35 C
Phnom Penh

អាជ្ញាធរ​ជាតិ​អប្សរា​ថា​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​សៀមរាប ៥០% មិន​ទាន់​មាន​ទឹក​ស្អាត​ប្រើ​ដូច​ពលរដ្ឋ​នៅ​តំបន់​ពាក់ស្នែង​និង​រុនតាឯក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ជាតិ​អប្សរា លើកឡើង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​សៀមរាប​ប្រមាណ​ជា ៥០​ភាគរយ មិន​ទាន់​មាន​ឱកាស​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ដូច​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ចេញពី​តំបន់​អង្គរ​ឱ្យ​ទៅ​រស់នៅ​តំបន់​ពាក់ស្នែង និង​តំបន់​រុនតាឯក ទេ ដែល​កត្តា​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​លើ​ប្រជាពលរដ្ឋ​ដែល​បាន​ជម្លៀស​ចេញពី​តំបន់​អង្គរ​យ៉ាង​ខ្លាំង។

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​លោក ហង់ ពៅ បាន​លើកឡើង​ក្នុង​សន្និសីទ​អន្តរ​រដ្ឋាភិបាល​លើក​ទី​៤ ស្តីពី​ការ​អភិរក្ស​រមណីយដ្ឋាន​អង្គរ ដែល​រៀបចំ​ឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​យូណេស្កូ (UNESCO) ទីក្រុង​ប៉ារីស កាលពី​សប្តាហ៍​កន្លង​ទៅ​ថា រចនាសម្ព័ន្ធ​សាធារណៈ​នៅ​តំបន់​រុនតាឯក និង​តំបន់​ពាក់ស្នែង ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​ជូន​ទាំងអស់ ដូចជា ផ្លូវថ្នល់ ទឹក​ស្អាត អគ្គិសនី ផ្សារ មន្ទីរពេទ្យ និង​សាលារៀន ជាដើម ព្រោះ​ថា​ទីតាំង​ទាំង​ពីរ​នេះ​នឹង​ក្លាយ​ជា​ទីក្រុង​រណប​របស់​ក្រុង​សៀមរាប ទៅ​ថ្ងៃ​អនាគត។

លោក ហង់ ពៅ លើកឡើង​ថា ក្រៅពី​រៀបចំ​ឱ្យ​មាន​រចនាសម្ព័ន្ធ​សាធារណៈ រដ្ឋាភិបាល​ក៏​បាន​ផ្តល់​ប័ណ្ណ​ក្រីក្រ ដូចជា ក្រ​១ ក្រ​២ និង ក្រ​៣ ជាដើម ដែល​មាន​សុពលភាព​រយៈពេល ១០​ឆ្នាំ ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ទាំងនោះ​ថែម​ទៀត បើ​ទោះបីជា​ពួកគេ​ព្រម​ចាកចេញ​ពី​តំបន់​អង្គរ​ដោយ​ស្ម័គ្រចិត្ត​ក៏ដោយ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​ក៏​បាន​គិតគូរ​ពី​ការ​ធ្វើ​ដំណើរ​ពី​តំបន់​រុនតាឯក និង​តំបន់​ពាក់ស្នែង មក​កាន់​ក្រុង​សៀមរាប តាមរយៈ​ឡានក្រុង​ថែម​ទៀត មិន​ដូច​ការ​លើកឡើង​អវិជ្ជមាន​មួយ​ចំនួន​ដែល​ថា រដ្ឋាភិបាល​បាន​យក​ប្រជាពលរដ្ឋ​ទាំងនោះ​ទៅ​បោះបង់​ចោល​នោះ​ទេ។

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង ១០០​លាន​ដុល្លារ​អាមេរិក ដើម្បី​រៀបចំ​តំបន់​រុនតាឯក និង​តំបន់​ពាក់ស្នែង សម្រាប់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​ចេញ ហើយ​រដ្ឋាភិបាល​ក៏​មិន​បាន​បង្ខំ​ពួកគេ​ឱ្យ​ចាកចេញ​ពី​តំបន់​អង្គរ​ដែរ គឺ​ពួកគេ​ស្ម័គ្រចិត្ត​ចេញ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​ផ្ទុយ​ស្រឡះ​ពី​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​កន្លង​មក ដែល​គេ​មើល​ឃើញ​ថា ការ​ចាកចេញ​ពី​តំបន់​អង្គរ គឺជា​ការ​បង្ខំ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ មិនមែន​ជា​គោលការណ៍​ស្ម័គ្រចិត្ត​នោះ​ទេ។

កាលពី​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២២ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៅ​រាជធានី​ភ្នំពេញ លោក ហ៊ុន សែន គំរាម​ថា លោក​នឹង​ចាត់​វិធានការ​លើ​ប្រជាពលរដ្ឋ​នៅ​តំបន់​អង្គរ​ដែល​មិន​ព្រម​ចាកចេញ ទៅ​រស់នៅ​តំបន់​ថ្មី​ដែល​រដ្ឋាភិបាល​បាន​រៀបចំ​ឱ្យ ហើយ​ពួកគេ​នឹង​មិន​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ទាំងអស់។

ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​តំបន់​អង្គរ មិន​ព្រម​ចាកចេញ​ទៅ​រស់នៅ​តំបន់​រុនតាឯក និង​តំបន់​ពាក់ស្នែង តាម​ការ​រៀបចំ​របស់​រដ្ឋាភិបាល បើ​ទោះបីជា​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ផ្តល់​ប្រាក់​ឧបត្ថម្ភ និង​អត្ថប្រយោជន៍​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ​ក៏ដោយ ហើយ​ការ​មិន​ព្រម​ចាកចេញ​នេះ គឺ​ដោយសារតែ​ការ​ផ្តល់​ឱ្យ​ទាំងនោះ គឺ​មាន​ចំនួន​តិចតួច បើ​ប្រៀបធៀប​នឹង​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាន​ក្នុង​លំនៅឋាន​ចាស់ ដែល​មិន​អាច​ឱ្យ​ពួកគេ​ចិញ្ចឹម​ជីវិត​ក្នុង​ទីតាំង​ថ្មី​នេះ​បាន។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​កាលពី​ចុង​ឆ្នាំ​២០២២ ថា លោក​នឹង​រៀបចំ​ឃុំ​រុនតាឯក ឱ្យ​ក្លាយ​ជា​ទីក្រុង​ទាន់​សម័យ​មួយ គឺ​ក្រុង​រុនតាឯក ដែល​ជា​ភូមិ​អភិវឌ្ឍន៍ មិនមែន​ជា​ជនបទ​ទៀត​ទេ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​មាន​ជីវភាព​ធូរធារ​ទៅ​ថ្ងៃ​មុខ។

ប៉ុន្តែ​ផ្ទុយ​ពី​ស្ថានភាព​ដែល​លោក ហ៊ុន សែន លើកឡើង​នោះ គឺ​រហូត​ដល់​ពេលនេះ ស្ថានភាព​នៅ​ឃុំ​រុនតាឯក និង​ឃុំ​ពាក់ស្នែង នៅតែ​ជា​ទី​វាល​មួយ​ដែល​មាន​ផ្ទះ​ពលរដ្ឋ​តូចៗ​ធ្វើ​ពី​កូនឈើ​ប្រក់​ដំបូល​ស័ង្កសី ត្រូវ​ខ្យល់​បក់​ប៉ើង​រយីករយាក និង​ទឹក​លិច​នៅ​រដូវភ្លៀង​នៅឡើយ ខណៈ​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ភាគច្រើន​មិន​មាន​មុខរបរ​ពិតប្រាកដ​ទេ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត ដោយសារតែ​ជួប​ការ​លំបាក​លើ​ជីវភាព​ខ្លាំង​ពេក ក៏​សម្រេច​ចិត្ត​លក់​ដី​ដែល​ខ្លួន​ទទួល​បាន​ពី​ការ​ដោះដូរ​នោះ ទៅ​រស់នៅ​កន្លែង​ផ្សេងៗ ជាដើម។

ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់​ទីលំនៅ​ពី​តំបន់​អង្គរ ទៅ​រស់នៅ​ឃុំ​រុនតាឯក និង​ឃុំ​ពាក់ស្នែង ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចាប់តាំងពី​ពួកគាត់​មក​រស់នៅ​ទីនេះ គឺ​មាន​ការ​លំបាក​គ្រប់​បែប​យ៉ាង ព្រោះ​ថា​ទីនេះ​គឺ​ឆ្ងាយ​ពី​ទីប្រជុំជន មុខរបរ​ចាស់​ក៏​បាត់បង់ មុខរបរ​ថ្មី​ក៏​បើក​មិន​ចេញ ខណៈ​គ្រួសារ​ខ្លះ​បាន​យក​ប័ណ្ណ​ក្រីក្រ​ទៅ​បញ្ចាំ យក​ប្រាក់​ដោះស្រាយ​បញ្ហា​ជីវភាព ស្រប​ពេល​ដែល​បំណុល​ធនាគារ​ក៏​កាន់តែ​កើន​ឡើង ក្នុង​នោះ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចាក់​សោ​ទ្វារ​ទុក​ចោល ដោយ​គ្រាន់តែ​ដាក់​តាំង​លេខ​ទូរសព្ទ​សម្រាប់​ទំនាក់ទំនង​នៅ​លើ​ជញ្ជាំង​ប៉ុណ្ណោះ។

លោក Monster Ferrer អនុប្រធាន​ប្រចាំ​តំបន់​នៃ​អង្គការ​លើកលែង​ទោស​អន្តរជាតិ បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន ចុះ​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា យោង​តាម​របាយការណ៍​ដែល​ខ្លួន​បាន​ចងក្រង​នោះ រដ្ឋាភិបាល​កម្ពុជា​កំពុង​បន្ត​បណ្ដេញ​ពលរដ្ឋ​ចំនួន ១​ម៉ឺន​គ្រួសារ​ដែល​រស់នៅ​ជុំវិញ​ប្រាសាទ​អង្គរវត្ត ចេញ​ទាំង​បង្ខំ ក្រោម​លេស​ថា​ដើម្បី​អភិរក្ស។

លោក Monster អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បង្ហាញ និង​ផ្តល់​ភាព​ច្បាស់លាស់​ថា អ្នក​ណា​មាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់​ឡើយ ស្រប​ពេល​មនុស្ស​ជាច្រើន​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ បើ​ទោះបីជា​គ្រួសារ​របស់​ពួកគេ​រស់នៅ​ជុំវិញ​ប្រាសាទ​អង្គរ​អស់​ជាច្រើន​ជំនាន់​មក​ហើយ​ក៏ដោយ។

ជុំវិញ​បញ្ហា​នេះ របាយការណ៍​ស៊ើបអង្កេត​របស់​សមាគម​អ្នក​សារព័ត៌មាន​ខ្មែរ ខេមបូចា បាន​រក​ឃើញ​ថា គ្រួសារ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​មួយ​ក្នុង​ចំណោម​គ្រួសារ​ពលរដ្ឋ​រងគ្រោះ​ផ្សេង​ទៀត ដែល​រស់នៅ​ក្នុង​ឃុំ​ពាក់ស្នែង អះអាង​ថា រូបគេ​បាន​បាត់បង់​ដី​ទំហំ ១​ហិកតារ​កន្លះ (១៥០០០​ម៉ែត្រ​ក្រឡា) ដោយសារតែ​អាជ្ញាធរ​បាន​ដកហូត។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រោយ​ដកហូត អាជ្ញាធរ​បាន​សន្យា​ផ្តល់​សំណង​ឱ្យ​គ្រួសារ​នោះ​វិញ ប៉ុន្តែ​គឺ​ផ្តល់​ឱ្យ​ត្រឹមតែ ៣​អារ ដែល​ស្មើ​នឹង ៣០០០​ម៉ែត្រ​ក្រឡា​ប៉ុណ្ណោះ ខណៈ​ដី​ដែល​ផ្តល់​ជា​សំណង​នេះ គ្រួសារ​នោះ​ក៏​មិន​ដឹង​ថា​ស្ថិត​នៅ​ទីតាំង​ណា​ដែរ។ ជាង​នេះ​ទៀត ឯកសារ​កាន់កាប់​ដី​ដែល​អាជ្ញាធរ​ផ្តល់​ជា​សំណង​នេះ​ទៀតសោត ក៏​មិន​មាន​ការ​ចុះ​កាលបរិច្ឆេទ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស