30 C
Phnom Penh

ហេតុ​អ្វី​រុស្ស៊ី និង​ចិន សុំ​អ៊ីស្រាអែល​ផ្ដល់​សន្តិភាព​សម្រាប់​ដែន​ដី​ហ្កាហ្សា-ប៉ាឡេស្ទីន?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពិភពលោក​កាន់តែ​ដឹង​ច្បាស់​ថា ប្រទេស​មហាអំណាច​លើ​ពិភពលោក​ណា​ខ្លះ​គាំទ្រ​កងកម្លាំង​ឃោរឃៅ​បែប​ភេរវកម្ម និង​ប្រទេស​មហាអំណាច​ណា​ខ្លះ​ចង់​បោស​សម្អាត​ក្រុម​បែប​ភេរវកម្ម​នេះ។

រយៈពេល​ចុងក្រោយ​នេះ គេ​បាន​ឃើញ​ប្រទេស​ចិន និង​រុស្ស៊ី ដែល​អួត​ខ្លួន​ជា​អ្នក​ការពារ​សណ្ដាប់ធ្នាប់​សន្តិភាព​ពិភពលោក បាន​ក្លាយ​ជា​ប្រទេស​ដែល​កំពុង​ចេញ​មុខ​ខ្លាំង​ទាមទារ​ឱ្យ​អ៊ីស្រាអែល បញ្ឈប់​ការ​វាយប្រហារ​លើ​តំបន់​ហ្កាហ្សា​នៃ​ដែនដី​ប៉ាឡេស្ទីន ក្រោម​ហេតុផល ៣​យ៉ាង ដែល​ប្រទេស​មហាអំណាច​ពីរ​នេះ​បាន​ទាមទារ​ដូចនេះ៖

  • ទី​១ មិន​ចង់​ឃើញ​ពលរដ្ឋ​ដែល​រស់នៅ​លើ​ដែនដី​ហ្កាហ្សា​ស្លាប់​កាន់តែ​ច្រើន​ឡើង ហើយ​រស់នៅ​យ៉ាង​វេទនា​ដោយសារតែ​ការ​វាយប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល។
  • ទី​២ បារម្ភ​ខ្លាច​ពួក​ហាម៉ាស​សម្លាប់​ចំណាប់ខ្មាំង​បរទេស ដែល​ក្រុម​ហាម៉ាស​ចាប់​ពង្រត់​ចេញពី​ទឹកដី​អ៊ីស្រាអែល កាលពី​ពេល​ដែល​ទ័ព​ហាម៉ាស​វាយ​ចូល​ដែនដី​អ៊ីស្រាអែល​កាលពី​ថ្ងៃទី​៧ តុលា។
  • ទី​៣ បារម្ភ​ខ្លាច​អ៊ីស្រាអែល វាយ​កាន់កាប់​យក​ដែនដី​ហ្កាហ្សា​ដាក់​ក្នុង​ដែនដី​របស់​ខ្លួន ហើយ​បោស​សម្អាត​ប្រជាជន​ប៉ាឡេស្ទីន ដែល​ជា​អំពើ​ប្រល័យ​ពូជសាសន៍។ តែ​ចិន និង​រុស្ស៊ី មិន​បាន​ហៅ​ពួក​ហាម៉ាស​ជា​ក្រុម​ភេរវកម្ម​នោះ​ទេ ខណៈ​ក្រុម​បស្ចិម​ប្រទេស​ចាត់ទុក​ជា​ក្រុម​ភេរវកម្ម។

គោលបំណង​របស់​មហា​អំណាច​ពីរ​នេះ បាន​ស្ដែង​ឡើង​នៅ​ឯ​វេទិកា​អន្តរជាតិ​មួយ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃទី​២០ ខែ​តុលា ដែល​ប្រទេស​ចូលរួម​មាន​តែ ១៥​ប្រទេស​ប៉ុណ្ណោះ ក្នុង​នោះ​ក៏​មាន​ប្រធានាធិបតី​ប៉ាឡេស្ទីន ផង​ដែរ។

នៅ​ចំពោះ​មុខ​ការ​ចាញ់​សង្គ្រាម និង​បារម្ភ​ដែល​ថា​អ៊ីស្រាអែល អាច​បើក​ការ​វាយលុក​ដោយ​កងទ័ព​ជើងគោក​ទ្រង់ទ្រាយ​ធំ ដោយ​មាន​រថក្រោះ​ជាង ២០០​គ្រឿង​បំណង​វាយ​កាន់កាប់​ដែនដី​ហ្កាហ្សា លោក​ប្រធានាធិបតី​ប៉ាឡេស្ទីន Mahmoud Abbas បាន​ប្រកាស​ថា លោក​មិន​បាន​ទទួលស្គាល់​កងទ័ព​នៃ​ក្រុម​ហាម៉ាស​ជា​កងទ័ព​ជាតិ​នៃ​ប្រជាជន​ប៉ាឡេស្ទីន នោះ​ទេ។

សាក្សី​ដែល​ដឹង​ថា​មេដឹកនាំ​ប៉ាឡេស្ទីន ថ្លែង​ដូច​នេះ គឺ​លោក Antony Blinken ដែល​ជួប​លោក Abbas នៅ​លើ​ទឹកដី​នៃ​ប្រទេស​ហ្សកដានី។ តែ​នេះ​ជា​លើកដំបូង​ហើយ​ដែល​មេដឹកនាំ​ប្រកាស​មិន​ទទួលស្គាល់​កងទ័ព​ហាម៉ាស​ជា​ទ័ព​ជាតិ​របស់​ប៉ាឡេស្ទីន ក្នុង​ឋានៈ​លោក​ជា​ប្រធានាធិបតី។

ប៉ុន្តែ​កាលពី​សង្គ្រាម​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២១ លោក Abbas មិន​ត្រូវ​បាន​គេ​ដឹង​ថា​លោក​បាន​ថ្លែង​ដូច​នេះ​ទេ។ តែ​លើក​នេះ លោក Abbas អាច​ដឹង​ច្បាស់​ណាស់​ថា កងកម្លាំង​ហាម៉ាស​ដែល​លួច​វាយប្រហារ​ទៅ​លើ​ដែនដី​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧ ខែ​តុលា ដោយ​បាញ់​រ៉ុក្កែត ៥​ពាន់​គ្រាប់​ចូល​ទឹកដី​អ៊ីស្រាអែល សម្លាប់​ប្រជាជន​ជាង ១៤០០​នាក់ គឺ​មិន​ខុស​អ្វី​ដែល​ពួក​បស្ចិម​ប្រទេស​ចាត់ទុក​ជា​ក្រុម​ភេរវកម្ម​នោះ​ទេ។

ដូច​នេះ​ហើយ មើល​ទៅ​ដែល​លោក Abbas បាន​ហៅ​កងទ័ព​ហាម៉ាស​ជា​កម្លាំង​ក្រៅ​ក្របខ័ណ្ឌ​របស់​រដ្ឋាភិបាល​ប៉ាឡេស្ទីន។ មាន​ន័យ​ថា ពួក​ហាម៉ាស​នេះ​បាន​មក​ជ្រកកោន ហើយ​កកើត​កម្លាំង​នៅ​ហ្កាហ្សា ហើយ​ធ្វើ​អំពើ​ទៅ​លើ​អ៊ីស្រាអែល ដែល​មិន​ជា​ការ​ទទួល​ខុសត្រូវ​របស់​លោក​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​នោះ​ទេ។

តែ​ជំហរ​របស់​លោក Abbas គឺ​ការពិត លោក​បារម្ភ​ខ្លាច​តំបន់​ហ្កាហ្សា​ត្រូវ​បាន​អ៊ីស្រាអែល​វាយ​កាន់កាប់​យក​ជា​ចំណុះ​របស់​ដែនដី​អ៊ីស្រាអែល។ អ្វី​ដែល​លោក Abbas មេដឹកនាំ​ប៉ាឡេស្ទីន លើក​ឡើង​ដូច​នេះ​ហើយ បាន​ជា​ចិន និង​រុស្ស៊ី ទាមទារ​ឱ្យ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម​វាយប្រហារ​លើ​ដែនដី​ហ្កាហ្សា។

តែ​អ្នកវិភាគ​មួយ​ចំនួន​ថា ចិន​និង​រុស្ស៊ី ក៏​មិន​ចង់​ឱ្យ​អ៊ីស្រាអែល​វាយ​ចូល​ដែនដី​ហ្កាហ្សា ដើម្បី​រំលាយ​អង្គការ​ចាត់តាំង​របស់​ពួក​ហាម៉ាស​នោះ​ដែរ។

ចុះ​ហេតុ​អ្វី​បាន​ជា​ក្រុម​បស្ចិម​ប្រទេស​ជំទាស់​សេចក្ដី​ព្រាង​ដំណោះស្រាយ​រុស្ស៊ី ដែល​សុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បញ្ជា​ទៅ​អ៊ីស្រាអែល ឲ្យ​បញ្ចប់​សង្គ្រាម​វាយប្រហារ​ពួក​ហាម៉ាស​ប៉ាឡេស្ទីន?

កាលពី​ថ្ងៃទី​១៨ តុលា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​បើក​កិច្ចប្រជុំ​លើក​ទី​២ របស់​ខ្លួន ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្ដី​ព្រាង​ដំណោះស្រាយ​រុស្ស៊ី ដែល​សុំ​ឱ្យ​ចេញ​សេចក្ដី​សម្រេច​បង្គាប់​ទៅ​អ៊ីស្រាអែល បញ្ឈប់​វាយប្រហារ​លើ​ដែនដី​ហ្កាហ្សា ដោយ​បារម្ភ​ពី​ការ​ស្លាប់​យ៉ាង​រង្គាល​ប្រជាជន​ប៉ាឡេស្ទីន។ តែ​សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង បាន​បោះឆ្នោត​វេតូ ដែល​ធ្វើ​ឱ្យ​សេចក្ដី​ព្រាង​ដំណោះស្រាយ​រុស្ស៊ី មិន​អាច​ក្លាយ​ជា​ដំណោះស្រាយ​បាន​ឡើយ។

អ្នក​សង្កេតការណ៍​រក​ឃើញ​ហេតុផល​តែ​មួយ​គត់​ដែល​ក្រុម​បស្ចិម​ប្រទេស​បោះឆ្នោត​វេតូ​លើ​សំណើ​របស់​រុស្ស៊ី គឺ​ដោយសារ​ចង់​ឃើញ​ពួក​ហាម៉ាស​ត្រូវ​កងទ័ព​អ៊ីស្រាអែល កម្ទេច​ឱ្យ​អស់​នៅ​លើ​ទឹកដី​ហ្កាហ្សា ខណៈ​ក្រុម​បស្ចិម​ប្រទេស​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ចាត់ទុក​ថា​ការ​លួច​វាយប្រហារ​របស់​កងទ័ព​ហាម៉ាស​លើ​ដែនដី​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧ តុលា គឺជា​អំពើ​ភេរវកម្ម​ដែល​ត្រូវតែ​បោស​សម្អាត។ ដូច​នេះ​បាន​ជា​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ អង់គ្លេស បារាំង កាណាដា អ៊ីតាលី បាន​ប្រកាស​គាំទ្រ​អ៊ីស្រាអែល ដែល​បើក​ការ​វាយប្រហារ​ដោយ​ទម្លាក់​គ្រាប់បែក​ទៅ​លើ​ដែនដី​ហ្កាហ្សា ប៉ុន្តែ​ក្រុម​បស្ចិម​ប្រទេស​ក៏​បាន​ទាមទារ​ឱ្យ​ពួក​ហាម៉ាស​ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់​ជាមួយ​ការ​ស្នើ​អ៊ីស្រាអែល ពន្យារ​ការ​វាយលុក​ដោយ​ទ័ព​ថ្មើរ​ជើង។

មក​ដល់​ពេលនេះ ចំណាប់ខ្មាំង​បរទេស​ដែល​ពួក​ហាម៉ាស​ចាប់​ពង្រត់​នៅ​ហ្កាហ្សា មាន​ជាង ២០០​នាក់។ សង្គ្រាម​អ៊ីស្រាអែល ដែល​វាយ​សងសឹក​នេះ​បាន​ចូល​ដល់​ថ្ងៃទី​១៦ ហើយ។ ប្រជាជន​ប៉ាឡេស្ទីន រស់នៅ​តំបន់​ហ្កាហ្សា​ភាគច្រើន​បាន​នាំគ្នា​រត់​ទៅ​កាន់​ព្រំដែន​ប្រទេស​អេហ្ស៊ីប និង​ប្រទេស​ហ្សកដានី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស