30 C
Phnom Penh

លោក ហ៊ុន សែន បន្ត​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជិត ៥០០​ហិកតារ​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​ក្រុមហ៊ុន​ប៊ូយ៉ុង​ខ្មែរ-II

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ដែល​ល្បីល្បាញ​ខាង​រំលោភ​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ក្នុង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ជិត ៥០០​ហិកតារ ផ្តល់​ជា​កម្មសិទ្ធិ​ដល់​ក្រុមហ៊ុន​ឯកជន ប៊ូយ៉ុង ខ្មែរ II កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២៣ មុន​នឹង​លោក​ចុះចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា។

លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កាត់​ឆ្វៀល​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជិត ៥០០​ហិកតារ (៤៨៦​ហិកតារ និង ៨៦​អា) ស្ថិត​ក្នុង​ភូមិ​១ និង​ភូមិ​២ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ II កាលពី​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ។

លោក ហ៊ុន សែន ដែល​គេ​ស្គាល់​ថា​ជា​មេដឹកនាំ​ឆ្នើម​ខាង​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ប្រទេស បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​រុក្ខាប្រមាញ់ និង​នេសាទ រួម​ទាំង​ក្រសួង​ពាក់ព័ន្ធ និង​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ទាំងអស់ ត្រូវ​អនុវត្ត​នូវ​អនុក្រឹត្យ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ។

ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កាត់​ឆ្វៀល​ទៅ​ឱ្យ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន​ជា​បន្តបន្ទាប់ ក្នុង​នោះ​ក៏​មាន​ការ​កាត់​ឆ្វៀល​ឱ្យ​បក្ខពួក និង​កូនៗ​របស់​គាត់​ដែរ ដែល​មាន​ទំហំ​ដល់​ទៅ​រាប់​រយ​ហិកតារ​ឯណោះ ហើយ​ការ​កាត់​ឆ្វៀល​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​មួយ​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​រង​នូវ​ការ​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន ព្រមទាំង​បណ្តេញ​ពី​លំនៅឋាន​ផង​ដែរ ដូចជា ទំនាស់​រវាង​ពលរដ្ឋ និង​ធនាគារ​កាណាឌីយ៉ា របស់​ឧកញ៉ា ពុង ឃាវសែ ជុំវិញ​ការ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​អភិរក្ស​នេះ​ជាដើម។

ជាក់ស្តែង លោក ហ៊ុន សែន បាន​សម្រេច​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ជាង ១០​ហិកតារ​នៅ​ខេត្ត​ព្រះសីហនុ ផ្តល់​ជា​កម្មសិទ្ធិ​ដល់​ធនាគារ​កាណាឌីយ៉ា របស់​ឧកញ៉ា ពុង ឃាវសែ កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ ដែល​ការ​កាត់​ឆ្វៀល​នេះ​ត្រូវ​បាន​ពលរដ្ឋ​តវ៉ា​ថា ម្ចាស់​ធនាគារ​នេះ​បាន​រំលោភ​យក​ដី​របស់​ពួកគេ​បន្ថែម​ទៀត ប៉ុន្តែ​នៅ​ទីបំផុត ពលរដ្ឋ​ដែល​តវ៉ា​ទាំងនោះ​នៅតែ​ត្រូវ​បាន​បណ្តេញ​ចេញពី​លំនៅឋាន​ដដែល។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២០ លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​ទំហំ ៦០០​ហិកតារ ស្ថិត​ក្នុង​ឃុំ​រាម និង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​របស់​ឧកញ៉ា សេង ញ៉ក និង​ជំទាវ លី អាផណ ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​ឧកញ៉ា លី យ៉ុងផាត់ ផង​ដែរ។

លើស​ពី​នេះ កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២០ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ចេញ​អនុក្រឹត្យ​កាត់​ដី​ជាង ៤០​ហិកតារ​ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឱ្យ​ទៅ​អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី ដែល​ត្រូវ​ជា​កូនស្រី​បង្កើត​របស់​គាត់​ថែម​ទៀត។

ជាង​នេះ​ទៀត លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ ក៏​បាន​កាត់​ឆ្វៀល​ដី​ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជាង ១​ម៉ឺន​ម៉ែត្រ​ក្រឡា (១​ហិកតារ ២១​អា ៦១​សង់ទីអា) ឱ្យ​ទៅ​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ផង​ដែរ។

ជុំវិញ​ការ​កាត់​ឆ្វៀល​ដី​ក្នុង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ នេះ លោក ហ៊ុន សែន មិន​ត្រឹមតែ​កាត់​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន​ប៉ុណ្ណោះ​ទេ សូម្បី​ដី​សាធារណៈ​របស់​រដ្ឋ​ផ្សេង​ទៀត ក៏​ត្រូវ​បាន​កាត់​ឆ្វៀល​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជា​បន្តបន្ទាប់​ដែរ។

ជាក់ស្តែង កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​ទំហំ ៧៩៩​ហិកតារ ស្ថិត​នៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន C99 International Investment (Cambodia) Co., Ltd. ផង​ដែរ។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​សម្រេច​ផ្ដល់​ដី​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ជិត ២៥០​ហិកតារ (២៤២​ហិកតារ) ឱ្យ​ទៅ​ក្រុមហ៊ុន​កូនប្រុស​ពៅ​របស់​លោក យឹម ឆៃលី ដែល​ជា​ដន្លង​របស់​គាត់ ធ្វើ​ជា​កម្មសិទ្ធិ ព្រមទាំង​ទទួល​បាន​សិទ្ធិ​ជួល​ដី​សាធារណៈ​របស់​រដ្ឋ​ទំហំ​ជិត ៥០០​ហិកតារ (៤៨៩​ហិកតារ) ថែម​ទៀត។

ការ​កាត់​ឆ្វៀល​ដី​រដ្ឋ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នេះ គេ​ជឿ​ថា​នឹង​មិន​បញ្ចប់​នោះ​ទេ​សម្រាប់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​មួយ​នេះ ព្រោះ​ថា​កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​លាន​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន ១៥ ដើម្បី​ត្រៀម​ធ្វើ​អនុប្បយោគ និង​បែងចែក​ជា​កម្មសិទ្ធិ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នានា​ដើម្បី​ធ្វើការ​អភិវឌ្ឍ ខណៈ​ខេត្ត​ដែល​មិន​ជាប់​ក្នុង​អនុក្រឹត្យ​នេះ ក៏​ត្រូវ​រង​នូវ​ការ​បែងចែក​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​កាន់កាប់​ធ្វើជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស