34 C
Phnom Penh

លោក ហ្សេឡេនស្គី ទៅ​ដល់​បញ្ជាការ​កណ្ដាល​ណាតូ​ដើម្បី​ស្វែងរក​ជំនួយ​យោធា​ត្រៀម​សម្រាប់​រដូវ​រងា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅ​ថ្ងៃ​ពុធ ទី​១១ តុលា នេះ បាន​បំពេញ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​ទៅ​កាន់​ទីបញ្ជាការ​កណ្តាល​របស់​អង្គការ​ណាតូ (NATO) នៅ​ទីក្រុង​ប្រ៊ុចសែល នៃ​ប្រទេស​បែលហ្ស៊ិក ក្នុង​គោលបំណង​ស្វែងរក​ជំនួយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស កាំភ្លើងធំ និង​គ្រាប់រំសេវ​បន្ថែម​ទៀត ដើម្បី​ជួយ​ប្រទេស​របស់​លោក​ឆ្លងកាត់​រដូវ​រងា​លើក​ទី​ពីរ​នៅ​ចុង​ឆ្នាំ​២០២៣ នេះ។

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters នេះ​ជា​ទស្សនកិច្ច​ដំបូង​ទៅ​កាន់​ទីបញ្ជាការ​កណ្ដាល​របស់​ណាតូ គិត​ចាប់តាំងពី​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី បាន​ចាប់ផ្តើម​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២។

លោក ហ្សេឡេនស្គី បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា រដូវ​រងា​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នេះ នឹង​ចូល​មក​ដល់​ហើយ ដែល​លោក​ថា​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​របស់​អ៊ុយក្រែន។

ប្រធានាធិបតី​អ៊ុយក្រែន បាន​ថ្លែង​ដូចនេះ​នៅ​មុន​ពេល​លោក​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​មកពី​អង្គការ​ណាតូ ៣១​ប្រទេស និង​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​មកពី​ជាង ២០​ប្រទេស​ផ្សេង​ទៀត​ដែល​ផ្តល់​ជំនួយ​យោធា​ឱ្យ​អ៊ុយក្រែន ក៏​មក​ចូល​ប្រជុំ​នៅ​ក្រុង​ប្រ៊ុចសែល ដែរ។

កិច្ចប្រជុំ​នេះ គេ​ហៅថា​ក្រុម​សម្ព័ន្ធមិត្ត​អ៊ុយក្រែន ឬ​ក្រុម Ukraine Defense Contract Group។ លោក ហ្សេឡេនស្គី បាន​ទទូច​ថា ក្រុម​យើង​កំពុង​ត្រៀម​ខ្លួន​រួចរាល់​ហើយ តែ​សម្រាប់​អ៊ុយក្រែន​ពេលនេះ​ត្រូវការ​ការ​គាំទ្រ​ពី​ប្រទេស​អស់​លោក និង​សហគមន៍​អន្តរជាតិ។

តាម​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ ការ​វាយបក​របស់​អ៊ុយក្រែន គឺជា​រឿង​សំខាន់ និង​ជា​គោលដៅ​នៃ​សង្គ្រាម ប៉ុន្តែ​គេ​ត្រូវ​ដឹង​ថា រុស្ស៊ី​ជា​ប្រទេស​ភេរវកម្ម​ដែល​មាន​អាវុធ​យ៉ាង​សម្បើម។ ថ្លែង​បន្ត​ពី​លោក ហ្សេឡេនស្គី អគ្គលេខាធិការ​ណាតូ លោក Jens Stoltenberg បាន​និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុង​ត្រៀម​លក្ខណៈ​សាជាថ្មី​ក្នុង​ការ​ទាញ​យុទ្ធសាស្ត្រ​រដូវ​រងា​ជា​អាវុធ​សម្រាប់​សង្គ្រាម​របស់​ខ្លួន តាមរយៈ​ការ​វាយប្រហារ​មក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​នៅ​អ៊ុយក្រែន គឺ​អាច​ដូច​រដូវ​រងា​ឆ្នាំ​ទៅ​មិញ។

លោក Stoltenberg បន្ត​ថា ក្រុម​សម្ពន្ធភាព​ត្រូវតែ​ជួយ​ទប់ស្កាត់​រុស្ស៊ី ដោយ​ការ​ផ្តល់​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដែល​កាន់តែ​ទំនើប និង​មាន​សមត្ថភាព​ទៅ​ឱ្យ​អ៊ុយក្រែន។ លោក​អគ្គលេខាធិការ​ណាតូ កាលពី​ពេល​ថ្មីៗ​នេះ បាន​ទទូច​ថា គេ​ត្រូវ​រួម​គ្នា​បង្ខំ​រុស្ស៊ី ឱ្យ​បញ្ចប់​សង្គ្រាម​ជាជាង​រុស្ស៊ី​ប្រើ​ពេលវេលា​ដើម្បី​អូស​បន្លាយ​សង្គ្រាម ហើយ​មិន​ព្រម​បោះបង់​ការ​ឈ្លានពាន។

នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ប្រទេស​ជាច្រើន​បន្ត​ចេញ​មុខ​ប្រកាស​ផ្ដល់​ជំនួយ​យោធា​ថែម​ទៀត​ទៅ​ឱ្យ​អ៊ុយក្រែន មាន​ដូចជា ប្រទេស​អាល្លឺម៉ង់ ប្រទេស​អង់គ្លេស ប្រទេស​កាណាដា ស៊ុយអែត ហើយ​និង​សហភាព​អឺរ៉ុប ២៧​ប្រទេស។

សហភាព​អឺរ៉ុប បាន​អនុម័ត​ហើយ​នូវ​ការ​ពង្រីក​កញ្ចប់​ជំនួយ​មាន​ទំហំ​សាច់ប្រាក់​ជិត ៦០​ពាន់​លាន​ដុល្លារ​រហូត​ដល់​ទៅ​ឆ្នាំ​២០២៧ ហើយ​ក្នុង​គ្រាប់កាំភ្លើង​ធំ​ប្រមាណ​មួយ​លាន​គ្រាប់ នឹង​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន នៅ​ចុង​ឆ្នាំ​នេះ ឬ​ដើម​ឆ្នាំ​ក្រោយ។ ប្រទេស​ដែល​គាំទ្រ​អ៊ុយក្រែន ប្រយុទ្ធ​ដើម្បី​សេរីភាព និង​អធិបតេយ្យភាព​មាន ៥៣​ប្រទេស ក្នុង​នោះ​ប្រទេស​ចំនួន ១០ ដែល​ផ្ដល់​ជំនួយ​ចាប់ពី​ជាង ៣​ពាន់​លាន​ដុល្លារ​ឡើង​ទៅ​មាន ១០​ប្រទេស។

ប្រទេស​ទាំង ១០ នោះ​មាន៖

  1. សហភាព​អឺរ៉ុប ២៧​ប្រទេស បាន​ផ្ដល់​ទៅ​ឱ្យ​អ៊ុយក្រែន​ទាំង​ជំនួយ​យោធា និង​ជំនួយ​មិនមែន​យោធា​នូវ​ទំហំ​សាច់ប្រាក់ ៨៤​ពាន់ ៨០០​លាន​ដុល្លារ
  2. សហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​កញ្ចប់​ថវិកា ៧៦​ពាន់ ៦០០​លាន​ដុល្លារ
  3. អាល្លឺម៉ង់ ២០​ពាន់ ៩០០​លាន​ដុល្លារ
  4. អង់គ្លេស ១៣​ពាន់ ៨០០​លាន​ដុល្លារ
  5. ន័រវែស ៧​ពាន់ ៤០០​លាន​ដុល្លារ
  6. ជប៉ុន ៦​ពាន់ ៥០០​លាន​ដុល្លារ
  7. កាណាដា ៥​ពាន់ ៤០០​លាន​ដុល្លារ
  8. ប៉ូឡូញ ៤​ពាន់ ៣០០​លាន​ដុល្លារ
  9. ហុឡង់ដ៍ ៤​ពាន់ ១០០​លាន​ដុល្លារ
  10. ដាណឺម៉ាក ៣​ពាន់ ៨០០​លាន​ដុល្លារ។

សរុប​ទៅ ទំហំ​សាច់ប្រាក់​ទាំង​ជំនួយ​យោធា និង​ជំនួយ​មិនមែន​យោធា​ដែល​អ៊ុយក្រែន​ទទួល​បាន​ពី​ប្រទេស​ទាំង ១០ ​នេះ គឺ​មាន ២២៧​ពាន់ ៦០០​លាន​ដុល្លារ​អាមេរិក ដែល​ជំនួយ​នេះ​រាប់​ពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ មក​ដល់​ខែ​កញ្ញា ឆ្នាំ​២០២៣។ មក​ដល់​ពេលនេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ចូល​ដល់​ខែ​ទី​២០ ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស