36 C
Phnom Penh

ការ​ស្ទង់មតិ៖ ប្រជាជន​រុស្ស៊ី ៧០% មិន​ជឿ​ថា​សង្គ្រាម​របស់​លោក ពូទីន វាយ​ឈ្នះ​អ៊ុយក្រែន​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​ដែល​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បញ្ជា​ឱ្យ​លើក​ទ័ព​វាយ​ចូល​ទឹកដី​អ៊ុយក្រែន មក​ដល់​ពេលនេះ​ចូល​ដល់​ខែ​ទី​២១ ហើយ។ នៅ​មុន​ការ​បង្ក​សង្គ្រាម​វាយ​ចូល​ទឹកដី​អ៊ុយក្រែន លោក ពូទីន ប្រកាស​ថា​ត្រូវតែ​ធ្វើ​សង្គ្រាម​វាយ​រដ្ឋាភិបាល​អ៊ុយក្រែន របស់​លោក​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ព្រោះ​តែ​ប្រទេស​អ៊ុយក្រែន ដែល​ស្ថិត​នៅ​ក្រោម​លោក ហ្សេឡេនស្គី បាន​ដាក់​ពាក្យ​សុំ​ចូល​សមាជិក​អង្គការ​យោធា​ណាតូ។

លោក ពូទីន និង​រដ្ឋាភិបាល​របស់​លោក​សម្រេច​ថា​មាន​តែ​ធ្វើ​សង្គ្រាម​វាយ​អ៊ុយក្រែន ទើប​បញ្ឈប់​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី ដែល​ចង់​ក្លាយ​ជា​សមាជិក​ណាតូ ហើយ​ម្យ៉ាង​ទៀត រុស្ស៊ី​ត្រូវ​វាយ​រំដោះ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី នៅ​ភាគ​ខាងកើត​ក្នុង​តំបន់​ដុនបាស ដែល​កំពុង​ត្រូវ​បាន​សម្លាប់​ដោយ​កងទ័ព​អ៊ុយក្រែន។

ក្នុង​ស្ថានភាព​នេះ លោក ពូទីន បញ្ជា​ទ័ព ២៥​ម៉ឺន​នាក់ និង​រថក្រោះ រថពាសដែក កាំភ្លើង​ធំ​រាប់​ពាន់​គ្រឿង ឡោមព័ទ្ធ​ប្រទេស​អ៊ុយក្រែន រហូត​អ៊ុយក្រែន​បញ្ជូន​ទ័ព​ទៅ​ប្រឈម​មុខ​នឹង​កងទ័ព​រុស្ស៊ី ខណៈ​ពួក​បស្ចិម​ប្រទេស និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឱ្យ​រុស្ស៊ី​បន្ថយ​ការ​ដាក់​សម្ពាធ​បង្ក​សង្គ្រាម​វាយ​អ៊ុយក្រែន។

តែ​លោក ពូទីន កាន់តែ​កញ្ជ្រោល​ដោយ​ព្រមាន​ថា វាយ​អ៊ុយក្រែន​ឱ្យ​រលំ ទើប​ណាតូ​លែង​ចាប់​យក​អ៊ុយក្រែន ជា​សមាជិក​របស់​ខ្លួន។

បើ​តាម​មន្ត្រី​ចារកម្ម​របស់​អាមេរិក និង​អង់គ្លេស លោក ពូទីន មាន​ជំនឿ​ថា ការ​វាយ​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី គឺ​យ៉ាង​យូរ​មួយ​សប្ដាហ៍​ត្រូវ​វាយ​ចូល​ក្រុង​គៀវ ហើយ​បិទ​បញ្ចប់​ការ​ដឹកនាំ​របស់​លោក ហ្សេឡេនស្គី នៅ​រដ្ឋធានី​មួយ​នេះ។ ដោយ​មាន​ជំនឿ​ដូចនេះ លោក ពូទីន ក៏​បាន​បញ្ជា​ឱ្យ​លើក​ទ័ព ២៥​ម៉ឺន​នាក់​វាយ​ចូល​អ៊ុយក្រែន នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។

ការ​បើក​ឆាក​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ក៏​ចាប់ផ្ដើម ប៉ុន្តែ​អ៊ុយក្រែន​ទប់​ជាប់​ការ​វាយ​រុល​របស់​កងទ័ព​រុស្ស៊ី បើ​ទោះជា​ទ័ព​រុស្ស៊ី រុល​ចូល​កាន់តែ​កៀក​ក្រុង​គៀវ ក៏ដោយ ក៏​លោក ហ្សេឡេនស្គី និង​មេទ័ព​របស់​លោក​មិន​បាន​រត់​ចេញពី​ទីក្រុង​នេះ​ឡើយ។

នៅ​ពេល​ជាមួយ​គ្នា​នេះ អាវុធ​បាញ់​រថក្រោះ​របស់​អង់គ្លេស NLAW និង​អាវុធ​បាញ់​រថក្រោះ​អាមេរិក Javelin និង​អាវុធ​បាញ់​យន្តហោះ Stinger ត្រូវ​បាន​ទ័ព​អ៊ុយក្រែន​ប្រើប្រាស់​លើ​សមរភូមិ​ទៅ​ហើយ។ អាវុធ​ទាំង​បី​ប្រភេទ​នេះ​ហើយ​ដែល​អ៊ុយក្រែន វាយ​ទប់​បាន​យ៉ាង​ជោគជ័យ​នូវ​ការ​រុល​ចូល​របស់​កងទ័ព​រថក្រោះ​រុស្ស៊ី ដែល​វាយ​ចូល​រដ្ឋធានី​គៀវ។

នៅ​ថ្ងៃទី​៤ មិថុនា ឆ្នាំ​២០២២ រុស្ស៊ី​ប្រកាស​ដក​ទ័ព​ចេញពី​ភាគ​ខាងជើង​ទីក្រុង​គៀវ ត្រឡប់​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​តំបន់​ដុនបាស ភាគ​ខាងកើត​ប្រទេស ក្រោយពី​ទ័ព និង​រថក្រោះ​រុស្ស៊ី រាប់​រយ​គ្រឿង ត្រូវ​ទ័ព​អ៊ុយក្រែន​បាញ់​ឆេះ​នៅ​ពាសពេញ​ផ្លូវ​នៅ​តំបន់​ភាគ​ខាងជើង​ក្រុង​គៀវ ចម្ងាយ ៦០​គីឡូម៉ែត្រ។

ការ​ដក​ទ័ព​របស់​រុស្ស៊ី នេះ គឺ​ស្មើ​នឹង​រុស្ស៊ី​បាក់​ទ័ព​ជា​លើកដំបូង ព្រោះតែ​អស់​លទ្ធភាព​វាយ​ចូល​ក្រុង​គៀវ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី។ ចាប់ពី​ពេល​នោះ​មក រុស្ស៊ី​បន្ត​បាក់​ទ័ព​យ៉ាង​អាម៉ាស់​ក្នុង ២​សមរភូមិ​ទៀត​នៅ​តំបន់​ខាគៀវ ភាគ​ឥសាន និង​តំបន់​ខឺសុន ភាគ​ខាងត្បូង។ ក្នុង​សភាព​បែប​នេះ ក្រុម​អ្នក​ជាតិ​និយម​រុស្ស៊ី ចាប់ផ្ដើម​បន្ទោស​លោក ពូទីន ដែល​បរាជ័យ​មិន​អាច​វាយ​ចូល​រដ្ឋធានី​គៀវ ហើយ​ជាពិសេស​មិន​អាច​វាយ​ផ្ដួល​រំលំ​ការ​ដឹកនាំ​របស់​លោក ហ្សេឡេនស្គី គឺ​មិន​ដូច​អ្វី​ដែល​វិមាន​ក្រឹមឡាំង អួត​ថា​រយៈពេល​យ៉ាង​យូរ ៧​ថ្ងៃ វាយ​យក​បាន​ក្រុង​គៀវ។

គេ​នៅ​ចាំ​បាន​ថា នៅ​មុន​សង្គ្រាម​រុស្ស៊ី​បង្ក​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ការ​ស្ទង់មតិ​របស់​មជ្ឈមណ្ឌល Levada ក្រុង​មូស្គូ បាន​រក​ឃើញ​ការ​គាំទ្រ​លោក ពូទីន លើក​ទ័ព​វាយ​ចូល​អ៊ុយក្រែន ដែល​មាន​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី មាន​ជិត ៦០%។

តែ​ក្រោយ​មក​ទៀត នៅ​ពេល​រុស្ស៊ី​បាក់​ទ័ព​ផ្ទួនៗ​ក្នុង​ឆ្នាំ​២០២២ អ្នកគាំទ្រ​សង្គ្រាម​របស់​លោក ពូទីន ចាប់ផ្ដើម​ធ្លាក់​ចុះ​ជា​លំដាប់ រហូត​នៅ​សល់​ជិត ៤០​ភាគរយ។ ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃទី​៥ វិច្ឆិកា មជ្ឈមណ្ឌល Levada ក្រុង​មូស្គូ បាន​ធ្វើ​ការ​ស្ទង់មតិ​ឡើងវិញ ដោយ​រក​ឃើញ​ថា ការ​គាំទ្រ​សង្គ្រាម​របស់​លោក ពូទីន នៅ​លើ​ទឹកដី​អ៊ុយក្រែន ធ្លាក់​មក​ដល់ ៣០​ភាគរយ។

តាម​ការ​ស្ទង់មតិ​នេះ អ្នក​ដែល​ឆ្លើយ​ថា​សង្គ្រាម​គួរតែ​បិទ​បញ្ចប់​មាន​ជិត ៦០​ភាគរយ ហើយ ៧០% ឆ្លើយ​ដោយ​ភាព​ច្បាស់លាស់​ថា លោក ពូទីន ធ្វើ​សង្គ្រាម​មិន​ឈ្នះ​អ៊ុយក្រែន ទេ។

មក​ដល់​ពេលនេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ដែល​ចូល​ដល់​ខែ​ទី​២១ នេះ រុស្ស៊ី​បាត់បង់​ទ័ព​ជាង ៣០​ម៉ឺន ៦៨០០​នាក់ រថក្រោះ ៥២៩៣​គ្រឿង រថពាសដែក ៩៩៧៤​គ្រឿង និង​កាំភ្លើង​ធំ ៧៤១០​គ្រឿង។ អាវុធ​ទាំង​បី​ប្រភេទ​នេះ គឺជា​អាវុធ​គាំទ្រ​ទ័ព​ថ្មើរជើង។ តួលេខ​នេះ​ចុះផ្សាយ​ដោយ​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ។

អ្នកជំនាញ​យោធា​របស់​ពួក​បស្ចិម​ប្រទេស មើល​ឃើញ​ថា បើ​ពិត​ដូច​ការ​ចុះផ្សាយ​របស់​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន គឺ​រុស្ស៊ី​ធ្វើ​សង្គ្រាម​លើ​ប្រទេស​អ៊ុយក្រែន បាន​ត្រឹមតែ​ទប់ទល់​ការ​វាយបក​របស់​អ៊ុយក្រែន វិញ​តែប៉ុណ្ណោះ ព្រោះតែ​រុស្ស៊ី បាត់បង់​ទ័ព និង​សព្វាវុធ​បី​ប្រភេទ​នេះ​មាន​ចំនួន​ច្រើន​លើសលប់ ដែល​ធ្វើ​ឱ្យ​ទ័ព​ជើងគោក​របស់​រុស្ស៊ី ពុំ​មាន​លទ្ធភាព​វាយ​ឈ្នះ​ទ័ព​អ៊ុយក្រែន នោះ​ទេ។

បើ​សង្គ្រាម​កាន់តែ​អូស​បន្លាយ​ទៀត ប្រជាជន​រុស្ស៊ី​កាន់តែ​អស់​ជំនឿ​លើ​ការ​ដឹកនាំ​របស់​លោក ពូទីន ប៉ុន្តែ​អ៊ុយក្រែន ដែល​មាន​សមត្ថភាព​វាយ​ការពារ​ទឹកដី​របស់​ខ្លួន ហើយ​ចុងក្រោយ​នេះ​វាយបក​លើ​ទ័ព​រុស្ស៊ី វិញ ក៏​ព្រោះតែ​ការ​ជួយ​អាវុធ​គ្រាប់រំសេវ​ពី​សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស