំពុង​សប្បាយ​ចិត្ត​ព្រោះ​សង្ឃឹម​ថា​សហរដ្ឋ​អាមេរិក​បើ​កាត់បន្ថយ​ជំនួយ​ឱ្យ​អ៊ុយក្រែន គឺ​ក្រុង​វ៉ាស៊ីនតោន​ក៏​ដក​ដៃ​ពី​អ៊ុយក្រែន​ដែរ។

គេ​ថា​ប្រព័ន្ធ​ឃោសនា​របស់​ក្រុង​មូស្គូ កំពុង​វាយ​ចំអក​ឱ្យ​ក្រុង​គៀវ ថា​ម្ចាស់​របស់​ឯង​កំពុង​នឿយ​ណាយ​នឹង​សង្គ្រាម​អ៊ុយក្រែន​ហើយ ទើប​ក្រុម​សភា​អាមេរិក​មិន​លើក​ឡើង​អំពី​ជំនួយ​ជួយ​អ៊ុយក្រែន។

តែ​សម្រាប់​សេតវិមាន បាន​ច្រានចោល​ការ​លើកឡើង​របស់​ក្រុម​អ្នក​ឃោសនា​សម្រាប់​វិមាន​ក្រឹមឡាំង ដែល​ថា​លោក​ខាងលិច​កំពុង​នឿយណាយ​ក្នុង​ការ​ផ្ដល់​ជំនួយ​សម្រាប់​អ៊ុយក្រែន គឺ​ខុស​ហើយ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នក​នាំពាក្យ​សេតវិមាន អ្នកស្រី Karine Jean-Pierre បាន​បញ្ជាក់​ថា៖ ប្រសិនបើ​លោក ពូទីន គិត​ថា​លោក​អាច​ទ្រាំទ្រ​បាន​យូរ​ជាង​ក្រុម​សម្ព័ន្ធមិត្ត គឺ​លោក​កំពុង​គិត​ខុស​ហើយ។

អ្នកស្រី​បន្ថែម​ថា ការ​គាំទ្រ​របស់​ក្រុម​ចម្រុះ​លោក​ខាងលិច គឺ​មាន​ទំហំ​ធំធេង​ដើម្បី​ជួយ​អ៊ុយក្រែន ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី រហូត​រុស្ស៊ី​យល់ព្រម​ដើរ​ចេញ​ពី​អ៊ុយក្រែន។

សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ធំ​ទី​២ បន្ទាប់ពី​សហភាព​អឺរ៉ុប ដែល​ផ្ដល់​ជំនួយ​យោធា និង​ជំនួយ​ស៊ីវិល​ទៅ​ឱ្យ​អ៊ុយក្រែន។

ចាប់តាំងពី​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ផ្ទុះឡើង​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ សម្រាប់​ក្រុង​វ៉ាស៊ីនតោន បាន​បញ្ជូន​ជំនួយ​ជាង ៧៦​ពាន់ ៦០០​លាន​ដុល្លារ បន្ទាប់ពី​សហភាព​អឺរ៉ុប មាន ២៧​ប្រទេស​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន មាន​ទំហំ​សាច់ប្រាក់ ៨៤​ពាន់ ៨០០​លាន​ដុល្លារ​អាមេរិក។ ប្រទេស​ដែល​បាន​ផ្ដល់​ជំនួយ​ទាំង​ជំនួយ​យោធា និង​ជំនួយ​ស៊ីវិល​ទៅ​ឱ្យ​អ៊ុយក្រែន មាន ៥៣​ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស