31 C
Phnom Penh

មេដឹកនាំ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​សន្យា​បន្ត​ជួយ​អ៊ុយក្រែន​ដល់​ដំណាក់កាល​ចុងក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ តុលា នេះ បាន​ទៅ​ដល់​ទីក្រុង Granada នៃ​ប្រទេស​អេស្ប៉ាញ។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ពេល​លោក ហ្សេឡេនស្គី ជាន់​ទឹកដី​ទីក្រុង Granada ភ្លាម ជំនួប​កំពូល​ក៏​បាន​ចាប់ផ្ដើម។

ក្នុង​ជំនួប​កំពូល​នេះ មេដឹកនាំ​អឺរ៉ុប បាន​ធានា​ចំពោះ​លោក ហ្សេឡេនស្គី នូវ​ការ​គាំទ្រ​រយៈពេល​យូរ គឺ​គាំទ្រ​រហូត​មាន​ការ​បិទ​បញ្ចប់​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ប៉ុន្តែ​ការ​សន្យា​របស់​មេដឹកនាំ​អឺរ៉ុប ធ្វើឡើង​ចំ​ពេល​រដ្ឋការ​របស់​លោក បៃដិន ប្រឈមមុខ​នឹង​សម្ពាធ​របស់​ពួក​សាធារណរដ្ឋ​ឱ្យ​កាត់បន្ថយ​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន ដែល​លោក បៃដិន បារម្ភ​ពី​ការ​ប៉ះពាល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន ខណៈ​រដ្ឋសភា​នៃ​ប្រទេស​មហាអំណាច​នេះ​កំពុង​ជាប់​គាំង ព្រោះតែ​ពុំ​មាន​ប្រធាន​រដ្ឋសភា ហើយ​បើ​ទោះជា​មាន​ការ​បោះឆ្នោត​ជ្រើសតាំង​បេក្ខជន​ម្នាក់​មកពី​សាធារណរដ្ឋ​សម្រាប់​ប្រធាន​រដ្ឋសភា​នៅ​សប្ដាហ៍​ក្រោយ​ក៏ដោយ។

វេទិកា​ដែល​មាន​វត្តមាន​ប្រធានាធិបតី​អ៊ុយក្រែន នៅ​លើ​ទឹកដី​នៃ​ប្រទេស​អេស្ប៉ាញ គឺជា​វេទិកា​នយោបាយ​អឺរ៉ុប ដែល​បង្កើត​ឡើង​កាលពី​ឆ្នាំ​ទៅ​មិញ បន្ទាប់ពី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​ទឹកដី​អ៊ុយក្រែន។ វេទិកា​នេះ​បង្កើត​បាន​នូវ​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​ដ៏​ធំ​មួយ​មាន ៤០​ប្រទេស​នៅ​ទូទាំង​អឺរ៉ុប។

លោក ហ្សេឡេនស្គី បាន​និយាយ​ថា ប្រទេស​អ៊ុយក្រែន កំពុង​ត្រៀម​សង្គ្រាម​រដូវ​ត្រជាក់​ដែល​នឹង​ចូល​មក​ដល់​នៅ​ប៉ុន្មាន​សប្ដាហ៍​នេះ។ តែ​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​បាន​ថ្លែង​ថា អ៊ុយក្រែន​ត្រូវការ​ពង្រឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស ព្រោះ​អ្នក​ឈ្លានពាន​គេ​វាយប្រហារ​ខ្លាំង​មក​លើ​អ៊ុយក្រែន ដោយ​ទ័ព​អាកាស និង​មីស៊ីល។ តែ​លោក​ថា សមរភូមិ​លើ​ដី​វិញ គឺ​សំខាន់​បំផុត​ដែល​អ៊ុយក្រែន​ត្រូវ​ការពារ​ទឹកដី​របស់​ខ្លួន​ផង ហើយ​វាយ​រំដោះ​ទឹកដី​មក​វិញ​ផង។ ប៉ុន្តែ​លោក​ទទូច​ថា តំបន់​សមុទ្រ​ខ្មៅ គឺ​ត្រូវ​រួម​គ្នា​ពង្រឹង​សន្តិសុខ​សុវត្ថិភាព ព្រោះ​វា​ជា​ផ្លូវ​នាវាចរ​សមុទ្រ​សម្រាប់​តំបន់ ក្នុង​ការ​សំដៅ​ធានា​ការ​ដឹក​ស្បៀង​ចេញពី​ប្រទេស​ផ្សេងៗ​ទៅ​កាន់​ទីផ្សារ​ខាងក្រៅ។

រុស្ស៊ី​បាន​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ធានា​ស្បៀងអាហារ​ពិភពលោក កាលពី​ខែ​កក្កដា ដែល​ធ្វើ​ឱ្យ​ផ្លូវ​នាវា​សមុទ្រ​នៅ​សមុទ្រ​ខ្មៅ​បាត់បង់​សុវត្ថិភាព​ក្នុង​ការ​នាំ​ស្បៀង​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក ឬ​ប្រទេស​ផ្សេងៗ​ដែល​ត្រូវការ​ស្បៀង​ពី​ប្រទេស​នៅ​តំបន់​សមុទ្រ​ខ្មៅ ដែល​រួម​ប្រទេស​អ៊ុយក្រែន ផង។

ជំនួប​កំពូល​នៅ​ប្រទេស​អេស្ប៉ាញ គេ​សង្កេត​ឃើញ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron អធិការបតី​អាល្លឺម៉ង់ Olaf Scholz និង​នាយករដ្ឋមន្ត្រី​អង់គ្លេស Rishi Sunak ដែល​ពួកគាត់​ចេញ​មុខ​មុនគេ​ឡើង​ថ្លែង​ប្ដេជ្ញា​បន្ត​ជួយ​អ៊ុយក្រែន។

ក្រោយពី​មិន​ទុកចិត្ត​ចំពោះ​ការ​បិទ​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០២៣ លោក ចូ បៃដិន ប្រធានាធិបតី​អ៊ុយក្រែន លើក​ទូរសព្ទ​ទៅ​កាន់​មេដឹកនាំ​អឺរ៉ុប និង​មេដឹកនាំ​ជាច្រើន ដូចជា​នាយករដ្ឋមន្ត្រី​ជប៉ុន នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​ប្រធានាធិបតី​កូរ៉េខាងត្បូង ដោយ​បាន​ស្នើ​ឱ្យ​បង្កើត​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ដ៏​រឹងមាំ ដើម្បី​ជួយ​ប្រទេស​អ៊ុយក្រែន។

តែ​យ៉ាងណា លោក​សង្ឃឹម​ថា​គណបក្ស​សាធារណរដ្ឋ​នឹង​មិន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​លោក​មាន​វិបត្តិ ដែល​អាច​ប៉ះពាល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន នោះ​ទេ។ លោក បៃដិន បាន​ថ្លែង​ទៅ​កាន់​ប្រជាជន​អាមេរិក​ថា ប្រសិនបើ​រដ្ឋាភិបាល​របស់​លោក​ត្រូវ​បាន​បិទ គឺជា​កំហុស​របស់​គណបក្ស​សាធារណរដ្ឋ។

ខណៈ​នេះ រដ្ឋសភា​សហរដ្ឋ​អាមេរិក​កំពុង​ជាប់​គាំង​ដំណើរការ​ការងារ ដោយសារ​ការ​ដក​តំណែង​ប្រធាន​រដ្ឋសភា​ពី​លោក Kevin McCarthy មកពី​គណបក្ស​សាធារណរដ្ឋ។ ការណ៍​នេះ នាំ​ឱ្យ​សមាជិក​សភា​អាមេរិក​ជាប់​គាំង បើ​សភា​ទាំង​ពីរ​បក្ស​មិន​អាច​សម្រេច​ដំណោះស្រាយ​នូវ​ការ​ជ្រើសតាំង​ប្រធាន​រដ្ឋសភា​ថ្មី​ជំនួស​លោក McCarthy។

អតីត​ប្រធាន​រដ្ឋសភា Kevin McCarthy ដែល​ត្រូវ​បាន​ដក​ចេញពី​តំណែង​កាលពី​ថ្ងៃ​អង្គារ ធ្លាប់​បាន​ឆ្លងកាត់​ការ​បោះឆ្នោត​ដល់​ទៅ ១៥​ដង​កាលពី​ខែ​មករា ឆ្នាំ​២០២៣ ទើប​ជាប់​ឆ្នោត​ចូល​កាន់​តំណែង​នេះ។

នៅ​ពេល​នោះ លោក​ត្រូវ​ធ្វើ​សម្បទាន​ជាច្រើន​ទៅ​ឱ្យ​ក្រុម​សមាជិក​សភា​អភិរក្ស​និយម​ដែល​ជំទាស់​នឹង​លោក​នៅ​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ រហូត​ដល់​សម្រេច​កែប្រែ​បទបញ្ជា​ផ្ទៃក្នុង​ដែល​តម្រូវ​ឱ្យ​សមាជិក​រដ្ឋសភា​តែ​ម្នាក់​ប៉ុណ្ណោះ អាច​ស្នើ​ឱ្យ​មាន​ការ​បោះឆ្នោត​ដក​តំណែង​ប្រធាន​រដ្ឋសភា​ពី​លោក McCarthy។

គេ​រំពឹង​ថា បក្ស​ប្រជាធិបតេយ្យ និង​បក្ស​សាធារណរដ្ឋ នឹង​ពិភាក្សា​ជ្រើសតាំង​ប្រធាន​រដ្ឋសភា​ថ្មី ព្រោះ​បក្ស​ទាំង​ពីរ​មាន​សំឡេង​ប្រកៀក​ប្រកិត​គ្នា​ខ្លាំង។ មាន​ន័យ​ថា ត្រូវការ​សំឡេង​ដើម្បី​ឈាន​ទៅ​ដល់​សម្រេច​ជ្រើសតាំង​បាន​នូវ​ប្រធាន​រដ្ឋសភា​ថ្មី លុះត្រា​មាន​កិច្ចព្រមព្រៀង​រវាង​បក្ស​ទាំង​ពីរ​ជា​មុន​សិន។

ការ​បោះឆ្នោត​សម្រាប់​ប្រធាន​រដ្ឋសភា តម្រូវ​ឱ្យ​មាន​សំឡេង​គាំទ្រ​ភាគច្រើន​ដាច់ខាត​នៅ​ក្នុង​រដ្ឋសភា ដែល​មាន​សមាជិក​សរុប ៤៣៥​នាក់។ គណបក្ស​សាធារណរដ្ឋ គឺជា​អ្នក​គ្រប់គ្រង​រដ្ឋសភា​ដោយ​មាន​សមាជិក ២២១​នាក់​ទល់​នឹង​សមាជិក​ចំនួន ២១២​នាក់​នៃ​គណបក្ស​ប្រជាធិបតេយ្យ។ ដូច​នេះ បក្ស​ប្រជាធិបតេយ្យ​ទំនង​នឹង​ដាក់​លក្ខខណ្ឌ​មិន​ឱ្យ​ឈាន​ទៅ​ដល់​ការ​បិទ​រដ្ឋាភិបាល​របស់​លោក ចូ បៃដិន នោះ​ទេ ហើយ​មួយ​ទៀត អាច​បក្ស​ប្រជាធិបតេយ្យ​ក៏​ត្រូវ​ស្នើ​ឱ្យ​បក្ស​សាធារណរដ្ឋ​មិន​ត្រូវ​រក​វិធាន​រាំង​ខ្ទប់​ជំនួយ​សម្រាប់​អ៊ុយក្រែន នោះ​ទេ។

មន្ត្រី​សេតវិមាន បាន​ឱ្យ​ដឹង​ថា រដ្ឋការ​លោក បៃដិន ត្រូវការ​ឱ្យ​សភា​អនុម័ត​ប្រថាប់ត្រា​ចុងក្រោយ​នូវ​ទំហំ​សាច់ប្រាក់​សរុប​ជាង ៥​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​អ៊ុយក្រែន ដែល​កញ្ចប់​ជំនួយ​នេះ​មាន​ទាំង​ជំនួយ​យោធា និង​ជំនួយ​ស៊ីវិល ដោយ​ត្រូវ​ប្រើ​រយៈពេល ៦​ខែ​ទៅ​មុខ​ទៀត។

ចំពោះ​ជំនួយ​អ៊ុយក្រែន នេះ ក្រុម​សមាជិក​សភា​មួយ​ចំនួន​មកពី​បក្ស​សាធារណរដ្ឋ បាន​ទាមទារ​ឱ្យ​កាត់បន្ថយ ជាពិសេស​បាន​ទាមទារ​ទៅ​រដ្ឋការ​លោក បៃដិន ផ្អាក​ជំនួយ​ហិរញ្ញវត្ថុ​ដែល​ត្រូវ​ជួយ​បើក​ប្រាក់ខែ​ឱ្យ​កងទ័ព​អ៊ុយក្រែន។ លោក បៃដិន ទទូច​ថា គេ​មិន​ត្រូវ​កាត់បន្ថយ​ទាំងអស់ ទោះ​ជំនួយ​ហិរញ្ញវត្ថុ​ក៏ដោយ។

ជាមួយ​នឹង​ការ​ព្រួយបារម្ភ​នេះ លោក បៃដិន បាន​ទទូច​ដល់​មេដឹកនាំ​អឺរ៉ុប ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​អេស្ប៉ាញ ដោយ​មាន​វត្តមាន​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ផង​នោះ ស្នើ​ឱ្យ​ខិតខំ​ពង្រឹង​ជំហរ និង​កម្លាំង​សាមគ្គី​គ្នា​ជួយ​អ៊ុយក្រែន។ ក្នុង​នោះ សហភាព​អឺរ៉ុប មាន ២៧​ប្រទេស​បាន​អនុម័ត​បន្ថែម​ជំនួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន រហូត​ដល់​ឆ្នាំ​២០២៧ នូវ​សាច់ប្រាក់​ជិត ៦០​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​សហភាព​អឺរ៉ុប បាន​បញ្ចេញ​កញ្ចប់​ជំនួយ​ជាង ៨៤​ពាន់ ៨០០​លាន​ដុល្លារ ខណៈ​អាមេរិក​បញ្ចេញ​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន នូវ​សាច់ប្រាក់ ៧៦​ពាន់ ៦០០​លាន​ដុល្លារ​ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង​នៅ​លើ​ទឹកដី​អ៊ុយក្រែន នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស