តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លើកឡើងថា សព្វថ្ងៃនេះ រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម បានដាក់បញ្ចូលប្រទេសកម្ពុជាទៅជាអាណាខេត្តមួយរបស់គេរួចទៅហើយ បើទោះបីវៀតណាម មិនទាន់ឈ្លានពានលេបត្របាក់យកប្រទេសកម្ពុជាទាំងស្រុងក៏ដោយ។
លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៥ វិច្ឆិកា នេះថា ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិថ្មីរបស់កម្ពុជា លោក ទៀ សីហា និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ ក្នុងដំណើរទស្សនកិច្ចរបស់លោក ទៀ សីហា ទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម មិនបានចាត់ទុកកម្ពុជាជាប្រទេសឯករាជ្យស្មើមុខនឹងប្រទេសវៀតណាម នោះទេ។
លោក អ៊ុំ សំអាន អះអាងថា ហេតុផលគឺនៅត្រង់ថា ក្នុងជំនួបនោះគ្មានការដាក់តាំងទង់ជាតិខ្មែរតំណាងប្រទេសកម្ពុជានៅពីក្រោយខ្នងលោក ទៀ សីហា ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កម្ពុជា ដូចជានាយករដ្ឋមន្ត្រីវៀតណាម បានដាក់តាំងទង់ជាតិវៀតណាម នៅពីក្រោយខ្នងលោក ផាម មីញជីញ ឡើយ ដែលមានន័យថា វៀតណាមមិនបានឱ្យតម្លៃកម្ពុជាក្នុងនាមជាប្រទេសឯករាជ្យនោះទេ ហើយក្នុងន័យនេះ ក៏ជាការបង្ហាញផងដែរថា វៀតណាមបានចាត់ទុកកម្ពុជាជាអាណាខេត្តមួយរបស់ខ្លួន។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា កន្លងមក រដ្ឋាភិបាលវៀតណាមក៏មិនដែលដាក់តាំងទង់ជាតិកម្ពុជានៅពីក្រោយខ្នងលោក ហ៊ុន ម៉ាណែត ដែរ រាល់ពេលដែលមានជំនួបរវាងភាគីទាំងពីរម្តងៗ អំឡុងពេលដែលលោក ហ៊ុន ម៉ាណែត កាន់តួនាទីជាមេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជានោះ។
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៤ វិច្ឆិកា នេះថា រដ្ឋមន្ត្រីការពារជាតិថ្មីរបស់កម្ពុជា លោក ទៀ សីហា បានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី១៣ វិច្ឆិកា នេះ ដែលជាជំនួបលើកដំបូងរបស់លោក ក្រោយពីឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិរបស់កម្ពុជា កាលពីចុងខែសីហា កន្លងទៅនោះ។

ប្រភពដដែលអះអាងថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ បានបញ្ជាក់ថា កម្ពុជា និងវៀតណាម មានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយគ្នាតាំងពីយូរលង់ណាស់មកហើយ ហើយធ្លាប់បានរួមសាមគ្គីតស៊ូជម្នះរាល់ការលំបាក និងមានកិច្ចសហប្រតិបត្តិការជាមួយគ្នារហូតមក ក្នុងគោលដៅអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ។
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បញ្ជាក់ថា លោក ទៀ សីហា បានបញ្ជាក់ថា ការបំពេញដំណើរទស្សនកិច្ចមិត្តភាពនេះ គឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោក ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ និងសង្គមជាមួយមិត្តវៀតណាម ក្នុងការកសាងសហគមន៍កម្ពុជា-វៀតណាម ជាមួយគ្នាទៅថ្ងៃអនាគត។
ទាក់ទិននឹងបញ្ហានេះ ក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Phan Van Giang កាលពីពេលកន្លងទៅ ក៏បានប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធដែរ ដើម្បីរក្សាចំណងមិត្តភាពជាប្រពៃណី កសាងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់បម្រើឲ្យផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ធ្លាប់បានប្រាប់សារព័ត៌មាន The Cambodia Daily កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលកម្ពុជាល្មមដល់ពេលដែលត្រូវត្រួតពិនិត្យឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ហើយ ថាតើរយៈពេលជាង ៤០ឆ្នាំក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន កន្លងមកនេះ កម្ពុជាទទួលបានផលចំណេញអ្វីខ្លះពីទំនាក់ទំនងជាមិត្តភាពជាមួយប្រទេសវៀតណាម។ ជាងនេះទៀត លោកថា នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ក៏ត្រូវគិតគូរពីបញ្ហានេះឱ្យកាន់តែស៊ីជម្រៅផងដែរ។
លោក ម៉ែន ណាត បញ្ជាក់ថា កម្ពុជាក៏ល្មមដល់ពេលអនុវត្តច្បាប់ពង្រឹងអធិបតេយ្យភាពជាតិរបស់ខ្លួនដែលពាក់ព័ន្ធជាមួយនឹងប្រទេសវៀតណាម ដែរ ដូចជាការអនុវត្តច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩៩៤ ច្បាប់សញ្ជាតិឆ្នាំ១៩៩៦ និងត្រូវផ្អាកបោះបង្គោលព្រំដែនទ្វេភាគីជាមួយវៀតណាម ជាដើម។ លើសពីនេះ កម្ពុជាក៏ត្រូវដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវ (CLV) ថែមទៀត នោះទើបកម្ពុជាអាចរក្សាអធិបតេយ្យរបស់ខ្លួនបានដោយឯករាជ្យពិតប្រាកដ៕