31 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ករណី​ប្រើ​និង​ជួញដូរ​គ្រឿងញៀន​ក្នុង​ជួរ​នគរបាល​បង្ហាញ​ពី​ការ​រីក​រាលដាល​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ព្រមាន​ថា ការ​លេច​ឡើង​នូវ​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ក្នុង​ជួរ​កងកម្លាំង​នគរបាល គឺ​បង្ហាញ​ពី​ការ​រីក​រាលដាល​នៃ​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ ដែល​បាន​ធ្វើ​ឱ្យ​កើត​មាន​នូវ​អសន្តិសុខ​សង្គម​នៅ​មូលដ្ឋាន​រហូត​មក។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ វិច្ឆិកា នេះ​ថា ការ​រក​ឃើញ​នូវ​ការ​ប្រើប្រាស់ និង​ការ​ជួញដូរ​គ្រឿងញៀន​លើ​មន្ត្រី​នគរបាល​កម្ពុជា គឺជា​ឧទាហរណ៍​ជាក់ស្តែង​មួយ​ដែល​ក្រសួង​មហាផ្ទៃ​ត្រូវតែ​រក​ឱ្យ​ឃើញ​ដល់​ឫសគល់ ថា​តើ​ការ​ប្រើប្រាស់ និង​ការ​ជួញដូរ​នេះ​មាន​ពាក់ព័ន្ធ ឬ​ការ​សហការ​គ្នា​ជា​ប្រព័ន្ធ​ដែរ​ឬ​ក៏​អត់ បាន​ជា​ទង្វើ​របស់​ពួកគេ​កន្លងមក​ត្រូវ​បាន​លាក់បាំង​យ៉ាង​មាន​សុវត្ថិភាព។

លោក សេក សុជាតិ លើកឡើង​ថា ប្រសិនបើ​ក្រសួង​មហាផ្ទៃ​មិន​អាច​ជីក​កកាយ​យក​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មក​ផ្ដន្ទាទោស​បាន​ទេ គឺ​នៅតែ​ជា​បញ្ហា​សម្រាប់​សង្គម​ជាតិ​ដដែល ព្រោះ​ថា​ពួកគេ​នឹង​សម្ងំ​ពង្រីក​ការ​ចរាចរ​គ្រឿងញៀន​ឱ្យ​កាន់តែ​ខ្លាំង​ជាង​មុន​នៅ​មូលដ្ឋាន ដើម្បី​ទទួល​ផល​ចំណេញ​ពី​ការ​ខាតបង់​ឱ្យ​បាន​កាន់តែ​ច្រើន ដោយ​សំអាង​ថា ពួកគេ​គឺជា​អ្នក​អនុវត្ត​ច្បាប់ ហើយ​គ្មាន​នរណា​ម្នាក់​អាច​ចាប់​ខ្លួន​គេ​បាន​ឡើយ បើ​រឿង​នេះ​មិន​ត្រូវ​បាន​បែកធ្លាយ​ទេ​នោះ។

កាលពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រោយ​យុទ្ធនាការ​ធ្វើ​តេស្ដ​ស្វែងរក​សារធាតុ​គ្រឿងញៀន​ចាប់តាំងពី​ដើម​ខែ​តុលា ឆ្នាំ​២០២៣ នៅ​ក្នុង​ស្រុក​ទាំង ១៣ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង ១១៦ លើ​មន្ត្រី​នគរបាល​ទូទាំង​ខេត្ត​ព្រៃវែង ដែល​ជា​លទ្ធផល​បាន​រក​ឃើញ​មន្ត្រី​នគរបាល​ចំនួន ១១​នាក់​បាន​ក្លាយ​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បញ្ជាក់​ថា ខ្លួន​បាន​បញ្ជូន​មន្ត្រី​នគរបាល​ទាំង ១១​នាក់​នោះ​ទៅ​កាន់​មណ្ឌល​ស្ដារ​នីតិសម្បទា ព្យាបាល​បន្សាប​អ្នក​ញៀន​គ្រឿងញៀន​នៅ​ក្នុង​ខេត្ត​កណ្តាល រួចរាល់​ហើយ ចំណែក​ការ​អនុវត្ត​វិន័យ​យ៉ាងណា​នោះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​នឹង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត​តាម​គោលការណ៍​សម្រេច​ពី​ថ្នាក់​លើ​នៅ​ពេល​ក្រោយ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ណែនាំ​អង្គភាព​ដែល​ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ​រឹត​បន្តឹង​ចំពោះ​បញ្ហា​គ្រឿងញៀន​លើ​មន្ត្រី​របស់​ខ្លួន​គ្រប់​អង្គភាព​ថា ចំពោះ​អ្នក​ដែល​មាន​តួនាទី​ភារកិច្ច​ជា​កងកម្លាំង​ប្រដាប់​អាវុធ បើសិន​មាន​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន មិន​គួរ​រក្សា​ទុក​នៅ​ជា​កងកម្លាំង​ដើម្បី​បំពេញ​តួនាទី​ភារកិច្ច​ទៀត​ទេ។

បញ្ហា​គ្រឿងញៀន​នេះ​ត្រូវ​គេ​រក​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ស្ទើរតែ​គ្រប់​ខេត្ត-ក្រុង​នៅ​ទូទាំង​ប្រទេស បាន​ជាប់​ពាក់ព័ន្ធ​ដោយ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ដោយ​គ្មាន​ខ្លាច​ញញើត​នឹង​ច្បាប់​ឡើយ។

ជាក់ស្តែង កាលពី​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៣ កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដោយ​រក​ឃើញ​នាយ​ទាហាន​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ចំនួន ៦​នាក់ រួម​មាន​លោក ទិត្យ វណ្ណៈ ជា​មេបញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ លោក យស ឌីណា មេបញ្ជាការ​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ស្រុក​ភ្នំស្រួច រួម​ទាំង​គ្នីគ្នា ៤​នាក់​ផ្សេង​ទៀត​ផង​ដែរ។

វិធានការ​បង្ក្រាប និង​ស្រាវជ្រាវ​មន្ត្រី​កងរាជ​អាវុធហត្ថ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​កាត់បន្ថយ និង​លុបបំបាត់​គ្រឿងញៀន​ឲ្យ​អស់​ពី​កម្ពុជា ក្រោយ​ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ចុង​ខែ​សីហា កន្លងទៅ​នេះ។

ទាក់ទិន​នឹង​ការ​ចរាចរ​គ្រឿងញៀន​នៅ​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា ក្រសួង​មហាផ្ទៃ​ក្រោម​ការ​ដឹកនាំ​របស់​លោក ស ខេង កន្លង​មក មិន​អាច​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​អំពើ​ល្មើស​ទាំងនោះ​បាន​ជោគជ័យ​ទេ ដោយសារ​តែ​អំពើ​ទាំងនោះ​គឺ​ពាក់ព័ន្ធ​នឹង​ភរិយា​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ដែល​គេ​ដឹង​ថា​ស្ត្រី​ទី​១ របស់​កម្ពុជា​រូប​នេះ គឺជា​អ្នក​បញ្ជា​ពីក្រោយ​ខ្នង​នៃ​ការ​ចរាចរ និង​ការ​ចែកចាយ​គ្រឿងញៀន​ទាំងនោះ​រហូត​មក។

ចំណែក​លោក នេត សាវឿន ដែល​ជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន គឺជា​អ្នក​អនុវត្ត​បង្ក្រាប​អំពើ​ទុច្ចរិត​ទាំងនោះ​ដោយ​ផ្ទាល់ ដូច្នេះ​ហើយ​បើ​ទោះបីជា​លោក នេត សាវឿន នៅ​ក្រោម​បញ្ជា​របស់​លោក ស ខេង ក៏ដោយ ក៏​គាត់​មិន​អនុវត្ត​តាម​បទបញ្ជា​ក្នុង​ការ​បង្ក្រាប​អំពើ​ល្មើស​ច្បាប់​ទាំងនោះ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​សន្តិសុខ​លំហ​សមុទ្រ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា កាលពី​ជំនាន់​លោក ស ខេង ដឹកនាំ​ក្រសួង​មហាផ្ទៃ មាន​លោក នេត សាវឿន ដែល​ជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន នៅ​រាំងស្ទះ​ក្នុង​ការ​អនុវត្ត​បទបញ្ជា​របស់​គាត់ ដោយសារតែ​លោក នេត សាវឿន កាន់​តួនាទី​ជា​អគ្គស្នងការ​នគរបាល​ជាតិ ដូច្នេះ​នៅ​ពេល​ដែល​កម្លាំង​ក្រសួង​មហាផ្ទៃ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​លើ​បទល្មើស​ណា​មួយ ដូចជា បទល្មើស​គ្រឿងញៀន ជាដើម ដែល​ប៉ះ​ចំ​សែស្រឡាយ​បក្ខពួក​របស់​លោក ហ៊ុន សែន គឺ​លោក នេត សាវឿន នឹង​មិន​ដឹកនាំ​បង្ក្រាប​ដាច់ខាត។

អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា នៅ​ពេលនេះ​លោក ស ថេត ដែល​ក្មួយ​របស់​លោក ស ខេង កាន់​តួនាទី​ជា​អគ្គស្នងការ​នគរបាល​ជាតិ​ជំនួស​លោក នេត សាវឿន ខណៈ​លោក ស សុខា ដែល​ជា​កូន​របស់​លោក ស ខេង ក៏​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដែរ ដូច្នេះ​ការ​ដឹកនាំ​ក្រសួង​មហាផ្ទៃ​អាច​នឹង​ល្អ​ប្រសើរ​ជាង​មុន​ចំពោះ​ការ​បង្ក្រាប​លើ​បទល្មើស​ផ្សេងៗ និង​ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដែល​ចំណុះ​ឱ្យ​ក្រសួង​នេះ ដូចជា​បញ្ហា​គ្រឿងញៀន ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស