30 C
Phnom Penh

លោក ហ៊ុន សែន ស្នើ​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​យ៉ាង​ច្រើន​មុន​លាលែង​តំណែង​នាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មុន​នឹង​លាលែង​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា មេដឹកនាំ​ខ្មែរ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​ស្នើសុំ​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នៅ​ឆ្នាំ​២០២៣ នេះ ដែល​ពួកគេ​បាន​រស់នៅ​លើ​ទឹកដី​កម្ពុជា​តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក។

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម ជា​បន្តបន្ទាប់ តាម​ច្បាប់​សញ្ជាតូបនីយកម្ម​នៅ​ដើម​ឆ្នាំ​២០២៣ នេះ តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន ដល់​ជនជាតិ​វៀតណាម​ខុស​ច្បាប់​រាប់​សិប​នាក់ និង​បាន​ប្តូរ​ឈ្មោះ​តាម​លំនាំ​ខ្មែរ​ថែម​ទៀត ដូចជា​ជនជាតិ​វៀតណាម ឈ្មោះ ណុង វ៉ាន់គីម ប្តូរ​មក​ជា រិទ្ធិ សម្បត្តិ ឈ្មោះ ង្វៀន វ៉ានទីវ ប្តូរ​ឈ្មោះ​មក​ជា ហួរ សុធី ឈ្មោះ ហ្វាម ធានហ្វុក ប្តូរ​ឈ្មោះ​មក​ជា ធេង ឧត្តម និង​ឈ្មោះ ង្វៀន ឈីវធីញហ៊ុង ប្តូរ​ឈ្មោះ​មក​ជា មាន បញ្ញា ជាដើម។

ជាង​នេះ​ទៀត ជនជាតិ​វៀតណាម​ឈ្មោះ ង្វៀន ឌុកអញ បាន​ប្តូរ​ឈ្មោះ​មក​ជា ហេង តារា ឈ្មោះ ទ្រឿង ហ័ងលីន ជា​ជនជាតិ​វៀតណាម​សញ្ជាតិ​ថៃ មិន​បាន​ប្តូរ​ឈ្មោះ​មក​ជា​ខ្មែរ​ទេ ប៉ុន្តែ​ក៏​ទទួល​បាន​នូវ​សញ្ជាតិ​ខ្មែរ​ផង​ដែរ រួម​និង​ជនជាតិ​វៀតណាម​ច្រើន​រាប់​មិន​អស់​ផ្សេង​ទៀត។

កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​ស្ដីពី​ការ​អនុវត្ត​គោលនយោបាយ​ចំពោះ​និគមជន​វៀតណាម​នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​ដីធ្លី ទីជម្រក ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​សារាចរ​នេះ​នៅតែ​មាន​សុពលភាព​រហូត​ដល់​សព្វថ្ងៃ​នេះ ហើយ​កម្ពុជា​ក៏​កំពុងតែ​អនុវត្ត​នូវ​ការ​ផ្តល់​សិទ្ធិ​រស់នៅ​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​លើ​ទឹកដី​របស់​ខ្លួន​ជា​បន្តបន្ទាប់​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម លោក Nguyen Xuan Phuc នៅ​កម្ពុជា កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ បាន​ប្ដេជ្ញា​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ស្ថានទូត​វៀតណាម ក្នុង​រាជធានី​ភ្នំពេញ​ថា លោក​នឹង​សម្របសម្រួល​ឱ្យ​ពលរដ្ឋ​វៀតណាម​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​ក្លាយ​ជា​ពលរដ្ឋ​រស់នៅ​កម្ពុជា​ដោយ​ស្រប​ច្បាប់​វិញ​ឲ្យខាងតែ​បាន។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញ ជីញ បាន​សុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​ដល់​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ មក​ជា​ការ​រស់នៅ​ដោយ​ស្រប​ច្បាប់​វិញ ខណៈ​លោក ហ៊ុន សែន បាន​យល់ព្រម​នឹង​សំណើ​នេះ​ទាំងស្រុង។

ទាក់ទិន​នឹង​ការ​ផ្តល់​សញ្ជាតិ​ដល់​ជនជាតិ​វៀតណាម កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៣ ក្នុង​ជំនួប​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម លោក វ៉ វ៉ាន់ធឿង អំឡុង​ពេល​ចូលរួម​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត បន្ត​យកចិត្ត​ទុកដាក់​បង្កើត​លក្ខខណ្ឌ​កាន់តែ​ងាយស្រួល​សម្រាប់​សហគមន៍​វៀតណាម​នៅ​កម្ពុជា ទាំង​ការ​រស់នៅ ការ​ធ្វើ​ការងារ ព្រមទាំង​ដោះស្រាយ​បញ្ហា​ឯកសារ​ផ្លូវ​ច្បាប់​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ខណៈ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ក៏​មិន​បាន​បដិសេធ​នឹង​សំណើ​នេះ​ដែរ។

កាលពី​អំឡុង​ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០២២ កន្លងទៅ ជនបរទេស​ដែល​បាន​សុំ​ចូល​សញ្ជាតិ​ខ្មែរ​តាមរយៈ​សញ្ជាតូបនីយកម្ម និង​តាមរយៈ​នៃ​ការ​បរិច្ចាគ​ប្រាក់​ឱ្យ​ដល់​រដ្ឋាភិបាល​កម្ពុជា មក​ទល់​នឹង​ឆ្នាំ​២០២២ កន្លង​ទៅ​នេះ គឺ​មាន​ចំនួន​សរុប​ដល់​ជាង ២​ពាន់​នាក់​ហើយ (២៥២៨​នាក់) ដែល​មកពី​សញ្ជាតិ​ដើម​ចំនួន ៥០ ខុសៗ​គ្នា។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់តាំងពី​ជំនាន់​លោក ហ៊ុន សែន ដែល​ជា​ឪពុក បន្ត​ដល់​កូន​របស់​គាត់​គឺ​លោក ហ៊ុន ម៉ាណែត មិន​ដែល​ហ៊ាន​សើរើ ឬ​អនុវត្ត​ច្បាប់​សញ្ជាតិ​របស់​កម្ពុជា​នោះ​ទេ ពីព្រោះ​ការ​ជួយ​សម្រួល​ដល់​ជនជាតិ​វៀតណាម គឺជា​ថ្នូរ​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​អំណាច​យ៉ាង​ធំ​សម្រាប់​លោក ហ៊ុន សែន ដើម្បី​បន្ត​ឱ្យ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​នៅ​ពេលនេះ។

លោក ម៉ែន ណាត លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​មិន​អាច​ដាក់​ក្តី​សង្ឃឹម​លើ​រដ្ឋាភិបាល​ថ្មី​ដែល​ជា​កូនៗ​របស់​មេដឹកនាំ​ចាស់ៗ​កាលពី​មុន​បាន​ទេ ព្រោះ​ពួកគេ​កំពុងតែ​អនុវត្ត​នូវ​ការ​ដឹកនាំ​ដែល​គ្មាន​ស្មារតី​ជាតិ​ដូច​ឪពុក​របស់​ពួកគេ​ដែរ ខណៈ​មេដឹកនាំ​វៀតណាម​តែង​បញ្ជ្រាប​នយោបាយ​ប្រជាសាស្ត្រ​ដោយ​ការ​បង្ហូរ​ជនជាតិ​របស់​គេ​ឱ្យ​ចូល​ទៅ​រស់នៅ​លើ​ទឹកដី​របស់​ខ្មែរ​ដោយ​យកចិត្ត​ទុកដាក់​ជាទីបំផុត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស