32 C
Phnom Penh

អ្នក​ឃ្លាំមើល៖ តាំងពី​ឪពុក​ដល់​កូន​ដឹកនាំ សុទ្ធតែ​ប្ដេជ្ញា​កម្ចាត់​គ្រឿងញៀន តែ​ក្រុម​ឧក្រិដ្ឋជន​រកស៊ី​គ្រឿងញៀន​កាន់តែ​កើន​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​មិន​មាន​ជំនឿ​ទៅ​លើ​វិធានការ​ទប់ស្កាត់​គ្រឿងញៀន​របស់​លោក នេត សាវឿន ដោយ​ថា​តាំងពី​លោក ហ៊ុន សែន រហូត​ដល់​លោក ហ៊ុន ម៉ាណែត សុទ្ធតែ​បាន​ប្ដូរ​ផ្ដាច់​កម្ចាត់​គ្រឿងញៀន តែ​ពួក​មេ​ឈ្មួញ​គ្រឿងញៀន​កាន់តែ​រីក​មុខមាត់​មាន​ឥទ្ធិពល​ហូរហៀរ​ទៅវិញ។

ការ​លើកឡើង​របស់​អ្នកវិភាគ​នេះ បន្ទាប់ពី​ក្មួយ​ថ្លៃ​របស់​លោក ហ៊ុន សែន គឺ​លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ចេញ​គោលការណ៍​មួយ​ដោយ​ឲ្យ​មន្ត្រី​តាម​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​ទាំងអស់ រួម​គ្នា​ទប់ស្កាត់​គ្រឿងញៀន ជាពិសេស​ការ​នាំចូល​សារធាតុ​គីមី។

លោក​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ពលរដ្ឋ​តាម​មូលដ្ឋាន និង​សង្គម ដោយសារ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ស្រទាប់​យុវវ័យ​កំពុង​រាលដាល​ជា​ខ្លាំង ដែល​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សុខភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ។

លោក នេត សាវឿន ក៏​បាន​ណែនាំ​ទៅ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បង្កើត​យន្តការ​គ្រប់គ្រង​សារធាតុ​គីមី​ផ្សំ។ ចំណែក​មន្ត្រី​តាម​ច្រក​ព្រំដែន ជាពិសេស​តំបន់​ត្រីកោណ​មាស ត្រូវ​បន្ថែម​ឧបករណ៍​បច្ចេកទេស​ដូចជា ម៉ាស៊ីន​ស្គែន ឬ​ឆ្កែ​ហិត​ក្លិន ជាដើម ខណៈ​ការ​ចរាចរ​គ្រឿងញៀន​តាម​ផ្លូវ​ទឹក លំហ​សមុទ្រ និង​កំពង់ផែ​អន្តរជាតិ​ត្រូវ​យកចិត្ត​ទុកដាក់។

លោក​ជំរុញ​ទៅ​គ្រប់​ក្រសួង​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច​គ្រប់គ្រង និង​ត្រួតពិនិត្យ​ឃ្លាំង ឬ​សង្វាក់​ផលិតកម្ម ត្រូវ​ធ្វើ​បច្ចុប្បន្នភាព និង​តាមដាន​ឲ្យ​បាន​ដិតដល់ ចៀសវាង​ឧក្រិដ្ឋជន​ឆ្លៀត​ប្រើប្រាស់​ទីតាំង​ទាំងនោះ​លួច​លាក់​កែច្នៃ​ផលិត​សារធាតុ​ញៀន​ជាដើម។

តែ​យ៉ាងណា​ក៏ដោយ ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់​ឃើញ​ថា បាន​ឮ​ការ​បញ្ជា​របស់​លោក នេត សាវឿន អំពី​ការ​បង្ក្រាប​គ្រឿងញៀន​ដូចជា​ហំហែង​ណាស់ ប៉ុន្តែ​ចំណុច​សំខាន់​នៅ​ត្រង់​ថា តើ​លោក នេត សាវឿន ដែល​ឡើង​ទៅ​ធ្វើ​ជា​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​បង្ក្រាប​មេ​ឈ្មួញ​គ្រឿងញៀន​ធំៗ ឬ​មាន​គោលដៅ​ការពារ​ឧក្រិដ្ឋជន​គ្រឿងញៀន​ដែល​មាន​ការ​សង្ស័យ​ជាច្រើន​ពាក់ព័ន្ធ​នឹង​សមាជិក​ក្រុម​គ្រួសារ​ហ៊ុន។

លោក​យល់​ឃើញ​ថា បើ​លោក នេត សាវឿន មិន​ហ៊ាន​បង្ហាញ​គោលដៅ​នៃ​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​ទេ ហើយ​បទបញ្ជា​របស់​លោក​គ្រាន់តែ​ជា​ការ​និយាយ​ឲ្យ​តែ​ពីរោះ​ស្ដាប់ បោកប្រាស់​ពលរដ្ឋ រីឯ​ទំហំ​គ្រឿងញៀន​រីក​រាលដាល​កាន់តែ​ធំ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មិន​ស្រក​អន់​សោះ។

លោក គឹម សុខ កត់សម្គាល់​ថា តាំងពី​លោក ហ៊ុន សែន រហូត​ដល់​លោក ហ៊ុន ម៉ាណែត សុទ្ធតែ​បាន​ប្ដូរ​ផ្ដាច់​កម្ចាត់​គ្រឿងញៀន តែ​ពួក​មេ​ឈ្មួញ​គ្រឿងញៀន​កាន់តែ​រីក​មុខមាត់​មាន​ឥទ្ធិពល​ហូរហៀរ ដោយ​ពួកគេ​ចាត់ទុក​គុក​ជា​កន្លែង​ជះ​លុយ​ប្រើ​ឆ្មាំ​គុក​ឲ្យ​បម្រើ​ច្របាច់​ជើង​ច្របាច់​ដៃ​ឲ្យ​ប៉ុណ្ណោះ។

ចំពោះ​ការ​លើកឡើង​របស់​លោក គឹម សុខ នេះ ធ្វើឡើង​ខណៈ​សារព័ត៌មាន​អន្តរជាតិ​ចុះផ្សាយ​ថា គ្រួសារ​លោក ហ៊ុន សែន ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ចរាចរ​គ្រឿងញៀន​ដ៏​ធំ​បំផុត​នៅ​កម្ពុជា ដែល​កំពុង​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ក្លឹប​រាត្រី រង្គសាល ហាង​ខារ៉ាអូខេ និង​ផ្ទះសំណាក់ ហើយ​អ្នក​ដែល​ចែកចាយ​ធំ គឺជា​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន។

នាយករដ្ឋមន្ត្រី​ត​ពូជ​លោក ហ៊ុន ម៉ាណែត តែងតាំង​លោក នេត សាវឿន ឲ្យ​ធ្វើ​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជំនួស​លោក កែ គឹមយ៉ាន កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣។ លោក នេត សាវឿន ដែល​ជា​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា និង​ជា​ប្តី​របស់​អ្នកស្រី ហ៊ុន គឹមឡេង ក្មួយ​បង្កើត​របស់​លោក ហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស