លោក ហ៊ុន សែន ដែលល្បីល្បាញដឹកនាំប្រទេសខាងបំផ្លាញទ្រព្យសម្បត្តិជាតិខ្មែរ បន្តកាត់ឆ្វៀលដីក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ នៅខេត្តព្រះសីហនុ ជាង ២០ហិកតារ ផ្តល់ជាកម្មសិទ្ធិឱ្យអ្នកស្រី ហ៊ុន គឹមឡេង ដែលជាភរិយារបស់លោក នេត សាវឿន ត្រូវជាឧបនាយករដ្ឋមន្ត្រីរបស់រដ្ឋាភិបាលអាណត្តិថ្មី។
មេដឹកនាំខ្មែរដែលប្រើអំណាចរំលោភដីរដ្ឋចែកជាកម្មសិទ្ធិឱ្យសាច់ញាតិខ្លួនឯងលោក ហ៊ុន សែន បានចេញអនុក្រឹត្យកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ដោយសម្រេចកាត់ឆ្វៀលដីក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ជាង ២០ហិកតារ (២៣ហិកតារ ៧១អា និង ៤៥សង់ទីអា) ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឱ្យទៅជាកម្មសិទ្ធិរបស់អ្នកស្រី ហ៊ុន គឹមឡេង ក្នុងនោះលោក ហ៊ុន សែន បញ្ជាក់ថា ដីនេះគឺជាដីដែលអ្នកស្រីកំពុងកាន់កាប់ជាក់ស្តែងសព្វថ្ងៃនេះ។
ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់កាប់ទឹកដីខ្មែរផ្ដាច់មុខក្នុងរង្វង់គ្រួសារខ្លួនឯង លោក ហ៊ុន សែន បញ្ជាឱ្យមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុទាំងអស់ត្រូវអនុវត្តនូវអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ជាងនេះទៀត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងរុក្ខាប្រមាញ់ និងនេសាទ រួមទាំងក្រសួងពាក់ព័ន្ធនានា ក៏ត្រូវតែអនុវត្តតាមសេចក្តីសម្រេចរបស់អនុក្រឹត្យនេះជាកំហិតដែរ។
ដែនគម្របព្រៃឈើឆ្នាំ២០០២ ខេត្តព្រះសីហនុ ត្រូវបានប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន ចុះហត្ថលេខាកាត់ឆ្វៀលឱ្យក្រុមហ៊ុន និងបុគ្គលឯកជនជាបន្តបន្ទាប់សព្វថ្ងៃនេះ ដែលធ្វើឱ្យតំបន់អភិរក្សមួយនេះប្រឈមនឹងការបាត់បង់ទាំងស្រុងទៅក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជនជាចម្រៀកៗទៅថ្ងៃមុខ។
ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាត់ឆ្វៀលដីក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ជាង ៧០ហិកតារ (៧១ហិកតារ ១០អា និង ៣៨សង់ទីអា) ឱ្យទៅជាកម្មសិទ្ធិរបស់ឧកញ៉ា រតនៈ សម្បត្តិ ដែលគេស្គាល់ថាជានាយកក្រុមហ៊ុនឯកជន Kong Pong Devaresort ក្រុមហ៊ុន The Rich Resort ក្រុមហ៊ុន ក្រោន អីស្ទេត ខូអិលធីឌី ហើយក៏ជាម្ចាស់ភោជនីយដ្ឋានម្លប់ជ្រៃប៉ោកី ខេត្តព្រះសីហនុ សព្វថ្ងៃនេះ។
ជាងនេះទៀត កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ កន្លងទៅ ឧកញ៉ា រតនៈ សម្បត្តិ ក៏ធ្លាប់ទទួលបានដីទំហំជាង ៩០ហិកតារ (៩៤ហិកតារ ៨៧អា និង ៨៥សង់ទីអា) ពីដែនគម្របព្រៃឈើផងដែរ។
លើសពីនេះ តំបន់អភិរក្សនេះក៏ត្រូវបានកាត់ឆ្វៀលជាង ១០ហិកតារ ឱ្យទៅជាកម្មសិទ្ធិរបស់ឧកញ៉ា ពុង ឃាវសែ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ថែមទៀត ខណៈឧកញ៉ា សេង ញ៉ក និងជំទាវ លី អាផណ ដែលត្រូវជាសាច់ញាតិរបស់ឧកញ៉ា លី យ៉ុងផាត់ ក៏ទទួលបានដីពីតំបន់នេះចំនួន ៦០០ហិកតារដែរកាលពីដើមខែមិថុនា ឆ្នាំ២០២០ កន្លងទៅ។
ចំណែកកូនស្រីបង្កើតរបស់លោក ហ៊ុន សែន ពីរនាក់ គឺអ្នកស្រី ហ៊ុន ម៉ាណា និងអ្នកស្រី ហ៊ុន ម៉ាលី ក៏ទទួលបានដីក្នុងដែនគម្របព្រៃឈើនេះជាង ៤០ហិកតារដែរ។ ទន្ទឹមនេះ លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ក៏ទទួលបានដីក្នុងតំបន់នេះធ្វើជាកម្មសិទ្ធិជាង ១ម៉ឺនម៉ែត្រក្រឡា (១ហិកតារ ២១អា ៦១សង់ទីអា) ថែមទៀតកាលពីដើមខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។
ដោយឡែកដន្លងពីរនាក់របស់លោក ហ៊ុន សែន គឺអ្នកស្រី ថេង អាយអាន្នី ភរិយាលោក សុខ អាន និងត្រូវជាម្តាយក្មេករបស់អ្នកស្រី ហ៊ុន ម៉ាលី និងអ្នកស្រី ម៉ុក ប៉ូប៉ុនរិទ្ធ ភរិយាលោក ពេជ្រ សោភ័ណ្ឌ ដែលត្រូវជាម្តាយក្មេករបស់លោក ហ៊ុន ម៉ាណែត ក៏ទទួលបានសិទ្ធិកាន់កាប់ដីក្នុងតំបន់អភិរក្សនេះទំហំ ៦ហិកតារ ០៦អា និង ១១សង់ទីអាដែរ កាលពីដើមខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ដោយក្នុងអនុក្រឹត្យនោះ បញ្ជាក់ថា អ្នកស្រីទាំងពីរគឺជាប្រជាពលរដ្ឋ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយដោយកំណត់ដីសាធារណៈរបស់រដ្ឋជិត ១លានហិកតារនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន ១៥ ដើម្បីត្រៀមធ្វើអនុប្បយោគ និងបែងចែកជាកម្មសិទ្ធិឱ្យទៅក្រុមហ៊ុនឯកជននានាដើម្បីធ្វើការអភិវឌ្ឍ ខណៈខេត្តដែលមិនជាប់ក្នុងអនុក្រឹត្យនេះ ក៏ត្រូវរងនូវការបែងចែកឱ្យទៅក្រុមហ៊ុនឯកជនកាន់កាប់ធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់ផងដែរ។
អង្គការឃ្លាំមើលព្រៃឈើពិភពលោក (Global Forest Watch) បានចេញរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា គម្របព្រៃឈើនៅកម្ពុជាជាង ១សែនហិកតារ (១៤៨០០០ហិកតារ) ដែលស្មើនឹង ៨,៦% ត្រូវបានបាត់បង់នៅក្នុងតំបន់ជួរភ្នំក្រវាញចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៩ ដោយសារការឈូសឆាយដីធ្លីខុសច្បាប់ ក្រោមសិទ្ធិផ្តល់ដីសម្បទានដោយអាជ្ញាធរកម្ពុជា ដែលធ្វើឲ្យក្រុមហ៊ុនឈើ និងក្រុមហ៊ុនធ្វើចម្ការនានាឈូសឆាយព្រៃក្នុងតំបន់អភិរក្សនេះយ៉ាងអនាធិបតេយ្យ៕