40.8 C
Phnom Penh

លោក សម រង្ស៊ី អះអាង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​វិល​ត្រឡប់​មក​វិញ​ម្តង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួនឯង​នៅ​ក្រៅ​ស្រុក​លោក សម រង្ស៊ី លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លោក កឹម សុខា និង​រូប​លោក​ផ្ទាល់​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១២ គឺ​ជា​គណបក្ស​មុន​គេ​បង្អស់​ដែល​បាន​បង្រួបបង្រួម​កម្លាំង​ប្រជាធិបតេយ្យ​ខ្មែរ ក្នុង​គោលបំណង​បញ្ចប់​របប​ផ្ដាច់ការ។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ក៏​នឹង​វិល​មក​វិញ​ម្តង​ទៀត​ដែរ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ ធ្នូ នេះ​ថា អ្វី​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ភ័យខ្លាច​ជាងគេ​បំផុត​នោះ គឺ​កម្លាំង​ប្រជាធិបតេយ្យ​ខ្មែរ​រួបរួម​គ្នា​ឡើងវិញ​ជា​ធ្លុង​មួយ ដោយ​មាន​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​រូបលោក​ផ្ទាល់ សម រង្ស៊ី ចាប់​ដៃ​គ្នា​ជ្រោង​ឡើង​លើ​ជា​និមិត្តរូប​នៃ​ការ​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ។

លោក សម រង្ស៊ី លើកឡើង​ថា លោក ហ៊ុន សែន នៅតែ​ភ័យខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​សព្វថ្ងៃ​នេះ ពីព្រោះ​គាត់​ដឹង​យ៉ាង​ច្បាស់​ថា គាត់​បាន​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​នេះ​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ ប៉ុន្តែ​ការពិត គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ជា​តំណាង​នៃ​សេចក្តី​សង្ឃឹម​របស់​ប្រជារាស្ត្រ​ខ្មែរ​ដដែល ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​តាម​បែបបទ​ប្រជាធិបតេយ្យ​ពិតប្រាកដ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ដោយសារតែ​លោក ហ៊ុន សែន ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ​បែប​នេះ​ហើយ ទើប​គាត់​នៅតែ​ក្តោប​ក្តាប់​អំណាច​ផ្ដាច់ការ​ក្នុង​កណ្ដាប់ដៃ​គាត់​ដដែល តាមរយៈ​នៃ​ការ​ទាញ​ខ្សែ​ពីក្រោយ​ខ្នង​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ញាក់​តាម​ការ​បញ្ជា​របស់​គាត់​រហូត​មក បើ​ទោះបីជា​គាត់​ប្រកាស​ចុះ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ហើយ​ក៏ដោយ។

លោក សម រង្ស៊ី គូស​បញ្ជាក់​ថា ការ​បន្ត​ក្រាញ​អំណាច​មិន​ហ៊ាន​ប្រគល់​ឱ្យ​កូន​គាត់​ទាំងស្រុង​បែប​នេះ ដោយសារតែ​លោក ហ៊ុន សែន ដឹង​យ៉ាង​ច្បាស់​ថា កូនប្រុស​របស់​គាត់​លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​បាន​គាត់​លើក​បន្តុប​ឱ្យ​ដឹកនាំ​ប្រទេស​ខ្មែរ​នៅ​ពេលនេះ គ្មាន​ចេះ​អ្វី ហើយ​គ្មាន​បទពិសោធន៍​អ្វី​ទាំងអស់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ។

ការ​អះអាង​នេះ ធ្វើឡើង​ផ្ទុយ​ពី​ការ​មើល​ឃើញ​របស់​មជ្ឈដ្ឋាន​នានា​ដែល​តែងតែ​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ទំនង​ជា​មិន​អាច​រស់​ឡើង​វិញ​បាន​ទេ ក្រោយ​ការ​រំលាយ​អស់​រយៈពេល​ជាង ៦​ឆ្នាំ​មក​នេះ។

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក​លោក ប៉ុន សៅរី ធ្លាប់​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដំណើរការ​ឡើងវិញ​បាន​ឬ​អត់ គឺ​អាស្រ័យ​ទៅ​លើ​ប្រជាពលរដ្ឋ និង​សកម្មជន​នៅ​មូលដ្ឋាន​របស់​បក្ស​នេះ​ទាំងស្រុង ព្រោះ​ថា​ប្រសិនបើ​ពួកគេ​មិន​ខិតខំ​ធ្វើ​សកម្មភាព​ឱ្យ​បក្ស​របស់​ខ្លួន​ងើប​ឡើង​វិញ​សាជាថ្មី​ទេ គ្មាន​នរណា​ម្នាក់​អាច​ជួយ​ពួកគេ​បាន​ឡើយ។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិមនុស្ស របស់​លោក កឹម សុខា និង​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

គិត​ចាប់ពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ ដល់​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ​គឺ​មាន​អាយុ​ជាង ៥​ឆ្នាំ ប៉ុន្តែ​ត្រូវ​តុលាការ​កំពូល​បាន​ប្រកាស​រំលាយ​ទាំង​អយុត្តិធម៌ ពី​បទ​ក្បត់​ជាតិ តាម​ប្រសាសន៍​លោក ហ៊ុន សែន និង​បាន​ហាមឃាត់​សិទ្ធិ​នយោបាយ​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ចំនួន ១១៨​រូប​ផង​ដែរ។

យ៉ាងណាក៏ដោយ អស់​រយៈពេល ៦​ឆ្នាំ​បន្ទាប់ពី​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​រំលាយ ត្រូវ​គេ​មើល​ឃើញ​ថា មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​របស់​បក្ស​នេះ​បាន​បែកបាក់​សាមគ្គី​គ្នា​ធ្ងន់ធ្ងរ ក្នុង​នោះ​មាន​អ្នក​ខ្លះ​បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ខណៈ​អ្នក​ខ្លះ​ទៀត​បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ចំណែក​អ្នក​ខ្លះ​ទៀត ក៏​បាន​ចេញ​ទៅ​បើក​គណបក្ស​នយោបាយ​ដោយ​ខ្លួនឯង​ដែរ ក្រោយ​រួច​ផុត​ពី​បំរាម​នយោបាយ​ដែល​ពួកគេ​បាន​ស្នើសុំ​នោះ។

អំឡុង​ពេល​ដែល​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​កំពុង​បែកបាក់​ចែក​ផ្លូវ​គ្នា​រស់​រៀងៗ​ខ្លួន អតីត​ប្រធាន​បក្ស​នេះ​គឺ​លោក សម រង្ស៊ី ដែល​បាន​និរទេស​ខ្លួនឯង​មក​រស់នៅ​ក្រៅ​ស្រុក ក៏​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ពី​បទ​ចោទ​ផ្សេងៗ​ជាច្រើន​ករណី និង​ហាមឃាត់​មិន​ឱ្យ​រូបលោក​វិល​ចូល​ទីលាន​នយោបាយ​របស់​ប្រទេស​កម្ពុជា​វិញ​ថែម​ទៀត​រហូតដល់​សព្វថ្ងៃ​នេះ។

ដោយឡែក​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​នៅ​ក្នុង​ស្រុក ក៏​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​គុក​ក្នុង​ផ្ទះ​រយៈពេល ២៧​ឆ្នាំ​ផង​ដែរ​កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣ កន្លង​ទៅ ក្នុង​នោះ តុលាការ​បាន​ហាម​មិន​ឱ្យ​លោក​ជួប​នរណា​ទាំងអស់ ក្រៅតែ​ពី​សាច់ញាតិ​ខ្លួនឯង។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ដោយ​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត ផ្តល់​នីតិសម្បទា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​លោក កឹម សុខា និង​លោក សម រង្ស៊ី ឡើង​វិញ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​ប្រសើរ​ជាង​មុន​សម្រាប់​អាណត្តិ​ទី​៧ នេះ។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រទេស​កម្ពុជា​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ខណៈ​មាត្រា​៣១ ស្ដីពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ ចែង​ថា ប្រទេស​កម្ពុជា​ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស