30 C
Phnom Penh

អតីត​នាយករដ្ឋមន្ត្រី​បន្ត​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​ជាង ៤០០​ហិកតារ​ជួល​ឱ្យ​ក្រុមហ៊ុន​ឯកជន មុន​លោក​ផ្ទេរ​អំណាច​ឱ្យ​កូន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ដែល​ល្បីល្បាញ​ខាង​លក់​ទ្រព្យសម្បត្តិ​ជាតិ​ចុះផ្សាយ​ដោយ​អង្គការ​បរទេស បន្ត​កាត់​ឆ្វៀល​ដី​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ដែល​ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់ ទំហំ​ជាង ៤០០​ហិកតារ​(៤១៤​ហិកតារ) ជួល​អចិន្ត្រៃយ៍​ទៅ​ឱ្យ​ក្រុមហ៊ុន SAMANEA Co., Ltd សម្រាប់​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ និង​រុក្ខ-ទេសចរណ៍។

មេដឹកនាំ​ខ្មែរ​ដែល​មិន​ខ្វល់​នឹង​ការ​ហិនហោច​ភោគទ្រព្យ​ជាតិ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣ គឺ​មួយ​ខែ​មុន​ផ្ទេរ​អំណាច​ឲ្យ​កូន ថា រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ជួល​ដី​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ទំហំ ៤១៤​ហិកតារ ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ក្នុង​ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ជា​តំបន់​ប្រើប្រាស់​ដោយ​ចីរកាល ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដើម្បី​ធ្វើការ​អភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍។

លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​បង្គាប់ មាន​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​រុក្ខាប្រមាញ់ និង​នេសាទ រួម​ទាំង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​អនុវត្ត​នូវ​អនុក្រឹត្យ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​រយៈពេល និង​តម្លៃ​នៃ​ការ​ជួល លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ក្នុង​អនុក្រឹត្យ​នេះ​ទេ។

ការ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​អភិរក្ស​នានា ធ្វើឡើង​ខណៈ​ដែល​គេ​មើល​ឃើញ​ថា តំបន់​អភិរក្ស​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ កំពុង​រង​នូវ​ការ​បាត់បង់​ធ្ងន់ធ្ងរ​ក្រោម​ការ​កាត់​ឆ្វៀល​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​នា​ពេល​កន្លង​មក។

ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ មាន​ផ្ទៃដី​ទំហំ​សរុប​ជាង ៩​សែន​ហិកតារ (៩២៦១២៣​ហិកតារ) ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ និង​ខេត្ត​បាត់ដំបង ដើម្បី​ថែរក្សា​ការពារ​សោភណភាព​ធម្មជាតិ និង​ទេសភាព ប្រព័ន្ធ​អេកូឡូស៊ី ជីវចម្រុះ ការ​សិក្សា​ស្រាវជ្រាវ និង​ការ​កម្សាន្ត។

កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ឱ្យ​ក្រសួង​បរិស្ថាន បង្កើត «ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​ខាងត្បូង» ដែល​គ្របដណ្ដប់​ផ្ទៃដី​ជាង ៤​សែន​ហិកតារ (៤១០៣៩២ ហិកតារ) ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន ៤ គឺ​ខេត្ត​ព្រះសីហនុ ខេត្ត​កោះកុង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ។

ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ បាន​មកពី​ការ​បូក​បញ្ចូល​គ្នា​នៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ៤​សែន​ហិកតារ (៤១០៣៩២​ហិកតារ) ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ៤​សែន​ហិកតារ (៤០១៣១៣​ហិកតារ) និង​របៀង​អភិរក្ស​ជីវចម្រុះ​ជួរ​ភ្នំក្រវាញ ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ១​សែន​ហិកតារ​ផង​ដែរ (១១៤៤១៨​ហិកតារ)។

ទាក់ទិន​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា បាន​អះអាង​កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា ការ​បង្កើត​ឧទ្យាន​ជាតិ​ថ្មី ឬ​ចាស់ សុទ្ធតែ​មាន​បំណង​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ។

ទោះជា​បែប​នេះ​ក្តី អង្គការ Client Earth បាន​បង្ហាញ​សេចក្តី​រាយការណ៍​កាលពី​ពេល​កន្លង​ទៅ​ថា ជាង ៤០​ភាគរយ​នៃ​ផ្ទៃដី​របស់​កម្ពុជា ឬ​ប្រហែល ៧,៥​លាន​ហិកតារ ត្រូវ​បាន​បែងចែក​ជា​តំបន់​ការពារ​ធម្មជាតិ ប៉ុន្តែ​ភាគច្រើន​នៃ​តំបន់​ទាំងនេះ ត្រូវ​បាន «ការពារ» តែ​ឈ្មោះ​ប៉ុណ្ណោះ ព្រោះ​រាជរដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​អភិរក្ស​ទាំងនោះ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​រហូត​មក។

ជា​ភស្តុតាង​ជាក់ស្តែង កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ ដោយ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​លាន​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន ១៥ ដើម្បី​ត្រៀម​ធ្វើ​អនុប្បយោគ និង​បែងចែក​ជា​កម្មសិទ្ធិ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នានា​ដើម្បី​ធ្វើការ​អភិវឌ្ឍ ខណៈ​ខេត្ត​ដែល​មិន​ជាប់​ក្នុង​អនុក្រឹត្យ​នេះ ក៏​ត្រូវ​រង​នូវ​ការ​បែងចែក​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​កាន់កាប់​ធ្វើ​ជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​ផង​ដែរ។

អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក (Global Forest Watch) បាន​ចេញ​សេចក្តី​រាយការណ៍​កាលពី​ពេល​កន្លង​ទៅ​ថា គម្រប​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​ជាង ១​សែន​ហិកតារ (១៤៨០០០​ហិកតារ) ដែល​ស្មើ​នឹង ៨,៦% ត្រូវ​បាន​បាត់បង់​នៅ​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ ចន្លោះ​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៩ ដោយសារ​ការ​ឈូស​ឆាយ​ដីធ្លី​ខុស​ច្បាប់ ក្រោម​សិទ្ធិ​ផ្តល់​ដី​សម្បទាន​ដោយ​អាជ្ញាធរ​គ្រប់គ្រង ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រកស៊ី​ឈើ និង​ក្រុមហ៊ុន​ធ្វើ​ចម្ការ​នានា​ឈូស​ឆាយ​ឆ្ការ​ព្រៃ​ក្នុង​តំបន់​អភិរក្ស​នេះ​យ៉ាង​អនាធិបតេយ្យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស