32 C
Phnom Penh

សមាជិក​គណបក្ស​ភ្លើង​ទៀន​តវ៉ា​ឱ្យ​ប្រធាន​និង​អគ្គលេខាបក្ស​ចុះចេញ​ពី​តំណែង​ដោយ​ឥត​លក្ខខណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​មូលដ្ឋាន​គណបក្ស​ភ្លើង​ទៀន មកពី​តាម​បណ្តា​ខេត្ត​នានា និង ៩​រាជធានី​រាប់​រយ​នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​ខាងមុខ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​មួយ​នេះ តវ៉ា​ឲ្យ​លោក ទាវ វណ្ណុល ដែល​ជា​ប្រធាន​បក្ស និង​លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន ចុះចេញ​ពី​តំណែង​ដោយ​ឥត​លក្ខខណ្ឌ ដោយសារ​ពួកគេ​មិន​មាន​សមត្ថភាព និង​អសីលធម៌។

សមាជិក​គណបក្ស​ភ្លើង​ទៀន​រាប់​រយ​នាក់​ទាំងនោះ បាន​នាំគ្នា​ឈរ​កាន់​បដា​វែងៗ​រំលេច​ដោយ​អក្សរ​ស្នើ​ឲ្យ​លោក ទាវ វណ្ណុល ប្រធាន​គណបក្ស និង​លោក លី សុធារ៉ាយុត្តិ អគ្គលេខា​បក្ស ចុះ​ចេញពី​តំណែង​ដោយ​ឥត​លក្ខខណ្ឌ។

នៅ​ក្នុង​ញត្តិ​ថ្កោលទោស​របស់​អ្នក​តវ៉ា បាន​រៀបរាប់​ថា ពួកគេ​ទាំងអស់​គ្នា​ជា​សមាជិក សមាជិកា និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត ព្រមទាំង​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​នៅ​ថ្នាក់​មូលដ្ឋាន សូម​ធ្វើការ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន និង​លោក លី សុធារ៉ាយុត្តិ មន្ត្រី​គណបក្ស​ភ្លើង​ទៀន រួម​ទាំង​ថ្នាក់​ដឹកនាំ​គណបក្ស​នៅ​ខាងលើ​មួយ​ចំនួន​ទៀត ដែល​បាន​ឃុបឃិត​គ្នា​ប្រើ​អំណាច​គណបក្ស ទៅ​គំរាមកំហែង និង​ដកហូត​តួនាទី​សមាជិក សមាជិកា និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​នៅ​ថ្នាក់​ក្រោម​ជាតិ តាម​ទំនើងចិត្ត​យ៉ាង​អយុត្តិធម៌។

លិខិត​ដដែល​បាន​លើកឡើង​ថា ពួកគេ​ទាំងអស់​គ្នា​ស្នើ​ឲ្យ​លោក ទាវ វណ្ណុល និង​លោក លី សុធារ៉ាយុត្តិ បញ្ឈប់​ជាបន្ទាន់​នូវ​ការ​គំរាមកំហែង និង​ការ​ប៉ុនប៉ង​ដកហូត​តួនាទី​សមាជិក សមាជិកា និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន​នៅ​ថ្នាក់​មូលដ្ឋាន និង​ស្នើ​ឲ្យ​គោរព​សិទ្ធិ​សមាជិក សមាជិកា​គណបក្ស ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដោយ​ផ្ទាល់ខ្លួន ដោយ​សេរី គ្មាន​ការ​រើសអើង គ្មាន​ការ​បង្ខិត​បង្ខំ គ្មាន​ការ​បង្ខាំង និង​គ្មាន​ការ​ដក​តួនាទី​តាម​ទំនើងចិត្ត​ជាដាច់ខាត។

លិខិត​ដដែល​បាន​លើកឡើង​ថា ដើម្បី​រក្សា​នូវ​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង ព្រមទាំង​រក្សា​នូវ​ស្មារតី​ដើម​របស់​គណបក្ស​ភ្លើង​ទៀន ពួកគេ​ដែល​ជា​សមាជិក និង​ជា​ថ្នាក់​ដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​ដែល​ទន់ជ្រាយ​ទាំង​ពីរ គឺ​លោក ទាវ វណ្ណុល និង​លោក លី សុធារ៉ាយុត្តិ ចុះចេញ​ពី​តំណែង​ក្នុង​គណបក្ស​ដោយ​ឥត​លក្ខខណ្ឌ​ចាប់ពី​ថ្ងៃ​នេះ​តទៅ។

សមាជិក​សមាជិកា និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត ព្រមទាំង​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន នាំគ្នា​តវ៉ា​នៅ​ស្នាក់ការ​កណ្តាល​គណបក្ស ទាមទារ​ឱ្យ​លោក ទាវ វណ្ណុល និង​លោក លី សុធារ៉ាយុត្តិ ចុះចេញ​ពី​តំណែង​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៣។

អតីត​អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន និង​ជា​បេក្ខជន​តំណាង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គីមសួរ ភីរិទ្ធ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​តវ៉ា​របស់​សកម្មជន​គណបក្ស​ភ្លើង​ទៀន ជា​សកម្មភាព​ដែល​មាន​ការ​រៀបចំ​ពីក្រោយ។

លោក​បន្ត​ថា ការ​ស្នើសុំ​ដក​មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន គឺជា​រឿង​អត់​ប្រយោជន៍ ដោយ​ហេតុ​ថា បើ​គណបក្ស​ភ្លើង​ទៀន​រលាយ សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជាប់​ឆ្នោត​តាមរយៈ​គណបក្ស​ភ្លើង​ទៀន ដែល​ជា​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ក៏​មិន​អាច​មាន​សិទ្ធិ​បោះឆ្នោត​បាន​ដែរ។

លោក លី សុធារ៉ាយុត្តិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ការ​ទាមទារ​នេះ គឺជា​សិទ្ធិ​របស់​ពួកគេ ប៉ុន្តែ​ការ​ទាមទារ​នេះ​គួរ​គោរព​លក្ខន្តិកៈ​របស់​គណបក្ស​ផង ពីព្រោះ​ការ​ដក​ប្រធាន ឬ​អគ្គលេខាធិការ​គណបក្ស ត្រូវ​ឆ្លងកាត់​ការ​ធ្វើ​សមាជ​ជា​មុន​សិន។

លោក​បន្ត​ថា ការ​ចោទប្រកាន់​រូបលោក និង​លោក ទាវ វណ្ណុល ថា​ជា​មេដឹកនាំ​ផ្ដាច់ការ និង​អសីលធម៌ គឺជា​ការ​ចោទប្រកាន់​មិន​ពិត។ លោក​បន្ត​ថា បាតុកម្ម​របស់​សមាជិក​គណបក្ស​ភ្លើង​ទៀន អាច​មាន​ការ​រៀបចំ​នៅ​ពីក្រោយ​ណា​មួយ ដើម្បី​រំខាន​ដល់​សកម្មភាព​របស់​គណបក្ស​ភ្លើង​ទៀន នៅ​មុន​ការ​បោះឆ្នោត​អសកល​នៅ​ពេល​ខាងមុខ​នេះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ អំពាវនាវ​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន កុំ​ប្រើ​មធ្យោបាយ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក ឬ​បញ្ឈរ​តួនាទី​នរណា​ម្នាក់​តាម​វិធានការ​ផ្សេងៗ ដោយសារ​តែ​រឿង​ផ្ទាល់ខ្លួន បន្ទាប់ពី​ប្រធាន​គណបក្ស​ភ្លើង​ទៀន​សម្រេច​បញ្ចប់​តួនាទី​មន្ត្រី​ប្រតិបត្តិ​ខេត្ត​សៀមរាប របស់​គណបក្ស​នេះ​កាលពី​ពេល​ថ្មីៗ​នេះ។

លោក សម រង្ស៊ី បាន​ចេញ​លិខិត​អំពាវនាវ​មួយ​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​គណបក្ស​នយោបាយ​ដែល​ស្រឡាញ់​ជាតិ និង​ជា​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ សហការ​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ធានា​ភាព​ជោគជ័យ​នៃ​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ជួយ​សង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

លោក សម រង្ស៊ី ដាស់តឿន​កុំ​ឱ្យ​ប្រើ​មធ្យោបាយ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក​ដោយសារតែ​រឿង​ផ្ទាល់ខ្លួន ហើយ​និង​ត្រូវ​ចៀសវាង​ការ​ចាត់ការ​វិធានការ​ណា​មួយ​ដែល​មាន​បំណង​បញ្ឈប់​តួនាទី និង​ការងារ​របស់​សកម្មជន​ណា​ម្នាក់​ដែល​មាន​ទឹកចិត្ត​នៅតែ​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ និង​ពលរដ្ឋ។ ជាង​នេះ​ទៀត លោក សម រង្ស៊ី សង្កត់​ធ្ងន់​ថា ការ​ដក​លោក សោម សូរិយា គឺជា​រឿង​មិន​ត្រឹមត្រូវ​ដាច់ខាត។

លោក សម រង្ស៊ី បញ្ជាក់​ថា លោក​ជឿជាក់​ថា​នឹង​មាន​ពេល​មួយ​ខាងមុខ​ដែល​អ្នក​ស្រឡាញ់​ជាតិ អ្នក​ប្រជាធិបតេយ្យ​ចេះ​ចែក​ការងារ​គ្នា​ធ្វើ និង​ចេះ​បែងចែក​តួនាទី​ចំពោះ​បុគ្គល​ម្នាក់ ដើម្បី​សង្គ្រោះ​ជាតិ​ចេញ​ពី​របប​ដឹកនាំ​ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​សព្វថ្ងៃ​នេះ​ឱ្យ​ទាន់​ពេលវេលា។

សមាជិក​គណបក្ស​ភ្លើង​ទៀន​នៅ​តាម​មូលដ្ឋាន​ដែល​ទៅ​ចូលរួម​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ត្រូវ​មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន បញ្ចប់​តួនាទី​ពី​សមាជិកភាព​គណបក្ស ដែល​ក្នុង​នោះ​ពួកគេ​មាន​តំណែង​ជា​ជំទប់​ទី​១ ជំទប់​ទី​២ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​តាម​មូលដ្ឋាន​នានា។

គណបក្ស​ភ្លើង​ទៀន​មិន​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ទេ ដោយសារ​ខ្វះ​ឯកសារ​ចុះបញ្ជី​គណបក្ស​ច្បាប់ដើម។ គណបក្ស​នេះ​មាន​អង្គ​បោះឆ្នោត​ជាង ២​ពាន់​នាក់ បាន​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​នីតិកាល​ទី​៥ តាមរយៈ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ជា​គណបក្ស​សម្ព័ន្ធ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស